Monday, 24 January 2022

មន្ត្រី​យោធា​​កម្ពុជា​​បញ្ជាក់​​ថា ពិត​ជា​​មាន​​ការ​បូមខ្សាច់​​ស្តារ​ជម្រៅ​ទឹក​​សមុទ្រ​​នៅ​មូលដ្ឋាន​​ទ័ពជើង​ទឹក​​រាម​​មែន​


ដោយ មាន ឫទ្ធិ
2022-01-23

មន្ត្រី​យោធា​​កម្ពុជា​​បញ្ជាក់​​ថា ពិត​ជា​​មាន​​ការ​បូមខ្សាច់​​ស្តារ​ជម្រៅ​ទឹក​​សមុទ្រ​​នៅ​មូលដ្ឋាន​​ទ័ពជើង​ទឹក​​រាម​​មែន​

នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធាន​គម្រោង​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម និងរូបភាពពីផ្កាយរណបដែលបង្ហាញពី​សកម្មភាពរបស់​​​ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ពីរគ្រឿង​​អម​ដោយ​​ស្រឡាង​ដឹក​ខ្សាច់​មួយ​​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹករាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
រូប៖ CSIS/AMTI


មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បញ្ជាក់​ថា ពិតជា​មាន​សកម្មភាព​បូមខ្សាច់​ស្តារ​ជម្រៅទឹក​សមុទ្រ​នៅមូលដ្ឋាន​កងទ័ពជើងទឹក​រាម​ប្រាកដមែន ពីព្រោះ​ជម្រៅ​ទឹក​នៅទីនោះរាក់ មាន​ត្រឹមតែជាង ២ម៉ែត្រ។ យ៉ាងណា មន្ត្រី​រូបនោះ​អះអាង​ថា ការបូម​ខ្សាច់​ស្តារ​ជម្រៅ​ទឹកសមុទ្រ​នៅទីនោះ នឹង​មិនអាច​ធ្វើលើស​ពីជម្រៅ​ជ្រៅ​បំផុត ៥ ទៅ ៦ ម៉ែត្រ​បានទេ ដោយសារ​កត្តាទីតាំងធម្មជាតិ​នៅទីនោះ​មិនអាច​ធ្វើ​ជ្រៅជាងនេះបាន។

ប្រធាន​គម្រោង​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ ដែល​កំពុង​រងទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក បញ្ជាក់​ប្រាប់​វិទ្យុអាស៊ីសេរី កាលពី​ល្ងាច​ថ្ងៃទី២៣ ខែមករាថា ពិតជា​មាន​សកម្មភាព​បូមខ្សាច់​នៅ​កំពង់ផែរ​កងទ័ពជើងទឹក​រាម​មែន​ដើម្បី​សម្អាត​ដីល្បាប់​ដែល​មាន​ច្រើន​នៅទី​នោះ៖​«បាទ ឥឡូវនេះ គឺជា​ការពិត ព្រោះគេ​កំពុងតែ​ដូចជា​មាន​ការស្តារ​បូមខ្សាច់​បូមអី ដើម្បី​ធ្វើ​ច្រក​ធ្វើអី។ អាហ្នុង​របស់​ក្រសួងការពារជាតិ គេបញ្ជូន​មក​ជួយ​ធ្វើការ បញ្ជូន​មកជួយ​បូម​ជួយ​អី ស្តារ​ផ្លូវ​ច្រក​ឱ្យ​ចេញ​ចូល​ស្រួល ប៉ុន្តែ​កន្លែង​ហ្នុង​វា​រាក់ណាស់ ចូលមិន​កើតទេ​តាមមើលទៅ។ បើចង់​ស្តារ​វាទាល់តែ​អស់លុយ​ច្រើនណាស់ ព្រោះ​ទឹក​វារាក់​តែ​២ម៉ែត្រ​ជាង។ មិនច្បាស់​ថា ​[បូម]ចប់​ពេលណា​ទេ គេចេះតែ​ធ្វើតិចៗ​ជាមួយ​កងទ័ព​ជើងទឹក។ ម៉ាស៊ីនបូម​ដូចមាន​តែមួយទេ តែម៉ាស៊ីន​ដឹក​ខ្សាច់​​ដូចមាន​​ប៉ុន្មានដែរ​អត់ច្បាស់ទេ»។

US_Overview-dredgers-at-Ream-1-16-22.jpg
 

រូបភាពពីផ្កាយរណបបង្ហាញពីសកម្មភាពរបស់​​​ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ពីរគ្រឿង​​អម​ដោយ​​ស្រឡាង​ដឹក​ខ្សាច់​មួយ​​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹករាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ រូប៖ CSIS/AMTI


ប្រតិកម្ម​របស់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ កើតមាន​ឡើង​ក្រោយពេល​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ផ្នែក​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ​ដ៏មាន​ឥទ្ធិពល​របស់​អាមេរិក ហៅកាត់ថា CSIS តាមរយៈ​គម្រោង​គំនិតផ្តួចផ្តើម​តម្លាភាព​លម្ហ​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative, AMTI) បាន​ចេញ​ផ្សាយ​របាយការណ៍​សង្ខេប​មួយ​កាលពី​ថ្ងៃទី២១ ខែមករា ថា ផ្អែក​តាម​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប មានម៉ាស៊ីន​បូមខ្សាច់​ខ្នាតធំ​ពីរគ្រឿង​អម​ដោយ​សាឡាង​ដឹកខ្សាច់​មួយ​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​មូលដ្ឋាន​កងទ័ព​ជើងទឹករាម។ របាយការណ៍​ដដែល​បន្តថា គេ​មិនដឹងច្បាស់​អំពី​វិសាលភាព​នៃ​ការបូម​ខ្សាច់​ដែល​បាន​គ្រោងទុក​នេះទេ ប៉ុន្តែ នេះ​ជា​ការអភិវឌ្ឍន៍​ដ៏សំខាន់​មួយ​ក្នុងការ​ពង្រីក​សមត្ថភាព​មូលដ្ឋាន​កងទ័ព​ជើងទឹករាម។ ស្ថាប័ន​ស្រាវជ្រាវ​របស់​អាមេរិក​ដដែល​ពន្យល់​ថា ទឹករាក់​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹករាម​នាពេល​បច្ចុប្បន្ន​នេះ អាច​ទទួល​សំចត​បាន​តែ​នាវា​ល្បាត​ខ្នាតតូច​តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កំពង់ផែ​ទឹកជ្រៅ នឹង​កាន់តែ​មាន​ប្រយោជន៍​ដល់​កងទ័ពជើងទឹក​កម្ពុជា និង​ចិន ដែល​អាច​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សម្ងាត់​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន។

ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់នេះ ប្រធាន​គម្រោង​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម លោក ចៅ ភិរុណ អះអាង​ថា ការបូមខ្សាច់​ស្តារ​ជម្រៅទឹកសមុទ្រ​នេះ​អាចធ្វើបាន​ជ្រៅបំផុត ត្រឹមតែ ៥ទៅ៦ម៉ែត្រ​តែប៉ុណ្ណោះ ហើយ​ក៏មិនអាច​បម្រើ​ឱ្យ​មូលដ្ឋាន​ទ័ព​បរទេស​នោះដែរ ពីព្រោះ​ទីតាំងនោះ សំបូរ​ទៅដោយ​កោះ ភ្នំ និង​មាន​ថ្ម​នៅបាត​សមុទ្រ៖ «កន្លែង​ស្តារ​នោះ​វាប៉ះពាល់​បរិស្ថាន វា​ប៉ះពាល់​អីច្រើនណាស់។ អ៊ីចឹង​គឺ​ការស្តារ​នេះ​មិនអាច​ប្រព្រឹត្តិទៅ​តាម​ការចង់​ជ្រៅ​អីបាន​ទេ ពីព្រោះ​កន្លែង​នេះ​ជាកន្លែង​ដែល​ជា​ជម្រក​សត្វ​សមុទ្រ ត្រី វារីជាតិ វារី​សមុទ្រ។ វា​ពិបាក​ណាស់​កន្លែង​នេះ បើយើង​ធ្វើ​ទៅ​វា​ប៉ះកោះ ប៉ះអី​ច្រើនណាស់ កោះនៅ​ជុំវិញ​ហ្នុង​ទាំងអស់។ ហើយ​ជើងកោះ​វា​ទ្រេល​មក យើង​ខួងទៅ​វាប៉ះថ្ម​ប៉ះអី​បាត​សមុទ្រ។ បើ​ថ្ម​តើ​យើង​ទៅធ្វើម៉េច? មិនបាន​ទេ ព្រោះពិបាក ហើយ​ចំណាយ​លុយច្រើន។ បើធ្វើ​ទាល់​តែ​រកកន្លែង​ទឹកជ្រៅ។ កន្លែង​រាក់ដូច្នេះ ធ្វើ​មិន​កើតទេ។ កន្លែងនេះ​បានតែ​ចេញចូល។ បើធ្វើ​ទាល់តែ​លម្ហ​សមុទ្រ​នៅ​ខាងក្រៅ ទើបអាច​ធ្វើបាន...។ ខ្ញុំថា​បើធ្វើបាន​ប្រហែលជា ៥ ទៅ ៦ម៉ែត្រ​ទេ​អស់​ហើយ។ មិនដល់​ផងយ៉ាង។ ពីព្រោះ​វា​ទើសភ្នំ ទើសថ្ម ពិបាកណាស់។ មានតែ​នាវា​តូចៗចូលបាន​នាវាធំៗចូលមិនបាន​ទេ។ បើធ្វើជា​មូលដ្ឋាន​អីក៏ទៅមិនរួចដែរ»។

មន្ត្រី​ក្រសួង​ការពារជាតិ​ដដែលបដិសេធ​ថា គម្រោង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹករាម​ដែលជា​ជំនួយ​របស់​ចិន​នេះ អាច​នឹង​ត្រូវ​ចិន​ប្រែក្លាយ​ជា​មូល​ដ្ឋាន​​ទ័ព​ជើងទឹក​របស់​ខ្លួន​នាពេល​អនាគត​នោះ។ លោកអះអាង​ថា អ្វីដែល​ចិន​កំពុង​ជួយ​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ គឺ​ដើម្បី​ឱ្យ​កងទ័ព​ជើងទឹក​កម្ពុជា​មាន​កន្លែង​ជួសជុល​នាវា​ខ្នាត​តូច​របស់​ខ្លួន ដែល​កន្លងមក​កម្ពុជា​ត្រូវ​​អូសនាវា​ទាំងនោះ​យកទៅ​ជួសជុលនៅ​ប្រទេស​ជិតខាង ដូចជា វៀតណាម​ (Vietnam)​ ថៃ​ (Thailand) ​និង​​ម៉ាឡេស៊ី ​(Malaysia) ជាដើម៖ «ឥឡូវគេជួយធ្វើដូច្នេះ ត្រឹមនាវា​ស្រាល​តូចៗ ត្រឹម ១០០ ២០០ ទៅ ៣០០តោន ដែល​ជា​នាវា​កម្ពុជា​យើងមាន។ កម្ពុជា​មាន​ជា​នាវា​តូចៗ​ត្រឹមរត់តាម intercept តាមឆ្នេរ មិនអាច​ទៅអន្តរជាតិ​បាន​ទេ។ អត់ទៅដល់​ព្រំដែនទេ។ គេធ្វើឱ្យយើង​ក៏ទៅតាម​ហ្នុងបានដែ។ គេធ្វើដើម្បី​អាចបណ្តុះបណ្តាល​អ្នកបច្ចេកទេស​ជួសជុល​ម៉ាស៊ីន ជួសជុល​ប្រព័ន្ធផ្សេងៗដែលទាក់ទង​គ្រឿងបំពាក់នៅលើ​នាវា ដូចជា​រ៉ាដា វិទ្យុទាក់ទង កាំភ្លើងយន្ត កាំភ្លើងធំ​ដែលមាន​នៅលើ​នាវា​របស់​យើងឱ្យ​យើងចេះ​ជួសជុល។ ឱ្យយើងចេះធ្វើប្រើប្រាស់បាន ពីព្រោះបើរំពឹង​អូសទៅស្រុកគេ វាថ្លៃ ហើយ​គេមិនចង់ធ្វើទៅទៀត ពីព្រោះ​វា​ខុសនឹង​កិច្ចព្រមព្រៀង»។

Ream_port_in_16_01_2022_02.jpg

រូបភាពពីផ្កាយរណបបង្ហាញពីសកម្មភាពរបស់​​​ម៉ាស៊ីន​ចាប់​​ខ្សាច់​ខ្នាត​ធំ​ពីរគ្រឿង​​អម​ដោយ​​ស្រឡាង​ដឹក​ខ្សាច់​មួយ​​ចំនួន​នៅ​ក្បែរ​ឆ្នេរ​នៃ​​មូល​ដ្ឋាន​​ទ័ព​ជើង​ទឹករាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ រូប៖ CSIS/AMTI

មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូបនេះ បន្ត​ថា ចិន​មិន​អាច​មក​បោះទ័ព​នៅ​កម្ពុជា ឬ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​បាន​ទេ ពីព្រោះ​ការធ្វើ​ដូច្នេះ​ខុសនឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ក៏ប៉ុន្តែ លោកថា កម្ពុជា​អាច​មានសិទ្ធិ​ទទួល​ការហ្វឹកហ្វឺន ការបណ្តុះបណ្តាល និង​ការផ្តល់​ជំនួយ​យោធា​ពី​បរទេស​បាន។ ទន្ទឹមនឹងនេះ លោក ចៅ ភិរុណ ក៏បាន​បដិសេធដែរ​ថា មិនមាន​វត្តមាន​មន្ត្រី​យោធា ឬកងទ័ព​ចិន​កំពុង​ឈរជើង​នៅ​កំពង់ផែរ​កងទ័ព​ជើងទឹក​នាពេល​បច្ចុប្បន្ននេះ​ឡើយ តែ​មាន​ត្រឹមតែ​ជា​កម្មករ ឬ​អ្នកបច្ចេកទេស​ចិន ដើម្បី​អនុវត្ត​គម្រោង​ប៉ុណ្ណោះ៖ «ខ្ញុំ​មើលទៅ​នេះ​វាគឺជា​ការចោទប្រកាន់​ទេ។ តាមពិតទៅ​អត់មាន​មន្ត្រី​យោធា​ចិនទេ។ មាន​តែ​មន្ត្រី មិនមែន​មន្ត្រីទេ តែ​ដូចជា​អ្នកបច្ចេកទេស វិស្វករ គេមក​ជួយ​ធ្វើនេះ​ធ្វើនោះ​អ៊ីចឹង​ទៅ ជួយ​គូសវាស​ប្លង់ ផ្លូវ​អីជាដើម។ គេ​ជួយសិក្សា គេជួយ​ស្ទង់​ជួយ​មើល​ថាតើ​ធ្វើតាម​ផ្លូវ​ណា ធ្វើបាន​ឬមិនបាន​អីចឹង ពីព្រោះ​ខ្មែរ​យើង​មាន​ពីណា​ចេះ ខាង​ជើងទឹក​ខ្មែរ​យើង​វាខ្សោយ។ កម្លាំងខ្ញុំ​មិន​ច្បាស់​ដែរ​ពីព្រោះ​កម្លាំងនេះ គេចេញចូល​ៗ​ទេ។ វា​មិនមែន​ជា​កម្លាំង​ទាហ៊ាន​ទេ តែ​ជា​កម្លាំង​កម្មករ។ ជា​កម្មករ​ក្រុមហ៊ុន​ដែល​ក្រសួង​ការពារ​ជាតិ​ចិន​គេ​ដេញថ្លៃ​ត្រូវ។ ចប់​តួនាទី​គេ​គេ​ត្រលប់​ទៅវិញទៅ។ មកជួនកាល​ម្តង ១០ ទៅ២០នាក់អីទៅ។ ឱ្យ​បោះទ័ព​ឱ្យ​ឈរជើង​អីគឺ​អត់មាន​ទេ»។

សារព័ត៌មាន​​របស់​​អាមេរិក The Wall Street Journal កាល​ពី​​ខែកក្កដា ឆ្នាំ២០១៩ បាន​ស្រង់​​សម្ដី​​ប្រភព​​ពី​​មន្ត្រី​​អាមេរិក​​មួយ​ចំនួន ដែល​​អះអាង​​ថា រដ្ឋាភិបាល​​កម្ពុជា និង​​ចិន បាន​​ចុះ​​កិច្ចព្រមព្រៀង​សម្ងាត់​មួយ​​អនុញ្ញាត​​ឱ្យ​​ចិន​​ប្រើប្រាស់​មូលដ្ឋាន​​កង​ទ័ព​​ជើងទឹក​​រាម​​របស់​​កម្ពុជា​​ក្នុង​​រយៈពេល ៣០ ឆ្នាំ និង​​អាច​​បន្ត​​រយៈពេល ១០ ឆ្នាំ​​ម្តង​​បន្ទាប់​​ពី​​នោះ​។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​​នេះ ចិន​​អាច​​ដាក់​​កងទ័ព សព្វាវុធ និង​​នាវា​​យោធា​​របស់​​ខ្លួន​​នៅ​​មូលដ្ឋាន​​កងទ័ព​ជើងទឹក​​រាម​​របស់​​កម្ពុជា។ ក៏ប៉ុន្តែ ព័ត៌មាននេះ​ត្រូវ​កម្ពុជា​ច្រានចោល​យ៉ងដាច់​អហង្ការ និង​ចាត់ទុក​ថា​ជា​ព័ត៌មាន «ក្លែងក្លាយ»។

ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក​តែង​លើកឡើង​ពីកង្វល់​របស់​ខ្លួន​ជុំវិញ​បញ្ហានេះ​ ដែល​សហរដ្ឋអាមេរិក​អះអាងថា ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ផលប្រយោជន៍​​​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ សហរដ្ឋអាមេរិក នៅ​តែបន្ត​ជំរុញ​ឱ្យ​កម្ពុជា​រក្សា​តុល្យភាព​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន និង​បង្ហាញ​តម្លាភាព​ក្នុងរឿង​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ព​ជើងទឹករាម​នេះ។ កាលពី​ចុងឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​យោធា​កម្ពុជា​ពីររូប គឺ​នាយឧត្តមសេនីយ៍ ចៅ ភិរុណ ដែល​មាន​តួនាទី​ជាអគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ និង​នាយឧត្តមនាវី ទៀ វិញ ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ដោយសារតែសហរដ្ឋអាមេរិកចោទ​​មន្ត្រី​ទាំងពីររូបនេះ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ «ធ្ងន់ធ្ងរ» ក្នុង​គម្រោង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ។ លើសពីនេះទៀត សហរដ្ឋអាមេរិក​ក៏​បាន​បន្ថែម​ទណ្ឌកម្ម​បញ្ឈប់​ការលក់ ឬ​រឹតត្បិត​អាវុធ​ផលិតដោយ​អាមេរិក​មកឱ្យ​កម្ពុជា​ផងដែរ៕

2 comments:

Anonymous said...

In Cambodia one-star costs $2.00
So, 4 stars is $8.00

Anonymous said...

The new secret deal. Khmers should just get out while they can. The evil Yuon and the Chinese will carve up Laos and Cambodia as I've said many times. If Khmers do nothing or don't want to stop it, just flee west. The clock is ticking. Cambodia is dying.