ដោយ មួង ណារ៉េត
2022-01-25
រូប៖ ហ្វេសប៊ុក
គណបក្សប្រឆាំងធំៗពីរ គឺគណបក្ស សម រង្ស៊ី ដែលក្រោយមកប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀន បានច្របាប់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីង្កើតបានជាកម្លាំងរួមគ្នាមួយ គឺគណបក្សសង្គ្រោះជាតិ។ ក្រោយការរួមបញ្ចូលគ្នានេះ គណបក្សទាំងពីរនៅបន្តមានវត្តមាន ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ប៉ុន្តែជាបន្តមកទៀត គណបក្សភ្លើងទៀន សម្រេចបន្តសកម្មភាពនយោបាយ ក្នុងពេលដែលគណបក្សសិទ្ធិមនុស្សដាក់ពាក្យសុំរម្លាយខ្លួនឯង។
តើមានមូលហេតុអ្វីខ្លះ ដែលគណបក្សសិទ្ធិមនុស្ស សម្រេចមិនបន្តសកម្មភាពនយោបាយរបស់ខ្លួន?
ទាំងគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី សុទ្ធតែសម្រេច មិនធ្វើសកម្មភាពនយោបាយ តាំងតែពីគណបក្សទាំងពីរចាប់ដៃគ្នា បង្កើតជាគណបក្សសង្គ្រោះជាតិ កាលពី ខែកក្កដា ឆ្នាំ២០១២ មកម្ល៉េះ។
ប៉ុន្តែ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ ទើបគណបក្សសិទ្ធិមនុស្សសម្រេចរម្លាយខ្លួនដែរ។ គណបក្សសិទ្ធិមនុស្ស បានជូនដំណឹងទៅក្រសួងមហាផ្ទៃអំពីការសម្រេចរម្លាយខ្លួនឯង កាលពីចុងខែមករា ឆ្នាំ២០១៨ ពោលគឺនៅបីខែ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ។
ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅពេលនោះថា ការសម្រេចរម្លាយគណបក្សសិទ្ធិមនុស្ស គឺដើម្បីបង្ហាញភាពស្មោះស្ម័គ្រនឹងសង្គ្រោះជាតិ។
ប៉ុន្តែ គណបក្ស សម រង្ស៊ី ឯណោះវិញ សម្រេចមិនរម្លាយខ្លួនទេ គ្រាន់តែប្តូរឈ្មោះទៅជាគណបក្ស ភ្លើងទៀន ហើយពេលថ្មីៗ នេះ បានចាប់ផ្តើមបង្កើនសកម្មភាពនយោបាយនៅមូលដ្ឋានយ៉ាងខ្លាំងក្លា។
ប្រធានស្តីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៥ ខែមករាថា ហេតុដែលគណបក្សភ្លើងទៀន មិនត្រឹមតែមិនរម្លាយទេ ហើយថែមទាំងសកម្មខ្លាំងក្លាជាងមុននោះ គឺដោយសារលោកយល់ថា ការរម្លាយគណបក្សចោល ដើម្បីបង្ហាញភាពស្មោះត្រង់ គឺជារឿងហួសសម័យពេកហើយ៖ «សម័យបុរាណពីមុន ដើម្បីបង្ហាញភាពស្មោះត្រង់ ពេលប្ដីស្លាប់ ប្រពន្ធត្រូវយកទៅកប់ដែរ ដើម្បីសម្លាប់ដែរ។ ឥឡូវនេះ យើងមើលឃើញជាក់ស្ដែងហើយ ប្រសិនបើយើងរម្លាយទាំងអស់គ្នា ពេលនេះយើងគ្មានអ្វីដែលធ្វើកិច្ចការបានទៀតទេ។ ភាពស្មោះត្រង់របស់យើង គឺស្មោះត្រង់ចំពោះជាតិមាតុភូមិ។ ធ្វើនយោបាយយើងដឹងហើយ យើងត្រូវតែមានការបម្រុងទុក ការត្រៀម។ ដល់តែរម្លាយទាំងអស់ហ្នឹង យើងទៅធ្វើដើម្បីបម្រើអ្នកណា? បម្រើប្រជាពលរដ្ឋ ឬបម្រើបក្សកាន់អំណាច? អាហ្នឹងយើងគិតប៉ុណ្ណឹងទៅបានហើយ!»។
ទោះជាយ៉ាងនេះក្ដី គណបក្ស ភ្លើងទៀន កំពុងរងការចោទប្រកាន់ពីអ្នកគាំទ្រគណបក្សសិទ្ធិមនុស្សថា មិនស្មោះត្រង់នឹងដៃគូ។
កាលពី ១០ឆ្នាំកន្លងទៅ គឺនៅខែកក្កដា ឆ្នាំ២០១២ ការរួមបញ្ចូលគ្នាដ៏ធំមួយ និងជាប្រវត្តិសាស្រ្តផង បានកើតមានឡើងរវាងគណបក្សប្រឆាំងធំៗ ពីរ គឺគណបក្ស សម រង្ស៊ី (ដែលមានរូបសញ្ញាភ្លើងទៀន) ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស (ដែលមានរូបព្រះចន្ទពេញបូណ៌មី) ដឹកនាំដោយលោក កឹម សុខា។
កន្លះឆ្នាំ នៅមុនការចងសម្ព័ន្ធមេត្រីគ្នានេះ គណបក្ស សម រង្ស៊ី កាលពីចុងខែមករា ឆ្នាំ២០១២ បានឈ្នះសំឡេងឆ្នោតក្នុងព្រឹទ្ធសភាចំនួន ១១អាសនៈ ក្នុងចំណោមអាសនៈទាំង ៦១។ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា មិនមានតំណាងរាស្រ្តជាប់ឆ្នោត នៅក្នុងព្រឹទ្ធសភានោះទេ។ អាណត្តិរបស់ព្រឹទ្ធសភាមានរយៈពេល ៦ឆ្នាំ។ ដូច្នេះសមាជិកព្រឹទ្ធសភាពីកូតាគណបក្ស សម រង្ស៊ី ត្រូវបន្តអាណត្តិរបស់ខ្លួនរហូតដល់ចុងខែមករា ឆ្នាំ២០១៨។
តាមក្រិត្យក្រមសត្យានុម័ត ក្រោយចងសម្ព័ន្ធភាពគ្នានៅឆ្នាំ២០១២ នោះ គណបក្សនយោបាយទាំងពីរ អាចប្រកាសរម្លាយខ្លួនបាន ដើម្បីបង្ហាញភាពស្មោះត្រង់គ្នាទៅវិញទៅមក។ ប៉ុន្តែ ក្នុងចំណោមគណបក្សទាំងពីរនេះ គណបក្ស សម រង្ស៊ី អាចមានហេតុផលមិនសុំរម្លាយខ្លួនបាន ដោយសារតែមានសមាជិកព្រឹទ្ធសភាពីកូតារបស់ខ្លួនចំនួន ១១នាក់នៅព្រឹទ្ធសភា។ ផ្ទុយទៅវិញគណបក្សសិទ្ធិមនុស្ស អាចដាក់ពាក្យសុំរម្លាយខ្លួនបាន តាំងពីពេលនោះ។
ប៉ុន្តែគណបក្សទាំងពីរ នៅតែបន្តរក្សាវត្តមានរបស់ខ្លួន ក្នុងបញ្ជីគណបក្សនយោបាយ គ្រាន់តែមិនធ្វើសកម្មភាពនយោបាយ និងមិនចូលរួមការបោះឆ្នោត ដោយជំរុញឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមជំនួសពួកគេ។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនចូលរួមការបោះឆ្នោតនោះទេ។ ជាលទ្ធផលគណបក្សសង្គ្រោះជាតិ ឈ្នះ ៥៥អាសនៈ ក្នុងចំណោម ១២៣អាសនៈនៃរដ្ឋសភា។
ក្រោយការបោះឆ្នោតនោះ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បន្តមានវត្តមានតែក្នុងបញ្ជី ប៉ុន្តែរក្សាភាពស្ងៀមស្ងាត់រៀងៗ ខ្លួនតទៅទៀត។ បើទោះបីគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ជិតពាក់កណ្តាលប្រទេសក៏ដោយ ក៏គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនប្រកាសសុំរម្លាយខ្លួននោះដែរ គឺនៅបន្តវត្តមានក្នុងបញ្ជីគណបក្សនយោបាយនៃក្រសួងមហាផ្ទៃតទៅទៀត។
ប៉ុន្តែ នៅដើមខែមីនា ឆ្នាំ២០១៧ តាមគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្បាប់ធ្វើទុក្ខបុកម្នេញគណបក្សនយោបាយ ឬហៅថាច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយ ត្រូវបានបង្កើតឡើង ដែលច្បាប់នេះបានក្លាយជាមូលដ្ឋានច្បាប់ ក្នុងការរម្លាយគណបក្សសង្គ្រោះជាតិ នៅចុងឆ្នាំ២០១៧ នោះ។
បីខែក្រោយមក គឺនៅខែមិថុនា ឆ្នាំ២០១៧ ការបោះឆ្នោតឃុំសង្កាត់ ក៏ចូលមកដល់។ គណបក្ស សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស បន្តមានវត្តមាន។ ប៉ុន្តែមិនចូលរួមក្នុងការបោះឆ្នោតនោះទេ ដោយជំរុញឲ្យគណបក្សសង្គ្រោះជាតិ ដែលជាកម្លាំងរួមចូលរួមការបោះឆ្នោតនោះ។ ជាលទ្ធផល គណបក្សសង្គ្រោះជាតិ ឈ្នះដាច់តំណែងមេឃុំ និងចៅសង្កាត់ ៤៨៩ឃុំសង្កាត់ និងជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់ ៥០០៧នាក់។ សំឡេងឆ្នោត ដែលគណបក្សសង្គ្រោះជាតិទទួលបាន គឺជាង ៣លាននាក់ ឬស្មើនឹងជិតពាក់កណ្តាលនៃចំនួនអ្នកបោះឆ្នោតសរុប។
បីខែក្រោយការបោះឆ្នោតនេះ ឬ ៦ខែក្រោយច្បាប់ស្កីពីគណបក្សនយោបាយចេញ គណបក្ស សម រង្ស៊ី កាលពីចុងខែកញ្ញា ឆ្នាំ២០១៧ បានបើកសមាជវិសាមញ្ញ ផ្លាស់ប្ដូរឈ្មោះគណបក្ស សម រង្ស៊ី ទៅជាគណបក្ស ភ្លើងទៀនវិញ។ ប៉ុន្តែ ដូរតែឈ្មោះប៉ុណ្ណោះ រក្សានិម្មិតសញ្ញាភ្លើងទៀននៅដដែល។ ប្រធានស្ដីទីគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល នៅពេលនោះឲ្យដឹងថា សភាពការណ៍នយោបាយកាន់តែស្មុគស្មាញ គណបក្សត្រូវបង្ខំចិត្តផ្លាស់ប្ដូរឈ្មោះបែបនេះ។ លោក ទាវ វណ្ណុល បញ្ជាក់ថាការបង្ខំចិត្តប្ដូរឈ្មោះគណបក្សនេះ គឺដើម្បីរក្សាគណបក្សឲ្យនៅគង់វង្ស និងម្យ៉ាងទៀតដើម្បីឲ្យស្របទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយនោះផង។
ក្នុងពេលជាមួយគ្នានោះ គណបក្សសិទ្ធិមនុស្ស នៅបន្តមានវត្តមានដោយស្ងៀមស្ងាត់បន្តទៅទៀត។
បីខែក្រោយមក គណបក្សកាន់អំណាចដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់តុលាការ ដើម្បីរម្លាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយការរម្លាយនេះ បានពីរខែ ពោលគឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ គណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក សឺន ស៊ូប៊ែរ្តិ៍ ដាក់ពាក្យទៅក្រសួងមហាផ្ទៃ ជូនដំណឹងអំពីការសម្រេចរម្លាយគណបក្សសិទ្ធិមនុស្ស។ សេចក្តីជូនដំណឹងនោះ មិនបានបញ្ជាក់អំពីមូលហេតុនៃការសម្រេចរម្លាយគណបក្សនេះ ដោយខ្លួនឯងនេះឡើយ។
ប៉ុន្តែ លោក កឹម សុខា ដែលពេលនោះជាប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ថាការសម្រេចរម្លាយគណបក្សសិទ្ធិមនុស្ស គឺឈរលើគោលការណ៍ ៣យ៉ាង។ ទីមួយ គឺដើម្បីបញ្ជាក់ពីជំហរនៃការរួបរួមក្រោមស្លាកគណបក្សសង្គ្រោះជាតិតែមួយគត់ មិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម។ ទី២ មិនធ្វើតាម អ្វីដែលគូរប្រកួតឲ្យដើរ គឺក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ គេមានបំណងឱ្យបក្សប្រឆាំងបែកគ្នា ទៅរកគណបក្សចាស់រៀងៗ ខ្លួន និងទី៣ គោរពឆន្ទ:របស់ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតជាង ៣លាននាក់ ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ។
ប៉ុន្តែ សេចក្តីជូនដំណឹងទៅក្រសួងមហាផ្ទៃនោះ ត្រូវបានក្រសួងនេះតបវិញនៅដើមខែកុម្ភៈ ឆ្នាំ២០១៨ នោះ ដោយតម្រូវឲ្យគណបក្សសិទ្ធិមនុស្ស បើកសមាជបក្សនេះ ដើម្បីរកសំឡេងគាំទ្រឲ្យបាន ២/៣ ស្របតាមលក្ខន្តិកៈគណបក្សសិទ្ធិមនុស្ស ត្រង់ប្រការ៥០(ថ្មី) កថាខណ្ឌទី២ ដែលតម្រូវបែបនេះ ទើបអាចរម្លាយស្របច្បាប់បាន។
ដើម្បីរកសំឡេង ២/៣ ពីសមាជបក្សនេះបាន គណបក្សសិទ្ធិមនុស្ស ត្រូវរកមនុស្សឲ្យបានពី ៦០០ ទៅ ៧០០នាក់។ តើរកឯណាបាន បើសមាជិកទាំងនេះ ចូលក្នុងគណបក្សសង្គ្រោះជាតិអស់ទៅហើយនោះ?
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីប្រធានគណបក្សសិទ្ធិមនុស្សលោក សឺន ស៊ូប៊ែរ្តិ៍ បាននៅឡើយទេ។ ប៉ុន្តែលោក សឺន ស៊ូប៊ែរ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីពេលនោះថា លោកមិនអាចរកមនុស្សទាំងនេះ ឲ្យគ្រប់បានទេ។ លោកថាបើក្រសួងមហាផ្ទៃ នៅចង់ទុកតទៅទៀត ពួកលោកក៏អត់ធ្វើសកម្មភាពអ្វីដែរ ព្រោះអស់តួនាទីអ្វីទៀតហើយ។
ដូច្នេះរហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃនៅតែមិនទាន់ទទួលស្គាល់ការសម្រេចរម្លាយគណបក្សសិទ្ធិមនុស្សនេះ នៅឡើយទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៥ ខែមករា ថារឿងរម្លាយគណបក្សសិទ្ធិមនុស្សនេះ គឺអាចធ្វើទៅបាន ទាល់តែបំពេញទៅតាមលក្ខខណ្ឌនៃមានចែងនៅក្នុងលក្ខន្តិកៈ របស់គណបក្សសិទ្ធិមនុស្ស ដូចអ្វីដែលក្រសួងមហាផ្ទៃ ស្នើឲ្យធ្វើ កាលពីដើមឆ្នាំ២០១៨ នោះ។
លោកបញ្ជាក់ថា បើការរម្លាយនោះ ខុសលក្ខន្តិកៈរបស់គណបក្សសិទ្ធិមនុស្ស ដែលដាក់តម្កល់នៅក្រសួងមហាផ្ទៃ ក៏ក្រសួងមិនអាចទទួលស្គាល់នោះដែរ។
ក្រោយគណបក្សសិទ្ធិមនុស្ស ជួបការលំបាកក្នុងការរម្លាយខ្លួនឯងនេះ គណបក្ស ភ្លើងទៀន កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៨ បានកែសម្រួលលក្ខន្តិកៈរបស់ខ្លួន ទាក់ទងនឹងលក្ខខណ្ឌរំលាយខ្លួនឯង។ តាមរយៈសមាជវិសាមញ្ញនៅពេលនោះ គណបក្សនេះបានប្តូរលក្ខន្តិកៈគណបក្ស ដើម្បីសម្រួលឲ្យមានការរំលាយខ្លួនឯង ដោយត្រូវការការអនុម័តត្រឹមតែសំឡេង៥០+១ របស់គណៈកម្មការនាយកប៉ុណ្ណោះ។ លោក ទាវ វណ្ណុល ប្រាប់សារព័ត៌មានក្នុងស្រុក នៅពេលនោះថា ការប្តូរលក្ខន្តិកៈនេះ ធ្វើឡើងដើម្បីឲ្យគណបក្សភ្លើងទៀនមានភាពងាយស្រួល នៅពេលដែលចង់រំលាយខ្លួនឯង។
បួនខែក្រោយមកការបោះឆ្នោតជាតិ ឆ្នាំ២០១៨ បានចូលមកដល់។ គណបក្សសិទ្ធិមនុស្សដែលក្រសួងមិនទទួលស្គាល់ថា បានរម្លាយនោះ នៅបន្តស្ងៀមស្ងាត់ និងលុបចោលគេហទំព័រផ្លូវការរបស់គណបក្សនេះ ស្របពេលដែលគណបក្ស ភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី ធ្វើពហិការមិនចូលរួមការបោះឆ្នោតនោះ ព្រោះគណបក្សនេះថាវិបត្តិនយោបាយ មិនអាចធ្វើឲ្យការបោះឆ្នោតនោះ អាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋខ្មែរប្រាកដ។
គណបក្ស ភ្លើងទៀន នៅបន្តរក្សាការស្ងៀមស្ងាត់ជាងបួនឆ្នាំ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែមុនដាច់ឆ្នាំ២០២២ ពោលគឺនៅកៀកការបោះឆ្នោតឃុំសង្កាត់ចូលមកដល់ គណបក្សនេះសម្រេចសម្រុកធ្វើសកម្មភាពនយោបាយខ្លាំងក្លាឡើងវិញ នៅទូទាំងប្រទេស។
បើទោះបីជាគណបក្សភ្លើងទៀន ចាប់ផ្តើមធ្វើសកម្មភាពក្នុងកិច្ចការនយោបាយឡើងវិញក្តី ក៏ប្រធានស្តីទីគណបក្ស ភ្លើងទៀន លោក ថាច់ សេដ្ឋា ព្រមានទុកជាមុនហើយថា បើបរិយាកាសនៃការបោះឆ្នោតខាងមុខ គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជាពិសេសគ្មានការកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ គណបក្សនេះ នឹងមិនចូលរួមបោះឆ្នោតនោះឡើយ៕
No comments:
Post a Comment