Friday, 4 February 2022

ជនជាតិ​ចិន​បន្ត​ប្រើប្រាស់​ទឹកដី​កម្ពុជា​ជាទី​តាំង​ចាប់​ជម្រិត​មនុស្ស


ដោយ សុជីវី
2022-02-03
ជនល្មើស​ជា​ជនជាតិ​ចិន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។
 រូប​គេហទំព័រ​នគរបាល​ជាតិ



ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់​ប្រើប្រាស់​អាវុធ​បាញ់​សម្លាញ់​ជនរងគ្រោះ​កប់​ចូលក្នុង​ដី​ឥត​ខ្លាច​រអារ។ សង្គម​ស៊ីវិល​លើកឡើង​ថា ទង្វើ​ព្រៃផ្សៃ​បែប នេះ​មក​ពី​រដ្ឋា​បាល​អនុវត្ត​ច្បាប់​ធូររលុង​គ្រប់គ្រង​ជនអន្តោប្រវេសន៍​គ្មាន​ប្រសិទ្ធភាព បណ្តោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​យ៉ាង​អនាធិបតេយ្យ។

សកម្មភាព​ចាប់​ជម្រិត លំហូរ​គ្រឿងញៀន រូបភាព​កាប់​សម្លាប់​បាញ់​ប្រហារ​មនុស្ស បង្កឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន នៅតែ​បន្ត​កើតមានឡើង​ឥត​ស្រាកស្រាន្ត​នៅ​លើ​ទឹកដី​កម្ពុជា​។ ថ្មីៗ​នេះ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​មួយក្​រុម​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ករណី​ឃាតកម្ម​គិតទុក​ជាមុន និង​ករណី​ដឹកជញ្ជូន​អាវុធ​ចូល​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត។

គេហទំព័រ​ស្នងការ​នគរបាល​ជាតិ​ឱ្យ​ដឹង​នៅ​ថ្ងៃទី១ កុម្ភៈ​ថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​១៤​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិតទុក​ជាមុន ដោយ​បាន​សម្លាប់​ជនរងគ្រោះ​២​នាក់​និង​បាន​កប់​លុប​សាកសព​បំបាត់ភស្តុតាង​នៅ​ទីតាំង​ចំនួន​ពីរ​ផ្សេងគ្នា​។ ក្រោយពី​កម្លាំង​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​សមត្ថកិច្ច​អះអាង​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ​ត្រូវ​បាន​បង្ខាំង​ខ្លួន​ធ្វើ​ទារុណកម្ម​ដើម្បី​ជម្រិត​ទារ​ប្រាក់​ក្នុង​អគារ​ក្រុមហ៊ុន ស៊ីងហឺឆឹង ក្នុង​ខេត្ត​ព្រះសីហនុ។


វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​ស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប៉ុន្តែ​ពេល​ទូរស័ព្ទ​ហៅ​ចូល​លោក​បាន​ចុច​ផ្ដាច់​ទៅវិញ។ ចំណែកឯ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ក៍​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃទី៣ កុម្ភៈ។

ទោះជា​យ៉ាងណា កម្លាំង​ស្នងការ​នគរបាល​ជាតិ អះអាង​ថា ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​កសាង​សំណុំ​រឿង​នេះ បញ្ជូន​ជនសង្ស័យ​ទាំងនោះ​យក​ទៅ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​រួចរាល់​ហើយ​។ ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​ក៏​រឹបអូស​បាន​កាំភ្លើង​វែង​ម៉ាក​AK ០១​ដើម បង់​កាំភ្លើង​ចំនួន​០២ គ្រាប់កាំភ្លើង​AK ចំនួន ៣៧​គ្រាប់ កាំភ្លើងខ្លី​ថ្មីស្រឡាង​០២​ដើម ខ្នោះដៃ​០៤​គូរ ពិល​ឆក់​០៣​គ្រឿង ដំបង​ដែក​០២​ដើម និង​រថយន្ត​ចំនួន​០៣​គ្រឿង។

កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២១​កន្លង​ទៅ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ចាប់ជំរិត​ជន​ជាតិចិន​ជាច្រើន​នាក់ និង​បាន​ដកហូត​អាវុធ​វែង ខ្លី ចំនួន ៧ ដើម​រួមមាន​កាំភ្លើង​ម៉ាក​អាកា ៤៧ (AK 47) មួយ​ដើម កាំភ្លើង​វែង​ម៉ាក អឹម ហ្វ័​រ (M4) មួយ​ដើម កាំភ្លើងខ្លី​ម៉ាក​កា ៥៤ (K54) ពីរ​ដើម កាំភ្លើងខ្លី​ម៉ាក​កា ៥៩ (K59) មួយ​ដើម កាំភ្លើងខ្លី​ម៉ាក​សេ​អេ​ហ្វ ៩៨ (CF98) មួយ​ដើម និង​កាំភ្លើង​ខ្លីម៉ាក​រ៉ូឡូ​មួយ​ដើម ព្រមទាំង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់។

ជុំវិញ​ករណី​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​អាវុធ​កាន់កាប់​ពេញៗ​ដៃ​នេះ វិទ្យុ​អាស៊ីសេរី​ក៏​បាន​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​អគ្គនាយក​អន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង​គ្មាន​អ្នក​ទទួល។

មន្ត្រី​សង្គម​ស៊ីវិល នៅតែ​បន្ត​ទាមទារ​ជំរុញ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ក្រសួង​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព រកមុខ​មេខ្លោង​ក្រុម​ឧក្រិដ្ឋជន មន្ត្រី​គ្រាក់ៗ ដែល​បាន​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​គ្រឿង​ញៀន​នាំ​ចូល​មក​កម្ពុជា និង​អ្នក​ដែល​បាន​លក់​កាំភ្លើង​ទៅ​ឱ្យ​ជនជាតិ​ចិន ព្រោះ​ជនល្មើស​ភាគច្រើន​សុទ្ធសឹងតែ​ក្រុម​ចាប់​ជម្រិត​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង មាន​ប្រសាសន៍​ថា សកម្មភាព​ចាប់​ជម្រិត សម្លាប់​មនុស្ស ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃនេះ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ឧក្រិដ្ឋជន កាន់តែ​ហ៊ាន​ធ្វើ​សកម្ម​ភាពឃោរឃៅ ដែល​បាន​ជះឥទ្ធិពល​ដ៏​អាក្រក់​ដល់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ លោក​បន្ត​ថា លំហូរ​គ្រឿងញៀន ករណី​ចាប់​ជម្រិត​ជា​បន្តបន្ទាប់​មក​នេះ ដោយសារតែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូររលុង ឃុបឃិត​ប្រព័ន្ធ​អំពើពុករលួយ​ជា​ប្រព័ន្ធ ទើប​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ហ៊ាន​ធ្វើ​សកម្មភាព​​គ្រប់បែបយ៉ាង​នៅ​លើ​ទឹកដី​ខ្មែរ៖ «ការប្រើប្រាស់​អាវុធ​បាញ់​បោះ​នេះ​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​មាន​ឥទ្ធិពល​ដ៏​អាក្រក់​សម្រាប់​សង្គម​ខ្មែរ​ដែរ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ក្នុង​ខេត្ត​ព្រះសីហនុ»។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ទទួល​ស្គាល់​ថា ករណី​ចាប់​ជម្រិត​នេះ​បាន​ក្លាយជា​វប្បធម៌​មួយ​សម្រាប់​ឧក្រិដ្ឋជន​ក្នុង​ការ​ជម្រិត​ទារប្រាក់​ជនបរទេស​នៅ​ប្រទេស​កម្ពុជា៖ «ការ​ជម្រិត​ហ្នឹង​ជា​វប្បធម៌​មួយ​សម្រាប់​បរទេស​ហើយ​មក​ជា​មួយ​ភ្ញៀវ​បរទេស​។ យើង​ព្រួយបារម្ភ​ដែល តែ​មាន​វិធានការ​តឹងតែង​របស់​សមត្ថកិច្ច​ក្នុង​បំបែក​ករណី​ចាប់​ជនល្មើស​បញ្ជូន​ចេញទៅ​ក្រៅ ឬ​ដាក់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា»។

កន្លងទៅ ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចាប់​ជម្រិត​ឆបោក​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បង្ខាំង​ជនជាតិ​ថៃ​រាប់ពាន់​នាក់​ឱ្យធ្វើ​ការងារ​ក្នុង​បន​ល្បែង​កាស៊ីណូ​ខុសច្បាប់​ក្រុង​ប៉ោយប៉ែត។ កាល​ពី​ថ្ងៃទី​៦ ខែ​មករា ពលករ​ថៃ​ចំនួន​៥០២​នាក់ បាន​ចាញ់​បោក និង​បង្ខំ​ឱ្យធ្វើ​ការ​ខុសច្បាប់ នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ ក្នុង​ខេត្ត​ពោធិ៍សាត់ កោះកុង ខេត្ត​ព្រះសីហនុ និង​ក្រុង​ប៉ោយប៉ែត។ ពួកគេ​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយមាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​កម្ពុជា ហើយ​ក្រុម​ឧក្រិដ្ឋជន​បាន​យល់ព្រម​ដោះលែង​ពលករ​ថៃ​ទាំងនោះ នៅ​ខាងក្រៅ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ដែល​ពួកគេ​បង្ខាំង​ឱ្យធ្វើ​ការ​ខុសច្បាប់។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​សមាគម​អាដហុដ (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជ្រៀប សុធារី មាន​ប្រសាសន៍​ករណី​ចាប់​ជម្រិត​បញ្ហា​គ្រឿងញៀន និង​ការ​បង្ក​អសន្តិសុខ​បង្កឡើង​ដោយ​ក្រុម​ប្រដាប់​ជនជាតិ​ចិន បាន​ក្លាយជា​ក្តី​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​រស់នៅ​ទាំង​ភាព​ភ័យខ្លាច។ អ្នកស្រី​បារម្ភ​ថា នៅ​ពេល​អាជ្ញាធរ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធិ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ នឹង​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​មិន​រាងចាល​នៅតែ​បន្ត​បទឧក្រិដ្ឋ​នៅ​កម្ពុជា​តាម​ទំនើងចិត្ត៖ «ប៉ុន្តែ​វិធានការ​នៃ​ការអនុវត្ត​ហ្នឹង​បាន​តឹងរ៉ឹង​អត់ មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដែរ​អត់​? ព្រោះ​យើង​អត់​ចង់​ឱ្យ​មាន​ករណី​លើកលែង ឬ​ការ​ដោះស្រាយ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​របៀប​សូកប៉ាន់​អី​ទេ។ រាល់ថ្ងៃ​យើង​ដឹង​ហើយ​ការ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ហើយ​បញ្ជូន​ទៅ​តុលាការ​។ ប៉ុន្តែ​យើង​មិន​ដឹង​ថា វិធានការ​ក្នុង​ការ​សម្រេចការ​ផ្ដន្ទាទោស​ប៉ុន្មាន​ឆ្នាំៗ តើ​វា​មាន​តុល្យភាព​ជាមួយនឹង​អំពើ​ល្មើស​អត់?»។

មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​ច្បាប់​ធូររលុង​ដូច​សព្វថ្ងៃ​នេះ បណ្តោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចិន​ធ្វើ​សកម្ម​កាន់តែ​ឃោរឃៅ នោះ​កម្ពុជា​នឹង​ឈ្មោះ​កាន់តែ​អាក្រក់​ធ្វើ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​ខ្លាច​រអា​មិន​ហ៊ាន​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា៕

1 comment:

Anonymous said...

Cambodia is the same like Thailand and Laos. Love alot of chinese. The more the better it seems. How many chinese are in Thailand, 30 million? Very sad and very revealing