Sunday, 23 January 2022

លោក ​ហ៊ុន សែន ស្នើ​ឲ្យ​​មាន​​ការ​​ប្រជុំ​​រដ្ឋ​មន្ត្រី​ការ​បរទេស​​អាស៊ាន​​ឲ្យ​​បាន​​ឆាប់ៗ


ដោយ ម៉ៅ សុធានី
2022-01-23
លោក ​ហ៊ុន សែន ស្នើ​ឲ្យ​​មាន​​ការ​​ប្រជុំ​​រដ្ឋ​មន្ត្រី​ការ​បរទេស​​អាស៊ាន​​ឲ្យ​​បាន​​ឆាប់ៗ​​

​ (ឆ្វែង) ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វីដូដូ​ (Joko Widodo)​ ពិភាក្សាតាមខ្សែទូរស័ព្ទ ជាមួយ​លោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP


លោក​​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ស្នើ​ដល់​​រដ្ឋ​មន្ត្រី​ការបរទេស​​អាស៊ាន​​ឲ្យ​បើក​​កិច្ច​ប្រជុំ​ចង្អៀត​​នា​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ពិភាក្សា​លើ​គំនិត​ផ្តួច​ផ្តើម​២​ចំណុច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ (Myanmar)​ ឬ​ភូមា។

សំណើ​នេះ​ធ្វើ​ឡើង ខណៈ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ឆ្នាំ២០២២​ បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វីដូដូ​ ​(Joko Widodo)​ ​កាល​ពី​ថ្ងៃទី២១​ ខែមករា និង​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ពន្យារ​ពេល​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ កាល​ពី​ពេល​ថ្មីៗ​នេះ។

សេចក្តីប្រកាស​ក្រសួង​ការបរទេស​កម្ពុជា​ឲ្យ​ដឹង​ថា លោក​ហ៊ុន សែន​ បាន​បញ្ជាក់​ប្រាប់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វីដូដូ ថា ដើម្បី​ជំរុញ​ឲ្យ​សម្រេច​បាន​នូវ​គោលការណ៍​ ៥ ​ចំណុច​របស់​អាស៊ានលើ​ប្រទេស​ភូមា​នេះ លោក​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ពិភាក្សា​គ្នា​លើ​គំនិត​ផ្តួច​ផ្តើម​ចំនួន ​២ ​ចំណុច​ រួមមាន​ ទី១.​ការ​បង្កើត​​យន្តការ​អាស៊ាន​ត្រ័រកា (Troika) ឬ​ត្រី​ភាគី​ ដែល​មាន​សមាសភាព​រដ្ឋមន្ត្រី​ការបរទេស​ មក​ពី​ប្រទេសប៊្រុយណេ (អតីត​ប្រធាន​អាស៊ាន) កម្ពុជា (ប្រធាន​អាស៊ាន​បច្ចុប្បន្ន) និង​ប្រទេសឥណ្ឌូនេស៊ី ​​(អនាគត​ប្រធាន​អាស៊ាន)​ ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន​ ដើម្បី​សម្រប​សម្រួល​ និង​តាមដាន​ការ​អនុវត្ត ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ ៥ ចំណុច​របស់​អាស៊ាន។ ចំណែក​ទី២.​វិញ​ គឺ​ត្រូវ​រៀបចំឲ្យ​មានកិច្ចប្រជុំ​ពិគ្រោះ​យោបល់ អំពី​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ និង​ការ​រៀបចំ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ មីយ៉ាន់ម៉ា ដោយគ្មាន​ការ​រើសអើង។


បន្ថែមពី​លើ​យន្តការ​ទាំង​នេះ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​ជា​សមាសភាព​មន្ត្រី​ការទូត​នៃ​ស្ថានតំណាង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ប្រាំបួន​ ប្រចាំ​នៅ​មីយ៉ាន់ម៉ា ឬ ភូមា ជាអ្នក​គាំទ្រ​នៅក្នុង​ការ​អនុវត្ត​ផែនការ​៥​ចំណុច​នេះ។ ពាក់ព័ន្ធ​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា (Rohingya) វិញ លោក ហ៊ុន សែន​ ក៏បាន​លើកឡើង​ថា គួរ​ពិចារណា​ជំរុញ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពួកគាត់ ពី​ប្រទេស​បង់ក្លាដែស​មក​កាន់​មីយ៉ាន់ម៉ា​វិញ​ ដោយ​សុវត្ថិភាព​ និង​ឆាប់​រហ័ស ក្រោយ​ដែល​រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន ​ដែលជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បង់ក្លាដែស​ កាល​ពី​ពេលថ្មីៗ​នេះ។

ទាក់ទង​នឹង​លទ្ធផល​ជំនួប​នេះ​ដែរ ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី ​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី២២ ខែមករា ដោយ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ​ (Joko Widodo)​ក៏​បាន​លើកឡើង​ពី​ចំណុច​មួយ​ចំនួន ប្រាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នោះ​រួមមាន​ ដំណោះ​ស្រាយ​ណា​មួយ​ក្នុង​រឿង​ភូមា គឺ​ត្រូវ​ផ្អែក​លើ​កិច្ចព្រមព្រៀង​កុងសង់សីស​ ៥​ចំណុច​ (Five-Point Consensus)​ របស់​អាស៊ាន​ ហើយមិន​ត្រូវ​អនុវត្ត​តាមផែនទី​បង្ហាញ​ផ្លូវ​៥​ចំណុច​របស់​មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា​លោក មីង អ៊ុងល្លាំង (Min Aung Hlaing) នោះ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ត​ថា មេដឹកនាំ​យោធា​ភូមា​ ត្រូវ​អនុញ្ញាត​ឲ្យប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ អាច​ពិភាក្សា​ជាមួយ​ភាគី​ជម្លោះ​ពាក់ព័ន្ធ​ទាំងអស់​ជា​បន្ទាន់ ដែល​ទង្វើ​នេះ​ គឺជាការ​ត្រួសត្រាយ​ផ្លូវ​សំរាប់​កិច្ចសន្ទនា​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។

លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ​ចូកូ វីដូដូ ក៏​បាន​គូស​បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​វឌ្ឍន​ភាព​ណា​មួយ​ ពី​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន​ទេ​នោះ ភាព​ជា​តំណាង​របស់​មីយ៉ាន់ម៉ា​ឬ​ភូមា​ គឺ​អនុញ្ញាត​ឲ្យ​តំណាង​ដែល​មិនមែន​មក​ពី​ថ្នាក់​ដឹកនាំ​របប​យោធា​ភូមា​ អាច​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ទៅ​ថ្ងៃ​អនាគត។

ចំពោះ​ការ​ស្នើឲ្យ​បង្កើត​យន្តការ​អាស៊ាន​ត្រ័រកា (Troika) វិញ​លោក ចូកូ វីដូដូ ​ថានឹង​យក​ទៅជជែក​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​ពេល​ខាង​មុខ៕

No comments: