Saturday, 12 February 2022

"លោក ហ៊ុន សែន គ្មាន​ភាពជា​គំរូ​ដើម្បី​ណែនាំ​ឲ្យ​ប្រទេស​ដៃ កសាង​សន្តិភាព"


Khmer Circle

Well, that's the whole point. Hanoi had finally settled on him as their ultimate trump card over scores of possible candidates within his party and thus far they have yet to be disappointed by their decision. 

It really boils down to just two things: a) his overall unconditional slavish subservience and compliance towards Vietnam [which are not the same things as 'loyalty' for one who betrays his nation, compatriots, and perhaps, even his own conscience - if he indeed has one - loyalty is a liability and abstraction] and b) his bull-headed brutality when it comes to dealing with the repercussions and reactions against all his actions and policies as these are necessitated by that unconditional subservience.

Such is the essence of the ‘thousand years friendship’ the Vietnamese have conceived for the two neighbouring peoples and countries and their vow to ensure the status quo remains in their words: “irreversible”.

🔺🔺🔺  

ដោយ ទីន ហ្សការីយ៉ា
2022-02-11
"លោក ហ៊ុន សែន គ្មាន​ភាពជា​គំរូ​ដើម្បី​ណែនាំ​ឲ្យ​ប្រទេស​ដៃ កសាង​សន្តិភាព" 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបពី​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

 

ក្រុម​អ្នក​រិះគន់ លើកឡើង​ថា លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​ភាពជា​គំរូ ក្នុង​ការ​ណែនាំ​ឲ្យ​ប្រទេស​ដទៃ កសាង​សន្តិភាព​នោះ​ទេ ព្រោះ​លោក​ជា​មេដឹកនាំ​កាន់អំណាច​យូរ ដោយសារ​ការប្រើប្រាស់​អំពើ​ហិង្សា ការ​កាប់​សម្លាប់ ចូលចិត្ត​ព្រមាន​បង្ក​សង្គ្រាម​ជាមួយ​បក្ស​ប្រឆាំង ការគាបសង្កត់ ការ​គៃបន្លំ​ការបោះឆ្នោត និង​អំពើពុករលួយ​ជាដើម​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​មេដឹកនាំ​ឯក​បក្ស​រូប​នេះ បាន​អួតអាង​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​​លោក ដើម្បី​រួមចំណែក​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ។

ក្រុម​អ្នក​រិះគន់ ចំអក​ឲ្យ​លោក ហ៊ុន សែន ថា មេដឹកនាំ​ឯក​បក្ស​រូប​នេះ គឺជា​គីង្គក់​លក់​ថ្នាំ​ស្រែង ក្នុង​ន័យ​ថា ប្រទេស​ខ្លួនឯង មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​ផង បែរជា​ដើរ​ប្រាប់​មេដឹកនាំ​ប្រទេស​ដទៃ​ឲ្យ​ខិតខំ​កសាង​សន្តិភាព​នៅ​ឧ​ប​ទ្វី​កូរ៉េ​ទៅវិញ។



សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀសខ្លួន​រស់នៅ​សហរដ្ឋអាមេរិក លោក រុន ចន្ធី ថ្លែថា ជា​រឿង​អស់សំណើច​ដែល​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្តាច់ការ រំលោភសិទ្ធិ​មនុស្ស និង​គាស់​រំលើង​លទ្ធិប្រជាធិបតេយ្យ​ល្បីរ​ន្ធឺ​ពេញ​ពិភពលោក បែរជា​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​សារ​សន្តិភាព​។​លោក បន្ត​ថា មុន​ណែនាំ​មេដឹកនាំ​ប្រទេស​ដទៃ​នោះ លោក ហ៊ុន សែន គួរតែ​កែប្រែ​ខ្លួនឯង​សិន និង​វិល​មក​ចូល​តុ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ ហើយ​ផ្សះផ្សារ​ជាតិ ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​គោរព​នីតិរដ្ឋ​ពិតប្រាកដ​ឡើងវិញ៖ «លោក ហ៊ុន សែន ល្បី​ខ្លាំង​ជាងគេ​ហ្មង​រឿង​ដឹកនាំ​បែប​ផ្ដាច់ការ បែប​យោធា និង​បក្ខពួក​និយម ហើយ​មានកេរ្តិ៍ឈ្មោះ​អាស្រូវ​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង ហើយ​តែ​ឥឡូវ​ទៅ​បង្រៀន​គេ តាំង​ខ្លួនឯង​ធ្វើជា​គំរូ​គេ វា​ហាក់បីដូចជា រឿង​អស់សំណើច​បំផុត។ ហើយ​ការ​ទៅ​ទទួល​ពានរង្វាន់​សន្តិភាព​នេះ វា​មិន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ពិត​ថា លោក ហ៊ុន សែន ជា​អ្នក​បង្រួបបង្រួម​សន្តិភាព​សោះ​។ យើង​មើល​ក្នុង​សង្គម​កម្ពុជា​យើង​បច្ចុប្បន្ន​គាត់​រំលោភ​គ្រប់​ទម្រង់​ទាំងអស់ ហើយ​ថ្មីៗ​នេះ អ្នកណា​ដែល​ហាមាត់​និយាយ គឺ​គាត់​ប្រើ​តុលាការ ចាប់​ដាក់គុក សូម្បីតែ​កម្មករ​-​កម្មការិនី​ណាហ្គា​វើ​លដ៍ តវ៉ា​ដើម្បី​អាហារ​៣​ពេល ក៏​ចាប់​ដាក់គុក​ដាក់ច្រវ៉ាក់​ដែរ។ កន្លងមក មានការ​រំលោភ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ ការប្រើ​ហិង្សា​លើ​អ្នកនយោបាយ ការរំលោភ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ក្នុង​ប្រទេស គឺថា វា​មាន​គ្រប់​ទម្រង់​ទាំងអស់»។

ជាមួយ​គ្នា​នេះ អ្នកវិភាគ​នយោបាយ​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland )​លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុង​បាក់មុខ​នៅលើ ឆាក​អន្តរជាតិ រឿង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​រង​ការរិះគន់​ជុំវិញ ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ជាដើម ដូច្នេះហើយ​ទើប​លោក ទាក់ទង​ឲ្យ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF)​ដែល​មិនសូវ​ល្បីឈ្មោះ ធ្វើ​ពិធី​ផ្តល់​ពានរង្វាន់​ឲ្យ​លោក ដើម្បី​ជួយ​ឃោសនា​លុបលាង ឬ​បិទបាំង​ទង្វើ​អាក្រក់ៗ​របស់​លោក​។​ប៉ុន្តែ​លោក គឹម សុខ យល់ថា ទោះបីជា​លោក ហ៊ុន សែន ខំ​ចំណាយ​លុយ និង​រៀបចំ​ព្រឹត្តិការណ៍​បែប​ណា​ក្តី ក៏​មិនអាច​ស្តារ​មុខមាត់​បាន​ដែរ ប្រសិនបើ​លោក មិន​ព្រម​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​តាមរយៈ​ការ​ទម្លាក់​បទ​ចោទប្រកាន់​ផ្សេងៗ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​នោះ​​៖ «អស់សំណើច​ទី​១ ស្ថានភាព​កម្ពុជា ញាំ​ញ៉ី​ដោយ​អំពើ ហិង្សា អំពើពុករលួយ និង​អយុត្តិធម៌ ល្បីល្បាញ​អំពី​ការដឹកនាំ​ពាក់ព័ន្ធ​នឹង​ពួក​ម៉ាហ្វីយ៉ា​ល្បែង លោក ហ៊ុន សែន មិន​ដោះស្រាយ​ផង បែរជា​ជិះ​យន្តហោះ​ទៅ​រក​ដំណោះស្រាយ​សន្តិភាព​ឲ្យ​ឧបទ្វីប​កូរ៉េ​ទៅវិញ ហើយ​រឿង​នេះ មហាអំណាច​គេ ប្រើ​ពេល​រាប់​ទសវត្ស​​មក​ហើយ ដោះស្រាយ​មិន​ទាំង​ចេញ​ផង​»។

ការ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ធ្វើឡើង​ក្រោយពេល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក ថ្ងៃទី​១១ ខែកុម្ភៈ បាន​ថ្លែង​សុន្ទរកថា​ចែករំលែក​នូវ​ទស្សនៈ​របស់​លោក​ដើម្បី​បង្ហាញ ផ្លូវ​ទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ។​លោក ហ៊ុន សែន ថ្លែង​ក្នុង កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២២​ស្តីពី​''​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​'' ដែល​រៀបចំ​នៅ​ទីក្រុង​សេអ៊ូល(Seoul)​ប្រទេស​កូរ៉េខាងត្បូង​ដោយ​អង្គការ​មួយ​ឈ្មោះថា សហព័ន្ធ​សន្តិភាព​សកល (UPF)​។ លោក លើកឡើង​ថា ប្រទេស​កម្ពុជា និង​តំបន់​មេគង្គ អាច​ផ្តល់​មេរៀន​ស្តីពី​ការ​កសាង​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​។ លោក​បន្ត​ថា គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក អាច ជា​ការ​ជំរុញ​ទឹកចិត្ត​និង​ប្រភព​នៃ​ការស្រាវជ្រាវ​សម្រាប់​ប្រទេស​នានា​ដើម្បី​កសាង​សន្តិភាព​។ មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​ភាសា​ហិង្សា​និង​ព្រមាន​បង្ក​សង្គ្រាម​ជាមួយ​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់​រូប​នេះ បញ្ជាក់​ថា យើង​មិនអាច​ប្រើ​សង្គ្រាម​បញ្ចប់សង្គ្រាម​បានទេ តែ​យើង​ត្រូវការ​កិច្ច​សន្ទនា​ដោយ​សន្តិវិធី និង​ការ​ចរចា​ឈ្នះ​ឈ្នះ​ដើម្បី​បញ្ចប់សង្គ្រាម៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​ស្នើ​ឱ្យ​កូរ៉េ​ទាំងពីរ និង​ភាគី​ពាក់ព័ន្ធ នានា សម្រេច​សន្ធិសញ្ញា សន្តិភាព​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានា​បាន​នូវ​សន្តិភាព អចិន្ត្រៃយ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ។ ខ្ញុំ​ក៏​សូម​អំពាវនាវ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្អែកលើ​ទំនុកចិត្ត និង​ភាពជា​ដៃគូ​យក​ប្រជាជន​ជា​ស្នូល ដើម្បី​កសាង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ដោយ​សន្តិភាព»។

នៅ​ថ្ងៃទី​១២ ខែកុម្ភៈ អង្គការ​សហព័ន្ធ​សន្តិភាព​សកល ក៏​នឹង​មាន​ពិធី​ប្រគល់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ (Sunhak peace prize award) ដល់​លោក ហ៊ុន សែន ដែរ ដោយ​អះអាង​ថា លោក ដឹកនាំ​ប្រទេស​រួមចំណែក​កសាង​សន្តិភាព ។

ជុំវិញ​រឿង​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ដែល​បាន​ផ្តល់​ពានរង្វាន់​ឲ្យ​លោក ហ៊ុន សែន នេះ ជា​ប្តី​ប្រពន្ធ​ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់ គឺ​លោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) និង​អ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon)​។ លោក ចោទ​ថា ពួកគេ គឺជា​ក្រុម​មនុស្ស​ឆបោក និង​ជាមនុស្ស​មិន​គ្រប់ទឹក ហើយ​លោក ស៊ុន ម្យ៉ុង ម៉ូន ក៏​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​នៅ​សហរដ្ឋអាមេរិក​រយៈពេល​១៨​ខែ​ដោយសារ​អំពើ​ទុច្ចរិត​របស់​គាត់​។ មេ​បក្ស​ប្រឆាំង​រូប​នេះ បន្តថា លោក ហ៊ុន សែន ទំនងជា​នឹង​បង្ខំ​ព្រះមហាក្សត្រ ឲ្យ​អបអរសាទរ​ពានរង្វាន់​ឆ្កួតៗ​មួយ​នេះ ដែល​គ្មាន​អ្នកណា​ឲ្យ​តម្លៃ​អ្វី​ទាល់តែសោះ ដើម្បី​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ​ថា​គាត់​ទទួល​បាន​កិត្តិយស​ដ៏​ធំធេង​លើ​ឆាក​អន្តរជាតិ​។

ដោយឡែក​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏​នឹង​ចាប់ផ្តើម​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ក្នុង​ទីក្រុង​សេអ៊ូ​ល (Seoul ) ដែរ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ជំទាស់​នឹង​ការ​ប្រគល់​ពានរង្វាន់​សន្តិភាព​ដល់​លោក ហ៊ុន សែន ផងដែរ​។ ពួកគេ ចាត់ទុកថា វត្តមាន​លោក ហ៊ុន សែន នៅ​កូរ៉េខាងត្បូង និង​ការ​ទទួល​បាន​ពានរង្វាន់​នេះ មិនមែន​ជា​ការ​លើក​កម្ពស់​មុខមាត់​ជាតិ​នោះ​ទេ ពោល​គឺ​លោក​គ្រាន់តែ​ជា​ការ​បិទបាំង​អំពើ​រំលោភ​សិទ្ធិមនុស្ស​និង​នយោបាយ​ខ្មៅ​កខ្វក់​របស់ខ្លួន ដើម្បី​បន្តអំណាច​ផ្ដាច់ការ​ប៉ុណ្ណោះ​៕

No comments: