ដោយ ទីន ហ្សាការីយ៉ា
2022-01-23
រូបភាពពីផ្កាយរណបបង្ហាញពីសកម្មភាពរបស់ម៉ាស៊ីនចាប់ខ្សាច់ខ្នាតធំពីរគ្រឿងអមដោយស្រឡាងដឹកខ្សាច់មួយចំនួននៅក្បែរឆ្នេរនៃមូលដ្ឋានទ័ពជើងទឹករាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
រូប៖ CSIS/AMTI
ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ទីដែលត្រូវបានគេសង្ស័យអំពីវត្តមានកងទ័ពចិននោះ បានឈានមួយកម្រិតទៀតហើយ។ របាយការណ៍ចុងក្រោយបង្ហាញពីម៉ាស៊ីនបូមខ្សាច់ ឬចាប់ខ្សាច់ (Sand Dredger) និងស្រឡាងដឹកខ្សាច់មួយចំនួនកំពុងមានសកម្មភាពឥតឈប់ឈរនៅទីនោះ។ អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយថា បើរដ្ឋាភិបាលមិនបង្ហាញព័ត៌មានច្បាស់លាស់ និងតម្លាភាពនោះទេ ភាពសម្រូងចម្រាស និងមន្ទិលសង្ស័យនៅតែបន្តកើតមានតទៅទៀត។
សកម្មភាពថ្មីចុងក្រោយនៃការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមនោះ គឺការបូមខ្សាច់នៅសមុទ្រ ដែលទំនងជាការស្ដារទីតាំងនោះឱ្យកាន់តែជ្រៅ ដើម្បីអនុញ្ញាតឱ្យនាវាចម្បាំងខ្នាតធំអាចចូលចតបាន។
គម្រោងគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី (Asia Maritime Transparency Initiative- AMTI) នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ (CSIS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍សង្ខេបមួយកាលពីថ្ងៃ២១ ខែមករាថា មានម៉ាស៊ីនចាប់ខ្សាច់ខ្នាតធំពីរគ្រឿងអមដោយស្រឡាងដឹកខ្សាច់មួយចំនួននៅក្បែរឆ្នេរនៃមូលដ្ឋានទ័ពជើងទឹករាម។ ប្រភពដដែលឱ្យដឹងថា បើតាមរូបភាពពីប្រព័ន្ធផ្កាយរណបកាលពីថ្ងៃទី១៦ ខែមករា ម៉ាស៊ីនចាប់ខ្សាច់ខ្នាតធំទាំងពីរគ្រឿងនោះបានទៅដល់ទីតាំងនោះ ចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ មករា និងបានស្ថិតនៅទីនោះរហូតមក។ ក្រៅពីតាមរយៈផ្កាយរណប គេក៏អាចមើលឃើញរូបភាពម៉ាស៊ីនចាប់ខ្សាច់នោះ នៅក្នុងរូបថតដែលរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ បានបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែមករា ផងដែរ។
របាយការណ៍ដដែលបន្តថា គេមិនដឹងច្បាស់ពីវិសាលភាពនៃការបូមខ្សាច់ដែលបានគ្រោងទុកនោះទេ ប៉ុន្តែនេះជាការអភិវឌ្ឍដ៏សំខាន់មួយក្នុងការពង្រីកសមត្ថភាពមូលដ្ឋានទ័ពជើងទឹករាម។ មជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រពន្យល់ថា ទឹករាក់នៅមូលដ្ឋានទ័ពរាមនាពេលបច្ចុប្បន្ននេះ អាចទទួលសំចតបានតែនាវាល្បាតខ្នាតតូចប៉ុណ្ណោះ។ ផ្ទុយទៅវិញ កំពង់ផែទឹកជ្រៅនឹងកាន់តែមានប្រយោជន៍ដល់កងទ័ពជើងទឹកកម្ពុជា និងចិន។ ស្ថាប័នដដែលសង្កត់ធ្ងន់ថា ការស្ដារកំពង់ផែឱ្យកាន់តែជ្រៅចាំបាច់សម្រាប់ការចូលចតនាវាចម្បាំងខ្នាតធំ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលកម្ពុជា និងចិន ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍កាលពីឆ្នាំ ២០១៩។
មជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រវាយតម្លៃថា សកម្មភាពបូមខ្សាច់ថ្មីៗនេះ បូករួមទាំងការឈូសឆាយដី និងការវាយកម្ទេចសំណង់មួយចំនួនផងនោះ ស្ដែងឱ្យឃើញថា មូលដ្ឋានទ័ពរាមកំពុងត្រូវបានរៀបចំសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ខែមករា ដោយទូរស័ពចូលតែពុំមានអ្នកទទួល។
កន្លងមករដ្ឋាភិបាលកម្ពុជា តែងបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ដោយសំអាងហេតុផលថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជានោះឡើយ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ធ្លាប់បានទទួលស្គាល់ថា ប្រទេសចិនពិតជាបានផ្តល់ថវិកាសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានទ័ពរាមប្រាកដមែន។ យ៉ាងណាក្តីលោកអះអាងថាមិនមែនជាលក្ខខណ្ឌដែលកម្ពុជា ត្រូវអនុញ្ញាតឱ្យចិនដាក់កងទ័ពលើទឹកដីកម្ពុជានោះទេ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២១ថា លោកលែងអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹករាមតទៅទៀតហើយ ហើយក៏ហាមមន្ត្រីកម្ពុជា ក្នុងនោះរួមទាំងលោក ទៀ បាញ់ ផង ឱ្យឈប់និយាយពីរឿងមូលដ្ឋានទ័ពរាមនេះតទៅទៀត។
សារព័ត៌មានរបស់អាមេរិក The Wall Street Journal ចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ស្រង់សម្ដីប្រភពពីមន្ត្រីអាមេរិកមួយចំនួន ដែលអះអាងថា រដ្ឋាភិបាលកម្ពុជានិងចិន បានចុះកិច្ចព្រមព្រៀងសំងាត់មួយអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាក្នុងរយៈពេល ៣០ឆ្នាំ និងអាចបន្តរយៈពេល ១០ ឆ្នាំម្តងបន្ទាប់ពីនោះ។ តាមរយៈកិច្ចព្រមព្រៀងនេះ ចិនអាចដាក់កងទ័ព សព្វាវុធ និងនាវាយោធារបស់ខ្លួននៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
ទាក់ទងរឿងនេះ អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា លើកឡើងថាកម្ពុជាមានសិទ្ធិអភិវឌ្ឍមូលដ្ឋានទ័ពរបស់ខ្លួន។ ប៉ុន្តែលោកមើលឃើញថាកម្ពុជាកំពុងក្លាយជាទីតាំងប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច ដោយសារជំហរនយោបាយការបរទេសលម្អៀងរបស់រដ្ឋាភិបាល។ លោកបន្តថា សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកដាក់ការសង្ស័យពាក់ព័ន្ធនឹងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាតនិងផ្លូវ(BRI) របស់ចិនដែលផ្តោតលើការសាងសង់លើហេដ្ឋាចរនាសម្ព័ន្ធបម្រើឱ្យផលប្រយោជន៍ពាណិជ្ជកម្មតែបង្កប់ចេតនានយោបាយផ្នែកយោធា៖ «កម្ពុជាធ្វើយ៉ាងមិចកុំឱ្យទទួលការរិះគន់លើការអភិវឌ្ឍមូលដ្ឋានទ័ពនៅរាមហ្នឹងបាន ទាល់តែកម្ពុជាច្បាស់លាស់ខ្លួនឯង គម្រោងហ្នឹងជាគម្រោងបម្រើឱ្យកម្ពុជាមិនមែនបម្រើឱ្យមហិច្ឆតាបរទេសណាមួយក្នុងការដាក់មូលដ្ឋានទ័ពរបស់ខ្លួន ហើយធ្វើរឿងហ្នឹងបានទាល់តែកម្ពុជាមានគោលនយោបាយដែលទុកចិត្តបានផ្តោតសំខាន់លើគោលនយោបាយការបរទេសចម្រុះពណ៌ព្យាយាមទំនាក់ទំនងជាមួយលោកសេរីសហរដ្ឋអាមេរិក និងចិនឱ្យបាន។ បើមិនបានស្មើគ្នាកុំឱ្យតែស្រឡាញ់តែម្ខាងហើយធ្វើម្ខាងទៀតទាស់ចិត្តដែលកម្ពុជាគួរគិតគូរពិចារណា»។
លោក វណ្ណ ប៊ុនណា បញ្ជាក់ថាដើម្បីជៀសផុតពីសម្ពាធនៃភូមិសាស្រ្តនយោបាយការបរទេស និងពឹងផ្អែកលើប្រទេសមហាអំណាចតែម្ខាង កម្ពុជាត្រូវប្រកាន់ជំហររដ្ឋអព្យាក្រិត្សស្របតាមរដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតឱ្យមានវត្តមាន ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជាពិតប្រាកដ។ លោកបន្ថែមថាការបញ្ចាប់ជម្លោះនយោបាយផ្ទៃក្នុងទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យល្អប្រសើរឡើងវិញក៏ជាដើមចមកំណត់អំពីឯករាជ្យភាពផ្នែកនយោបាយរបស់កម្ពុជាផងដែរ៕
No comments:
Post a Comment