Wednesday, 19 January 2022

«កម្ពុជា​កំពុង​ធ្វើតេស្ត​អាស៊ាន​ម្តងទៀត ​ជុំវិញ​ជំហរ​ទទួលស្គាល់​របប​រដ្ឋប្រហារ​នៅ​ភូមា»


ដោយ មាន ឫទ្ធិ
2022-01-18
«កម្ពុជា​កំពុង​ធ្វើតេស្ត​អាស៊ាន​ម្តងទៀត ​ជុំវិញ​ជំហរ​ទទួលស្គាល់​របប​រដ្ឋប្រហារ​នៅ​ភូមា» 

(ស្តាំ) លោក តេ អ៊ុង (Htay Aung) ​រដ្ឋមន្ត្រី​ក្រសួង​សណ្ឋាគារ និង​​ទេសចរណ៍​តែងតាំង​​ដោយ​​របបសឹក​​ភូមា​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
រូប៖ AKP

អ្នកជំនាញ​​លើកឡើង​​ថា កម្ពុជា​កំពុង​​ចង់​​ធ្វើតេស្ត​អាស៊ាន (ASEAN) ម្តងទៀត​​ជុំវិញ​​ជំហរ​​ទទួលស្គាល់​​របប​​រដ្ឋប្រហារ​​នៅ​​ភូមា​​ឱ្យ​អាច​មក​​ចូលរួម​​កិច្ចប្រជុំ​អាស៊ាន​​ឡើងវិញ​​បានដោយ​ពេញមុខ​ពេញមាត់។ ការលើកឡើង​នេះ កើតមានឡើង​ស្របពេល​ដែល​កម្ពុជា​អញ្ជើញ​រដ្ឋមន្ត្រី​ទេសចរណ៍​តែងតាំងដោយ​របបសឹក​ភូមា​ឱ្យ​មក​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន (ASEAN Tourism Form) លើកទី៤០ ដែល​កំពុង​ប្រព្រឹត្តិទៅ​នៅ​ខេត្តព្រះសីហនុ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិលោក ឯម សុវណ្ណារ៉ា វាយតម្លៃថា តាមរយៈ​ទង្វើ​នាពេល​កន្លងមក ជាគោលការណ៍​កម្ពុជា​ឱ្យ​តម្លៃ​ទៅលើ​រដ្ឋាភិបាល​នៃ​របបសឹក​មីយ៉ាន់ម៉ា​ (Myanmar)​ ឬភូមា​(Burma) ឱ្យ​ធ្វើ​ជា​តំណាង​របស់​ប្រទេស​និង​ប្រជាជន​ភូមា។ ក៏ប៉ុន្តែលោកថា ការឱ្យ​តម្លៃ​ទៅ​លើ​របបសឹកភូមា​​នេះ មិនត្រូវបាន​ប្រទេស​ជាសមាជិក​អាស៊ាន​មួយ​ចំនួនទៀត​ឱ្យ​តម្លៃ​នោះទេ។


លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា ការព្យាយាម​អញ្ជើញ​រដ្ឋមន្ត្រី​ទេសចរណ៍​ភូមា​តែងតាំង​ដោយ​របបសឹក ឱ្យ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​វេទិកា​ទេសចរណ៍​អាស៊ាន​នាពេលនេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញថា កម្ពុជា​កំពុង​សាកល្បង ឬ​ធ្វើតេស្ត​ចង់ដឹង​ប្រតិកម្ម​ពី​អាស៊ាន​ម្តងទៀត ចំពោះ​ការណ៍​ដែល​ខ្លួន​នៅតែ​ប្រកាន់​ជំហរ​ទទួលស្គាល់​របបសឹក​នេះ៖ «ជាការប្រកាន់​ជំហរ [ទទួលស្គាល់​របបសឹកភូមា] នេះមួយ ហើយ​ក៏ជា​ការតេស្ត​សាកល្បងដែរ។ ប្រសិនបើ​អាស៊ាន​ដំណើរការ​ទៅបាន អញ្ចឹង​កំហុស​កន្លងមក​ក៏​មិន​ធ្ងន់ធ្ងរទេ​សម្រាប់​កម្ពុជា។ វា​អាចលុប​បំបាត់​ការបន្ទោស​ដែរ។ ក៏ប៉ុន្តែ វា​សំខាន់ជាង​គេ​ទៅលើ​រដ្ឋមន្ត្រី​ការបរទេស ដែល​ប្រជុំ​បាន​ឬក៏​មិនបាន គឺ​យើង​ចាំមើល​ទិដ្ឋភាព​ជាក់ស្តែង​ទៀត។ បើធ្វើទៅបាន នោះគឺថា អាស៊ាន​ទទួលយក​រដ្ឋាភិបាល​យោធា​ពេញលេញ​ហើយ។ ប៉ុន្តែ បើ​ធ្វើទៅមិន​បាន គឺមិនទាន់​ទទួលស្គាល់​ទេ»។

យ៉ាងណាក៏ដោយលោក ឯម សុវណ្ណារ៉ា យល់ថា គេត្រូវ​នៅ​រង់ចាំ​មើល​បន្តទៀត​ជាពិសេស​នៅពេល​ដែល​អាស៊ាន​ផ្តោត​លើ​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នាពេលខាងមុខនេះ ដែល​ក្រុមមេដឹកនាំ​អាស៊ាន​មួយចំនួន​អាចនឹង​មាន​ប្រតិកម្ម​ខ្លាំង បើ​កម្ពុជា​នៅតែ​ជម្នះ​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស ឬ​រដ្ឋមន្ត្រីការពារជាតិ​​ភូមា​ដែល​ត្រូវបាន​តែងតាំង​ដោយ​របបសឹក។ ដោយសារតែ​មាន​ការជំទាស់ និង​ការមិនពេញ​ចិត្ត​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​នេះហើយ ទើប​កម្ពុជា​មិន​អាច​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជា​លើកដំបូង​បាន​ ក្រោយ​ឡើងកាន់​តំណែង​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ជាលើកទីបី។ កម្ពុជា​បាន​សម្រេច​លើកពេល​កិច្ចប្រជុំ​នេះ​ដោយ​គ្មាន​កាលកំណត់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាដែល​ទើប​បញ្ចប់​តំណែងលោក កុយ គួង បដិសេធ​មិន​បកស្រាយ​លម្អិត​ពី​ជំហរ​ជាក់លាក់​របស់​កម្ពុជា​ក្នុងការ​កំណត់​គោលការណ៍​ជារួម​នៃ​ការទទួលស្គាល់​រដ្ឋាភិបាល​នៃ​របបសឹកភូមា​នេះទេ។ លោក​ជំរុញ​ឱ្យ​វិទ្យុអាស៊ីសេរី ទៅ​សួរនាំ​អ្នកនាំពាក្យ​នៃ​ក្រសួង​ពាក់ព័ន្ធ​នីមួយៗ​ជុំវិញ​ការអញ្ជើញ​តំណាង​មន្ត្រី​របស់​ភូមា​មកចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​​តាម​វិស័យ​ជាក់លាក់។

ដោយឡែក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍លោក តុប សុភ័ក បញ្ជាក់​ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​ថ្ងៃទី១៨ ខែមករា ថា កម្ពុជា​ពិតជាបាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​តែងតាំង​ដោយ​របបសឹក​ភូមា គឺលោក តេ អ៊ុង (Htay Aung) ឱ្យ​មក​ចូលរួម​ផ្ទាល់​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន ដែល​ក្រសួង​ទេសចរណ៍​ជាអ្នករៀបចំ​មែន។ នៅពេល​ចោទសួរថា តើ​ការអញ្ជើញ​នេះ កម្ពុជា​អាច​បារម្ភ​ចំពោះ​បញ្ហា​ចម្រូងចម្រាស​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ឬយ៉ាង​ណា​នោះ ជុំវិញ​ភាពជា​អ្នកតំណាង​ស្របច្បាប់​របស់​ប្រទេស​ភូមា​នេះ លោក តុប សុភ័ក មាន​ប្រសាសន៍​ថា ​ប្រទេស​នីមួយៗ​មាន​សិទ្ធិស្មើមុខ​ស្មើមាត់​ដូចគ្នា ហើយ​កម្ពុជា​ប្រកាន់​ជំហរ​អាស៊ាន​ជា​សហគមន៍​សន្តិភាព ដូចតាម​ប្រធានបទ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ២០២២នេះ៖ «ជារួម គឺ​កម្ពុជា​នៅក្នុង​គោលការណ៍​មួយ​ដែលយើង​គិតអំពី​សុខសន្តិភាព​រួមគ្នា មានន័យ​ថា សហគមន៍​អាស៊ាន​គឺជា​សហគមន៍​សន្តិភាព វាសនាតែមួយ។ អ៊ីចឹង ប្រទេស​នីមួយៗ​មាន​សិទ្ធិ​ស្មើមុខ​ស្មើមាត់​ដូចគ្នា»។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) របស់​រដ្ឋាភិបាល រាយការណ៍​ថា នៅ​ថ្ងៃទី១៨ ខែមករា រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​របបសឹក​ភូមាលោក តេ អ៊ុង បាន​មាន​ជំនួប​ទ្វេភាគី​មួយ​ជាមួយ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា គឺលោក ថោង ខុន នៅក្នុងឱកាស​អញ្ជើញ​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០នេះ។ ប្រភពដដែល​ឱ្យដឹងថា រដ្ឋមន្ត្រីទេសចរណ៍​នៃ​របបសឹកភូមា បាន​អបអរ​សាទរ និង​កោតសរសើរ​ខ្ពស់​ដល់​កម្ពុជា ក្នុងការ​បើកវិស័យ​ទេសចរណ៍​ឡើងវិញ ប្រកប​ដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ។ លោក តេ អ៊ុង បន្ថែម​ថា ប្រទេសមីយ៉ាន់ម៉ា នឹងង​យក​គំរូ​កម្ពុជា ដើម្បី​ស្តារវិស័យ​ទេសចរណ៍​របស់​ខ្លួន​ឡើងវិញ។ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​គ្នា​ពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ រួមមាន​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់ ការសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​រួមគ្នា និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​សម្រាប់​ផ្នែករដ្ឋ ឯកជន និង​សារព័ត៌មាន​ជាដើម។

ថ្លែងពី​ខេត្តព្រះសីហនុ​ក្នុងពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា អាស៊ាន​មិនមែនជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​មីយ៉ាន់ម៉ា​នោះទេ៖ «កិច្ចការ​របស់​អាស៊ាន​ឆ្នាំ២០២២ មិនមែន​មានតែ​បញ្ហា​មីយ៉ាន់ម៉ា​តែមួយ​នោះទេ ដូចដែល​អ្នកទាំងឡាយ​បាន​និយាយ​យ៉ាងច្រើន​ក្នុង​រយៈពេល​ប្រមាណ​ជិត ៣សប្តាហ៍​នេះ។ ខ្ញុំ​សូម​និយាយថា យើង​មានកិច្ចការ​ជាច្រើន​ដែលត្រូវធ្វើ​ក្រៅពី​មីយ៉ាន់ម៉ា ហើយ​អាស៊ាន​មិនមែន​ជា​ចំណាប់ខ្មាំង​នៃ​បញ្ហា​របស់​មីយ៉ាន់ម៉ា​នោះទេ។ នេះជា​ការបញ្ជាក់​យ៉ាងខ្លី​ដោយ​សង្ខេប​ដើម្បី​ចង្អុល​បង្ហាញ​ទិស​ទៅលើ​អ្នកតាមដាន​សភាពការណ៍​ទាំងឡាយ​សម្រាប់​ការគិតគូរ​របស់​យើង​នៅក្នុង​ក្របខណ្ឌ​តំបន់»។

កន្លងមក ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមាលោក មីន អ៊ុងល្លាំង ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ទទួលស្គាល់​លោក មីន អ៊ុងល្លាំង ថា​ជា «នាយករដ្ឋមន្ត្រី» នៃ​ប្រទេស​មីយ៉ាន់ម៉ា ឬភូមា នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ប្រទេសទាំងពីរ។ ប្រទេសចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រទេសភូមា បាន​ចេញ​មុខ​ប្រកាស​គាំទ្រ​ជំហរ​របស់​កម្ពុជា​នេះ។

វេទិកា​ទេសចរណ៍​អាស៊ាន ដែល​នឹង​រួមមាន​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នេះ ក្លាយជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ដំបូង​ដែល​កម្ពុជា​បានរៀបចំ​ក្នុងនាម​ជា​ប្រធានប្តូរវេន​អាស៊ាន ក្រោយពី​បាន​បរាជ័យ​មិន​អាច​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន ដោយសារ​សមាជិក​អាស៊ាន​មួយចំនួន​មិនពេញចិត្ត​ទៅនឹងទង្វើ​របស់​កម្ពុជា ដែលព្យាយាម​ទទួលស្គាល់​របបសឹកភូមា និង​ចង់​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ភូមា​តែងតាំង​ដោយ​របបសឹក​មកចូលរួម​កិច្ចប្រជុំ​អាស៊ាន។

ក្រៅពី​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​អាស៊ាន​សំខាន់​ៗ​បី ដែល​ពិភពលោក​កំពុងរង់ចាំមើល ​ថាតើ​នឹង​មាន​វត្តមាន​មេដឹកនាំ និង​មន្ត្រី​របបសឹក​ភូមា​អាចចូលរួម​បាន​ដែរឬទេ។ ក្នុងនោះ រួមមាន​ កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែលគ្រោងនឹង​ធ្វើនៅថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ខែមករា​នេះតែ​ត្រូវបាន​លើកពេល​ដោយគ្មាន​កាលកំណត់ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើកទី៥៥​នៅចុងខែកក្កដា និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី ៤០ និង​ទី៤១ នៅចុងខែតុលា​ខាងមុខ។ ចាប់តាំង​ពី​ខែតុលា ឆ្នាំ២០២១ មក ក្រុម​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​ចិត្ត​ដ៏គួរឱ្យ​ភ្ញាក់​ផ្អើល​មួយ មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​របប​សឹក​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​ឡើយ៕

No comments: