ដោយ ទីន ហ្សាការីយ៉ា
2022-01-31
រូប៖ RFA
លោក ងួន សឿ អតីតអគ្គនាយករងទី១ នគរបាលជាតិ បានទទួលមរណភាពនៅប្រទេសបារាំងហើយ។
តែទោះជាយ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលការបញ្ជាក់ព័ត៌មាននេះ ពីគ្រួសាររបស់លោក ងួន សឿ នៅឡើយ។ នៅពេលវិទ្យុអាស៊ីសេរីហៅទូរស័ព្ទទៅលេខរបស់លោក ងួន សឿ ស្ត្រីម្នាក់ ដែលលើកទូរស័ព្ទនោះ ហើយដែលអះអាងថា ជាភរិយារបស់លោក មិនបញ្ជាក់ប្រាប់ពីដំណឹងមរណភាពនេះនៅឡើយទេ តែអ្នកស្រីក៏មិនបដិសេធដំណឹងនេះដែរ។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីនឹងបញ្ជាក់នៅពេលក្រោយ។
ដំណឹងអំពីមរណភាពរបស់លោក ងួន សឿ នេះត្រូវបានគេចុះផ្សាយលើបណ្ដាញសង្គមជាហូរហែ តាំងពីព្រឹកថ្ងៃចន្ទ ទី៣១ ខែមករានេះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ពីប្រទេសបារាំង ឈ្មោះ មនោ ទេព បានចុះផ្សាយថា លោក ងួន សឿ ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចផងនោះ បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី២៩ មករា ដោយអាថ៌កំបាំង។ មកទល់ពេលនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនៃការស្លាប់នេះនៅឡើយទេ។
ក្រៅពីនេះ ប្រភពដែលស្និទ្ធនឹងលោក ងួន សឿ នៅប្រទេសបារាំងបានប្រាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃទី៣១ មករានេះថា លោក ងួន សឿ បានស្លាប់ហើយ ដោយសារតែជំងឺមហារីក។ ប្រភពដដែលបញ្ជាក់ថា លោក ងួន សឿ ធ្លាប់ប្រាប់លោកមុនពេលស្លាប់ថា លោកមានជំងឺមហារីកកម្រិតធ្ងន់មួយរយៈមកហើយ។ ប្រភពដដែលអះអាងថា ការណ៍ដែលលោក ងួន សឿ ទាក់ទងមកផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរីបញ្ចេញព័ត៌មានទាក់ទងនឹងឧក្រិដ្ឋកម្មនយោបាយ ប្រព្រឹត្តឡើងដោយក្រុម លោក ហ៊ុន សែន កាលពីពេលថ្មីៗ នេះ ដោយសារតែលោកដឹងខ្លួនថា លោកនឹងមិនរស់យូរទៀតទេ។
លោក ងួន សឿ ជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតអគ្គនាយករងទី១ នគរបាលជាតិ បានចូលរួមនៅក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរីលើកចុងក្រោយជាមួយលោក ជុន ច័ន្ទបុត្រ កាលពីរាត្រីថ្ងៃអង្គារ ទី២៥ មករា។ នៅក្នុងកម្មវិធីនេះ លោកបានរៀបរាប់ពីលោក ហុក ឡងឌី សម្លាប់ លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនទៀត រួមទាំងលោក ជា វិជ្ជា លោក បណ្ឌិត កែម ឡី ផង តាមបញ្ជារបស់លោក ហ៊ុន សែន។
មកទល់ពេលនេះ អាស៊ីសេរីនៅព្យាយាមទាក់ទងក្រុមគ្រួសាររបស់លោក ដើម្បីសួរអំពីដំណឹងមរណភាពរបស់លោក ងួន សឿ បន្ថែមទៀត៕
1 comment:
Time is running out...
Post a Comment