Khmer Circle:
Of all the 'honours' and 'medals' Hun Sen received over the years none means and matters more to him than those bestowed him by his mentors and partons in Hanoi.
🔺🔺🔺
ដោយ មាន ឫទ្ធិ
2022-01-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបពីហ្វេសប៊ុក
សកម្មជនគណក្សសង្គ្រោះជាតិ សង្ស័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើលុយទិញពានរង្វាន់សន្តិភាព«ក្លែងក្លាយ» ពីអង្គការដែលគេមិនសូវស្គាល់ឈ្មោះមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីយកធ្វើប្រជាភិថុតិពលរដ្ឋ។ អ្នកឃ្លាំមើលយល់ថា លោក ហ៊ុន សែន មិនទាន់មានលទ្ធភាពទទួលបានពានរង្វាន់សន្តិភាពទេ។
មន្ត្រីគណបក្សប្រឆាំងនៅប្រទេសកូរ៉េខាងត្បូង យល់ថា ស្ថាប័នដែលប្រគល់ពានរង្វាន់សន្តិភាពឆ្នាំ២០២២ ជូនមេដឹកនាំកម្ពុជា អាចជាក្រុមឆបោក ដែលរកស៊ីមុខរបរបង្កើតសមាគម ឬមូលនិធិក្លែងក្លាយ ហើយទាញយកប្រយោជន៍ផ្ទាល់ខ្លួន ព្រោះថា សមាគម ឬរដ្ឋាភិបាលកូរ៉េខាងត្បូង នឹងមិនអាចប្រគល់ពានរង្វាន់សន្តិភាពជូនមេដឹកនាំ ក្នុងប្រទេសណាដែលផ្ដាច់ការនោះទេ។
ប្រធានគណៈកម្មការនាយកនៃចលនាប្រជាធិបតេយ្យគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស សុខេម អះអាងថា តាមកិត្តិស័ព្ទសព្វថ្ងៃ លោក ហ៊ុន សែន មានរឿងអាស្រូវជាងស្នាដៃល្អៗ។ ដូច្នេះលោក ហ៊ុន សែន មិនអាចទទួលបានពានរង្វាន់សន្តិភាពពីក្រុមប្រទេសប្រជាធិបតេយ្យបានទេ។ លោកជឿជាក់ថា មានតែក្រុមរកស៊ីបោកប្រាស់ប៉ុណ្ណោះ ដែលអាចបង្កើតមេដាយ ឬពានរង្វាន់ក្លែងក្លាយ លក់ឲ្យក្រុមមេដឹកនាំផ្ដាច់ការ៖ «ក៏ប៉ុន្តែខ្ញុំជឿថា បើអង្គការហ្នឹងពិតជាតម្លាភាពមែន សិក្សាស្រាវជ្រាវឲ្យច្បាស់ ថា សន្តិភាព ឬមិនសន្តិភាពនោះ អង្គការហ្នឹងមិនអ៊ីចឹងចេញឲ្យទេ»។
ការលើកឡើងនេះ ក្រោយពេលដែលអង្គការមិនសូវល្បឺឈ្មោះមួយទៀត ឈ្មោះមូលនិធិសន្ដិភាពស៊ុនហាក់ (Sunhak peace prize foundation) ដែលប្រកាសថា មានមូលដ្ឋាននៅទីក្រុងសេអ៊ូល (Seoul) នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ២៩ មករា បានប្រកាសផ្ដល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រធានមូលនិធិស៊ុនហាក់ លោក ថូម៉ាស វ៉ាលស៍ (Thomas G. Walsh) លើកឡើង តាមលិខិតមួយចុះថ្ងៃទី២៥ ខែមករា ថា ការផ្តល់ពានរង្វាន់សន្តិភាពនេះ ដោយសារច្រើនឆ្នាំមកនេះលោក ហ៊ុន សែន ដឹកនាំប្រទេសបានល្អ និងបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ ការលើកកម្ពស់សន្តិភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ ហើយពានរង្វាន់នេះ នឹងត្រូវធ្វើពិធីប្រគល់ជូន លោក ហ៊ុន សែន នៅទីក្រុងសេអ៊ូល នៅថ្ងៃទី១២ កុម្ភៈ។
មន្ត្រីរដ្ឋាភិបាលអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទិញលក់ ឬស៊ុំគ្រលុំគ្នា ដើម្បីទទួលបានពានរង្វាន់នេះទេ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា អង្គការ សមាគមអន្តរជាតិនានា បានមើលឃើញពីគុណតម្លៃរបស់មេដឹកនាំកម្ពុជា ទើបគេផ្ដល់ពានរង្វាន់សន្តិភាព ជាកិត្តយសសម្រាប់ប្រជាជនខ្មែរទាំងមូល៖ «(ពានរង្វាន់) វាជាយុត្តិធម៌សម្រាប់សម្ដេច (ហ៊ុន សែន)។ រីឯការឆ្លងឆ្លើយរបស់បក្សប្រឆាំង អាហ្នឹងជារឿងធម្មតា ព្រោះគាត់មិនដែលឃើញអ្វីដែលគាត់ប្រឆាំងហ្នឹង មានភាពវិជ្ជមានអ្វីទេ។ អាហ្នឹង យើងមិនចាប់អារម្មណ៍ទេណា។ ប៉ុន្តែការឡើង (ប្រគល់ពាន) ជាការផ្ដល់កិត្តិយសមួយ យ៉ាងហោចណាស់ ជាកិត្តិយសសម្រាប់ខ្មែរដែរ។ វាមិនមែនគ្រាន់ជាកិត្តិយសសម្រាប់បុគ្គលទេ។ (ខ្មែរ) ទាំងអស់គ្នា ជាកិត្តិយសទាំងអស់»។
ប៉ុន្តែសម្រាប់ក្រុមអ្នកឃ្លាំមើល មិនជឿថា អង្គការ ឬមូលនិធិអន្តរជាតិ ឬក៏រដ្ឋាភិបាលលោកសេរី ព្រមប្រគល់ពានរង្វាន់កិត្តិយសណាមួយឲ្យមេដឹកនាំកម្ពុជានោះទេ ព្រោះថា សហគមន៍អន្តរជាតិ កំពុងរិះគន់ និងជំរុញឲ្យលោក ហ៊ុន សែន ដឹកនាំមករកគោលការណ៍គោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សវិញ។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិកហានឌ្រូ ហ្កាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) សង្កេតឃើញថា មេដឹកនាំផ្ដាច់ការនៅតាមបណ្ដាប្រទេសក្នុងទ្វីបអាមេរិកឡាទីន ទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី ចូលចិត្តទិញពានរង្វាន់ក្លែងក្លាយពីក្រុមឆបោក ដើម្បីយកមកលួងចិត្តខ្លួនឯង និងយកមកឃោសនាបោកប្រាស់ពលរដ្ឋ។
លោកពន្យល់ថា ក្រុមអ្នករកស៊ីបោកប្រាស់បានបង្កើតពានក្លែងក្លាយនេះ ច្រើនប្រភេទណាស់ ក្រោមឈ្មោះ និងរូបភាពផ្សេងៗគ្នា ដើម្បីយកមកលក់ឲ្យមេដឹកនាំផ្ដាច់ការ ដែលគ្មានលទ្ធភាពទទួលបានពានរង្វាន់ពិភពលោកពិតប្រាកដ។ លោក អាឡិក បន្តទៀតថា មេដឹកនាំផ្ដាច់ការ អាចប្រើពានរង្វាន់ក្លែងក្លាយនេះ បោកប្រាស់បានតែពលរដ្ឋនៅក្នុងប្រទេសក្រីក្រប៉ុណ្ណោះ។ តែសម្រាប់ពលរដ្ឋដែលរស់នៅក្នុងប្រទេសលោកសេរី ឬអ្នកមានចំណេះដឹងជ្រៅជ្រះ នោះគេនឹងមិនឲ្យតម្លៃលើពានរង្វាន់ក្លែងក្លាយបែបនេះទេ៖ «លោក ហ៊ុន សែន បើសិនជាគាត់មិនផ្លាស់ប្ដូរឥរិយាបថ មិនផ្លាស់ប្ដូររបៀបធ្វើការហ្នឹង គឺអត់មានសង្ឃឹមទេ។ មិនអាចទទួលពានរង្វាន់បែបល្អត្រឹមត្រូវបានទេ។ មានតែប៉ុណ្ណឹង មានតែរង្វាន់ដែលគាត់ទិញ ឬក៏គាត់ឃុបឃិតជាមួយគ្នា ដើម្បីទទួលហ្នឹង»។
ចាប់តាំងពីអំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់ទទួលបានពានរង្វាន់ ប័ណ្ណសរសើរ មេដាយ គោរមងារ និងសញ្ញាប័ត្រកិត្តិយស ជាង២០ហើយ ពីសកលវិទ្យាល័យ ស្ថាប័នឯកជន និង អង្គការមួយចំនួន ដែលពិភពលោកមិនសូវស្គាល់ និងមិនសូវឲ្យតម្លៃ។ សញ្ញាប័ត្រកិត្តិយសភាគច្រើន ដែលលោក ហ៊ុន សែន ទទួលបានជាសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។ ចំណែកពានរង្វាន់ដែលលោកហ៊ុន សែន ទទួលបានវិញ ភាគច្រើនឈ្មោះថា ពានរង្វាន់សន្តិភាព ពានរង្វាន់លើកស្ទួយពិភពលោក ពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ឬ ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត។ ពានរង្វាន់ខ្លះ សម្រាប់ប្រគល់ជូនមេដឹកនាំរដ្ឋាភិបាលរូបណា ដែលបានកាន់អំណាចយូរជាងគេ និងមានកេរ្តិ៍ឈ្មោះអាស្រូវរឿងរំលោភសិទ្ធិមនុស្ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថា ជាមេដឹកនាំល្បីខាងរំលោភសិទ្ធិមនុស្ស យកមាត់ជាច្បាប់ ប្រើភាសាជេរប្រមាថ គំរាមកំហែង ហិង្សានិយម និងហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីតែអំណាចរបស់ខ្លួន។ ស្នាដៃលេចធ្លោ និងកក្រើកពេញពិភពលោករបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការបើកយុទ្ធនាការកម្ទេចបក្សប្រឆាំង ដែលមានសង្ឃឹមឈ្នះឆ្នោតតែមួយគត់នៅកម្ពុជា និងបង្ក្រាបលើសំឡេងរិះគន់ឥតឈប់ឈររហូត មកទល់ពេលនេះ។ ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះ បានបណ្តាលឲ្យក្រុមអង្គការជាតិ-អន្តរជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យ ថ្កោលទោសជាបន្តបន្ទាប់ និងថែមទាំងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ផងដែរ៕
ក ហ៊ុន សែន ទិញពានរង្វាន់ក្លែងក្លាយ យកធ្វើនយោបាយប្រជាភិថុតិ
No comments:
Post a Comment