Khmer Circle:
That kind of statement is to be expected coming from the father who only knows one thing and one thing only in the course of his ignoble political career: skulduggery.
🔼🔼🔼
ដោយ ទីន ហ្សាការីយ៉ា
2022-01-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាបេក្ខជននាយករដ្ឋមន្ត្រី។
រូប៖ នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ
មេដឹកនាំរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន បន្តលើកសរសើរថា កូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត មានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ ដែលមិនអាចមានអ្នកប្រៀបស្មើបាន។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយរិះគន់ថា សាររបស់លោក ហ៊ុន សែន នេះ មិនបានផ្ដល់ការគោរពដល់បញ្ញវន្តដទៃទៀត និងបង្កប់នូវចេតនានយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្យាយាមលើកស្ទួយកូនប្រុសច្បងគឺ លោក ហ៊ុន ម៉ាណែត ឱ្យលើសពីមនុស្សគ្រប់គ្នា តាមរយៈការប្រើប្រាស់វេទិកានានា ដើម្បីសរសើរពីគុណសម្បត្តិរបស់ទាយាទស្នងតំណែងរូបនេះ។
លោក ហ៊ុន សែន លើកឡើងក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនអត្តពលិកនៅថ្ងៃទី៥ មករាថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាពខ្ពស់ និងចំណេះដឹងច្រើនយ៉ាង ដែលលោកហៅថា ជាករណីពិសេស។ លោកថ្លែងដោយមោទនភាពថា បញ្ញវន្តថ្នាក់បណ្ឌិត ក្នុងនោះក៏រួមទាំងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ម្នាក់ផងដែរ មិនអាចប្រឡងប្រជែងឈ្នះលោក ហ៊ុន ម៉ាណែត ឡើយ ព្រោះកូនប្រុសច្បងរបស់លោករូបនេះចេះជំនាញយោធា ជាពិសេសចេះលោតឆត្រយោង៖ «ឥលូវនៅទីនេះ បណ្ឌិត ហង់ជួន ណារ៉ុន ចេះលោតឆត្រយោងហើយឬនៅ? បើមិនទាន់ចេះលោតឆត្រយោងទេ ប្រឡងអត់ឈ្នះ ហ៊ុន ម៉ាណែត ទេ។ ចំណុចខុសគ្នា គឺកន្លែងហ្នឹង អ៊ីចឹងបានខ្ញុំថា ករណីពិសេសបណ្ឌិតមួយនេះ (ហ៊ុន ម៉ាណែត) គឺថា វារៀនទាំងនយោបាយ វារៀនទាំងសេដ្ឋកិច្ច វារៀនទាំងយោធា ហើយក្នុងផ្នែកយោធារបស់វា វាមានលោតឆត្រយោង»។
លោក ហ៊ុន សែន បានបញ្ចេញសារលើកសរសើរលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ ក្រោយពីទទួលបានជោគជ័យក្នុងការរៀបចំឱ្យកូនប្រុសច្បងរបស់លោករូបនេះ ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តពីវេនពីលោក។ ការសម្រេចជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនេះ ធ្វើឡើងនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២១។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ចំណេះដឹងផ្នែកយោធាមិនមែនជាកត្តាកំណត់អំពីសមត្ថភាពដឹកនាំប្រទេសនោះទេ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា ចំណេះដឹងផ្នែកយោធា ឬការចេះលោតឆត្រយោង មិនអាចធ្វើឱ្យបុគ្គលម្នាក់មានសមត្ថភាពលើសគេ ឬអាចដឹកនាំប្រទេសបានល្អនោះឡើយ។ លោកបន្តថា សាររបស់លោក ហ៊ុន សែន នេះ គឺគ្រាន់តែដើម្បីឱ្យសាធារណជនមើលមកឃើញថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីស្នងតំណែងពីលោកតែប៉ុណ្ណោះ ពីព្រោះពលរដ្ឋខ្មែរ និងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមួយចំនួនហាក់មិនទាន់ទទួលយកបេក្ខភាពលោក ហ៊ុន ម៉ាណែត នៅឡើយទេ៖ «គាត់ចង់ឱ្យទាំងកូនមន្ត្រីធំៗនៅក្នុងគណបក្សប្រជាជន និងមន្ត្រីចាស់ៗ ហ្នឹងទទួលយកលោក ហ៊ុន ម៉ាណែត ហ្នឹងជាបេក្ខជននាយករដ្ឋមន្ត្រី។ ទោះបីគេបោះឆ្នោតក្នុងបក្សជាប់ជាបេក្ខជននាយករដ្ឋមន្ត្រីហើយក៏ដោយ ក៏អត់ទាន់មានការស្រុះស្រួលគ្នានៅឡើយទេ។ អ៊ីចឹងបានជាលោក ហ៊ុន សែន គំរាមថា មានសង្គ្រាម ឱ្យកងទ័ពហ្នឹងការពារមេដឹកនាំប្រទេសជាតិ។ ការពារមេដឹកនាំប្រទេសជាតិហ្នឹងបានន័យថា ទប់កុំឱ្យមានការបះបោរនៅក្នុងផ្ទៃក្នុងរបស់គាត់ហ្នឹង។ ហើយមួយទៀត គាត់ចង់ឱ្យប្រជាពលរដ្ឋហ្នឹងយល់ថា លោក ហ៊ុន ម៉ាណែត ជាមនុស្សល្អ ជាមនុស្សដែលមានសមត្ថភាព អ៊ីចឹងនៅពេលបោះឆ្នោតហ្នឹង បោះឆ្នោតឱ្យគណបក្សប្រជាជន។ ខ្លាចនៅពេលដែលបោះឆ្នោតហ្នឹង ប្រជាពលរដ្ឋមិនពេញចិត្តបេក្ខភាពលោក ហ៊ុន ម៉ាណែត គេមិនបោះឆ្នោតឱ្យគណបក្សប្រជាជន»។
ចំណែកអ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត វិញ លោកថ្លែងថា ការលើកតម្កើងបេក្ខជននៃគណបក្សណាមួយ មិនមែនជារឿងខុសឆ្គងនោះទេ ប៉ុន្តែការយល់ថា មានតែកូនចៅខ្លួនទើបមានសមត្ថភាពបន្តវេន នោះទើបជារឿងមិនត្រឹមត្រូវ និងរំលោភគោលការណ៍ច្បាប់។ ជាមួយគ្នានេះ លោកយល់ថា សាររបស់លោក ហ៊ុន សែន ក៏បង្ហាញពីការមិនឱ្យតម្លៃដល់បញ្ញវន្តដទៃទៀតដែរ ខណៈការដឹកនាំជាតិត្រូវការការជួយជ្រោមជ្រែងពីអ្នកចេះដឹងគ្រប់វិស័យ៖ «ការលើកតម្កើងនេះ ខ្ញុំមើលឃើញរូបភាពមួយ គឺជាការធ្វើឱ្យប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋផ្សេងៗទៀតចាប់អារម្មណ៍ ហើយក៏ជាសារដាស់តឿនថា អ្វីដែលគាត់ចង់បាន អ្វីដែលគាត់សម្រេច គឺត្រូវតែនាំគ្នាគោរពទៅ គឺវាបានសុខហើយ វាមានសន្តិភាពហើយ មិនចាំបាច់ទៅត្រូវការការប្រកួតប្រជែងដោយសម្ងាត់ ឬក៏ដោយចំហអ្វីទេ។ អ្វីដែលគាត់សម្រេច គឺសម្រេចទៅតាមគាត់ទៅ គឺជារឿងត្រឹមត្រូវហើយ»។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានវ័យ ៤៤ឆ្នាំ និងកំពុងកាន់តំណែងគ្រាក់ៗ នៅក្នុងជួរកងទ័ព រដ្ឋាភិបាល និងក្នុងជួរបក្ស តាមរយៈការជួយជ្រោមជ្រែងពីលោក ហ៊ុន សែន ដែលជាឪពុក។ លោកគឺជាឧត្តមសេនីយ៍ផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ក្រៅពីនេះ លោកជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលទៀតផង។ រីឯក្នុងជួរបក្សវិញ លោកជាប្រធានចលនាយុវជន ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាពិសេសគឺជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនពីឪពុកថែមទៀត។
ទោះជាយ៉ាងណា គណបក្សប្រឆាំង អ្នកឃ្លាំមើល និងពលរដ្ឋមួយចំនួនវាយតម្លៃថា លោក ហ៊ុន ម៉ាណែត ទំនងជានឹងដឹកនាំប្រទេសតាមរបៀបផ្ដាច់ការដូចឪពុករបស់លោកដែរ។ មូលហេតុដែលនាំមានការវាយតម្លៃបែបនេះ គឺដោយសារក្នុងនាមជាអ្នកបញ្ចប់ការសិក្សាពីប្រទេសលោកខាងលិច និងកាន់តំណែងកំពូលមួយរូប លោក ហ៊ុន ម៉ាណែត មិនដែលនិយាយត្រូវរឿងលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើយ។ ផ្ទុយទៅវិញ លោកតែងបញ្ចេញសារបែបចោទប្រកាន់ខ្វះមូលដ្ឋានលើពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំងថា ជាក្រុមញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងជាក្រុមបដិវត្តន៍ពណ៌ ហើយអំពាវនាវដល់កងទ័ពដែលជាកម្លាំងអព្យាក្រឹត្យឱ្យប្ដូរផ្ដាច់ការពារឪពុករបស់លោកទៅវិញ៕
2 comments:
អង្គុយលើចង្អេរលើកខ្លួនឯង ចឹងទៅ? No idea how to put that in English...Anyhow, isn't that what Hun Sen is all about, himself and his dynasty? Thanks.
Ah Norouk Hun Sen is self-boasting. One day he will meet his cousin Hussein in hell.
Post a Comment