Khmer Circle:
When someone inside the country makes the same claim Prey Sar prison awaits them, but when the claim is made by someone from outside the country? Denial.
After all the regime can hardly expect to take foreign based organisations such as AI, HRW and Global Witness to an independent court and win on such spurious charges as 'incitement' and 'treason'?
🔼🔼🔼
ដោយ ឡេង ម៉ាលី
2022-02-01
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុករបាយការណ៍ស្រាវជ្រាវរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ថា គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ទេ ហើយធ្វើឡើងសំដៅប្រឆាំងកម្ពុជា ដើម្បីបង្ខូចមន្ត្រីក្រសួងបរិស្ថានទាំងមូល។
រូប៖ ហ្វេសប៊ុកក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន បានច្រានចោលរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ(Amnesty International) ដែលរកឃើញថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឱ្យមាន ជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។ ក្រសួងបរិស្ថានទាមទារឱ្យអង្គការនេះ បង្ហាញភស្តុតាងថា មានអំពើពុករលួយយ៉ាងច្រើន នាំឱ្យបាត់បង់ព្រៃឈើ។ ប៉ុន្តែប្រជាសហគមន៍ចាត់ទុកការច្រានចោលរបាយការណ៍របស់ក្រសួងសាមីនេះថា នឹងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃឈើកាន់តែធ្ងន់ធ្ងរថែមទៀត។
ក្រសួងបរិស្ថាន ចាត់ទុករបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ថា គ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់នោះទេ ហើយធ្វើឡើងក្នុងគោលដៅប្រឆាំងនឹងកម្ពុជា ដើម្បីបង្ខូចមន្ត្រីក្រសួងបរិស្ថានទាំងមូល។ តែទោះជាយ៉ាងណាក្ដី ក្រសួងអះអាងថា ប្រសិនមានភស្តុតាងច្បាស់លាស់ក្រសួងស្វាគមន៍ និងចុះស៊ើបអង្កេតករណីចោទប្រកាន់ទាំងនេះ ព្រោះមន្ត្រីឧទ្យានុរក្សកំពុងបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ការពារធនធានធម្មជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បកស្រាយថា បច្ចុប្បន្ន ស្ថានភាពព្រៃអភិរក្សមានភាពល្អប្រសើរ ដោយភាពរេចរឹលបានធ្លាក់ចុះ ហើយកម្ពុជា កំពុងខំប្រឹងអភិរក្សព្រៃធម្មជាតិ ដែលនៅសល់ ដោយលក់ឥណទានកាបូន លើទីផ្សារស្ម័គ្រចិត្ត កាលឆ្នាំ២០១៦ មក ក្រោមស្លោក «ថែរក្សាដើមឈើ ដើម្បីរកចំណូល»៖ «ការចោទប្រកាន់បញ្ហាអំពើពុករលួយ សូមឱ្យអង្គការ Amnesty International បង្ហាញភស្តុតាងច្បាស់លាស់ តើបុគ្គលណាពិតប្រាកដ បើត្រឹមលើកឡើងបែបអនាមិក នោះបង្ហាញថា អង្គការនេះ គ្រាន់តែជាប្រឌិតរបាយការណ៍ឡើង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងសងសឹកឱ្យបក្ខពួកខ្លួននៅក្នុងស្រុក ដែលកំពុងបំពានច្បាប់ និងធ្វើសកម្មភាពប្រឆាំងកម្ពុជា ជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិតែប៉ុណ្ណោះ»។
ការបកស្រាយបែបនេះ គឺបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយ កាលពីថ្ងៃទី២៨ មករា ដោយរកឃើញថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឱ្យមានជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។ អង្គការនេះ ជំរុញឱ្យរដ្ឋាភិបាល ត្រូវតែបញ្ឈប់ការកាប់ឈើខុសច្បាប់ ដោយទប់ស្កាត់ជាបន្ទាន់នូវអំពើពុករលួយ ដែលកំពុងកើតមានឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់។
អង្គការលើកលែងទោសអន្តរជាតិ បានគណនាពីចម្ងាយ ដោយប្រើប្រព័ន្ធទិន្នន័យ កាលពីពេលថ្មីៗ នេះ ដោយរកឃើញថា គម្របព្រៃឈើទំហំ ៦.២៧១ហិកតារ ឋិតក្នុងដែនជម្រកសត្វ ព្រៃឡង់ និងព្រៃព្រះរកា ត្រូវបានកាប់បំផ្លាញ នៅក្នុងឆ្នាំ២០២១។ លើសពីនេះទៀត មូលហេតុចម្បងនាំឱ្យមានការកាប់ឈើខុសច្បាប់ គឺការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
របាយការណ៍បន្ថែមថា ការរឹតត្បិតសិទ្ធិការពារព្រៃឈើពីសំណាក់រដ្ឋាភិបាលលើសហគមន៍ និងសកម្មជន បង្កផលប៉ះពាល់ដល់សិទ្ធិចូលរួមការពារធនធានធម្មជាតិ រួមមាន ការបំបួសព្រៃឈើ ឬការចុះល្បាតព្រៃរបស់ជនជាតិដើមភាគតិច។
តែទោះជាយ៉ាងណា លោក នេត្រ ភក្ត្រា បកស្រាយថា ក្រសួងបរិស្ថានប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារ និងគោរពសិទ្ធិរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ដោយបានចែករំលែកការទទួលខុសត្រូវ ក្នុងកិច្ចការការពារធនធានធម្មជាតិ តាមរយៈការបង្កើតសហគមន៍ តំបន់ការពារធម្មជាតិតាមផ្លូវច្បាប់។
លោកថា ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិសរុប ១៨២សហគមន៍ មានប្រជាសហគមន៍ ៥២ ក្នុងនោះរាប់ទាំងសហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារចំនួន៨ កំពុង សហការជាមួយក្រសួងបរិស្ថានការពារព្រៃឡង់។ លោកអះអាងទៀតថា ប្រជាសហគមន៍ទាំងនោះ មានសិទ្ធិសេរីភាពពេញ លេញក្នុងការចុះល្បាតព្រៃ ដែលអនុញ្ញាតដោយច្បាប់ និងទទួលបានកិច្ចសហការល្អពីក្រសួងបរិស្ថាន ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ។
ឆ្លើយតបការបកស្រាយរបស់អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ប្រជាសហគមន៍ព្រៃឡង់ បបួល លោក នេត្រ ភក្ត្រា ចូលល្បាតព្រៃឡង់ទាំងអស់គ្នា ហើយពួកលោកនឹងបង្ហាញភស្តុតាងអំពីឧក្រិដ្ឋកម្មព្រៃឈើជាច្រើន ដែលមន្ត្រីបរិស្ថាន និងអាជ្ញាធរឃុបឃិតគ្នា អនុញ្ញាតឱ្យក្រុមអ្នកអារឈើ ចូលព្រៃឡង់កាប់ឈើបានដោយងាយ។
ប្រធានបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ចាត់ទុកការបកស្រាយរបស់ក្រសួងបរិស្ថាន គ្រាន់តែជាការគេចវេះ និងឆ្លើយដោះសាគេចពីការទទួលខុសត្រូវតែប៉ុណ្ណោះ ព្រោះកន្លងទៅ ពួកលោករកឃើញភស្តុតាង និងបង្ហាញរបាយការណ៍ជាច្រើន ដើម្បីឱ្យមន្ត្រីជំនាញចុះទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនព្រៃឡង់ តែគ្មានបានផលទេ។ លោកថា ក្រុមអ្នកកាប់ឈើតែងតែអះអាង ពួកគេត្រូវបង់លុយឱ្យមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចចូលអារ និងដឹកឈើចេញពីព្រៃអភិរក្សបាន៖ «ក្រសួងបរិស្ថានសហការជាមួយក្រុមពួកខ្ញុំ ដោយបង្ហាញហេតុផល តើឈើដឹកចេញពីព្រៃ តើដឹកទៅដាក់នៅណា? ភស្តុតាងជាក់ស្ដែង ក្រុមហ៊ុន ភីអ៊ិនធី (PNT) និង ធីង៉ា មួយទៀត គេដឹកឈើទៅដាក់ក្រាំងដូង។ ដើមឈើគេកាប់បំផ្លាញ ខ្ញុំបង្ហាញតាំងពីដើមខែ ៤ ហើយមន្ត្រីទៅដល់ហើយ អត់ស្រាវជ្រាវឈើហ្នឹង? អត់ទេ?»។
ចំណែកប្រជាសហគមន៍ការពារព្រៃព្រះរកា លោក ហែត ណៃ អះអាងថា អំពើពុករលួយរឿងបទល្មើសព្រៃឈើ កើតឡើងគ្រប់រូបភាព ខណៈព្រៃឈើក្រៅដែនអភិរក្សត្រូវគេកាប់បំផ្លាញអស់។ លោកថា ក្រុមឈ្មួញបានចុះទិញឈើ ពីពលរដ្ឋដល់មូលដ្ឋាន ហើយពលរដ្ឋមួយចំនួនបានលបចូលព្រៃអារឈើលក់ជាមុខរបរចិញ្ចឹមជីវិត ដោយត្រូវបង់លុយទៅមន្ត្រីពាក់ព័ន្ធទើបអាចរកស៊ីឈើខុសច្បាប់បាន។ លោកបញ្ជាក់ថា ដើមឈើធំៗ បន្សល់ចុងក្រោយ ដុះក្នុងព្រៃព្រះរកា ដែលក្រុមជនល្មើសចូលកាប់បានភាគច្រើន ជាដើមឈើផលិតជ័រទឹក និងឈើធ្វើផ្ទះ៖ «យើងស្រាវជ្រាវអ្នកដែលអារជាក់ស្ដែង គេរាយការណ៍មកថា មន្ត្រីបរិស្ថានឈ្មោះ ក មន្ត្រីបរិស្ថាន និងមេប៉ុស្តិ៍ ប៉ូលិសសេដ្ឋកិច្ច ដោយយើងត្រូវបង់លុយឱ្យគេ ឱ្យគេបើកផ្លូវចូល។ យើងអារឈើក្នុងព្រៃ យើងជូនលុយមន្ត្រីបរិស្ថាន មួយជើងគាត់យកប៉ុន្មាន មួយជើង ១០ ម៉ឺន ហើយបង់ឱ្យគាត់ទៅ គេក៏បើកដៃឱ្យធ្វើ»។
ប្រធានអង្គការលើកលែងទោសអន្តរជាតិ លោក រីឆាដ ភៀសហោស៍ (Richard Pearshouse) បានថ្លែងក្នុងរបាយការណ៍ថា “ការកាប់ឈើខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា កំពុងគំរាមកំហែងដល់ព្រៃឈើសំខាន់ៗ បន្សល់ចុងក្រោយ ដែលជនជាតិដើមភាគតិចចិញ្ចឹមជីវិត។ លោកថា ព្រៃឈើជាជម្រកវប្បធម៌ និងការប្រតិបត្តិប្រពៃណីវប្បធម៌ របស់ជនជាតិដើមភាគតិច ដែលទាមទារឱ្យអាជ្ញាធរកម្ពុជាត្រូវតែបញ្ឈប់ការកាប់ឈើខុសច្បាប់ ដោយទប់ស្កាត់ជាបន្ទាន់នូវអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់។
របាយការណ៍បន្តថា ជនជាតិដើមភាគតិចកួយ រស់នៅជុំវិញព្រៃឡង់ និងព្រៃព្រះរកា ភាគច្រើនពឹងផ្អែក ការប្រើប្រាស់ព្រៃឈើសម្រាប់ជីវភាពរស់នៅ ដូចជា ដងជ័រទឹក ដែលមិនប៉ះពាល់ដើមឈើ ហើយ ជ័រទឹកនេះត្រូវបានលក់ និងប្រើប្រាស់ក្នុងស្រុក។ រីឯក្រុមអ្នកកាប់ឈើ បានកំណត់គោលដៅកាន់តែខ្លាំង លើដើមឈើជ័រផលិតជ័រទឹក ដើម្បីធ្វើអាជីវកម្ម។
សកម្មជនការពារព្រៃឈើដែលតែងចុះអង្កេតឧក្រិដ្ឋកម្មព្រៃឈើ លោក ហេង ស្រស់ យល់ថា ការច្រានចោលរបាយការណ៍របស់ក្រសួងបរិស្ថាន ពុំមែនជាដំណោះស្រាយវិបត្តិបរិស្ថាននោះទេ ប៉ុន្តែនឹងធ្វើឱ្យមន្ត្រីគ្រាក់ៗ កាន់តែទទួលសំណូកពីបទល្មើសព្រៃឈើកាន់តែច្រើន។ លោករកឃើញថា ជំនួញឈើឆ្លងដែន និងការបើកអាជីវកម្មនាំឈើចេញខុសច្បាប់ ជាទម្រង់នៃអំពើពុករលួយ ជាចង្កោម ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់ ប្រសើរជាងការច្រានចោលរបាយការណ៍ភ្លាមៗ ដោយគ្មានការស៊ើបអង្កេត៖ «រាជរដ្ឋាភិបាលគាត់អនុវត្តច្បាប់លើអ្នកដែលកាប់បំផ្លាញព្រៃឈើ ជាជាងទាត់របាយការណ៍ចោល ហើយយើងលើកទឹកចិត្តឱ្យអាជ្ញាធរទាំងអស់ ចៀសវាងការប្រព្រឹត្តអំពើពុករលួយ ហើយធ្វើការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ»។
របាយការណ៍លើកលែងទោសអន្តរជាតិ បន្ថែមថា ជនជាតិដើមភាគតិច តែងមានទំនាក់ទំនងជិតស្និទ្ធនឹងដីព្រៃឈើ តាំងពីបុរាណ ដោយចិញ្ចឹមជីវិត ប្រតិបត្តិទំនៀមទម្លាប់ វប្បធម៌។ ដូច្នេះ ការកាប់ឈើខុសច្បាប់មិនត្រឹមតែគំរាមកំហែងដល់ជីវចម្រុះ និងអាកាសធាតុប៉ុណ្ណោះទេ ថែមទាំងបំផ្លាញវប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិចយ៉ាងធ្ងន់ធ្ងរផងដែរ។
កម្ពុជាមានជនជាតិដើមភាគតិច ២៤អម្បូរ ដែលក្នុងនោះជនជាតិដើមភាគតិចកួយមានចំនួនច្រើនជាងគេ ហើយពួកគេរស់នៅពឹងផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ។ អង្គការលើកលែងទោសអន្តរជាតិ បានសម្ភាសជនជាតិដើមភាគតិចកួយ គឺពួកគេកំពុងព្រួយបារម្ភពីជីវិត និង វប្បធម៌ប្រឈមការគំរាមកំហែងដោយការកាប់បំផ្លាញព្រៃឈើដ៏ធំសម្បើមនេះ៕
1 comment:
Are you Neth Pheaktra or Nguyen Van Suck ??
Post a Comment