Thursday, 3 February 2022

អ្នក​ឃ្លាំមើ​ល​​រិះគន់​​រឿង​​លោក ហ៊ុន ម៉ាណែត​ ទទួល​​ជំនួយ​​ពី​អ្នក​​ជំនួញ​ចិន​ ដែល​​នាំ​ឲ្យ​​ប៉ះពាល់​​ដល់​​ឯករាជ្យភាព​​កងទ័ព

Khmer Circle:

Isn't it a bit late to talk about "independence of the armed forces" when this has always been treated as private property of the Hun family? In any case, the country is saddled with Chinese debts, private or otherwise. The on-going Nagaworld strike and unlawful detentions of labour union representatives are but one instance of many repercussions of financial reciprocity between the aforementioned family and Chinese venture interests. 

🔼🔼🔼

ដោយ មាន ឫទ្ធិ
2022-02-03
អ្នក​ឃ្លាំមើ​ល​​រិះគន់​​រឿង​​លោក ហ៊ុន ម៉ាណែត​ ទទួល​​ជំនួយ​​ពី​អ្នក​​ជំនួញ​ចិន​ ដែល​​នាំ​ឲ្យ​​ប៉ះពាល់​​ដល់​​ឯករាជ្យភាព​​កងទ័ព 

លោក ហ៊ុន ម៉ាណែត បាន​ទទួល​ជួប​សំណេះសំណាល​និង​ទទួល​យក​ជំនួយ​ឧបត្ថម្ភផ្សេង​ៗ​ពី​ក្រុម​សប្បុរស​ជន​ជាច្រើន​ដែល​ភាគច្រើន​ជា​ជនជាតិចិន ​នៅទី​បញ្ជាការ​កងទ័ព​​ជើងគោក ​ស្ថិតក្នុង​ខណ្ឌកំបូល​ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ HMN Page



មន្ត្រីបក្សប្រឆាំង​ និង​មន្ត្រី​សង្គមស៊ីវិល​ផ្នែក​តម្លាភាព ​លើកឡើងថា ​អគ្គមេ​បញ្ជាការ​រង​នៃ​កងយោធ​ពល​ខេមរភូមិន្ទលោក ហ៊ុន ម៉ាណែត ​គួរតែ​ប្រុងប្រយ័ត្ន ​ក្នុង​ការ​ទទួល​យក​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ពី​ក្រុមអ្នកជំនួញ​ ​ព្រោះ​អាចនាំ​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍​ ឬប៉ះពាល់ដល់​ឯករាជ្យភាព​របស់​ស្ថាប័នកងទ័ព​។ ការលើ​ក​ឡើងនេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ​បាន​ជួប​សំណេះសំណាល​និង​ទទួល​​យកជំនួយ​ទាំង​ថវិកា​ និង​សម្ភារៈ​ផ្សេងៗ​ពី​ក្រុមសប្បុរសជន​ដែល​ភាគច្រើន​ជា​ជន​ជាតិ​ចិន។

បន្ទាប់ពី​កូនប្រុសច្បង​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​គឺ​លោក ហ៊ុន ម៉ាណែត​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​មក ​ក្រុម​អ្នកជំនួញ​ជាច្រើន ​រួមទាំង​អ្នក​ជំនួញ​ជនជាតិចិន​ផង ​បាន​ចាប់ផ្តើម​កាន់​កញ្ចប់​លុយ ​និង​ជំនួយ​ផ្សេង​ៗ​ជូន​ដល់​លោក​ជាបន្ត​បន្ទាប់ ​ដើម្បី​​បង្កើត​ទំនាក់ទំនង​ ឬ​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា។​ ទោះជាយ៉ាងណា ​​​​​មន្ត្រី​ជាន់ខ្ពស់​បក្សប្រឆាំង​ និង​មន្ត្រីសង្គមសង្គមស៊ីវិល​យល់ថា ​លោក​ ហ៊ុន ម៉ាណែត ​គួរ​តែ​ព្យាយាម​មិនប៉ះពាល់​ជំនួយ​ពី​ក្រុមឈ្មួញ​រកស៊ី​ ជាពិសេស​​ជន​ជាតិចិន ​ព្រោះ​អ្នក​ជំនួញ​ ​តែង​ចង់​បាន​ផល​តបស្នង​​មកវិញ។



អតីត​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​លោក អ៊ុំ សំអាន ​ថ្លែងថា ​ប្រសិនបើ​អ្នកជំនួញ ​ផ្តល់​ជំនួយ​ដល់​ស្ថាប័នកងទ័ព​ដោយ​សុទ្ធចិត្ត​ ​គឺ​គ្មាន​អ្វីខុសទាស់​នោះទេ​ ប៉ុន្តែ​​លោកបារម្ភថា ​អ្នក​ជំនួញចិន​ ផ្តល់​ជំនួយ​​ក្នុង​បំណង​​ហុត​ទឹក​សម្លឹងកាក​ ដើម្បី​ឲ្យ​ ស្ថាប័ន​កងទ័ព​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត​ ជួយ​ការពារ​ក្រុមហ៊ុន​ ឬមុខជំនួញ​មិន​ត្រឹមត្រូវ​របស់​ពួកគេ។ លោក​ជឿថា ​នៅពេល​ដែល​លោក ហ៊ុន ម៉ាណែត​ ទទួល​​យក​ជំនួយ​ពី​អ្នកជំនួញចិន​បែបនេះ ​ប្រាកដ​ជា​លោក​​ផ្តល់​ផល​ប្រយោជន៍​តបស្នង​វិញដែរ ​ដែល​បង្កឲ្យ​មាន​ទំនាស់​ផលប្រយោជន៍​ធំធេង​ ហើយ​ប៉ះពាល់​ដល់​​ប្រយោជន៍​ជាតិ​ និង​ប្រជា​ពលរដ្ឋ​៖ «ដើម្បី​ឲ្យ​កងទ័ព​ការពារ​ក្រុមហ៊ុន​របស់​ចិន​ដែល​រកស៊ី​នៅកម្ពុជា​ហើយ​មួយចំនួន​រកស៊ី​ខុសច្បាប់ ​ដូចជា​នាំ​គ្រឿងញៀន​ខុសច្បាប់​មក​ស្រុកខ្មែរ ​។ក្រុមហ៊ុន​មួយចំនួន​ទៀត​ រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ហើយ​យក​កងទ័ព​ទៅ​ ការពារ​ក្រុមហ៊ុនចិន។រកស៊ីរ៉ែ​ខុសច្បាប់ ​ទទួល​បាន​ដីសម្បទាន​ហើយ​កាប់​បំផ្លាញព្រៃ ឈើជុំវិញ​និង​ជិតៗ​ដី​សម្បទាន​ហើយ​ដឹក​យក​ឈើ​និង​រ៉ែ​ទៅ​ប្រទេស​ចិន​វិញ។ដូច្នេះ​គេ ជួយ​កងទ័ព​កម្ពុជានេះ​ ដើម្បី​យក​ឥទ្ធិពល​កងទ័ព​ទៅ​ជួយ​ការពារ​ក្រុមហ៊ុន​របស់គេ»។

មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំងរូបនេះ​មើលឃើញ​ថា ​លោក ហ៊ុន ម៉ាណែត ​ក៏កំពុង​ដើរ​តាម​គន្លង​ឪពុក​របស់​លោក​ដែរ ​គឺ​ការ​ពឹងផ្អែក​លើ​ជំនួយ​ និង​កម្ចីរបស់​រដ្ឋាភិបាល​ចិន និង​ក្រុមអ្នក​ជំនួញចិន​ ដើម្បី​ពង្រឹង ​និង​ការពារ​អំណាច​របស់​ខ្លួន។

ការបញ្ចេញ​ប្រតិកម្ម​បែបនេះ​ គឺ​បន្ទាប់ពី​ពេលថ្មីៗនេះ ​លោក ហ៊ុន ម៉ាណែត ​ក្នុង​តួនាទី​ជា​អគ្គមេ​បញ្ជាការ​រង​នៃ​កងយោធ​ពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក​ បាន​ទទួល​ជួប​សំណេះសំណាល​និង​ទទួល​យក​ជំនួយ​ឧបត្ថម្ភផ្សេង​ៗ​ពី​ក្រុម​សប្បុរស​ជន​ជាច្រើន​ដែល​ភាគច្រើន​ជា​ជនជាតិចិន ​នៅទី​បញ្ជាការ​កងទ័ព​​ជើងគោក ​ស្ថិតក្នុង​ខណ្ឌកំបូល​ រាជធានីភ្នំពេញ។ កាសែត​ក្នុង​ស្រុក​ ( Fresh News) ​ចុះផ្សាយ​នៅថ្ងៃទី២ ​ខែ​កុម្ភៈថា ​ក្នុង​ជំនួបនោះ ​ក៏មាន​ការ​ចូលរួម​ពី​​ទីប្រឹក្សាពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ចនៃ​ស្ថាន​ទូតចិន​ប្រចាំកម្ពុជា​ និង​សមាគមអ្នកវិនិយោគចិន​នៅកម្ពុជា​ផងដែរ។ ក្នុងពិធី​នោះ​ លោក ហ៊ុន ម៉ាណែត ​ដែល​ពាក់​ឯកសណ្ឋាន​​ជា​​កងទ័ព​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​ទាំងនោះ ​ដែល​បាន​រួមចំណែក​ឧបត្ថម្ភ​ថវិកា ​និង​បរិក្ខាប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ​ដល់​កងទ័ព​ជើង​គោក ​និង​​សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ដែលដឹកនាំ​ដោយ​ភរិយារបស់​លោក គឺ​អ្នកស្រី ពេជ្រ ចន្ទមុន្នី។ ទោះជាយ៉ាងណា ​លោក​មិនបាន​​បញ្ជាក់​អំពី​ទំហំ​ថវិកា​នោះទេ។​​​​​

ទាក់ទងករណីនេះ ​អ្នក​នាំ​ពាក្យ​កងទ័ព​ជើងគោក​លោក ម៉ៅ ផល្លា ​ឆ្លើយតប​ថា ​លោកមិន​បាន​ដឹង​រឿង​នេះឡើយ​ ​ដោយ​លោក​អះអាងថា ​​លោក ហ៊ុន ម៉ាណែត ​​ជួប​ជាមួយ​​សប្បុរសជន​នៅខាង​ស្ថាប័នស៊ីវិល ​មិនមែន​នៅ​ខាង​ស្ថាប័ន​កងទ័ព​នោះទេ៖ «អូ!រឿង​ហ្នឹង​ គឺ​និយាយរួម​ គឺខ្ញុំ​មិនអាច​ជូន​ព័ត៌មាន​អី​បាន​ដោយសារ​ជំនាញ​របស់ខ្ញុំ​ ខ្ញុំ​ក្តាប់​បានតែពីរឿងការងារ​យោធាទេ​ ហើយ​ដល់​រឿងជំនួយ​រឿង​អីនេះ ​ខ្ញុំ​ក្តាប់​អត់​បាន ​ដល់​ចឹង​ខ្ញុំ​អត់​ហ៊ាន​និយាយ​ទេ។សុំទោស!​ ខ្ញុំ​អត់​ដឹង ផង ​ព្រោះ​ខ្ញុំ​មិន​ដឹងថា ​គាត់​ជួប​នៅ​កន្លែង​ណា​ផង»។

បច្ចុប្បន្ននេះ ​ឧក្រិដ្ឋជន​ជាជនជាតិ​ចិន​មួយចំនួន ​ដែល​រត់គេច​ពីការ​តាម​ចាប់​ខ្លួនរបស់​​ប៉ូលិសចិន ​បាន​រួចផុត​ពី​ការ​ជាប់គុក ​និង​កំពុង​​កសាង​អាណាចក្រ​ជំនួញ​​ដ៏ធំ​សម្បើម​នៅ​កម្ពុជា ​ដោយសារ​ពួកគេ ​បាន​កសាង​សម្ព័ន្ធភាព ​និង​ផ្តល់​ជំនួយ​ដល់​ក្រុមមន្ត្រីគ្រាក់ៗនៃ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន។ ​កាលពីចុង​ឆ្នាំ២០១៩​ ក្រសួង​រតនាគារ​អាមេរិក​បាន​ប្រើ​ច្បាប់​គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក គន់ គីម ​និង​សមាជិក​គ្រួសារ​៣​នាក់​ទៀត។ ​ក្រសួង​រតនាគារ​អាមេរិក ​រកឃើញថា ​លោក គន់ គីម ​ដែល​ជា​ឧត្តមសេនីយ៍​ជាន់​ខ្ពស់​​នៃ​កង​យោធពល​ខេមរភូមិន្ទ​ បាន​ទទួល​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​ពី​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​នៃ​ប្រទេស​ចិន ​ឈ្មោះ​​យូញៀន ឌីវេឡុប មេនគ្រុប ឬ​យូ.ឌី.ជី (UDG) ​ហើយ​លោក​បាន​ប្រើ​ប្រាស់​ទាហាន​កង​យោធ​ពល​ខេមរភូមិន្ទ ​ដើម្បី​បំភិតបំភ័យ​ រឹបអូស ​ឬ​ឆ្ការ​ដី ​ទៅតាម​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​ចិន​។ ​ក្រោយ​មកទៀត​ ក្រសួងរតនាគារ​អាមេរិកក៏បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិននេះ ​ដោយ​សារ​តែ​ក្រុមហ៊ុន​មួយ​នេះ ​​ច្បាម​យក​ដីធ្លី​ពី​ប្រជាកសិករ​ខ្មែរ ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​អំពើ​ពុករលួយ​​នៅ​កម្ពុជា។

ប្រធានអង្គការតម្លាភាព​កម្ពុជាលោក ប៉ិច ពិសី ​លើកឡើងថា ​ការជួប​គ្នា​ និង​​ការ​ទទួល​យកអំណោយ​ ឬ​ជំនួយ​មូលនិធិ​ផ្សេងៗ​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ និង​ដៃគូ​ផ្សេងៗ​ទាំង​វិស័យឯកជនក្តី​​ ប្រសិនបើ​ធ្វើឡើង​ដោយ​តម្លាភាព​ និង​គណនេយ្យភាព ​ព្រមទាំង​ប្រើប្រាស់​ជំនួយ​ទាំងនោះ​ដោយ​ត្រឹមត្រូវ​ គឺ​គ្មាន​បញ្ហាអ្វី​នោះទេ។ ទោះជា​យ៉ាងណា ​លោកបារម្ភថា ​អ្នកជំនួញ​មួយចំនួន​ដែល​ផ្តល់​ជំនួយ​អាច​មាន​គោលបំណង​ចង់​បាន​ផល​តប​ស្នង​មកវិញ។​​ លោកជំរុញឲ្យ​មន្ត្រី​សាធារណៈ ​ត្រូវ​គិតស៊ី​ជម្រៅ​ និង​ប្រុង​ប្រយ័ត្ន​ក្នុងការ​ទទួលយក​ជំនួយ​នានា​ ដើម្បី​ធានា​​កុំឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ៖ «អ្វី​ដែល​សំខាន់​យើង​ធ្វើ​ម៉េច​ក៏ដោយ​កុំឲ្យ​តែ​ការ​ជួប​​ឬការ​ផ្តល់​ជា​ជំនួយក្តី​ ជា​កិច្ចសហការ​ក្តីនេះ​ យើង​កុំឲ្យ​មាន​ការ​ជះឥទ្ធិពល​ដោយ​រូបភាព​ណា​មួយ​មក​លើ​ប្រយោជន៍ជាតិ​ ប្រយោជន៍​សាធារណៈ។ ចឹងការជួបនេះ ​ខ្ញុំគិតថា​ វា​មិន​មែន​ជា​រឿង​អី​ចម្លែកទេ​ សំខាន់​ក្នុងនាម​យើង​ជា​អ្នកការពារ​ប្រយោជន៍​សាធារណៈ ​ប្រយោជន៍រួម ​ហើយ​តំណាង​ប្រទេសជាតិ​ គឺ​យើង​ធ្វើ​ម៉េច​កុំឲ្យ​ការ​ជួបនេះ ​ឈាន​ទៅ​ដល់​ការ​ជះឥទ្ធិពល​ផ្សេងៗ​ទៅ​លើ​ការ​សម្រេច​ចិត្តក្តី​ ទៅ​លើ​ផលប្រយោជន៍​ផ្សេងៗ​របស់​សាធារណៈ»។

មន្ត្រីបក្សប្រឆាំង ​និង​មន្ត្រីសង្គមស៊ីវិល​លើក​ឡើង​ថា ​ដើម្បី​ភាព​ស្អាតស្អំ​ និង​ជៀសផុត​ពី​ឥទ្ធិពល​របស់​អ្នក​ជំនួញ​ធំៗ​នោះ រដ្ឋាភិបាល ​គួរតែ​​ព្យាយាម​មិន​ប៉ះពាល់​ឬពាក់ព័ន្ធ​ជាមួយ​ថវិកា​របស់​អ្នក​ជំនួញ​។ ជាមួយគ្នានេះ ​រដ្ឋាភិបាលត្រូវខិតខំ​លុបបំបាត់​អំពើ​ពុករលួយ ​ហើយ​​ពង្រឹង​សេដ្ឋកិច្ច ​និង​រៀន​រស់​ដោយ​ខ្លួនឯង។ ម្យ៉ាងវិញទៀត​ កម្ពុជាគួរតែ​បង្កើតច្បាប់ ​ស្តីពី ​ហិរញ្ញវត្ថុ​នយោបាយ​ដែល​កំណត់ថា ​តើ​ជំនួយ​បែបណា ​និង​កម្រិត​ប៉ុណ្ណា ​ដែល​មន្ត្រីសាធារណៈ ​អាច​ទទួលយក​បាន ឬ​មិន​ទទួល​យក​បាន៕

1 comment:

Anonymous said...

Cambodia is very much like Thailand and Laos. Love a lot of chinese. The more the better it seems. How many chinese are in Thailand, 30 million? Very sad and very revealing.