ដោយ ម៉ៅ សុធានី
2022-02-03
ការលើកស្លាកគណបក្សភ្លើងទៀន នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
រូប៖ សកម្មជនផ្តល់ឱ្យ
អាជ្ញាធរឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង រារាំងមិនឲ្យគណបក្សភ្លើងទៀន លើកស្លាកគណបក្សនៅមុខផ្ទះប្រជាពលរដ្ឋនៅថ្ងៃទី២ ខែកុម្ភៈ។
អនុប្រធានគណបក្សភ្លើងទៀនខេត្តបាត់ដំបងលោក ភូ សុវណ្ណថា ឲ្យវិទ្យុអាស៊ីសេរីដឹងថា គណបក្សលោកបានដាក់លិខិតជូនដំណឹងទៅមេឃុំរួចហើយកាលពីថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែដល់ថ្ងៃលើកស្លាក អាជ្ញាធរឃុំ បានមករារាំង ដោយបង្ខំឲ្យម្ចាស់ផ្ទះ និងគណបក្សធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំជាមុនសិន។
លោក ភូ សុវណ្ណថា ចាត់ទុកករណីនេះជាការរិតត្បិតសិទ្ធិសេរីភាពខាងនយោបាយ ច្បាប់បោះឆ្នោត ដោយបង្កការលំបាកមិនឲ្យគណបក្សនយោបាយ ជាពិសេសគណបក្សគូប្រជែងជាមួយបក្សកាន់អំណាចធ្វើសកម្មភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតបានត្រឹមត្រូវនោះឡើយ៖ «ហើយអត់ស្មើភាពគ្នាជាមួយគណបក្សនយោបាយដែលមានច្បាប់ធ្វើនយោបាយ ដោយគណបក្សផ្សេងគេអាចលើកស្លាកបានដោយសេរីទាក់ទងនឹងផ្ទះឯកជនក៏ដោយផ្ទះ ឬនៅតាមផ្លូវសាធារណៈក៏ដោយ រីឯគណបក្សភ្លើងទៀនមានការរិតត្បិត សូម្បីតែការលើកស្លាកនៅមុខផ្ទះសកម្មជនក៏ដោយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង អាជ្ញាធរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីបកស្រាយជុំវិញរឿងនេះទេបានទេ នៅថ្ងៃទី២ ខែកុម្ភៈ។
គណបក្សភ្លើងទៀនខេត្តបាត់ដំបងឲ្យដឹងថា នេះជាលើកទី៣ ហើយដែលអាជ្ញាធរខេត្តនេះ រារាំងមិនឲ្យគណបក្សភ្លើងទៀន លើកស្លាកបានត្រឹមត្រូវតាមច្បាប់។
កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធឱ្យបង្កលក្ខណៈងាយស្រួលដល់គ្រប់សកម្មភាពគណបក្សនយោបាយ ដោយគ្មានការរើសអើង និងប្រកាន់បក្ខពួក ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក៏ប៉ុន្តែ សាររបស់លោក ស ខេង នេះ មិនត្រូវបានមន្ត្រីក្រោមឱវាទគោរពតាមនោះទេ ហើយករណីរើសអើងសកម្មភាពគណបក្សនយោបាយនៅឯថ្នាក់មូលដ្ឋាន នៅតែបន្តកើតមានឡើងដដែល៕
2 comments:
The Candle light party's reactivation produces a new foundation for Khmer people, especially for the CNRP's members to count on.
Best wishes and good luck to the Candle Light party !!
Whatever you do, just try not to become too popular or dictator Hun Sen will abolish your party.
Post a Comment