ដោយ សន ចាន់រដ្ឋា
2022-01-18
ប្រជាសហគមន៍ចង្អុលបង្ហាញតំបន់ព្រៃលិចទឹកនៅតំបន់ការពារធម្មជាតិជ្រោយស្វាយ ឋិតនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
រូប៖ ប្រជាសហគមន៍ផ្តល់ឱ្យ។
សហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ មានផ្ទៃដីជាង ៥០០ហិកតា (៥២២) ដែលជាកន្លែងនេសាទត្រីយ៉ាងសំខាន់របស់អ្នកស្រុករាប់ពាន់គ្រួសារ នៅខេត្តកោះកុង កំពុងប្រឈមការបាត់បង់នៅពេលដ៏ខ្លីខាងមុខ។ ប្រជាសហគមន៍រិះគន់ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានថា បណ្តោយឱ្យជនល្មើសលបកាប់ព្រៃកោងកាង អស់១០០ហិកតានៅរយៈពេលជាង ៥ ខែចុងក្រោយនេះ។
ប្រជាសហគមន៍ការពារធម្មជាតិជ្រោយស្វាយ រស់នៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បន្តស្នើសុំឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង ចាត់វិធានការទៅលើជនល្មើសដែលកាប់ទន្ទ្រានដីព្រៃលិចទឹក ឋិតនៅតំបន់ការពារធម្មជាតិជ្រោយស្វាយជាបន្ទាន់។
ប្រជាសហគមន៍ បានកំណត់អត្តសញ្ញាណជនសង្ស័យ ៤ នាក់ ដោយមានភស្តុតាងច្បាស់លាស់ ហើយបញ្ចួនឈ្មោះពួកគេទៅមន្ត្រីជំនាញ ដើម្បីអនុវត្តច្បាប់ ប៉ុន្តែនៅតែគ្មានចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធនោះទេមកទល់ពេលនេះ រីឯជនល្មើសនៅតែបន្តលួចកាប់ព្រៃលិចទឹកដដែល។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយលោក គុណ ហុក ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែមករាថា នៅរយៈពេលជាង ៥ខែចុងក្រោយនេះ ក្រុមជនល្មើស បានកាប់ទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់អភិរក្សនេះ អស់១០០ហិកតា ដោយមិនឃើញមន្ត្រីជំនាញណាឃាត់ខ្លួនជនសង្ស័យណាម្នាក់មកផ្តន្ទាទោសនៅឡើយទេ។
លោកថា សកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹក ដើម្បីយកធ្វើជាកម្មសិទ្ធិ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់ជម្រក ត្រីពងកូន ក្តាម បង្កង ជម្រកសត្វស្លាប និងជីវចម្រុះសមុទ្រ ដែលអ្នកស្រុកអាស្រ័យផល រកប្រាក់ចំណូលចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយ៖ «ប៉ះពាល់ច្រើនជីវចម្រុះ ពលរដ្ឋអាស្រ័យផលនៅកន្លែងហ្នឹងក៏មាន ហើយជីវចម្រុះគ្រប់ប្រភេទដែលវាអាចរស់នៅក្នុងហ្នឹង។ ពលរដ្ឋយើងនៅមិនមែនតែក្នុងឃុំយើងទេ ទូទាំងស្រុង ពលរដ្ឋគេថា ព្រៃវាអស់ហើយ នៅតែព្រៃលិចទឹកហ្នឹងជាឆ្នាំងបាយ បើសិនថា អស់អាហ្នឹងទៀត ពលរដ្ឋអត់មានអី រកស៊ីទៀត»។
ប្រធានសហគមន៍រូបនេះបន្ថែមថា ពលរដ្ឋជាច្រើនភូមិនៅទូទាំងស្រុកស្រែអំបិល តែងតែមកនេសាទត្រីចិញ្ចឹមជីវិតនៅតំបន់នោះ ប្រសិនបើបាត់បង់ នឹងបង្កប៉ះពាល់ដល់មុខរបរ និងជីវភាពពួកគាត់។ លោកថា ព្រៃលិចទឹកនៅតំបន់នោះ បានផ្តល់តម្លៃសេដ្ឋកិច្ចតាមរយៈភ្ញៀវទេសចរណ៍ និងប្រភពនេសាទយ៉ាងសំខាន់ របស់ពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលអ្នកភូមិ តែងតែស្នើសុំឱ្យ អាជ្ញាធរយកចិត្តទុកដាក់អភិរក្សព្រៃនេះឱ្យគង់វង្ស។
តំបន់ព្រៃលិចទឹក ឬសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ បានចុះបញ្ជីទទួលស្គាល់ដោយក្រសួងបរិស្ថាន កាលពីឆ្នាំ២០១១ មានផ្ទៃដីជាង៥០០ហិកតា(៥២២) ឋិតនៅភូមិឈើនាង ភូមិសារ៉ាយ ភូមិភ្នំស្រឡៅ ភូមិកំពង់ស្តាំ ភូមិជ្រោយស្វាយខាងលិច និងភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
ប្រជាសហគមន៍អះអាងថា នៅគ្រាដែលជនល្មើសកាប់ទន្ទ្រានព្រៃកោងកាងឱ្យក្លាយជាវាល អាជ្ញាធរភូមិ និងឃុំបានចុះហត្ថលេខា ធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីជូនពួកគេ ដោយបន្លំកាលបរិច្ឆេទ ក្នុងលិខិតនោះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តកោះកុងលោក សុខ សុទ្ធី និង ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងលោក ហ៊ុន ម៉ារ៉ាឌី បាននៅឡើយទេ នៅថ្ងៃទី១៨ ខែមករា ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ រីឯអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ក៏មិនអាចទាក់ទងបានដែរ។
កាលពីសប្តាហ៍មុន គណៈកម្មការសហគមន៍ សមត្ថកិច្ច អាជ្ញាធរឃុំ និង មន្ត្រីបរិស្ថាន បានសហការគ្នាចុះល្បាត នៅចំណុចទំនប់ការពារទឹកប្រៃ ប្រទះឃើញមនុស្ស ៤ នាក់ កាប់ឆ្ការដីព្រៃលិចទឹក និងបោះបង្គោលរបង ដើម្បីធ្វើជាកម្មសិទ្ធិ ហើយសមត្ថកិច្ចបានដកបង្គោលបងចោល និងធ្វើកំណត់ហេតុ ប៉ុន្តែមិនបាន ឃាត់ខ្លួនជនសង្ស័យណាម្នាក់ មកអនុវត្តច្បាប់នៅឡើយទេ។
ក្នុងពេលចុះបង្ក្រាប នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងលោក មុយ គួង បានថ្លែងប្រាប់ប្រជាសហគមន៍នៅចំពោះមុខថា លោកនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីកំណត់មុខសញ្ញា ឈានដល់ការអនុវត្តច្បាប់។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តកោះកុងលោក ថោង ច័ន្ទតារា សង្ស័យថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ មានការឃុបឃិតគ្នាជាប្រព័ន្ធដោយមានមន្ត្រីជំនាញ អាជ្ញាធរ និងក្រុមជនល្មើស ដើម្បីទទួលផលប្រយោជន៍ទើបអាជ្ញាធរមិនចាត់វិធានការលើជនប្រព្រឹត្ត។
លោកសង្កេតឃើញថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង មិនបានបំពេញតួនាទីភារកិច្ច ស្របតាមច្បាប់ត្រឹមត្រូវនៅឡើយទេ ធ្វើឱ្យព្រៃកោងកាងនៅតែបន្តបាត់បង់៖ «ដូចជាសមត្ថកិច្ចជំនាញបរិស្ថានគាត់ថា ទើបតែបានទទួលដំណឹង គាត់ថា នឹងចាត់វិធានការស្រាវជ្រាវអ៊ីចឹង តែបានតែប៉ុណ្ណឹងចេះតែស្ងាត់ៗ តែការបន្តការបំផ្លាញវាចេះតែបន្ត ។ មិនយកចិត្តទុកដាក់ផង ហើយការស៊ុមគ្រលុំចែកផលប្រយោជន៍គ្នា ពីអ្នកប្រព្រឹត្ត។
អ្នកភូមិបន្ថែមថា ព្រៃកោងកាង ក្នុងតំបន់អភិរក្សនេះ ឋិតក្នុងតំបន់ឆ្នេរសមុទ្រ ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ជាប្រភពធនធានធម្មជាតិ ដ៏មានតម្លៃ ដើម្បីពួកគាត់ធ្វើនេសាទរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ និងជាតំបន់អេកូទេសចរណ៍ធម្មជាតិ បង្កើតឱកាសការងារដល់ប្រជាសហគមន៍តាមរយៈភ្ញៀវទេសចរជាដើម៕
No comments:
Post a Comment