Monday, 24 January 2022

ក្រុម​កូដករ​ថា អាជ្ញាធរ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​តាម​ការ​ចង់​បាន​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទើប​មិន​អាច​បញ្ចប់​វិវាទ​តាមផ្លូវ​ច្បាប់​បាន


ដោយ ជីវិតា
2022-01-23
ក្រុម​កូដករ​ថា អាជ្ញាធរ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​តាម​ការ​ចង់​បាន​ពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទើប​មិន​អាច​បញ្ចប់​វិវាទ​តាមផ្លូវ​ច្បាប់​បាន 

ទិដ្ឋភាព​តវ៉ា​លើក​បដារបស់​បុគ្គលិក​កាស៊ីណូ ណាហ្គា វើលដ៍ នៅ​ថ្ងៃទី២៣ មករា ឆ្នាំ​២០២២។
រូបពលរដ្ឋផ្ដល់ឱ្យ

 

ក្រុម​កូដករ​លើកឡើង​ថា អាជ្ញាធរ​កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​តាម​ការ​ចង់​បាន​ពី​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ដែល​ធ្វើ​ឱ្យ​ពួកគាត់​រង​សម្ពាធ​ស្ទើរ​គ្រប់​រូបភាព​តាមរយៈ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់ ទើប​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​បែប​នេះ។ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​ឱ្យ​បាន​ឆាប់​ជាជាង​ព្យាយាម​បកស្រាយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន ជា​អ្នក​មាន​លុយ​និង​អំណាច។

ក្រុម​កម្មករ​ណាហ្គាវើលដ៍ លើកឡើង​ថា អាជ្ញាធរ​ផ្អៀង​ទៅ​ភាគី​ក្រុមហ៊ុន​ដែល​មាន​លុយ ប៉ុន្តែ​ពួកគាត់​នៅតែ​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ ដើម្បី​ទាមទារ​យុត្តិធម៌ និង​ឆ្នាំងបាយ​របស់​ពួកគាត់។


បុគ្គលិក​ធ្វើការ​ផ្នែក​ចែក​បៀរ​អស់​រយៈពេល​៨​ឆ្នាំ លោកស្រី ឈួន សំអាន ថ្លែង​ថា កន្លងទៅ​ភាគី​ក្រុមហ៊ុន​មាន​ចេតនា​ចង់​រំលាយ​សហជីព​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ក្រុមកម្មករ ដែល​ទទួលរង​ការ​រំលោភបំពាន​នៅ​កន្លែង​ការងារ​។ លោកស្រី​មើលឃើញ​ថា ករណី​វិវាទ​នេះ​ក្រុម​កម្មករ​រង​សម្ពាធ​ស្ទើរ​គ្រប់​រូបភាព ជាពិសេស​ការ​ចាប់​តំណាង​សហជីព​ដាក់​ពន្ធនាគារ​​ដោយសារ​អាជ្ញាធរ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា របស់​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ លោកស្រី​ថា អាជ្ញាធរ​មិន​បាន​ដើរ​តួនាទី​ធ្វើ​ជា​អាជ្ញា​កណ្តាល​ពិត​ប្រាកដ ដើម្បី​រក​ដំណោះស្រាយ និង​បញ្ចប់​ជម្លោះ​តាម​ច្បាប់​ការងារ​។ លោកស្រី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចេញមុខ​ដោះស្រាយ​រឿង​នេះ​ជាមួយ​កម្មករ​ទើប​​មាន​ដំណោះស្រាយ​ឆាប់រហ័ស ដោយ​មិន​មែន​អាជ្ញាធរ និង​ក្រសួង​ការងារ​ចេញមុខ​ជំនួស​នោះ​ទេ៖ «រាល់ថ្ងៃ​នេះ​ហាក់បីដូចជា​គាត់​បំភ្លេច​ថា​កូនៗ​គាត់​មក​ធ្វើ​កូដកម្ម គាត់​បំភ្លេច​ហើយ​ព្រោះ​គាត់​ឱ្យ​អាជ្ញាធរ​ក្រសួង​ការងារ​ចេញមុខ​មក​ពាំងមុខ​ជំនួស​ហ្នឹង អ៊ីចឹង​ពួក​ខ្ញុំ​មើល​ឃើញ​ថា បើសិនជា​អាច​សូម​ឱ្យ​អាជ្ញាធរ​ឈរ​ចំណុច​កណ្តាល​មក ហើយ​សម្រួល​ឱ្យ​ពួក​ខ្ញុំ​ទៅ​ដល់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទៅ ចា៎​ឆាប់​ឱ្យ​ពួក​ខ្ញុំ​ឆាប់​មាន​ដំណោះស្រាយ»។

ជាមួយ​គ្នា​នេះ បុគ្គលិក​ម្នាក់ទៀត​ដែល​ធ្វើការ​បាន​៨​ឆ្នាំ ផ្នែក​ចែក​បៀរ​ដែរ គឺ​កញ្ញា ម៉ែន សុធីវឌ្ឍនៈ ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែមករា ថ ​ក្រុម​កូដករ​បាន​ចេញ​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​អស់​រយៈពេល​៣៧​ថ្ងៃ​មក​ហើយ​ដោយ​មិនឃើញ​ភាគី​ក្រុម​ចេញមុខ​ដោះស្រាយ​នោះ​ទេ​។ លោកស្រី​បន្ត​ថា ក្រុម​កម្មករ​ដែល​ចេញ​ធ្វើ​កូដកម្ម​ពេលនេះ​ភាគ​ច្រើន​ជា​ស្ត្រី តែ​ត្រូវ​បាន​អាជ្ញាធរ​រំលោភបំពាន​សិទ្ធិ និង​មិន​ឱ្យ​តម្លៃ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ដូចជា​ប្រើ​ពាក្យ​សម្ដី​មាក់ងាយ លាប​ពណ៌​ចោទ​ប្រកាន់ បិទ​បន្ទប់ទឹក និង​តាម​ថតរូប​ពួកគាត់​ដល់​ផ្ទះ​ជាដើម ដើម្បី​គំរាមកំហែង​បំបាក់ស្មារតី​ពួកគាត់ មិន​ឱ្យ​ធ្វើការ​តវ៉ា​។ កញ្ញា​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ និង​ក្រសួង​ការងារ​ថ្មី​នេះ​ថា កំពុង​ការពារ​ថៅកែ ហើយ​មិនមែន​ជា​ដំណោះស្រាយ​ឈាន​បញ្ចប់​វិវាទ​ឡើយ៖ «ឃើញថា​គាត់​ហាក់ដូចជា​សហការ​គ្នា​អាជ្ញាធរ តុលាការ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង​អ៊ីចឹង ព្រោះថា​គ្រប់យ៉ាង​គាត់​តាម​យាយី​ក្រុម​កូដករ សូម្បី​កន្លែង​ផ្ញើ​ម៉ូតូ​ក៏​គាត់​តាម​ថត​ពួក​ខ្ញុំ​គ្រប់ពេល លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​ខ្លាំង​ហើយ​រឿង​ប៉ុណ្ណឹង​ពួកគាត់​មិន​ព្យាយាម​ដោះស្រាយ បែរជា​ខាង​អាជ្ញាធរ​ក្រសួង​រឹតត្បិត​ជាមួយ​កម្មករ ឯ​ថៅកែ​ក្រុមហ៊ុន​នៅ​ធ្វើ​ធម្មតា»។

ជុំវិញ​រឿង​នេះ អនុប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក អ៊ូ រតនា ថ្លែង​ប្រាប់​អាស៊ីសេរី​ដោយ​ខ្លី​ថា ការ​លើកឡើង​របស់​ក្រុម​កម្មករ​ជា​សិទ្ធិ ប៉ុន្តែ​ក្រសួង​តែង​យកចិត្តទុកដាក់ និង​រង់ចាំ​ដោះស្រាយ​ជូន​ពួកគាត់ ទោះ​យ៉ាងណា​លោក​មិន​បកស្រាយ​សំនួរ​បន្ថែម​ទេ ដោយ​លោក​រុញ​ទៅ​សួរ​អ្នកនាំពាក្យ​ក្រសួង​វិញ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២៣ ខែមករា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល​។​

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា (CATU) លោកស្រី យ៉ាង សុភ័ណ្ឌ ឱ្យ​ដឹង​ថា ករណី​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ចេញ​ទាមទារ​រក​ដោះស្រាយ​គឺជា​រឿង​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់ ប៉ុន្តែ​អ្នកស្រី​សោកស្ដាយ​ចំពោះ អាជ្ញាធរ និង​ក្រុមហ៊ុន​បែរ​ជា​សហការ​គ្នា​ដាក់​សម្ពាធ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ បំបាក់ស្មារតី​ពួកគាត់​ជា​បន្តបន្ទាប់ ក្នុង​នោះ​ស្ត្រី​ភាគច្រើន​ត្រូវ​បាន​រើសអើង រំលោភបំពាន​សិទ្ធិ ដែល​ផ្ទុយ​ពី​ការ​គោលការណ៍​របស់​រដ្ឋាភិបាល។ អ្នកស្រី​ស្នើ​ឱ្យ​រដ្ឋ​គួរ​ចេញមុខ​ដោះស្រាយ​បញ្ចប់​វិវាទ ជាជាង​ព្យាយាម​បកស្រាយ​ការពារ​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មើល​ឃើញ​ថា រដ្ឋ​ការពារ​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​អ្នក​មាន​លុយ​និង​អំណាច ហើយ​ធ្វើ​ប៉ះពាល់​ដល់​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ និង​មុខមាត់​រដ្ឋាភិបាល​ទៀត​ផង៖ «ខាង​ក្រសួង​ប្រកាស​ក្តែងៗ​នៅមុខ​បងប្អូន​ណាហ្គាវើលដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម​ស្នើសុំ​ឱ្យ​ចូល​តុ​ដោះស្រាយ តើ​ដោះស្រាយ​ជាមួយ​អ្នកណា​បើ​តំណាង​របស់​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ហើយ ដោះលែង​តំណាង​ពួកគេ​មក​ហើយ​ចូល​តុ​ចរចា​មក និយាយ​គ្នា​មើល​បើ​ការ​ទូទាត់ ការ​បញ្ឈប់​ហ្នឹង​ត្រឹមត្រូវ គិត​មិច​ឱ្យ​ត្រឹមត្រូវ​ជជែក​គ្នា​ទៅ។ ងាក​មក​ណាហ្គាវើលដ៍​ហ្នឹង​ហេតុអ្វី​មិន​គោរព​ច្បាប់ ហើយ​កម្មករ​គ្នា​កូដកម្ម​ដោយ​សន្តិវិធី​មិច​បាន​ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​សព្វបែបយ៉ាង​អ៊ីចឹងម៉េច​បាន​រដ្ឋាភិបាល​នៅ​ស្ងៀម តំណាងរាស្ត្រ​ទាំងអស់​ហ្នឹង​មិច​នាំគ្នា​នៅ​ស្ងៀម​អ៊ីចឹង ខ្ញុំ​គិតថា​មានតែ​វិធីសាស្ត្រ​ហ្នឹង​ទេ រក​ដំណោះស្រាយ​វែក​មើល​បញ្ហា​មើល​មិច​មិន​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន»។

ក្រុម​កម្មករ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែមករា បាន​បន្ត​ប្រមូល​ផ្តុំគ្នា​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ដូច​សព្វដង ទោះ​ត្រូវធ្វើ​កូដកម្ម​ក្រោម​កម្តៅថ្ងៃ ហត់នឿយ និង​ប៉ះពាល់​ផ្នែក​ជីវភាព​យ៉ាងណាក្ដី ក៏​ពួកគាត់​នៅតែ​ប្តេជ្ញា​ចិត្ត​តវ៉ា​ហូត​តំណាង​កម្មករ​៨​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ និង​គ្មាន​លក្ខខណ្ឌ និង​ចូល​តុ​ចរចា​ដោះស្រាយ​វិវាទ​ការងារ។ ជាមួយ​គ្នា​នេះ ពួកគេ​ជំរុញ​ឱ្យ​ក្រសួង​ការងារ​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ភាពស្មោះត្រង់ ដើម្បី​បញ្ចប់​វិវាទ​នេះ​ដោយ​យុត្តិធម៌៕

No comments: