Sunday, 23 January 2022

លោក សម រង្ស៊ី រំលឹក​ថា តុលាការ​បារាំង​បាន​ចេញ​ដីកា​​ចាប់ខ្លួនមេអង្គរក្ស​​លោក ហ៊ុន សែន និងត្រៀម​ចាប់​លោក ហ៊ុន សែន ពេល​អស់​ដំណែង


ដោយ ម៉ៅ សុធានី
2022-01-22
លោក សម រង្ស៊ី រំលឹក​ថា តុលាការ​បារាំង​បាន​ចេញ​ដីកា​​ចាប់ខ្លួនមេអង្គរក្ស​​លោក ហ៊ុន សែន និងត្រៀម​ចាប់​លោក ហ៊ុន សែន ពេល​អស់​ដំណែង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ។
ស្ដាប់ ​ឬ​ទាញ​​យក​សំឡេង


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ រំលឹក​ថា តុលាការ​ប្រទេស​បារាំង បាន​ចេញ​ដីកា​តាម​ចាប់ខ្លួន​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ និង​ត្រៀមខ្លួន​ចាប់​លោក ហ៊ុន សែន នៅពេល​អស់អំណាច ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាល​ពី​ឆ្នាំ​១៩៩៧។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់អំណាច​ថា ការសម្រេច​ណាមួយ​របស់ តុលាការ​បារាំង​គ្មាន​សិទ្ធិអំណាច​មក​លើ​មេដឹកនាំ​កម្ពុជា​នោះ​ទេ។

​សេចក្តី​សង្ឃឹម កើត​ចេញពី​ទីក្រុង​ប៉ារីស សម្រាប់​ជនរងគ្រោះ ដោយ​អំពើ​ហិង្សា​នយោបាយ នៅ​កម្ពុជា កាលពី​ជាង​២០​ឆ្នាំមុន ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​ប៉ុនប៉ង សម្លាប់ លោក សម រង្ស៊ី ភរិយា អ្នកស្រី ជូឡុង សូមួរ៉ា លោក ជា វិជ្ជា និង​មនុស្ស​ប្រមាណ​១០០​នាក់​ផ្សេង​ទៀត។

នេះ​ជា​អះអាង​របស់ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ប្ដឹង​ក្រុម​មន្ត្រី លោក ហ៊ុន សែន ទៅ​តុលាការ​ប្រទេស​បារាំង។


លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក នៅ​ថ្ងៃទី​២២ មករា ថា កាលពី​ជាង ២០ ឆ្នាំមុន លោក​និង​ភរិយា​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ នៅ​តុលាការ​ប្រទេស​បារាំង​ក្នុង​ក្រុងប៉ារីស ដោយសារតែ​អ្នក​ទាំងពីរ​មាន​សញ្ជាតិ​បារាំង​។ លោក​ថា បណ្ដឹង​នោះ​ស្នើសុំ​វែកមុខ​ជនឧក្រិដ្ឋ ដែល​បាន​វាយប្រហារ​ដោយ​គ្រាប់បែក មក​លើ​ក្រុម​មនុស្ស កំពុង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ក្រុងភ្នំពេញ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ១៦ នាក់ និង​អ្នក​របួសធ្ងន់​ជាង ១០០ នាក់ ក្នុង​នោះ​រួមមាន​ទាំង​រូបលោក និង​ភរិយា ព្រមទាំង​លោក ជា វិជ្ជា អ​តីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ។

លោក​ឲ្យ​ដឹង​ទៀត​ថា តុលាការ​បារាំង​បាន​បើក​ការស៊ើបអង្កេត​ដោយមាន​ចូលរួម​ពី​នគរបាល​សហរដ្ឋអាមេរិក (FBI) អង្គការ​សហប្រជាជាតិ គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស នៃ​ព្រឹទ្ធសភា សហរដ្ឋអាមេរិក ព្រមទាំង​អង្គការ ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch ) ដោយ​បាន​សន្និដ្ឋាន​ជា​ឯកច្ឆន្ទ​ថា អង្គរក្ស​លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក ដែល​សំដៅ​មក​លោក សម រង្ស៊ី​។ លោក​បន្ត​ទៀត​ថា មាន​ភស្តុតាង​ជាច្រើន បញ្ជាក់​ថា ការវាយប្រហារ​នោះ​ត្រូវបាន​គិតទុក​ជាមុន រៀបចំ​ដោយ​លម្អិត និង​អនុវត្ត​យ៉ាង​ជាក់ស្តែង ដោយ​ក្រុម​អង្គរក្ស​លោក ហ៊ុន សែន ។​

លោក សម រង្ស៊ី អះអាង​ទៀត​ថា ជា​លទ្ធផល កាលពី​ថ្ងៃ ៣០ ខែធ្នូ ឆ្នាំ ២០២១ តុលាការ​ទីក្រុង​ប៉ារីស បាន​សម្រេច​ចោទប្រកាន់ លើ​មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​អតីត​មេបញ្ជាការ​រង​កង​អង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និង​សព្វ​ថ្ងៃជា រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ទទួលបន្ទុក ប្រចាំការ​អចិន្ត្រៃយ៍​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ពី​បទ "​សមគំនិត ប៉ុនប៉ង​សម្លាប់​មនុស្ស​" ដែល​ជា​អ្នកទទួលខុសត្រូវ ធំជាង​គេ ក្នុង​អង្គភាព​អង្គរក្ស លោក ហ៊ុន សែន​។ តុលាការ ក៏បាន​សម្រេច​យក​បុគ្គល​ពីរ​នាក់​នេះ ទៅ​កាត់​ទោស នៅ​ចំពោះមុខ​តុលាការ​ព្រហ្មទណ្ឌ ដែល​ផ្ដន្ទាទោស​ឧក្រិដ្ឋជន (Cour d'Assises)។

លោក សម រង្ស៊ី រំលឹក​រឿង​នេះ​ឡើង​ក្នុង​ថ្ងៃ​នៃ​ខួប​១៨​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​រូបលោក​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល លោក ហ៊ុន សែន រក​ឃាតករ​សម្លាប់​លោក ជា វិជ្ជា មិនឃើញ​នៅឡើយ។

លោក សម រង្ស៊ី លើកឡើង​ទៀត​ថា អ្នក​នៅ​ក្រោយ​ខ្នង និង​ជា​អ្នកទទួលខុសត្រូវ​ធំ​ជាងគេ នៃ​ឃាតកម្ម​នេះ​គឺ លោក ហ៊ុន សែន ហើយ តុលាការ​បារាំង នឹង​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន លោក ហ៊ុន សែន​នៅ​ពេល​ណា​លោក ហ៊ុន សែន បាត់បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី។

ជុំវិញ​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ប្រតិកម្ម​តប​ពី អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត អ្នកនាំពាក្យ​កងទ័ពជើងគោក ម៉ៅ ផល្លា និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ​នៅ​ថ្ងៃទី​២២​មករា​។ ទោះ​យ៉ាងណា លោក ហ៊ីង ប៊ុនហៀ​ង ធ្លាប់​សារភាព​កាលពី​ឆ្នាំ​២០១៨​ថា លោក​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​បញ្ជា​លោក ហ៊ុន សែន៖ «កម្លាំង​អង្គរក្ស​នេះ​ជា​កម្លាំង​ការពារ​សន្តិសុខ​ជូន​ថ្នាក់ដឹកនាំ​នេះ​បញ្ហា​ទី​១ បញ្ហា​ទី​២ កងយោធពល​ខេមរភូមិន្ទ​ត្រៀម​ការពារ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាពិសេស​ការពារ​សន្តិសុខ​ប្រជាពលរដ្ឋ​តែម្ដង អ្វី​ដែល​ផ្ទុយ​ពី​បទ​បញ្ជា​និង​សៀវភៅ​កងការពារ​ជាតិ​ខ្ញុំ​មិនដែល​បាន​បញ្ជា​កម្លាំង​អង្គរក្ស​របស់ខ្ញុំ​ទៅ​ធ្វើ​អ្វី​ផ្ទុយ​ពី​បទ​ឬ​អនុសាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​(​លោក ហ៊ុន សែន​)​នោះ​ទេ»។

រីឯ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ និយាយ​ថា ការ​សម្រេច​ណាមួយ​ដោយ​តុលាការ​បារាំង គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ប្រទេស​នេះ ប៉ុន្តែ ការ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​គឺជា​សិទ្ធិ​របស់ លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ៖ «ទុក​ឲ្យ​តុលាការ​សាមី​នីមួយៗ​ពិចារណា​ហើយ​សាមីខ្លួន​គាត់​ប្រើ​ឆន្ទៈ​ផ្លូវច្បាប់​យ៉ាងម៉េច​ជា​រឿង​របស់​សាមីខ្លួន ហើយ​រឿង​ទី​២ ជា​រឿង​ដែល លោក សម រង្ស៊ី គាត់​ធ្វើការ​ទស្សន៍ទាយ​តុលាការ​បារាំង​នឹង​មាន​ចំណាត់ការ​ផ្លូវច្បាប់​មក​លើ​សម្ដេច​តេជោ​នៅពេល​ក្រោយ​អស់​ដំណែង​ជាការ​ទស្សន៍ទាយ​របស់​លោក សម រង្ស៊ី ទៅ​ហើយ​យើង​គិត​ទៅ គាត់​ទស្សន៍ទាយ​ដូច​រាប់​សិប​ឆ្នាំ​ហើយ យើង​ទៅ​ប្រឆាំង​អី​សិទ្ធិ​ទស្សន៍ទាយ អ្នកណា​ចង់​ទស្សន៍ទាយ​ក៏បាន»។

របាយការណ៍​ស៊ើបអង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​អាមេរិក (FBI) បញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀ​ង និង​លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​រៀបចំ និង​បញ្ជា​ផ្ទាល់​ក្នុង​ការ​គប់​គ្រាប់បែក​នោះ។ កាលពី​ឆ្នាំ​២០១៨ រតនាគារ​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឲ្យ លោក ហ៊ីង ប៊ុនហៀង ទៅ​រក​ស៊ី​នៅ​សហរដ្ឋអាមេរិក​ព្រោះ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៃ​ការ​បោក​គ្រាប់បែក​លើ​ក្រុម​អ្នក​តវ៉ា​អហិង្សា កាលពី​ឆ្នាំ​១៩៩៧ និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត៕

1 comment:

Anonymous said...

This news will further deteriorate Hun Sen's health because he was so upset and furious.