ដោយ សុជីវី
2022-02-03
ជនល្មើសជាជនជាតិចិន ដែលត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា។ រូបគេហទំព័រនគរបាលជាតិ |
ក្រុមឧក្រិដ្ឋជនជនជាតិចិននៅតែបន្តធ្វើសកម្មភាពចាប់បង្ខាំងមនុស្សជម្រិតទារប្រាក់ប្រើប្រាស់អាវុធបាញ់សម្លាញ់ជនរងគ្រោះកប់ចូលក្នុងដីឥតខ្លាចរអារ។ សង្គមស៊ីវិលលើកឡើងថា ទង្វើព្រៃផ្សៃបែប នេះមកពីរដ្ឋាបាលអនុវត្តច្បាប់ធូររលុងគ្រប់គ្រងជនអន្តោប្រវេសន៍គ្មានប្រសិទ្ធភាព បណ្តោយឱ្យក្រុមឧក្រិដ្ឋជនប្រើប្រាស់ទឹកដីខ្មែរធ្វើជាកន្លែងប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យ។
សកម្មភាពចាប់ជម្រិត លំហូរគ្រឿងញៀន រូបភាពកាប់សម្លាប់បាញ់ប្រហារមនុស្ស បង្កឡើងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន នៅតែបន្តកើតមានឡើងឥតស្រាកស្រាន្តនៅលើទឹកដីកម្ពុជា។ ថ្មីៗនេះ សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានក្រុមឧក្រិដ្ឋជនមួយក្រុមដែលប្រព្រឹត្តបទឧក្រិដ្ឋចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ ករណីឃាតកម្មគិតទុកជាមុន និងករណីដឹកជញ្ជូនអាវុធចូលកម្ពុជាដោយគ្មានការអនុញ្ញាត។
គេហទំព័រស្នងការនគរបាលជាតិឱ្យដឹងនៅថ្ងៃទី១ កុម្ភៈថា សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានក្រុមឧក្រិដ្ឋជន១៤នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ដោយបានសម្លាប់ជនរងគ្រោះ២នាក់និងបានកប់លុបសាកសពបំបាត់ភស្តុតាងនៅទីតាំងចំនួនពីរផ្សេងគ្នា។ ក្រោយពីកម្លាំងជំនាញចុះស៊ើបអង្កេតស្រាវជ្រាវសមត្ថកិច្ចអះអាងថា ជនរងគ្រោះដែលបានស្លាប់នោះត្រូវបានបង្ខាំងខ្លួនធ្វើទារុណកម្មដើម្បីជម្រិតទារប្រាក់ក្នុងអគារក្រុមហ៊ុន ស៊ីងហឺឆឹង ក្នុងខេត្តព្រះសីហនុ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះពីស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប៉ុន្តែពេលទូរស័ព្ទហៅចូលលោកបានចុចផ្ដាច់ទៅវិញ។ ចំណែកឯ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ក៍វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃទី៣ កុម្ភៈ។
ទោះជាយ៉ាងណា កម្លាំងស្នងការនគរបាលជាតិ អះអាងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងនេះ បញ្ជូនជនសង្ស័យទាំងនោះយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់រួចរាល់ហើយ។ ក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចក៏រឹបអូសបានកាំភ្លើងវែងម៉ាកAK ០១ដើម បង់កាំភ្លើងចំនួន០២ គ្រាប់កាំភ្លើងAK ចំនួន ៣៧គ្រាប់ កាំភ្លើងខ្លីថ្មីស្រឡាង០២ដើម ខ្នោះដៃ០៤គូរ ពិលឆក់០៣គ្រឿង ដំបងដែក០២ដើម និងរថយន្តចំនួន០៣គ្រឿង។
កាលពីដើមខែតុលា ឆ្នាំ២០២១កន្លងទៅ អាជ្ញាធរបានឃាត់ខ្លួនឧក្រិដ្ឋជនចាប់ជំរិតជនជាតិចិនជាច្រើននាក់ និងបានដកហូតអាវុធវែង ខ្លី ចំនួន ៧ ដើមរួមមានកាំភ្លើងម៉ាកអាកា ៤៧ (AK 47) មួយដើម កាំភ្លើងវែងម៉ាក អឹម ហ្វ័រ (M4) មួយដើម កាំភ្លើងខ្លីម៉ាកកា ៥៤ (K54) ពីរដើម កាំភ្លើងខ្លីម៉ាកកា ៥៩ (K59) មួយដើម កាំភ្លើងខ្លីម៉ាកសេអេហ្វ ៩៨ (CF98) មួយដើម និងកាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។
ជុំវិញករណីក្រុមឧក្រិដ្ឋជនដែលមានអាវុធកាន់កាប់ពេញៗដៃនេះ វិទ្យុអាស៊ីសេរីក៏បានទាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអគ្គនាយកអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ ប៉ុន្តែទូរស័ព្ទហៅចូលជាច្រើនដងគ្មានអ្នកទទួល។
មន្ត្រីសង្គមស៊ីវិល នៅតែបន្តទាមទារជំរុញដល់អាជ្ញាធរថ្នាក់ជាតិ និងក្រសួងពាក់ព័ន្ធបើកការស៊ើបអង្កេតប្រកបដោយតម្លាភាព រកមុខមេខ្លោងក្រុមឧក្រិដ្ឋជន មន្ត្រីគ្រាក់ៗ ដែលបានឃុបឃិតជាមួយឧក្រិដ្ឋជនគ្រឿងញៀននាំចូលមកកម្ពុជា និងអ្នកដែលបានលក់កាំភ្លើងទៅឱ្យជនជាតិចិន ព្រោះជនល្មើសភាគច្រើនសុទ្ធសឹងតែក្រុមចាប់ជម្រិតប្រដាប់ដោយអាវុធវែងខ្លី។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង មានប្រសាសន៍ថា សកម្មភាពចាប់ជម្រិត សម្លាប់មនុស្ស ក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ឧក្រិដ្ឋជន កាន់តែហ៊ានធ្វើសកម្មភាពឃោរឃៅ ដែលបានជះឥទ្ធិពលដ៏អាក្រក់ដល់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ លោកបន្តថា លំហូរគ្រឿងញៀន ករណីចាប់ជម្រិតជាបន្តបន្ទាប់មកនេះ ដោយសារតែអាជ្ញាធរអនុវត្តច្បាប់ធូររលុង ឃុបឃិតប្រព័ន្ធអំពើពុករលួយជាប្រព័ន្ធ ទើបធ្វើឱ្យក្រុមឧក្រិដ្ឋជនហ៊ានធ្វើសកម្មភាពគ្រប់បែបយ៉ាងនៅលើទឹកដីខ្មែរ៖ «ការប្រើប្រាស់អាវុធបាញ់បោះនេះជាកង្វល់របស់ប្រជាពលរដ្ឋ ហើយមានឥទ្ធិពលដ៏អាក្រក់សម្រាប់សង្គមខ្មែរដែរក្នុងការប្រព្រឹត្តអំពើព្រៃផ្សៃក្នុងខេត្តព្រះសីហនុ»។
ឆ្លើយតបបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ទទួលស្គាល់ថា ករណីចាប់ជម្រិតនេះបានក្លាយជាវប្បធម៌មួយសម្រាប់ឧក្រិដ្ឋជនក្នុងការជម្រិតទារប្រាក់ជនបរទេសនៅប្រទេសកម្ពុជា៖ «ការជម្រិតហ្នឹងជាវប្បធម៌មួយសម្រាប់បរទេសហើយមកជាមួយភ្ញៀវបរទេស។ យើងព្រួយបារម្ភដែល តែមានវិធានការតឹងតែងរបស់សមត្ថកិច្ចក្នុងបំបែកករណីចាប់ជនល្មើសបញ្ជូនចេញទៅក្រៅ ឬដាក់ពន្ធនាគារក្នុងប្រទេសកម្ពុជា»។
កន្លងទៅ ក្រុមឧក្រិដ្ឋជនជនជាតិចាប់ជម្រិតឆបោកទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងបង្ខាំងជនជាតិថៃរាប់ពាន់នាក់ឱ្យធ្វើការងារក្នុងបនល្បែងកាស៊ីណូខុសច្បាប់ក្រុងប៉ោយប៉ែត។ កាលពីថ្ងៃទី៦ ខែមករា ពលករថៃចំនួន៥០២នាក់ បានចាញ់បោក និងបង្ខំឱ្យធ្វើការខុសច្បាប់ នៅតាមព្រំដែនកម្ពុជាថៃ ក្នុងខេត្តពោធិ៍សាត់ កោះកុង ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។ ពួកគេត្រូវបានជួយសង្គ្រោះដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចកម្ពុជា ហើយក្រុមឧក្រិដ្ឋជនបានយល់ព្រមដោះលែងពលករថៃទាំងនោះ នៅខាងក្រៅភោជនីយដ្ឋាន និងសណ្ឋាគារដែលពួកគេបង្ខាំងឱ្យធ្វើការខុសច្បាប់។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមអាដហុដ (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជ្រៀប សុធារី មានប្រសាសន៍ករណីចាប់ជម្រិតបញ្ហាគ្រឿងញៀន និងការបង្កអសន្តិសុខបង្កឡើងដោយក្រុមប្រដាប់ជនជាតិចិន បានក្លាយជាក្តីកង្វល់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងខេត្តព្រះសីហនុរស់នៅទាំងភាពភ័យខ្លាច។ អ្នកស្រីបារម្ភថា នៅពេលអាជ្ញាធរអនុវត្តច្បាប់គ្មានប្រសិទ្ធិ ឃុបឃិតគ្នាជាប្រព័ន្ធ នឹងធ្វើឱ្យក្រុមឧក្រិដ្ឋជនមិនរាងចាលនៅតែបន្តបទឧក្រិដ្ឋនៅកម្ពុជាតាមទំនើងចិត្ត៖ «ប៉ុន្តែវិធានការនៃការអនុវត្តហ្នឹងបានតឹងរ៉ឹងអត់ មានការឃុបឃិតគ្នាជាប្រព័ន្ធដែរអត់? ព្រោះយើងអត់ចង់ឱ្យមានករណីលើកលែង ឬការដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការជារបៀបសូកប៉ាន់អីទេ។ រាល់ថ្ងៃយើងដឹងហើយការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសហើយបញ្ជូនទៅតុលាការ។ ប៉ុន្តែយើងមិនដឹងថា វិធានការក្នុងការសម្រេចការផ្ដន្ទាទោសប៉ុន្មានឆ្នាំៗ តើវាមានតុល្យភាពជាមួយនឹងអំពើល្មើសអត់?»។
មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរកម្ពុជាអនុវត្តច្បាប់ធូររលុងដូចសព្វថ្ងៃនេះ បណ្តោយឱ្យក្រុមឧក្រិដ្ឋជនចិនធ្វើសកម្មកាន់តែឃោរឃៅ នោះកម្ពុជានឹងឈ្មោះកាន់តែអាក្រក់ធ្វើឱ្យភ្ញៀវអន្តរជាតិខ្លាចរអាមិនហ៊ានមកទស្សនានៅប្រទេសកម្ពុជា៕
1 comment:
Cambodia is the same like Thailand and Laos. Love alot of chinese. The more the better it seems. How many chinese are in Thailand, 30 million? Very sad and very revealing
Post a Comment