Wednesday, 26 January 2022

សមាគម​ខ្មែរ​ក្រោម​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​ស្នើសុំ​ប្រមុខ​ការ​ទូត​ជាន់​ខ្ពស់​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម


Khmer Circle

Kampuchea Krom and the Khmer Krom are part of the reason why we had the Khmer Rouge rebel movement, its reign of terror and mass killings that still leave permanent scars on the Khmer people, their 'broken courage' and mental submission in face of grave social injustice and repression, the ousting of that murderous regime in 1978 and its replacement by another that still has its iron grip over the country today.

This has been the trend and sought-after scenario since before the 19th century when it took a country-wide rebellion to end Vietnamese armed occupation of Cambodia.

🔺🔺🔺

ដោយ យន់ សាមៀន
2022-01-25
សមាគម​ខ្មែរ​ក្រោម​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​ស្នើសុំ​ប្រមុខ​ការ​ទូត​ជាន់​ខ្ពស់​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម

សមាគម​ខ្មែរ​ក្រោម​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​ស្នើសុំ​ប្រមុខ​ការ​ទូត​ជាន់​ខ្ពស់​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ខ្មែរ​ក្រោម
រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​រូប​លោក ថាច់ សេដ្ឋា គេ​ផ្ដល់​ឱ្យ

 

អង្គការ​និង​សមាគម​ខ្មែរ​ក្រោម​នៅ​ក្នុង​និង​ក្រៅ​ស្រុក​សំដែង​ការ​សោកស្ដាយ ដែល​រដ្ឋាភិបាល​លោក ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែ​ន​ ខកខាន​មិន​បាន​ស្នើសុំ​ឲ្យ​មេដឹកនាំ​ជាន់​​ខ្ពស់​វៀតណាម គោរព​សិទ្ធិ​ ជំនឿ​សាសនា​ និង​កុំ​ឲ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កំណើត។ ប្រតិកម្ម​របស់​អង្គការ និង​សមាគម​ខ្មែរ​ក្រោម​ធ្វើ​ឡើង បន្ទាប់​ពី​ប្រតិភូ​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា​ទើប​បាន​ជួប​គ្នា​កាល​ពី​ពេល​ថ្មី​នៅ​នេះ នៅ​កម្ពុជា។ ភាគី​វៀតណាម​អះអាង​ថា វៀតណាម​កំពុង​ស្វែង​រក​វិធី ដើម្បី​ស្នើសុំ​ឲ្យ​កម្ពុជា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​រស់​នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ហួស​ចិត្ត​ដែល​កម្ពុជា​មិន​បាន​គិតគូរ​ពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ រស់នៅ​លើទឹក​ដី​កំណើត ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​វិស័យ​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។


នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​​ក្រោម​ លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី២២ មករា​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ខ្លាច​ចិត្ត​វៀតណាម​មិន​ហ៊ាន​ធ្វើ​សំណើ​ឲ្យ​វៀតណាម​គោរព​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម ជា​ជនជាតិ​ដើម​នោះ​ទេ៖ «វា​បង្ហាញ​កាន់​តែ​ច្បាស់​ថា វៀតណាម​មាន​ឥទ្ធិពល​នៅ​កម្ពុជា មិន​អាច​ប្រកែក​បាន»។

លោក ថាច់ សេដ្ឋា ថា ស្រប​ពេល​រដ្ឋាភិបាល​លោក ហ៊ុន​ សែន​ ខ្លាច​ចិត្ត​អ្នក​មាន​គុណ ភាគី​វៀតណាម​វិញ ​បាន​ពឹង​ពាក់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ជួយ​ថែរក្សា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ស្រប​ច្បាប់ និង​ខុស​ច្បាប់​នៅ​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​បដិសេធ ហើយ​ថែម​ទាំង​ផ្តល់​ដី​ឲ្យ​អន្តោប្រវេសន៍​វៀតណាម​នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទៀត​ផង។ ការ​រិះគន់​ថា កម្ពុជា​ហាក់​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​ដឹកនាំ​​រដ្ឋាភិបាល​វៀតណាម កាល​ពី​ខែធ្នូ បាន​សន្យា​ជួយ​ដល់​ពលរដ្ឋ​វៀតណាម ដែល​រស់នៅ​មិន​ស្រប​ច្បាប់​នៅ​កម្ពុជា ឲ្យ​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់។

ប្រធានាធិបតី​វៀតណាម លោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) កាល​ពី​ពេល​មក​កម្ពុជា កាល​ពី​ខែធ្នូ​លើក​ឡើង​ថា គ្មាន​ពលរដ្ឋ​ណា​ដែល​ជួប​បញ្ហា​លំបាក​ខ្លាំង ដូចជា​ពលរដ្ឋ​វៀតណាម​ នៅ​កម្ពុជា​នោះ​ទេ ដោយសារ​ពួក​គេ គ្មាន​លិខិត​បញ្ជាក់​រស់នៅ​ស្រប​ច្បាប់ ដូចជា អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លងដែន​ជា​ដើម។

កាល​ពី​ដើម​ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​គម្រោង​ផ្លាស់​ទីលំនៅ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក បែ​ចិញ្ចឹម​ត្រី នៅ​តាម​ដង​ទន្លេសាប ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​បរិស្ថាន បំផ្លាញ​គុណភាព​ទឹក និង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។ ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ចង់​ទៅ​រស់នៅ​វៀតណាម​វិញ​ដែរ តែ​អាជ្ញាធរ​វៀតណាម មិន​ទទួល​យក ​ដោយ​យក​លេស​អំពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ បច្ចុប្បន្ន ​ជនជាតិ​វៀតណាម​ទាំងនោះ ​កំពុង​រស់នៅ​លើ​ទឹក​ទន្លេ​ខ្មែរ​ក្បែរ​ព្រំដែន​នៅឡើយ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ផ្តល់​ដី​ជា​ច្រើន​រយ​ហិកតារ​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម​សង់​លំនៅឋាន រស់នៅ​ខេត្តកំពង់ឆ្នាំង​ ក្រោយ​បណ្ដេញ​ពួកគេ​ចេញ​ពី​បឹង​ទន្លេសាប។ កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ប៊ូយ ថាញ់ សឺន (Bui Thanh Son) ក៏​ទើប​បាន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ដែរ។ មន្ត្រី​ការ​បរទេស​វៀតណាម និង​សមភាគី​ខ្មែរ​របស់​លោក បាន​ជជែក​អំពី​សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ និង​បន្ត​ដោះស្រាយ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ដែល​នៅ​មិន​ទាន់​ដោះស្រាយ។ ក្នុង​ជំនួប​កំពូល​ទាំ​ងពីរ​លើក​នេះ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស្នើ​ឲ្យ​វៀតណាម គោរព​សិទ្ធិ និង​ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរ​ក្រោម​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ព្រងើយ​កន្តើយ រឿង​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​របស់​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ លោក ថាច់ សេដ្ឋា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​ភ្លើង​ទៀន​ផង​នោះ​​ សន្យា​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ​គណបក្ស​នេះ​​នឹង​យក​ចិត្ត​ទុក្ខ​ដាក់​ស្ថានភាព​សិទ្ធិមនុស្ស​ នៅ​ទឹក​ដី​កម្ពុជា​ក្រោម៖ «ក្នុង​នាម​គណបក្ស​ភ្លើង​ទៀន​យើង​យក​ចិត្ត​ទុក្ខ​ដាក់​ខ្មែរ​នៅ​គ្រប់​ទិសទី មិន​ថា នៅ​ទីណា​ក៏​ដោយ យើង​ត្រូវ​តែ​ត្រូវ​គាំពារ​ដោយ​រដ្ឋាភិបាល ជាពិសេស បងប្អូន​នៅ​កម្ពុជា​ក្រោម ដែល​លោក​បាន​តស៊ូ ដើម្បី​ជាតិ​មាតុភូមិ ទំនៀមទម្លាប់ អក្សរសាស្ត្រ។ យើង​ត្រូវ​តែ​ផ្តល់​ភាព​កក់ក្ដៅ​ដល់​ពួក​គាត់»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​សហគមន៍​ខ្មែរ​ក្រោម​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ អះអាង​ថា រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។ លោក​ថា រដ្ឋាភិបាល​មិន​ចង់​កេង​ចំណេញ​នយោបាយ​ដោយ​យក​រឿង ការពារ​សិទ្ធិ​​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស មក​ប្រកាស​ជា​សាធារណៈ​នោះ​ទេ៖ «វា​មិន​ដែល​រដ្ឋាភិបាល​ណា​មួយ​អត់​គិត​ពី​ប្រជាជន​គេ​នោះ​ទេ។ បើ​យើង​ឈរ​លើ​ទស្សនៈ​នេះ យើង​អាច​ឲ្យ​តម្លៃ​បាន​ទាំង​អស់​គ្នា។ នៅ​កម្ពុជា អ្នក​នយោបាយ​ខ្លះ​មាន​ចរិត​មិន​ល្អ​ដោយ​យក​រឿង​សោកសៅ​ប្រវត្តិ មក​ធ្វើ​ជា​ប្រធាន​បទ​វាយ​ប្រហារ​គ្នា វា​គ្មាន​អ្វី​ចាំបាច់​ដើម្បី​ឆ្លើយ​តប»។

ទោះបី​មាន​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​នេះ​ក្ដី ក៏​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹង​រតនា មាន​ថេរ​ដីកា​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​ចាប់​អារម្មណ៍​នឹង​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​ទឹក​ដី​កំណើត​ឡើយ។ ព្រះភិក្ខុ សឺង យ៉ឹង​រតនា ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​និយាយ​ការ​ពិត​នឹង​រដ្ឋាភិបាល កុម្មុយនិស្ត​វៀតណាម៖ «ស្នើ​ពលរដ្ឋ​វៀតណាម​ទៅ​ដល់​វៀតណាម ត្រូវតែ​ស្នើ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ដែល​ជា​ម្ចាស់​ស្រុក​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម។ យើង​ពេល​រដ្ឋាភិបាល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ហ្នឹង​សូម​អញ្ជើញ​ទៅ​តាម​វត្ត​នៅ​លើ​ទឹកដី​កម្ពុជា​ផង»។

ចាប់​តាំង​ពី​រាតត្បាត​ជំងឺ​កូវីដ ឆ្នាំ២០២០ មក រដ្ឋាភិបាល​វៀតណាម​បាន​ចាប់​ផ្ដើម​បង្ក្រាប​លើ​សិទ្ធិ​សំដែង​មតិ ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ យ៉ាង​ហោចណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម ៣នាក់​កំពុង​ជាប់​ពន្ធនាគារ រឿង​តវ៉ា​មិន​ព្រម​ឲ្យ​ដី​ជា​កេរ​ដូនតា ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោយ​គ្មាន​សំណង​ត្រឹម​ត្រូវ។ តុលាការ​វៀតណាម​កាត់ទោស​ពួក​គេ​ឲ្យ​ជាប់​ពន្ធនាគារ ពី ៩ខែ ទៅ​ពីរ​ឆ្នាំ ពី​បទ «ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ» ។ អាជ្ញាធរ​វៀតណាម​នៅ​ខេត្តព្រះត្រពាំង ក៏​បាន​ចាប់ខ្លួន ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក សំដែង​មតិ និង​ផ្សព្វផ្សាយ​ពី​​សិទ្ធិ​ជន​ជាតិ​ដើម។ ចំណែក​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់​ទៀត ក៏​ត្រូវ​វៀតណាម​ផាក​ពិន័យ​ជាច្រើន​រយ​ដុល្លារ ករណី​បង្ហោះ​ព័ត៌មាន​ពី​ប្រវត្តិ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម និង​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​ឯង៕

2 comments:

Anonymous said...

Khmer Krom needs to rise up and fight for autonomy. Declare autonomy. The land belongs to Khmers and was stolen. Fight for it.

Anonymous said...

Yes, Khmer Krom people must initiate some offense against the evil Yuon by launching the strife for autonomous state.
This era is the perfect time to make some move.