Tuesday, 4 January 2022

ទូត​អាមេរិក​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​អហិង្សា​ឯ​ទៀត


ដោយ មួង ណារ៉េត
2022-01-04
ទូត​អាមេរិក​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​អហិង្សា​ឯ​ទៀត 

ប៉ូលិស​ក្នុង​សំលៀកបំពាក់​ស៊ីវិល​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ មេ​ដឹក​នាំ​សហជីព​បុគ្គលិក​ណាហ្កាវើលដ៍ ពេល​ជិះ​ឡាន​មក​ដល់​ស្ថានទូត​អូស្ត្រាលី នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ លើ​ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​អហិង្សា​ឯ​ទៀត។ ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​តំណាង​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្កាវើល (Naga World) បី​នាក់​បន្ថែម​ទៀត ក្នុង​នោះ​មាន​កញ្ញា ឈឹម ស៊ីថរ ផង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៤ ខែមករា​នេះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចាត់​ទុក​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​របស់​បុគ្គលិក​កាស៊ីណូ​ណាហ្កាវើលដ៍ ថា ជា​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​របស់​ពួក​គេ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ស្ដាប់​មតិ​របស់​ពលរដ្ឋ មិនមែន​បំបិទ​សំឡេង​របស់​ពួក​គេ​នោះ​ទេ។ ស្ថានទូត​នេះ រម្លឹក​អាជ្ញាធរ​កម្ពុជា អំពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ធានា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា និង​ចងក្រង​គ្នា​ជា​ក្រុម និង​សមាគម។


កង​កម្លាំង​សមត្ថកិច្ច ដែល​ភាគ​ច្រើន​ស្លៀក​សំលៀកបំពាក់​ស៊ីវិល​ជា​ច្រើន​នាក់ នៅ​ថ្ងៃ​ទី៤ ខែមករា នេះ​បាន​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​តំណាង​សហជីព​ណាហ្កាវើល កញ្ញា ឈឹម ស៊ីថរ ទាំង​កម្រោល ក្រោយ​កញ្ញា​ចុះ​ពី​លើ​រថយន្ត មកដល់​កន្លែង​ធ្វើ​កូដកម្ម​ភ្លាមៗ នៅ​ចំណុច​កែង​រដ្ឋសភា​ជាតិ ក្បែរ​ស្ថានទូត​អូស្ត្រាលី។ ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ តំណាង​កូដករ​ពីរ​នាក់​ទៀត គឺ​លោក សុខ គង្គា និង​លោក សុខ ណារិទ្ធ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដែរ។ អ្នក​ទាំង ៣នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ដដែល។

កូដករ​ក្រុមហ៊ុន​ណាហ្កាវើល​ជិត ១ពាន់​នាក់ នៅ​រសៀល​ថ្ងៃ​ទី៤ ខែមករា ដែល​ចូល​ដល់​ថ្ងៃ​ទី១៨ នៃ​ការ​ធ្វើ​កូដកម្ម បាន​ប្រមូល​ផ្គុំគ្នា​ធ្វើ​កូដកម្ម ​នៅ​មុខ​វិមាន​រដ្ឋសភា​នា។ កូដកម្ម​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន ដែល​ចូលរួម​ធ្វើ​កូដកម្ម និង​តំណាង​របស់​ពួក​គេ​ជាបន្តបន្ទាប់។ រហូត​មក​ដល់ពេលនេះ អាជ្ញាធរ​កំពុង​ឃុំ​ខ្លួន​អ្នក​តវ៉ា​សរុប​ចំនួន ២៣ នាក់ ក្រោយ​ដោះ​លែង​បួន​នាក់ ដោយ​ក្នុង​នោះ​មាន​ទាំង​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ផង។ ក្នុង​ចំណោម​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន មាន ៩នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ញុះញង់។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្កាវើល​ម្នាក់ កញ្ញា ជឹម រដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ ធ្នូ ​នេះ​ថា កម្មករ​កំពុង​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ធ្វើ​ការ​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​តំណាង​សហជីព កញ្ញា ឈឹម ស៊ីថរ សហជីព​ដទៃ និង​បុគ្គលិក​ជាច្រើន​នាក់​ទៀត​ ដែល​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន។ កញ្ញា​បន្ត​ថា មក​ទល់​ពេល​នេះ មាន​បុគ្គលិក​ពីរ​នាក់​ប៉ុណ្ណោះ​ដោយ​ក្នុង​នោះ​មាន​ស្ត្រី​ពរ​ពោះ​ម្នាក់ ត្រូវ​បាន​ដោះ​លែង​មក​វិញ៖ «យើង​គឺជា​ប្រជាពលរដ្ឋ​ខ្មែរ ជា​បុគ្គលិក​កម្មករ​ខ្មែរ ធ្វើ​ការ​នៅ​លើ​ទឹកដី​ខ្លួនឯង ត្រូវ​និយោជក​ដែល​ជា​ជន​បរទេស​មក​វិនិយោគ​ទុន​នៅ​លើ​ទឹកដី​ខ្លួនឯង​ហើយ​មាន​ការរំលោភ​បំពាន​សិទ្ធិ​ក្នុង​កន្លែង​ការងារ​ការ​កេងប្រវ័ញ្ច​អត្ថប្រយោជន៍​ផ្សេងៗ។ ពេល​ដែល​ពួក​យើង​ដើរ​តាម​នីតិវិធី​ច្បាប់ ដោះ​ស្រាយ​ជាមួយ​ក្រុមហ៊ុន​នៅ​លើ​តុចរចា​រយៈ​ពេល​៨ខែជាងហើយ រហូត​មកដល់​ថ្ងៃ​នេះ​ធ្វើ​កូដកម្ម​១០ថ្ងៃ​ជាង​ហើយ ​នៅតែ​គ្មាន​ដំណោះស្រាយ ហើយ​ទទួល​បាន​ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ​ផ្សេងៗ។ ពួក​យើង​ទាំងអស់​គ្នា​ពិតជា​មាន​អារម្មណ៍​ថា ឈឺចាប់​និង​សោកស្ដាយ​មែនទែន»។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ឆ្លើយ​ថា លោក​មិន​អាច​បកស្រាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​អាជ្ញាធរ និង​តុលាការ​កំពុង​បន្ត​នីតិវិធី​នៅឡើយ៖ «អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ហើយ។ នីតិវិធី​ផ្សេង​ទៀត​កំពុង​តែ​ចំណាត់​ការ។ អ៊ីចឹង​នៅ​ក្នុង​ដំណាក់កាល​នេះ វា​ជា​ដំណាក់កាល​ស៊ើបសួរ​ត្រូវ​ការ​រក្សា​ការសម្ងាត់​តាម​នីតិវិធី»។

ជុំវិញ​ការ​ចាប់​ខ្លួន កញ្ញា ឈឹមស៊ីថរ អូស​បញ្ចូល​ក្នុង​រថយន្ត​នោះ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ហួសចិត្ត។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សរសេរ​សារ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី អម​ដោយ​រូបភាព​វីដេអូ​នៃ​ការ​ប្រតាយប្រតប់​គ្នា ពេល​អាជ្ញាធរ​ចាប់​អូស​កញ្ញា ឈឹម ស៊ីថរ ញាត់​ចូល​រថយន្ត​នោះ តើ​នេះ​ជា​សង្គម​អ្វី? ដែល​អាជ្ញាធរ​មក​ចាប់​ស្ត្រី​វ័យ​ក្មេង​ដោយ​ហិង្សា ក្រៀក​ក​គ្នា ហើយ​ញាត់​ចូល​ឡាន​ទាំង​ប្រញាប់ប្រញាល់​គ្មាន​ដីកា​ត្រឹមត្រូវ?

អ្នកស្រី​បន្ថែម​ថា កញ្ញា ឈឹម ស៊ីថរ ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​មាឌ​ធំ ទាំង​ស៊ីវិល និង​ឯកសណ្ឋាន​បាន​ចាប់​ក្រៀក​ក​ដៃ និង​ខ្លួន​នាង​ពេញ​ទំហឹង​ស្ទើរ​តែ​នាង​ដក​ដង្ហើម​មិន​រួច ស្រែក​ក៏​មិន​បាន។ កម្មករ​ខ្លះ​បាន​រត់​មក​ជួយ​នាង​ប្រទាញប្រទង់​ខ្លាំង​ ដូច​សមុទ្រ​កូរ​ទឹក​ដោះ​ដែល​ទាញ​ម្ខាង​ម្នាក់។ អ្នកស្រី​ថា អាជ្ញាធរ​មិន​គួរ​ប្រើ​កម្លាំង​ទាំង​កម្រោល​ដូច​ចាប់​ជន​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នោះ​ឡើយ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មាន​សេចក្ដី​សង្វេគ ដែល​បាន​ឃើញ​រូបភាព​ដ៏​ព្រៃផ្សៃ​បែប​នេះ សម្រាប់​ដើម​ឆ្នាំ២០២២ ហើយ​នេះ ឬ​ជា​អ្វី ដែល​យើង​តែង​និយាយ​ថា សង្គម​ខ្មែរ​ជា​ឋានសួគ៌​នៃ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ស្ត្រី​ត្រូវ​បាន​គោរព​ការពារ​នោះ!

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ថា ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្កាវើល​នេះ ជា​សិទ្ធិ​សេរីភាព ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ការងារ៖ «ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ គឺ​ជា​រូបភាព​មួយ​ដែល​កំពុង​តែ​រំលោភ​ទៅលើ​គោលការណ៍​ច្បាប់ រំលោភ​ទៅលើ​គោលការណ៍​នៃ​សេរីភាព រំលោភ​ទៅលើ​គោលការណ៍​ប្រជាធិបតេយ្យ​ហើយ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ អាជ្ញាធរ​មិន​ត្រូវ​ប្រើប្រាស់​វិធានការ ក្នុង​ការ​ទៅ​រឹតត្បិត​សិទ្ធិ​សេរីភាព​ទាមទារ​តវ៉ា​ដោយ​អហិង្សា​របស់​ប្រជាពលរដ្ឋ​ទេ។ បើ​ទោះ​បី​អាជ្ញាធរ​តែងតែ​លោក​លើកឡើង​ថា ការ​ធ្វើ​ហ្នឹង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ដល់​អី​ក៏ដោយ ក៏ប៉ុន្តែ​យើង​ដឹង​ថា អាជ្ញាធរ​ខ្លួន​ឯង​ហ្នឹង គឺ​ជា​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ។ ដូច្នេះ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ផង ធានា​ឱ្យ​មាន​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ផង»។

ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ស្ថាប័ន បាន​ចេញ​លិខិត​ជា​បន្ត​បន្ទាប់​ថ្កោលទោស​ចំណាត់​ការ​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត និង​ដោះ​លែង​អ្នក​ទាំង​អស់​នោះ ឲ្យ​មាន​សេរីភាព​វិញ ហើយ​បន្ត​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី និង​តាម​ច្បាប់។

ចំណែក​ឯ​គណបក្ស​នយោបាយ​ឯ​ណោះ​វិញ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស ចំពោះ​ទង្វើ​អាជ្ញាធរ ដែល​រារាំង និង​ប្រើ​កម្លាំង​បង្ក្រាប​ការ​ប្រមូលផ្ដុំ ទាក់ទង​នឹង​វិវាទ​ការងារ​នេះ។ គណបក្ស ដែល​មាន​លោក​បណ្ឌិត កែម ឡី ជា​ស្ថាបនិក​ពី​ដំបូង​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី និង​ត្រូវ​ដោះលែង​កូដករ​ទាំង​អស់​មក​វិញ។

ទោះជា​អាជ្ញាធរ បន្ត​ចាប់​ខ្លួន​កូដករ និង​តំណាង​របស់​ពួក​គេ ជា​បន្ត​បន្ទាប់​យ៉ាង​នេះ​ក្តី ក៏​ក្រុម​កូដករ​នៅ​តែ​បន្ត​ប្ដេជ្ញា​ថា នឹង​តស៊ូ​មតិ​ដោយ​អហិង្សា​ត​ទៅ​ទៀត ដោយ​មិន​រា​ថយ​ឡើយ រហូត​ដល់​មាន​ការ​ដោះ​លែង​ពួក​គាត់​មក​វិញ និង​មាន​ដំណោះស្រាយ​សមរម្យ​តាម​ការ​ទាមទារ​ទាំង ៩ចំណុច​តាម​ការ​ទាមទារ​របស់​ពួក​គាត់។

កញ្ញា ឈឹម ស៊ីថរ ដឹង​ច្បាស់​ថា កញ្ញា​នឹង​ត្រូវ​ចាប់​ខ្លួន។ ដូច្នេះ កញ្ញា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​មុន​ថ្ងៃ​ចាប់​ខ្លួន​ថា កញ្ញា​នឹង​នៅ​តែ​បង្ហាញ​មុខ​ចូលរួម​តវ៉ា ដើម្បី​សិទ្ធិ​កម្មករ ទោះជា​ប្រឈម​ការ​ចាប់​ខ្លួន​នេះ​ក្តី។ កញ្ញា​ព្រមាន​ថា ការ​បន្ត​ចាប់​ខ្លួន​អ្នក​តវ៉ា និង​តំណាង​ពួកគាត់​ គឺ​មិន​មែន​ជា​ដំណោះស្រាយ​ទេ ប៉ុន្តែ​វា​រឹតតែ​បញ្ឆេះ​កំហឹង​កូដករ។

នៅ​ថ្ងៃ​ចាប់​ខ្លួន កញ្ញា ឈឹម ស៊ីថរ នោះ កូដករ​នាំ​គ្នា​សរសេរ​សារ​តាម​ហ្វេសប៊ុក​ថា ចាប់​កញ្ញា ឈឹម ស៊ីថរ ម្នាក់ នៅ​មាន​កញ្ញា ឈឹម ស៊ីថរ ពីរ​ពាន់​នាក់​ទៀត៕

1 comment:

Anonymous said...

Ms. Theary Seng and Khmer Thaovarak members,

Thank You for your courage to fight for social justice. You are our Khmer heroes.
During this critical time in our history, you have emerged as the noble role models for Khmer people, especially for Khmer women.