Thursday, 6 January 2022

លោក ហ៊ុន សែន អួត​ថា កូនប្រុស​ច្បង​របស់​លោក​មាន​សមត្ថភាព​ពិសេស​លើស​គេ


Khmer Circle

That kind of statement is to be expected coming from the father who only knows one thing and one thing only in the course of his ignoble political career: skulduggery.

🔼🔼🔼

ដោយ ទីន ហ្សាការីយ៉ា
2022-01-05
លោក ហ៊ុន សែន អួត​ថា កូនប្រុស​ច្បង​របស់​លោក​មាន​សមត្ថភាព​ពិសេស​លើស​គេ
 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុស​ច្បង​របស់​លោក ​គឺ​លោក ហ៊ុន ម៉ាណែត ជា​អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។
រូប៖ នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ


មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បន្ត​លើក​សរសើរ​ថា កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត មាន​សមត្ថភាព និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ដែល​មិន​អាច​មាន​អ្នក​ប្រៀប​ស្មើ​បាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​​រិះគន់​ថា សារ​របស់​លោក ហ៊ុន សែន នេះ មិន​បាន​ផ្ដល់​ការ​គោរព​ដល់​បញ្ញវន្ត​ដទៃទៀត និង​បង្កប់​នូវ​ចេតនា​នយោបាយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ព្យាយាម​លើកស្ទួយ​កូនប្រុស​ច្បង​គឺ លោក ហ៊ុន ម៉ាណែត ឱ្យ​លើស​ពី​មនុស្ស​គ្រប់គ្នា តាមរយៈ​ការ​ប្រើប្រាស់​វេទិកា​នានា ដើម្បី​សរសើរ​ពី​គុណសម្បត្តិ​របស់​ទាយាទ​ស្នង​តំណែង​រូប​នេះ។

លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​អត្តពលិក​នៅ​ថ្ងៃទី៥ មករា​ថា លោក ហ៊ុន ម៉ាណែត មាន​សមត្ថភាព​ខ្ពស់ និង​ចំណេះដឹង​ច្រើន​យ៉ាង ដែល​លោក​ហៅ​ថា ជា​ករណី​ពិសេស។ លោក​ថ្លែង​ដោយ​មោទនភាព​ថា បញ្ញវន្ត​ថ្នាក់​បណ្ឌិត ក្នុង​នោះ​ក៏​រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន ម្នាក់​ផង​ដែរ មិន​អាច​ប្រឡង​ប្រជែង​ឈ្នះ​លោក ហ៊ុន ម៉ាណែត ឡើយ ព្រោះ​កូន​ប្រុស​ច្បង​របស់​លោក​រូប​នេះ​ចេះ​ជំនាញ​យោធា ជាពិសេស​ចេះ​លោត​ឆត្រ​យោង៖ «ឥលូវ​នៅ​ទីនេះ បណ្ឌិត ហង់ជួន ណារ៉ុន ចេះ​លោត​ឆត្រ​យោង​ហើយ​ឬនៅ? បើ​មិន​ទាន់​ចេះ​លោត​ឆត្រ​យោង​ទេ ប្រឡង​អត់​ឈ្នះ ហ៊ុន ម៉ាណែត ទេ។ ចំណុច​ខុស​គ្នា គឺ​កន្លែង​ហ្នឹង អ៊ីចឹង​បាន​ខ្ញុំ​ថា ករណី​ពិសេស​បណ្ឌិត​មួយ​នេះ (ហ៊ុន ម៉ាណែត) គឺ​ថា វា​រៀន​ទាំង​នយោបាយ វា​រៀន​ទាំង​សេដ្ឋកិច្ច វា​រៀន​ទាំង​យោធា ហើយ​ក្នុង​ផ្នែក​យោធា​របស់​វា វា​មាន​លោត​ឆត្រ​យោង»។


លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​លើក​សរសើរ​លោក ហ៊ុន ម៉ាណែត ជា​បន្តបន្ទាប់ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀប​ចំ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក​រូប​នេះ ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ពី​វេន​ពី​លោក។ ការ​សម្រេច​ជ្រើសតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ២០២១។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា ចំណេះដឹង​ផ្នែក​យោធា​មិនមែន​ជា​កត្តា​កំណត់​អំពី​សមត្ថភាព​ដឹកនាំ​ប្រទេស​នោះ​ទេ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា ចំណេះដឹង​ផ្នែក​យោធា ឬ​ការ​ចេះ​លោត​ឆត្រ​យោង មិនអាច​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់​មាន​សមត្ថភាព​លើស​គេ ឬ​អាច​ដឹកនាំ​ប្រទេស​បាន​ល្អ​នោះ​ឡើយ។ លោក​បន្ត​ថា សារ​របស់​លោក ហ៊ុន សែន នេះ គឺ​គ្រាន់​តែ​ដើម្បី​ឱ្យ​សាធារណជន​មើល​មក​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ស្នង​តំណែង​ពី​លោក​តែប៉ុណ្ណោះ ពីព្រោះ​ពលរដ្ឋ​ខ្មែរ និង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​ហាក់​មិនទាន់​ទទួល​យក​បេក្ខភាព​លោក ហ៊ុន ម៉ាណែត នៅ​ឡើយ​ទេ៖ «គាត់​ចង់​ឱ្យ​ទាំង​កូន​មន្ត្រី​ធំៗ​នៅ​ក្នុង​គណបក្ស​ប្រជាជន និង​មន្ត្រី​ចាស់ៗ​ ហ្នឹង​ទទួល​យក​លោក ហ៊ុន ម៉ាណែត ហ្នឹង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។ ទោះ​បី​គេ​បោះឆ្នោត​ក្នុង​បក្ស​ជាប់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ហើយ​ក៏ដោយ ក៏​អត់​ទាន់​មាន​ការ​ស្រុះស្រួល​គ្នា​នៅ​ឡើយ​ទេ។ អ៊ីចឹង​បាន​ជា​លោក ហ៊ុន សែន គំរាម​ថា មាន​សង្គ្រាម ឱ្យ​កងទ័ព​ហ្នឹង​ការពារ​មេដឹកនាំ​ប្រទេសជាតិ។ ការពារ​មេដឹកនាំ​ប្រទេសជាតិ​ហ្នឹង​បានន័យ​ថា ទប់​កុំ​ឱ្យ​មាន​ការ​បះបោរ​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​គាត់​ហ្នឹង។ ហើយ​មួយ​ទៀត គាត់​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​យល់​ថា លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​ល្អ ជា​មនុស្ស​ដែល​មាន​សមត្ថភាព អ៊ីចឹង​នៅ​ពេល​បោះឆ្នោត​ហ្នឹង បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន។ ខ្លាច​នៅពេល​ដែល​បោះឆ្នោត​ហ្នឹង ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​បេក្ខភាព​លោក ហ៊ុន ម៉ាណែត គេ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន»។

ចំណែក​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត វិញ លោក​ថ្លែង​ថា ការ​លើក​តម្កើង​បេក្ខជន​នៃ​គណបក្ស​ណាមួយ មិនមែន​ជា​រឿង​ខុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​ការ​យល់​ថា មាន​តែ​កូន​ចៅ​ខ្លួន​ទើប​មាន​សមត្ថភាព​បន្ត​វេន នោះ​ទើប​ជា​រឿង​មិន​ត្រឹមត្រូវ និង​រំលោភ​គោលការណ៍​ច្បាប់។ ជាមួយគ្នា​នេះ លោក​យល់​ថា សារ​របស់​លោក ហ៊ុន សែន ក៏​បង្ហាញ​ពី​ការ​មិន​ឱ្យ​តម្លៃ​ដល់​បញ្ញវន្ត​ដទៃ​ទៀត​ដែរ ខណៈ​ការ​ដឹកនាំ​ជាតិ​ត្រូវការ​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ចេះដឹង​គ្រប់​វិស័យ៖ «ការ​លើក​តម្កើង​នេះ ខ្ញុំ​មើល​ឃើញ​រូបភាព​មួយ គឺ​ជា​ការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ទៀត​ចាប់​អារម្មណ៍ ហើយ​ក៏​ជា​សារ​ដាស់តឿន​ថា អ្វី​ដែល​គាត់​ចង់​បាន អ្វី​ដែល​គាត់​សម្រេច គឺ​ត្រូវតែ​នាំ​គ្នា​គោរព​ទៅ គឺ​វា​បាន​សុខ​ហើយ វា​មាន​សន្តិភាព​ហើយ មិន​ចាំបាច់​ទៅ​ត្រូវការ​ការ​ប្រកួត​ប្រជែង​ដោយ​សម្ងាត់ ឬ​ក៏​ដោយ​ចំហ​អ្វី​ទេ។ អ្វី​ដែល​គាត់​សម្រេច គឺ​សម្រេច​ទៅ​តាម​គាត់​ទៅ គឺ​ជា​រឿង​ត្រឹមត្រូវ​ហើយ»។

លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​មាន​វ័យ​ ៤៤ឆ្នាំ និង​កំពុង​កាន់​តំណែង​គ្រាក់ៗ ​នៅក្នុង​ជួរ​កងទ័ព រដ្ឋាភិបាល និង​ក្នុង​ជួរ​បក្ស តាមរយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក។ លោក​គឺជា​ឧត្តមសេនីយ៍​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។ ក្រៅ​ពី​នេះ លោក​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តាឡីស័ក ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ របស់​រដ្ឋាភិបាល​ទៀត​ផង​។ រីឯ​ក្នុង​ជួរ​បក្ស​វិញ លោក​ជា​ប្រធាន​ចលនា​យុវជន ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ និង​ជាពិសេស​គឺ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​ពី​ឪពុក​ថែម​ទៀត។

ទោះជាយ៉ាងណា គណបក្ស​ប្រឆាំង អ្នកឃ្លាំមើល និង​ពលរដ្ឋ​មួយចំនួន​វាយតម្លៃ​ថា លោក ហ៊ុន ម៉ាណែត ទំនងជា​នឹង​ដឹកនាំ​ប្រទេស​តាម​របៀប​ផ្ដាច់ការ​ដូច​ឪពុក​របស់​លោក​ដែរ។ មូលហេតុ​ដែល​នាំ​មាន​ការ​វាយតម្លៃ​បែបនេះ គឺ​ដោយសារ​ក្នុង​នាម​ជា​អ្នក​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​លោក​ខាងលិច និង​កាន់​តំណែង​កំពូល​មួយ​រូប លោក ហ៊ុន ម៉ាណែត មិន​ដែល​និយាយ​ត្រូវ​រឿង​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើយ។ ផ្ទុយទៅវិញ លោក​តែង​បញ្ចេញ​សារ​បែប​ចោទ​ប្រកាន់​ខ្វះ​មូលដ្ឋាន​លើ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ថា ជា​ក្រុម​ញុះញង់​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ជា​ក្រុម​បដិវត្តន៍​ពណ៌ ហើយ​អំពាវនាវ​ដល់​កងទ័ព​ដែល​ជា​កម្លាំង​អព្យាក្រឹត្យ​ឱ្យ​ប្ដូរផ្ដាច់​ការពារ​ឪពុក​របស់​លោក​ទៅវិញ៕

2 comments:

Anonymous said...

អង្គុយលើចង្អេរលើកខ្លួនឯង ចឹងទៅ? No idea how to put that in English...Anyhow, isn't that what Hun Sen is all about, himself and his dynasty? Thanks.

Anonymous said...

Ah Norouk Hun Sen is self-boasting. One day he will meet his cousin Hussein in hell.