ដោយ មាន ឫទ្ធិ
2022-01-25
អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) អនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបនៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
រូប៖ US Embassy Phnom Penh Flicker
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយលុយជិត ១លានដុល្លារពេញមួយឆ្នាំ២០២២ ជួលក្រុមហ៊ុនមេធាវីអាមេរិកាំងថ្មីមួយទៀតឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកដើម្បីស្តារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ។ ការចំណាយលុយជួលក្រុមហ៊ុនបញ្ចុះបញ្ចូលនេះ ត្រូវបានលាតត្រដាងឱ្យដឹងដោយក្រសួងយុត្តិធម៌អាមេរិក។
ក្រុមហ៊ុនមេធាវីអាមេរិកាំងដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួលឱ្យជួយបញ្ចុះបញ្ចូលមន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកធ្វើគោលនយោបាយអាមេរិកាំងឱ្យខ្លួននាពេលនេះ មានឈ្មោះថា ក្រុមហ៊ុន អាឃីន ហ្គាំ (AKIN GUMP STRAUSS HAUER & FELD LLP) ដែលជាក្រុមហ៊ុនអាមេរិកាំងល្បីឈ្មោះមួយ។ ក្រុមហ៊ុននេះក៏ធ្លាប់ផ្តល់សេវាកម្មបញ្ចុះបញ្ចូលទៅឱ្យរដ្ឋាភិបាលបរទេសដទៃទៀតដូចជា ជប៉ុន (Japan) និងម៉ារ៉ុក (Morocco) ជាដើម។
ឯកសារនៃការចុះបញ្ជីតំណាងឱ្យភ្នាក់ងារបរទេស ដែលត្រូវបានលាតត្រដាងឱ្យដឹងតាមរយៈក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី២១ ខែមករា ឱ្យដឹងថា កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលលោក ហ៊ុន សែន ជួលក្រុមហ៊ុននេះឱ្យជួយបញ្ចុះបញ្ចូល មានរយៈពេលពេញមួយឆ្នាំ២០២២តែម្តង។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយភារធារីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ខឹម រុយស៊ុន (Khem Ruyzun) កាលពីថ្ងៃទី៥ ខែមករា និងក្រុមហ៊ុន អាឃីន ហ្គាំ តំណាងដោយលោក ស្កុត ដេវីត ផារវិន (Scot David Parven) ដែលធ្លាប់ផ្តល់សេវាកម្មបញ្ចុះបញ្ចូលតំណាងឱ្យរដ្ឋាភិបាល និងស្ថានទូតបរទេសជាច្រើននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ ក្រុមការងាររបស់ក្រុមហ៊ុនដែលរដ្ឋាភិបាលលោក ហ៊ុន សែន ជួលនេះ រួមមានលោក ស្កុត ដេវីត ផារវិន និងដៃគូ គឺលោក អេដ ផាហ្គាណូ (Ed Pagano) ដែលជាអតីតទីប្រឹក្សាវិមានប្រធានាធិបតី កាលពីសម័យរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា (Barak Obama)។
កិច្ចព្រមព្រៀងនេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងត្រូវបង់ថ្លៃចំនួន ៦ម៉ឺនដុល្លារក្នុងមួយខែ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់សរុប ៧សែន ២ម៉ឺនដុល្លារ (៧២០.០០០) ជាថ្នូរនឹងការផ្តល់សេវាកម្មប្រឹក្សាក្នុងអ្វីមួយដែលភាគីទាំងពីរអះអាងថា ដើម្បី «កសាងនូវការយល់ដឹងអំពីគ្នាកាន់តែប្រសើរឡើង និងគូសបញ្ជាក់ពីវិស័យដែលជាចំណាប់អារម្មណ៍រួមដើម្បីកសាងទំនាក់ទំនងថ្មី» ដែលនឹងជួយធ្វើឱ្យជឿនលឿនទៅមុខនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ការចុះកិច្ចព្រមព្រៀងជួលក្រុមហ៊ុនអាមេរិកាំងថ្មីពេញមួយឆ្នាំ២០២២នេះ ធ្វើឡើងស្របពេលដែលកម្ពុជាក្លាយជាប្រធានប្តូរវេនអាស៊ាន និងក្រោយពីសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មមិនលក់ដូរ ឬរឹតត្បិតអាវុធផលិតដោយសហរដ្ឋអាមេរិកឱ្យកម្ពុជា។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ក្នុងនោះរួមមានលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ក្រោយពីរកឃើញមន្ត្រីកម្ពុជាទាំងពីររូបនេះពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ «ធ្ងន់ធ្ងរ» ជុំវិញគម្រោងធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម។ ទណ្ឌកម្មទាំងនេះក៏ជាការឆ្លើយតបទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិនមកលើកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិកនៅតែបន្តសម្តែងក្តីបារម្ភរបស់ខ្លួនជុំវិញបញ្ហាសង្ស័យថា កម្ពុជាអនុញ្ញាតឱ្យចិនបោះមូលដ្ឋានទ័ពនៅកំពង់ផែរាម និងវត្តមានកងទ័ពចិននៅលើទឹកដីកម្ពុជា។ សហរដ្ឋអាមេរិកក៏នៅតែបន្តអំពាវនាវដល់កម្ពុជាឱ្យបង្ហាញតម្លាភាពជុំវិញរឿងនេះ។ ថ្មីៗនេះទៀតសោត សហរដ្ឋអាមេរិក ក៏បានណែនាំក្រុមហ៊ុន និងអ្នកវិនិយោគជនជាតិអាមេរិកាំងទាំងអស់ឱ្យប្រុងប្រយ័ត្នមុននឹងវិនិយោគលើវិស័យហានិភ័យមួយចំនួននៅកម្ពុជា ក្នុងនោះមានដូចជាវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ជាមួយគ្នានេះដែរ សេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់ចំនួនពីរប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាក៏កំពុងស្ថិតក្នុងដៃស្ថាប័នព្រឹទ្ធសភាសហរដ្ឋអាមេរិក ត្រៀមនឹងអនុម័តបន្តនាពេលខាងមុខដើម្បីឱ្យប្រធានាធិបតីអាមេរិកចុះហត្ថលេខាក្លាយជាច្បាប់ផ្លូវការ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ជុំវិញរឿងនេះបាននៅឡើយទេ គិតត្រឹមថ្ងៃទី២៥ ខែមករា។
ទោះយ៉ាងណា កាលពីដើមខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ឌឺដងឱ្យសហរដ្ឋអាមេរិកឱ្យប្រញ៉ាប់អនុម័តច្បាប់ដាក់ទណ្ឌកម្មនេះតែម្តងទៅ។ ក៏ប៉ុន្តែ លោកក៏បានព្រមានដែរថា លោកនឹងរឹតត្បិតមិនអនុញ្ញាតឱ្យមន្ត្រីអាមេរិកចូលកម្ពុជាវិញដែរ ប្រសិនបើច្បាប់ដាក់ទណ្ឌកម្មនេះចូលជាធរមានមែន៖ «ខ្ញុំផ្តាំផ្ញើទៅបើថាច្បាប់អនុម័តឱ្យវាអនុម័តទៅ ហើយរឿងតែមួយទេ វាគ្មានអីទៅពីហ្នុងទេ។ អ្នកឯងបិទទ្វារខ្ញុំៗបិទទ្វារវិញ មានន័យថា អ្នកឯងចូលមិនបាន ខ្ញុំក៏ចេញមិនរួច។ តែប៉ុណ្ណឹង។ វាមានស្អី! វាមិនមែនមានតែម្ខាងឯណា? កុំឱ្យវាពិបាកពេក។ ប្រើស្អី តិចម៉ោគំរាមនេះ គំរាមនោះ គំរាមៗៗៗ»។
បើទោះបីជារឿយៗលោក ហ៊ុន សែន តែងប្រើវោហាស័ព្ទឌឺដង មិនខ្លាចឬពន្យុះឱ្យសហរដ្ឋអាមេរិកប្រញ៉ាប់ធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលលោកយ៉ាងណាក្តី នៅពីក្រោយឆាកឯកណោះវិញ មន្ត្រីរបស់លោក ជាពិសេសមន្ត្រីឯកអគ្គរាជទូតរបស់លោកប្រចាំសហរដ្ឋអាមេរិក បានខ្វាត់ខ្វែងចាត់ចែងជួលក្រុមហ៊ុនអាមេរិកាំងឱ្យជួយបញ្ចុះបញ្ចូលមន្ត្រីរដ្ឋាភិបាលសហព័ន្ធអាមេរិក និងក្រុមអ្នកធ្វើគោលនយោបាយអាមេរិកាំងកុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក។ កាលពីខែកញ្ញា ឆ្នាំ២០២១ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី បានចុះហត្ថលេខាជួលក្រុមហ៊ុនអាមេរិកមួយឈ្មោះ ខ័រវីស (Qorvis LLC) ក្នុងតម្លៃជិត ៧ម៉ឺនដុល្លារក្នុងមួយខែ ដោយគ្មានកាលកំណត់ ឱ្យជួយផ្តល់សេវាកម្មទំនាក់ទំនងជាយុទ្ធសាស្ត្រ និងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការធ្វើដំណើរ និងវិស័យទេសចរណ៍នៅកម្ពុជា។
ការជួលក្រុមហ៊ុនអាមេរិកាំងទាំងនេះ មិនមែនជារឿងរ៉ាវថ្មីថ្មោងសម្រាប់រដ្ឋាភិបាលកម្ពុជានោះទេ។ កាលពីឆ្នាំ២០១៨ ក្រោយបានរៀបចំព្រឹត្តិការណ៍បោះឆ្នោតដែលរងនូវការរិះគន់ថា ជាការបោះឆ្នោត «ក្លែងក្លាយ» រួចមក និងក្រោយបានជម្នះប្រសូតរដ្ឋាភិបាលអាណត្តិទី៦ ខ្វះភាពស្របច្បាប់រួចមក រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចំណាយលុយមិនតិចជាង ១លាន ២សែនដុល្លារក្នុងមួយឆ្នាំៗ ជួលក្រុមហ៊ុនអាមេរិកឱ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាល និងសភាអាមេរិក កុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោក។ ក្រុមហ៊ុនអាមេរិកាំងដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ជួលកាលពីពេលនោះ រួមមានក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និងក្រុមហ៊ុន ប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ជាដើម។
អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា ហេតុការណ៍ដែលរដ្ឋាភិបាលកម្ពុជាចេះតែបន្តជួលក្រុមហ៊ុនអាមេរិកាំងឱ្យជួយបញ្ចុះបញ្ចូលឱ្យខ្លួននេះ មានន័យថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែអស់សង្ឃឹមកាន់តែខ្លាំងក្នុងរឿងដែលអាមេរិកអាចដាក់ទណ្ឌកម្មបន្ថែមទៀតមកលើកម្ពុជា ជាពិសេសការអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងការដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិក។ ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល មានប្រសាសន៍ទឹកប្រាក់ដែលរដ្ឋាភិបាលកម្ពុជាចំណាយសម្រាប់យកទៅជួលក្រុមហ៊ុនអាមេរិកាំងទាំងនេះ មិនស្មើនឹងតម្លៃនាឡិកាទំនើបៗដែលលោក ហ៊ុន សែន កំពុងពាក់ផង។ លោកថា រដ្ឋាភិបាលលោក ហ៊ុន សែន ជួលក្រុមហ៊ុនថ្មីនេះ ទំនងដើម្បីចង់ពង្រឹងមុខមាត់របស់ខ្លួនក្នុងចំណោមមន្ត្រីអាមេរិកាំង ស្របពេលដែលតំណាងរបស់ក្រុមហ៊ុនបញ្ចុះបញ្ចូលដែលរដ្ឋាភិបាលកម្ពុជាជួលកន្លងមក មិនអាចបំពេញការងារបានដោយមានប្រសិទ្ធភាព។ លោកថា ក្រុមហ៊ុនបញ្ចុះបញ្ចូលថ្មីឈ្មោះ អាឃីន នេះនឹងព្យាយាមបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ដរាបណារដ្ឋាភិបាលកម្ពុជាមានលុយរាប់លានដុល្លារដើម្បីចំណាយ។ តែក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុននេះក៏នឹងចង់បូមលុយពីរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំទៅមុខទៀតដែរ ប្រសិនបើអាចបញ្ចុះបញ្ចូលកុំឱ្យអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម និងអាចទប់កុំឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីសហរដ្ឋអាមេរិកនោះ។
គិតរហូតមកទល់ពេលនេះ គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើសហរដ្ឋអាមេរិកអាចនឹងអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីជាន់ខ្ពស់កម្ពុជា ឬឈានទៅដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅពីកម្ពុជានោះ។ ក៏ប៉ុន្តែ អ្វីដែលច្បាស់នោះគឺថា ដរាបណាកម្ពុជានៅតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងផ្អៀងកាន់តែខ្លាំងក្នុងទំនាក់ទំនងជាមួយប្រទេសកុម្មុយនិស្តចិន ជាពិសេស បើឈានទៅថ្លោះធ្លោយឱ្យចិនដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជាមែននោះ នោះការបន្តដាក់ទណ្ឌកម្មជាហូរហែរពីសំណាក់សហរដ្ឋអាមេរិក ក៏ទំនងជាមិនទាន់បញ្ចប់នាពេលនេះនោះដែរ៕
No comments:
Post a Comment