ដោយ មួង ណារ៉េត
2022-01-04
ប៉ូលិសក្នុងសំលៀកបំពាក់ស៊ីវិលចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពបុគ្គលិកណាហ្កាវើលដ៍ ពេលជិះឡានមកដល់ស្ថានទូតអូស្ត្រាលី នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ និងកូដករអហិង្សាឯទៀត។ ប្រតិកម្មរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងភ្លាមៗ ក្រោយតំណាងសហជីពនៃក្រុមហ៊ុនណាហ្កាវើល (Naga World) បីនាក់បន្ថែមទៀត ក្នុងនោះមានកញ្ញា ឈឹម ស៊ីថរ ផង ត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី៤ ខែមករានេះ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចាត់ទុកការធ្វើកូដកម្មដោយអហិង្សារបស់បុគ្គលិកកាស៊ីណូណាហ្កាវើលដ៍ ថា ជាការបញ្ចេញមតិដោយសន្តិវិធីរបស់ពួកគេ និងស្នើឱ្យអាជ្ញាធរស្ដាប់មតិរបស់ពលរដ្ឋ មិនមែនបំបិទសំឡេងរបស់ពួកគេនោះទេ។ ស្ថានទូតនេះ រម្លឹកអាជ្ញាធរកម្ពុជា អំពីស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងធានាសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការប្រមូលផ្ដុំគ្នា និងចងក្រងគ្នាជាក្រុម និងសមាគម។
កងកម្លាំងសមត្ថកិច្ច ដែលភាគច្រើនស្លៀកសំលៀកបំពាក់ស៊ីវិលជាច្រើននាក់ នៅថ្ងៃទី៤ ខែមករា នេះបានឡោមព័ទ្ធចាប់ខ្លួនតំណាងសហជីពណាហ្កាវើល កញ្ញា ឈឹម ស៊ីថរ ទាំងកម្រោល ក្រោយកញ្ញាចុះពីលើរថយន្ត មកដល់កន្លែងធ្វើកូដកម្មភ្លាមៗ នៅចំណុចកែងរដ្ឋសភាជាតិ ក្បែរស្ថានទូតអូស្ត្រាលី។ ក្នុងថ្ងៃជាមួយគ្នានេះ តំណាងកូដករពីរនាក់ទៀត គឺលោក សុខ គង្គា និងលោក សុខ ណារិទ្ធ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនដែរ។ អ្នកទាំង ៣នាក់ ត្រូវបានអាជ្ញាធរបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃដដែល។
កូដករក្រុមហ៊ុនណាហ្កាវើលជិត ១ពាន់នាក់ នៅរសៀលថ្ងៃទី៤ ខែមករា ដែលចូលដល់ថ្ងៃទី១៨ នៃការធ្វើកូដកម្ម បានប្រមូលផ្គុំគ្នាធ្វើកូដកម្ម នៅមុខវិមានរដ្ឋសភានា។ កូដកម្មធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន ដែលចូលរួមធ្វើកូដកម្ម និងតំណាងរបស់ពួកគេជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ អាជ្ញាធរកំពុងឃុំខ្លួនអ្នកតវ៉ាសរុបចំនួន ២៣ នាក់ ក្រោយដោះលែងបួននាក់ ដោយក្នុងនោះមានទាំងអ្នករត់ម៉ូតូកង់បីម្នាក់ផង។ ក្នុងចំណោមអ្នកដែលកំពុងជាប់ឃុំខ្លួន មាន ៩នាក់ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការពីបទញុះញង់។
បុគ្គលិកក្រុមហ៊ុនណាហ្កាវើលម្នាក់ កញ្ញា ជឹម រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ធ្នូ នេះថា កម្មករកំពុងប្រមូលផ្ដុំគ្នា ដើម្បីធ្វើការទាមទារឱ្យមានការដោះលែងតំណាងសហជីព កញ្ញា ឈឹម ស៊ីថរ សហជីពដទៃ និងបុគ្គលិកជាច្រើននាក់ទៀត ដែលកំពុងត្រូវបានអាជ្ញាធរឃាត់ខ្លួន។ កញ្ញាបន្តថា មកទល់ពេលនេះ មានបុគ្គលិកពីរនាក់ប៉ុណ្ណោះដោយក្នុងនោះមានស្ត្រីពរពោះម្នាក់ ត្រូវបានដោះលែងមកវិញ៖ «យើងគឺជាប្រជាពលរដ្ឋខ្មែរ ជាបុគ្គលិកកម្មករខ្មែរ ធ្វើការនៅលើទឹកដីខ្លួនឯង ត្រូវនិយោជកដែលជាជនបរទេសមកវិនិយោគទុននៅលើទឹកដីខ្លួនឯងហើយមានការរំលោភបំពានសិទ្ធិក្នុងកន្លែងការងារការកេងប្រវ័ញ្ចអត្ថប្រយោជន៍ផ្សេងៗ។ ពេលដែលពួកយើងដើរតាមនីតិវិធីច្បាប់ ដោះស្រាយជាមួយក្រុមហ៊ុននៅលើតុចរចារយៈពេល៨ខែជាងហើយ រហូតមកដល់ថ្ងៃនេះធ្វើកូដកម្ម១០ថ្ងៃជាងហើយ នៅតែគ្មានដំណោះស្រាយ ហើយទទួលបានការចាប់ខ្លួន ការគំរាមកំហែង ការបំភិតបំភ័យផ្សេងៗ។ ពួកយើងទាំងអស់គ្នាពិតជាមានអារម្មណ៍ថា ឈឺចាប់និងសោកស្ដាយមែនទែន»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ឆ្លើយថា លោកមិនអាចបកស្រាយអំពីបញ្ហានេះទេ ដោយអាជ្ញាធរ និងតុលាការកំពុងបន្តនីតិវិធីនៅឡើយ៖ «អ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយ។ នីតិវិធីផ្សេងទៀតកំពុងតែចំណាត់ការ។ អ៊ីចឹងនៅក្នុងដំណាក់កាលនេះ វាជាដំណាក់កាលស៊ើបសួរត្រូវការរក្សាការសម្ងាត់តាមនីតិវិធី»។
ជុំវិញការចាប់ខ្លួន កញ្ញា ឈឹមស៊ីថរ អូសបញ្ចូលក្នុងរថយន្តនោះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ហួសចិត្ត។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សរសេរសារលើហ្វេសប៊ុករបស់អ្នកស្រី អមដោយរូបភាពវីដេអូនៃការប្រតាយប្រតប់គ្នា ពេលអាជ្ញាធរចាប់អូសកញ្ញា ឈឹម ស៊ីថរ ញាត់ចូលរថយន្តនោះ តើនេះជាសង្គមអ្វី? ដែលអាជ្ញាធរមកចាប់ស្ត្រីវ័យក្មេងដោយហិង្សា ក្រៀកកគ្នា ហើយញាត់ចូលឡានទាំងប្រញាប់ប្រញាល់គ្មានដីកាត្រឹមត្រូវ?
អ្នកស្រីបន្ថែមថា កញ្ញា ឈឹម ស៊ីថរ ត្រូវកងកម្លាំងសមត្ថកិច្ចមាឌធំ ទាំងស៊ីវិល និងឯកសណ្ឋានបានចាប់ក្រៀកកដៃ និងខ្លួននាងពេញទំហឹងស្ទើរតែនាងដកដង្ហើមមិនរួច ស្រែកក៏មិនបាន។ កម្មករខ្លះបានរត់មកជួយនាងប្រទាញប្រទង់ខ្លាំង ដូចសមុទ្រកូរទឹកដោះដែលទាញម្ខាងម្នាក់។ អ្នកស្រីថា អាជ្ញាធរមិនគួរប្រើកម្លាំងទាំងកម្រោលដូចចាប់ជនឧក្រិដ្ឋធ្ងន់ធ្ងរនោះឡើយ។ អ្នកស្រីបន្តថា អ្នកស្រីមានសេចក្ដីសង្វេគ ដែលបានឃើញរូបភាពដ៏ព្រៃផ្សៃបែបនេះ សម្រាប់ដើមឆ្នាំ២០២២ ហើយនេះ ឬជាអ្វី ដែលយើងតែងនិយាយថា សង្គមខ្មែរជាឋានសួគ៌នៃសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីត្រូវបានគោរពការពារនោះ!
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា ការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្កាវើលនេះ ជាសិទ្ធិសេរីភាព ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារ៖ «ចំណាត់ការរបស់អាជ្ញាធរនេះ គឺជារូបភាពមួយដែលកំពុងតែរំលោភទៅលើគោលការណ៍ច្បាប់ រំលោភទៅលើគោលការណ៍នៃសេរីភាព រំលោភទៅលើគោលការណ៍ប្រជាធិបតេយ្យហើយ។ នៅក្នុងសង្គមប្រជាធិបតេយ្យ អាជ្ញាធរមិនត្រូវប្រើប្រាស់វិធានការ ក្នុងការទៅរឹតត្បិតសិទ្ធិសេរីភាពទាមទារតវ៉ាដោយអហិង្សារបស់ប្រជាពលរដ្ឋទេ។ បើទោះបីអាជ្ញាធរតែងតែលោកលើកឡើងថា ការធ្វើហ្នឹងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដល់អីក៏ដោយ ក៏ប៉ុន្តែយើងដឹងថា អាជ្ញាធរខ្លួនឯងហ្នឹង គឺជាអ្នករៀបចំសណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះ អាជ្ញាធរជាអ្នកទទួលខុសត្រូវក្នុងការធ្វើឱ្យមានសណ្ដាប់ធ្នាប់សាធារណៈផង ធានាឱ្យមានការប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋផង»។
ក្រុមសហជីព និងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន បានចេញលិខិតជាបន្តបន្ទាប់ថ្កោលទោសចំណាត់ការរបស់សមត្ថកិច្ចរាជធានីភ្នំពេញ និងអំពាវនាវឲ្យអាជ្ញាធរត្រូវរក្សាជំហរអព្យាក្រឹត និងដោះលែងអ្នកទាំងអស់នោះ ឲ្យមានសេរីភាពវិញ ហើយបន្តដោះស្រាយវិវាទការងារនេះដោយសន្តិវិធី និងតាមច្បាប់។
ចំណែកឯគណបក្សនយោបាយឯណោះវិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃនេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ចំពោះទង្វើអាជ្ញាធរ ដែលរារាំង និងប្រើកម្លាំងបង្ក្រាបការប្រមូលផ្ដុំ ទាក់ទងនឹងវិវាទការងារនេះ។ គណបក្ស ដែលមានលោកបណ្ឌិត កែម ឡី ជាស្ថាបនិកពីដំបូងនេះ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការយកប្រព័ន្ធតុលាការ ក្នុងការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកតវ៉ាដោយសន្តិវិធី និងត្រូវដោះលែងកូដករទាំងអស់មកវិញ។
ទោះជាអាជ្ញាធរ បន្តចាប់ខ្លួនកូដករ និងតំណាងរបស់ពួកគេ ជាបន្តបន្ទាប់យ៉ាងនេះក្តី ក៏ក្រុមកូដករនៅតែបន្តប្ដេជ្ញាថា នឹងតស៊ូមតិដោយអហិង្សាតទៅទៀត ដោយមិនរាថយឡើយ រហូតដល់មានការដោះលែងពួកគាត់មកវិញ និងមានដំណោះស្រាយសមរម្យតាមការទាមទារទាំង ៩ចំណុចតាមការទាមទាររបស់ពួកគាត់។
កញ្ញា ឈឹម ស៊ីថរ ដឹងច្បាស់ថា កញ្ញានឹងត្រូវចាប់ខ្លួន។ ដូច្នេះ កញ្ញាប្រាប់វិទ្យុអាស៊ីសេរី នៅយប់មុនថ្ងៃចាប់ខ្លួនថា កញ្ញានឹងនៅតែបង្ហាញមុខចូលរួមតវ៉ា ដើម្បីសិទ្ធិកម្មករ ទោះជាប្រឈមការចាប់ខ្លួននេះក្តី។ កញ្ញាព្រមានថា ការបន្តចាប់ខ្លួនអ្នកតវ៉ា និងតំណាងពួកគាត់ គឺមិនមែនជាដំណោះស្រាយទេ ប៉ុន្តែវារឹតតែបញ្ឆេះកំហឹងកូដករ។
នៅថ្ងៃចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ នោះ កូដករនាំគ្នាសរសេរសារតាមហ្វេសប៊ុកថា ចាប់កញ្ញា ឈឹម ស៊ីថរ ម្នាក់ នៅមានកញ្ញា ឈឹម ស៊ីថរ ពីរពាន់នាក់ទៀត៕
1 comment:
Ms. Theary Seng and Khmer Thaovarak members,
Thank You for your courage to fight for social justice. You are our Khmer heroes.
During this critical time in our history, you have emerged as the noble role models for Khmer people, especially for Khmer women.
Post a Comment