Khmer Circle: Here's what Joko Widodo said on Twitter:
"Good phonecall with Chair of ASEAN, PM Hun Sen of Cambodia. I extended my support for Cambodia’s Chairmanship of ASEAN 2022."
"We discussed development in Myanmar. I reiterated clearly Indonesia position on the importance of implementation of 5-Point Concensus to bring democracy back in Myanmar through inclusive dialogue."
"Should there be no significant progress on the implementation of 5PCs, Myanmar should only be represented by non-political level at ASEAN meetings."
🔼🔼🔼
ដោយ មាន ឫទ្ធិ
2022-01-04
ជំនួបតាមទូរស័ព្ទរវាងលោក ហ៊ុន សែន ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP
កម្ពុជាអះអាងថា ឥណ្ឌូនេស៊ី (Indonesia) គាំទ្រ «ពេញទំហឹង» ចំពោះការធ្វើជាប្រធានអាស៊ាន និងសារសំខាន់ក្នុងការដោះស្រាយបញ្ហាភូមា ឬមីយ៉ាន់ម៉ា។ ការអះអាងនេះ ធ្វើឡើងក្រោយជំនួបតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃទី៤ ខែមករា។ អ្នកជំនាញកិច្ចការអន្តរជាតិជឿជាក់ថា ឥណ្ឌូនេស៊ី និងរដ្ឋស្ថាបនិកអាស៊ានដទៃទៀត នឹងនៅតែរក្សាជំហរមិនអនុញ្ញាតឱ្យមេដឹកនាំយោធាភូមាចូលរួមកិច្ចប្រជុំអាស៊ានដដែល។
ក្នុងជំនួបតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃទី៤ ខែមករា ដែលធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ភូមានៅចុងសប្តាហ៍នេះ ប្រធានាធិបតីឥណ្ឌូនេស៊ីបានសាទរចំពោះការចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា។ ឥណ្ឌូនេស៊ីក៏បានបញ្ជាក់ឡើងវិញពីការគាំទ្រ «យ៉ាងពេញទំហឹង» របស់ខ្លួនចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានាពេលនេះ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានជជែកអំពីបញ្ហាភូមា និងបានគូសបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីជួយភូមាស្វែងរកដំណោះស្រាយសមស្របមួយឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ និងសន្តិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្រោយជំនួបតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរកាលពីថ្ងៃទី៤ ខែមករា។
ក្រសួងការបរទេសកម្ពុជា ពុំបានទម្លាយឱ្យដឹងថា តើភាគីឥណ្ឌូនេស៊ីគាំទ្រចំពោះដំណើរទស្សនកិច្ចឥតលក្ខខណ្ឌជាមុនរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំរដ្ឋប្រហារយោធាភូមា និងជុំវិញជំហររបស់កម្ពុជាចង់ឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើងវិញនេះ ដែរឬយ៉ាងណានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ពុំឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងជំហររបស់ឥណ្ឌូនេស៊ីនេះទេ ព្រោះលោកថា លោកពុំមានវត្តមាននៅក្នុងពេលមានជំនួបតាមទូរស័ព្ទនេះទេ៖ «ដូចខ្ញុំបញ្ជាក់អ៊ីចឹង ពីព្រោះខ្ញុំអត់បានចូលរួមប្រជុំ មិនអាចនិយាយអ្វីដែលលើសពីប្រកាសព័ត៌មាននេះទេ»។
រីឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកក៏មិនបានលើកឡើងជាក់លាក់ពីបញ្ហានេះដែរ ដោយលោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកបានកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូនេស៊ីផ្តួចផ្តើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ាន ដូចជា ទស្សនៈអាស៊ានអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការឆ្លើយតបរបស់អាស៊ានជុំវិញបញ្ហាជំងឺកូវីដ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា ជឿជាក់ថា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសស្ថាបនិកអាស៊ានដទៃទៀត លើកលែងតែប្រទេសថៃ នឹងនៅតែរក្សាជំហរដដែល គឺមិនចង់ឱ្យមានវត្តមានរបស់មេដឹកនាំរដ្ឋប្រហារយោធាភូមាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានដែលដឹកនាំដោយកម្ពុជានោះទេ៖ «ខ្ញុំគិតថា បណ្តាប្រទេសស្ថាបនិក លើកលែងតែថៃទេ ដែលមានបញ្ហារឿងប្រជាធិបតេយ្យដែលឡើងដោយសាររដ្ឋប្រហារ ប្រទេសស្ថាបនិកទាំង៥នោះ គឺខ្ញុំគិតថា នៅតែរក្សាជំហរដដែលទេ ដើម្បីទាមទារឱ្យមានការគោរពឬក៏ងាកមកជំហរប្រជាធិបតេយ្យតាមស្មារតីនៃកិច្ចព្រមព្រៀងឬក៏ធម្មនុញ្ញអាស៊ានខ្លួនឯង»។
លោក ឯម សុវណ្ណារ៉ា មើលឃើញថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ទំនងជានឹងមិនហ៊ានធ្វើហួសពីអ្វីដែលខ្លួនបានយល់ព្រមរួមគ្នាជាមួយអាស៊ាន នៅក្នុងកិច្ចព្រមព្រៀង ៥ ចំណុចកន្លងទៅ ដែលតម្រូវឱ្យភូមាដោះស្រាយបញ្ហាដោយសន្តិវិធី និងអនុញ្ញាតឱ្យប្រេសិតអាស៊ានអាចជួបជាមួយមេដឹកនាំភូមាដែលត្រូវទម្លាក់ចេញពីតំណែង គឺលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ជាដើម។ លោកថា កម្ពុជាហាក់បានដើរជ្រុលបន្តិចក្នុងរឿងភូមានេះ ព្រោះបានទទួលស្គាល់របបសឹក និងមេដឹកនាំរដ្ឋប្រហារភូមារួចទៅហើយ។
លោកព្រមានថា បើកម្ពុជានៅតែជម្នះឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ នោះប្រទេសជាសមាជិកអាស៊ានមួយចំនួនអាចនឹងធ្វើពហិការកិច្ចប្រជុំកំពូលអាស៊ានដឹកនាំដោយកម្ពុជានេះ ហើយលទ្ធផល គឺមិនខុសពីឆ្នាំ២០១២កន្លងទៅនោះទេ ដែលអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន៖ «បើកម្ពុជានៅតែទទួលយកភូមាចូលរួមប្រជុំក្របខណ្ឌអាស៊ានដោយពុំមានការប្រែប្រួល ឬក៏ពុំមានឱ្យភូមាអនុវត្តតាមគោលការណ៍ដែលបានព្រមព្រៀងគ្នាទេ ខ្ញុំគិតថានឹងធ្វើឱ្យអាស៊ានមានមតិ ឬក៏ពហិការកើតឡើងនៅក្នុងក្របខណ្ឌអាស៊ាន។ តែកាលណាពហិការដោយប្រទេសណាមួយ គឺក្របខណ្ឌនៃការបញ្ចេញ ឬក៏សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន អាចមានបញ្ហាដូចកាលពីឆ្នាំ២០១២ម្តងទៀតហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅភូមានៅថ្ងៃទី៨ និង៩ ខែមករា ចុងសប្តាហ៍នេះ។ នៅមួយសប្តាហ៍មុនដំណើរទស្សនកិច្ចនេះ មានគ្រាប់បែកច្នៃពីរគ្រាប់បានផ្ទុះនៅក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសភូមា តែពុំបង្កឱ្យមានរបួសស្នាមអ្វីឡើយ។ លោក ហ៊ុន សែន នឹងក្លាយជាមេដឹកនាំមុនគេបង្អស់ទៅធ្វើទស្សនកិច្ចផ្លូវការនៅភូមា ក្រោយមានអំពើរដ្ឋប្រហារនៅប្រទេសនេះ៕
No comments:
Post a Comment