ដោយ មួង ណារ៉េត
2022-01-03
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ថ្លែងនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។
Photo Provided
មេដឹកនាំសហជីពនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ព្រមានថា ការចាប់តំណាងកូដករ គឺមិនត្រឹមតែពុំអាចដោះស្រាយបញ្ហាអ្វីបាននោះទេ ប៉ុន្តែ វារឹតតែបញ្ឆេះកំហឹងអ្នកតវ៉ា ឲ្យក្តៅក្រហាយកាន់តែខ្លាំងឡើងថែមទៀត ចំពោះភាពអយុតិ្តធម៌ និងការមិនព្រមរកដំណោះស្រាយនៃវិវាទការងារជាមួយក្រុមហ៊ុននេះ។
មេដឹកនាំសហជីពនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ដែលកំពុងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាព កាលពីយប់ថ្ងៃទី៣ ខែមករា រំឭកដល់អាជ្ញាធរ និងថៅកែក្រុមហ៊ុន ថាការណ៍ដែលកម្មករឈានដល់ដំណាក់កាលធ្វើកូដកម្មតវ៉ារាល់ថ្ងៃបែបនេះ គឺពួកគាត់អត់មានជម្រើសអ្វីផ្សេងទៀតនោះឡើយ។ កញ្ញាបញ្ជាក់ថា រាល់ការតវ៉ានេះ គឺជាការស្រុះស្រួលគ្នាជាឯកច្ឆន្ទ ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងអស់ មិនមែនជាការសម្រេចរបស់បុគ្គលណាម្នាក់នោះឡើយ។
ដូច្នេះកញ្ញាព្រមានថា ការចាប់តំណាងអ្នកតវ៉ា គឺនឹងរឹតតែធ្វើឲ្យបញ្ហាកាន់តែធំ ហើយការតវ៉ានឹងនៅតែបន្តរហូតមានដំណោះស្រាយ៖ «កម្មករនិយោជិតទាមទារ ៩ ចំណុច នៅក្នុងលិខិតជូនដំណឹងតាំងពីខែវិច្ឆិកា ២០២១។ សូម្បីតែមួយចំណុច ក៏មិនដោះស្រាយឲ្យពួកគាត់ដែរ។ បន្ថែមពីលើហ្នឹង ឥឡូវប្រើប្រព័ន្ធតុលាការចាប់ថ្នាក់ដឹកនាំ ចោទប្រកាន់ពីបទកូដកម្ម ដឹកនាំកូដកម្មខុសច្បាប់ញុះញង់កម្មករនិយោជិតអីណាវិញ ហើយពេលអ្នកដែលមានតួនាទីជាតំណាងនៅក្នុងការចរចាដោះស្រាយបញ្ហារបស់កម្មករនិយោជិត ត្រូវបានចោទដោយតុលាការថា ញុះញង់កម្មករនិយោជិតវិញ។ តើវាដោះស្រាយបញ្ហាឬអត់? វាអត់! មកដល់ដំណាក់កាលធ្វើកូដកម្មហើយ ថ្នាក់ដឹកនាំសហជីព គឺមានសិទ្ធិមានតំណាងត្រឹមតែទៅចរចា ទៅតាមអ្វីដែលពួកគាត់ចង់បាន ទៅតាមអ្វីដែលពួកគាត់ទាមទារតែប៉ុណ្ណោះ។ ទោះបីចាប់ថ្នាក់ដឹកនាំសហជីពក៏ដោយ បញ្ហារបស់ពួកគាត់អត់បានដោះស្រាយឲ្យពួកគាត់ផង តើវាចប់កូដកម្មហ្នឹងយ៉ាងម៉េច? វាមិនអាចចប់បានទេ»។
សារព្រមានរបស់តំណាងកម្មករនិយោជិតនេះ ធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចបានចាប់ក្រុមអ្នកតវ៉ា ១៤នាក់បន្ថែមទៀត ដោយរួមមានទាំងស្រ្តីមានផ្ទៃពោះម្នាក់ផង កាលពីថ្ងៃទី៣ ខែមករា។ អ្នកទាំង ១៤នាក់ត្រូវសមត្ថកិច្ច ដឹកតាមរថយន្តបិទជិត បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃទី៣១ ខែធ្នូ អាជ្ញាធរបានចាប់ក្រុមអ្នកតវ៉ា ៩នាក់ និងអ្នករត់ម៉ូតូកង់បីម្នាក់ដែរ។ ប៉ុន្តែដោះលែងអ្នកតវ៉ាបីនាក់ និងអ្នករត់ម៉ូតូកង់បីនោះវិញ។ អ្នកទាំង ៦នាក់ទៀត ដែលអាជ្ញាធរចាប់ និងឃុំខ្លួននោះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ចោទប្រកាន់ជាផ្លូវការពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
បន្ថែមលើអ្នកទាំង ៦នោះ តុលាការបានចោទប្រកាន់មនុស្សបីនាក់ទៀត ពីបទចោទដូចគ្នានេះ។ ក្នុងចំណោមអ្នកទាំងបីនោះ រួមមាន មេដឹកនាំសហជីពនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា។ អ្នកទាំងបីនេះ កំពុងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាព។
ជុំវិញការចាប់ខ្លួនមនុស្សបន្ថែមនេះ បុគ្គលិកផ្នែកភោជនីយដ្ឋាននៅក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ណុប ទិត្យបូរ៉ាវី ឲ្យដឹងថា អាជ្ញាធរបានដាក់ពង្រាយកម្លាំងប្រដាប់ដោយខែល និងដំបងរាប់រយនាក់ អមដោយឡានបាញ់ទឹកជាច្រើនគ្រឿង នៅខាងមុខរដ្ឋសភា ដើម្បីរារាំងក្រុមកូដករ មិនឲ្យទៅធ្វើកូដកម្ម នៅខាងមុខអគារទី១ និងទី២ របស់ក្រុមហ៊ុន បានដូចមុនទៀត។
កញ្ញាថ្លែងថា ការចាប់ខ្លួនកម្មករ ១៤នាក់ ពីខាងអាជ្ញាធរនេះ គឺបង្ហាញឲ្យឃើញថា អាជ្ញាធររដ្ឋ មិនបានប្រកាន់គោលជំហរអព្យាក្រឹតដោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុននិងកម្មករនិយោជិតទេ ក្រៅតែពីប្រើកម្លាំងបង្ក្រាបពួកគាត់ឲ្យឈប់ធ្វើការតវ៉ាដោយហិង្សាទៅវិញ។ កញ្ញាបញ្ជាក់ថា ក្រុមកូដករនៅបន្តធ្វើកូដកម្មដោយសន្តិវិធីនេះ រហូតដល់អាជ្ញាធរដោះលែងថ្នាក់ដឹកនាំសហជីព និងកម្មករទាំងអស់ឲ្យមានសេរីភាពវិញ ហើយក្រុមហ៊ុនត្រូវទទួលយកបុគ្គលិកជាង៣រយនាក់ឲ្យចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទការងារមួយនេះ៖ «វាអយុត្តិធម៌ខ្លាំងតែម្ដង បង្ក្រាបក្រុមកូដករយើង ដែលធ្វើកូដកម្មអហិង្សាដោយសន្តិវិធី។ បើមិនមានដំណោះស្រាយទេ ពួកយើងធ្វើបន្តរហូតដល់មានដំណោះស្រាយដដែល»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានទេ កាលពីថ្ងៃទី៣ ខែមករា ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលនៅឃ្លាំមើលការតវ៉ានេះ មានប្រសាសន៍ថា ការប្រឈមមុខរវាងក្រុមកម្លាំងសមត្ថកិច្ចនិងក្រុមកូដករ នៅពេលនេះ គឺមានស្ថានភាពតានតឹង ហើយធ្ងន់ធ្ងរ។ លោកបន្តថា ការប្រើវិធានការចាប់ខ្លួនពួកគាត់ ដោយចោទថា ធ្វើបាតុកម្មខុសច្បាប់ មិនមែនជាដំណោះស្រាយទេ។ លោកយល់ថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់ ល្អប្រសើរជាងប្រើវិធានការចាប់ខ្លួននេះ ព្រោះថា រឿងរ៉ាវដែលកើតឡើងចំពោះថ្នាក់ដឹកនាំសហជីព និងកម្មករណាហ្គាវើលដ៍ គឺផ្ដើមចេញពីចេញវិវាទការងារជាមួយក្រុមហ៊ុន ដែលគ្មានដំណោះស្រាយ៖ «អ្វីដែលសំខាន់ ខ្ញុំគិតថា ទាំងក្រុមហ៊ុនណាហ្គាវើលដ៍ ទាំងបុគ្គលិកណាហ្គាវើដល៍ ក៏ដូចជាអាជ្ញាធរវិលទៅរកការចរចាដំណោះស្រាយតាមច្បាប់ការងារ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីបញ្ចប់វិវាទក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកណាហ្គាវើលដ៍ ដោយសន្តិវិធី ជាជម្រើសល្អបំផុតដែលមិនធ្វើឲ្យប៉ះពាល់ទាំងសងខាង»។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការបន្តចាត់វិធានផ្លូវច្បាប់ទៅលើថ្នាក់ដឹកនាំសហជីព ៦នាក់នៅតុលាការនេះ គឺជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ ព្រោះថា ការធ្វើកូដកម្មដោយសន្តិវិធីនោះ មិនមែនជាបទល្មើសព្រហ្មទណ្ឌ ដូចការចោទប្រកាន់ពីខាងសមត្ថកិច្ចនោះទេ។ លោកសង្ឃឹមថា តុលាការនឹងពិនិត្យមើលអង្គហេតុ និងអង្គច្បាប់ក្នុងរឿងនេះ ឲ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយដោះលែងពួកគាត់ទាំងអស់ឲ្យមានសេរីភាពវិញ៖ «អាជ្ញាធរបែរជាមិនទៅការពារសណ្ដាប់ធ្នាប់សាធារណៈឲ្យពួកគាត់ ហើយស្វែងរកដំណោះស្រាយ។ តែប្រើប្រាស់មធ្យោបាយនៃការឃាត់ខ្លួន និងការចោទប្រកាន់តាមផ្លូវតុលាការនេះ អាហ្នឹងជាការគំរាមកំហែងដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ដែលធានាដោយច្បាប់»។
ក្រុមកម្មករណាហ្គាវើលដ៍ជាង ១ពាន់នាក់ បានចាប់ផ្តើមធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារដំណោះស្រាយការងារពីថៅកែក្រុមហ៊ុន។ ការចេញកូដកម្មដោយសន្តិវិធីនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍មិនបានចូលរួមចរចាជាមួយសហជីព ឬកម្មករនិយោជិត ដោយភាពស្មោះត្រង់ ព្រមទាំងការបរាជ័យរបស់ក្រសួងការងារ និងសាលារាជធានីភ្នំពេញក្នុងការជួយសម្រួលឱ្យមានដំណោះស្រាយជូនកម្មករនិយោជិត។
អំឡុងពេលក្រុមបុគ្គលិក ធ្វើកូដកម្មនេះ អាជ្ញាធរនិងក្រុមហ៊ុន មិនបានផ្តល់ដំណោះស្រាយតាមការស្នើសុំនោះទេ។ ប៉ុន្តែអាជ្ញាធរបែរជាបង្កើនការគំរាមកំហែង បំភិតភ័យ និងការលាបពណ៌លើថ្នាក់ដឹកនាំសហជីពដោយផ្ទាល់និងតាមរយៈប្រព័ន្ធឃោសនារបស់រដ្ឋាភិបាល និងតាមរយៈលិខិត ឬសំណេររបស់សាលារាជធានីភ្នំពេញ និងមន្ត្រីក្រសួងការងារជាដើម។ បន្ទាប់មក សមត្ថកិច្ចក្រុងភ្នំពេញ បានឡោមព័ទ្ធចាប់ខ្លួនកូដករជាបន្តបន្ទាប់។
ក្នុងពេលជាមួយគ្នានេះ ក្រសួងការងារបានចេញលិខិតជាបន្តបន្ទាប់ ហាក់ដូចជាចង់បង្ហាញថា ខ្លួនបានចូលរួមដោះស្រាយបញ្ហានេះដែរ។ ប៉ុន្តែកញ្ញា ឈឹម ស៊ីថរ ថា លិខិតរបស់ក្រសួងការងារ គឺជាការបន្លំភ្នែកសាធារណជនតែប៉ុណ្ណោះ ព្រោះរាល់ចំណុចទាមទាររបស់កម្មករ គឺភាគីថៅកែក្រុមហ៊ុន នៅតែមិនបដិសេធ ជាពិសេសការទាមទារឲ្យបុគ្គលិក ៣៦៥ នាក់ដែលក្រុមហ៊ុនបញ្ឈប់ បានចូលធ្វើការវិញ។ ក្នុងចំណោមបុគ្គលិកទាំង ៣៦៥នាក់ ភាគច្រើនជាសមាជិកសហជីពនៅក្នុងក្រុមហ៊ុននេះ។ កញ្ញាទាមទារឲ្យរកដំណោះស្រាយជាបន្ទាន់ ដោយផ្តើមពីការដោះលែងអ្នកដែលអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ទាំងនោះ៖ «ដោះលែងតំណាងទាំងអស់! ទម្លាក់ចោលបទចោទដោយគ្មានលក្ខខណ្ឌ ហើយណាហ្កាវើលដ៍ត្រូវចូលមកអង្គុយតុចរចាជាមួយសហជីព ប្រកបដោយភាពស្មោះត្រង់។ រឿងណាហ្គាវើលដ៍នៅក្នុងការទទួលបុគ្គលិក ៣៦៥នាក់ មិនមែនជារឿង ដែលមិនអាចដោះស្រាយបាននោះទេ ហើយមិនមែនគ្មានលទ្ធភាពទេ។ មានលុយសាងសង់អគារណាហ្គា ៣ តម្លៃជាងបីពាន់លានដុល្លារ ហេតុអ្វីបានជាទទួលបុគ្គលិក ៣៦៥នាក់ហ្នឹងអត់បាន? ដូច្នេះបានន័យថា ក្រុមហ៊ុននេះ ចំណាយគ្រប់សព្វបែបយ៉ាងទាំងអស់ ដើម្បីរម្លាយសហជីព។ សូមកុំប្រកែកទៀត។ ដើម្បីដោះស្រាយបញ្ហាហ្នឹង គឺក្រុមហ៊ុននេះត្រូវឈប់រើសអើងសហជីព ទើបអាចដោះស្រាយបាន។ មិនអាចចេះតែបញ្ឈប់តំណាងរបស់គេតាមតែអំពើចិត្តរបស់ខ្លួនឯងនោះទេ»។
ក្រុមសហជីព និងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន បានចេញលិខិតជាបន្តបន្ទាប់ថ្កោលទោសចំណាត់ការរបស់សមត្ថកិច្ចរាជធានីភ្នំពេញ និងអំពាវនាវឲ្យអាជ្ញាធរត្រូវរក្សាជំហរអព្យាក្រឹត និងដោះលែងអ្នកទាំងអស់នោះ ឲ្យមានសេរីភាពវិញ ហើយបន្តដោះស្រាយវិវាទការងារនេះដោយសន្តិវិធី និងតាមច្បាប់៕
1 comment:
Ms. Theary Seng and Khmer Thaovarak members,
Thank You for your courage to fight for social justice. You are our Khmer heroes.
During this critical time in our history, you have emerged as the noble role models for Khmer people, especially for Khmer women.
Post a Comment