ដោយ សេក បណ្ឌិត
2022-01-25
កម្មករណាហ្គាវើលដ៍ចាត់ទុកហេតុផលរបស់ក្រុមហ៊ុនថា ជាការបំភាន់ភ្នែក ដើម្បីរំលាយសហជីពចោល
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមកម្មករណាហ្គាវើលដ៍ចាត់ទុកការបកស្រាយពីសំណាក់ភាគីក្រុមហ៊ុនគឺធ្វើឡើងគ្មានហេតុផល និងផ្ទុយពីការពិតជាក់ស្ដែងដែលក្នុងទិសដៅបំភាន់ភ្នែកយករួចខ្លួន ដើម្បីរំលាយសហជីពចោលប៉ុណ្ណោះ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍អះអាងថា ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ដោយសារទំហំអាជីវកម្មរបស់ខ្លួនធ្លាក់ចុះ ហើយត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយមួយចំនួន ដើម្បីទប់ស្កាត់ហានិភ័យនៃផលប្រយោជន៍ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ។
ក្រុមកម្មករណាហ្គាវើលដ៍បញ្ជាក់ជំហរថាបើទោះបីក្រុមហ៊ុនចេញសេចក្ដីថ្លែងការណ៍ដែលពួកគាត់មិនអាចទទួលយកបានយ៉ាងណាក្ដី ពួកគាត់នៅតែប្ដេជ្ញាចិត្តចេញតវ៉ាដោយសន្តិវិធី ហើយអ្នកខ្លះលើបដារូបថត និងលក្ខខណ្ឌចរចារហូតក្រុមហ៊ុនចេញមុខដោះស្រាយបញ្ចប់វិវាទ។
បុគ្គលិកម្នាក់ដែលធ្វើការបាន៨ឆ្នាំ ផ្នែកចែកបៀរ គឺកញ្ញា ម៉ែន សុធីវឌ្ឍនៈ លើកឡើងថា ក្រុមហ៊ុនណហ្គាវើលដ៍បានបញ្ឈប់កញ្ញា និងកម្មករផ្សេងទៀតពីការងារដោយមិនបានគោរពតាមច្បាប់ ដែលភាគច្រើនជាថ្នាក់ដឹកនាំនិងសកម្មជនសហជីព។ កញ្ញាបន្តថាករណីនេះក្រុមកម្មករបានអនុវត្តតាមនីតិវិធីច្បាប់តែគ្មានដំណោះស្រាយ ហេតុដូចនេះទើបពួកគាត់បោះឆ្នោតសម្រេចធ្វើកូដកម្មដោយអហិង្សា។ កូដកររូបនេះបន្តថាការបញ្ជាក់ហេតុផលពីភាគីក្រុមហ៊ុនពេលនេះ គ្រាន់តែជាលេសបំភាន់ភ្នែកក្នុងគោលដៅរកមធ្យោបាយរំលាយសហជីពដែលចេញមុខការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករ ដែលទទួលរងការរំលោភបំពាននៅកន្លែងការងារពីសំណាក់ក្រុមហ៊ុនតែប៉ុណ្ណោះ៖ «ចំពោះសេចក្ដីថ្លែងការណ៍មួយស្លឹកហ្នឹង គឺថា គាត់មិនបញ្ឈប់ពួកខ្ញុំបានទេ ព្រោះកូដករបានយល់ដឹងច្បាប់អស់ហើយ ទោះបីគាត់ចង់បំភ្លៃបែបណា ក៏ពួកខ្ញុំជាសាមីខ្លួនដឹងច្បាស់ថាក្រុមហ៊ុនមានចេតនាចង់រំលាយសហជីពបានជាគាត់បញ្ឈប់ ព្យាយាមធ្វើគ្រប់វិធីដើម្បីមិនមានសហជីពនៅក្នុងក្រុមហ៊ុនហ្នឹង»។
ស្រដៀងគ្នានេះដែរ បុគ្គលិកមានផ្ទៃពោះ ធ្វើការផ្នែកចែកបៀរអស់រយៈពេល ១៣ឆ្នាំ លោកស្រី រ៉េត ធារ៉ាត់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមករាថា លោកស្រី និងកូដករបាននាំគ្នាចេញធ្វើកូដកម្មរហូតដល់ពេលនេះ ដោយទទួលរងការយាយី គំរាមកំហែងពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់ ។ លោកស្រីបន្តថា ដោយសារពួកគាត់ចង់បានដំណោះស្រាយដោយសន្តិវិធីពីភាគីពាក់ព័ន្ធនិងស្របតាមច្បាប់ការងារ។ លោកស្រីអះអាងថាក្រុមហ៊ុនកន្លងទៅមិនបានយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករដូចការលើកឡើងរបស់ខ្លួនឡើយ ខណៈក្រុមហ៊ុនមួយនេះបានយកលេសការរីករាយដាលជំងឺកូវីដ-១៩ ដើម្បីបញ្ឈប់បុគ្គលិកជាង ១ពាន់ ៣រយនាក់ ដោយមិនចេញមុខដោះស្រាយបញ្ចប់វិវាទការងារជាមួយកម្មករ៖ «គាត់មិនបានយកចិត្តទុកដាក់ គ្រាន់តែជាលេសបើតាមជាក់ស្ដែងក្រុមហ៊ុនមិនបានខាតទេ គ្រាន់តែចំណេញតិចជាងឆ្នាំ២០១៩ ប្រសិនគាត់និយាយថាគាត់មិនបានរើសអើងសហជីពមែន អ៊ីចឹងសូមឱ្យគាត់ចូលតុចរចាដោះលែងតំណាង ហើយចរចាដោយសន្តិវិធីទទួលយកបុគ្គលិក ៣៦៥នាក់សុទ្ធសឹងជាសកម្មជននិងថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ។ សូមឱ្យណាហ្គាវើលដ៍គោរពច្បាប់ការងារប្រទេសកម្ពុជា »។
ប្រតិកម្មនេះធ្វើឡើង គឺបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍បានចេញសេចក្ដីថ្លែងការណ៍កាលថ្ងៃទី២៣ ខែមករាថាការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យទំហំអាជីវកម្មរបស់ខ្លួនធ្លាក់ចុះ ហើយត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយមួយចំនួន ដើម្បីទប់ស្កាត់ហានិភ័យនៃផលប្រយោជន៍ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ។ ក្រុមហ៊ុនអះអាងថាការកាត់បន្ថយបុគ្គលិកដោយមិនរើសអើងឋានៈ និងលម្អៀងដូចការចោទប្រកាន់របស់សហជីពឡើយ ព្រោះផ្អែកលើវិធានការផ្ទៃក្នុង និងតម្រូវការអាជីវកម្ម ផលិតភាពកន្លងមក ការរួមចំណែកនិងការប្ដេជ្ញាចិត្តរបស់បុគ្គលិក និងផ្អែកលើមូលដ្ឋានផ្សេងទៀត ដោយមិនគិតថាបុគ្គលិកសមាជិកសហជីព ឬមិនមែននោះទេ។ សេចក្ដីថ្លែងការណ៍ដដែលថាក្រុមហ៊ុនបានយកចិត្តទុកដាក់លើការការពារប្រយោជន៍ និងសិទ្ធចំពោះសុខុមាលភាពបុគ្គលិកដោយក្រុមហ៊ុនតែងតែលើកទឹកចិត្ត និងឱ្យបុគ្គលិកបង្កើតសហជីពចាប់តាំងពីឆ្នាំ១៩៩៤។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងពិធីប្រគល់រថយន្តជូនកងវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ដល់ភូមិភាគ៣ នៅស្នងការនគរបាលជាតិនៅថ្ងៃទី២៥ ខែមករា បានអំពាវនាវឱ្យភាគទាំងអស់ស្វែងរកដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏ដោយសន្តិវិធី ហើយលោកក៏ស្នើឱ្យក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងសម្របសម្រួលករណីនេះឱ្យបានឆាប់ផងដែរ៖ «សូមភាគីទាំងបីអត់ធ្មត់តទៅទៀត ទន្ទឹមនឹងនេះខិតខំរកវិធីបញ្ចប់ឱ្យបានឆាប់កាលណាល្អកាលហ្នឹង ហើយបើសិនជាបែរខ្នងដាក់គ្នារហូត ដោះមិចក៏មិនចប់ដែរ អាចតិចម្តងៗ យើងងាកមុខរកគ្នាទៅអាចរកឃើញដំណោះស្រាយ តែបើមិនបែរមុខដាក់គ្នាទេមិនដឹងឆ្នាំណាអាចរកឃើញដំណោះស្រាយទេ»។
ទោះជាយ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មើលឃើញថា ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនណាហ្គាវើលដ៍កន្លងទៅធ្វើឡើងមិនត្រឹមត្រូវ ខណៈរបាយការណ៍កាលពីឆ្នាំ២០២១ រកឃើញថាក្រុមហ៊ុននៅតែរកប្រាក់ចំណេញ និងដំណើរការសាងសង់ណាហ្គាទី៣ បន្ថែមទៀត។ លោកថាទាំងអស់នេះបង្ហាញថា ក្រុមហ៊ុនមានចេតនារើសអើងចំពោះសហជីព។ លោក ឃុន ថារ៉ូ ថាការចរចាដោយសន្តិវិធីនៃភាគីណាមួយមិនទទួលរងសម្ពាធ គឺជាការចរចាដោយស្មោះត្រង់ និងតម្កល់ផលប្រយោជន៍ពីភាគីទាំងសងខាង និងសម្បទានឱ្យគ្នាទៅវិញទៅមក។ ដូច្នេះលោកថា ការដោះលែងតំណាងសហជីពឱ្យមានសេរីភាពឡើងវិញ ដើម្បីយោគយល់គ្នា នឹងបង្កបរិយាកាសល្អក្នុងការចរចាដោយស្មើភាព តម្លាភាពនិងអាចទុកចិត្តបាន៖ «អាជ្ញាធរក្រសួងការងារគាត់មិនទៅផ្ដោតលើចំណុចគន្លឹះនៃវិវាទយកមកដោះស្រាយ តែព្យាយាមក្នុងការឱ្យបុគ្គលិកកម្មករនិយោជិតគាត់ទៅទទួលជាកញ្ចប់ទូទាត់មិចកើត បើមិនដឹកថាការទូទាត់យ៉ាងមិច ហើយអត់មានតំណាងគាត់យ៉ាងមិចក្នុងការចរចា ហើយគាត់ទាមទារឱ្យតំណាងរបស់ពួកគាត់ចូលធ្វើការវិញ មិនទៅដោះស្រាយឱ្យគាត់បែរជាហៅគាត់ទូទាត់ អាហ្នឹងបានន័យថាអ្នកព្យាយាមដោះរឿងហ្នឹងគាត់មិនយល់ពីកម្មវត្ថុការទាមទារជាអាទិភាពរបស់បុគ្គលិកជាងមួយពាន់ដែលកំពុងធ្វើកូដកម្មហ្នឹងឯង»។
រហូតមកទល់ពេលនេះ ក្រុមកូដករ នៅតែបន្តចេញតវ៉ាដោយសន្តិវិធី និងអហិង្សា ដើម្បីស្វែងរកដំណោះអស់រយៈពេល ៣៩ថ្ងៃមកហើយ ហើយពួកគេប្ដេជ្ញាបន្តធ្វើកូដកម្មរហូតមានការដោះលែងតំណាងពួកគេ៨នាក់ត្រឡប់មកវិញ ហើយក្រុមហ៊ុនត្រូវទទួលយកបុគ្គលិកជាង ៣រយ ចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទការងារមួយនេះប្រាកដដោយភាពស្មោះត្រង់ និងយុត្តិធម៌៕
1 comment:
Keep fighting. Fairness and social justice have never come easily. Freedom is not free.
Post a Comment