Saturday, 12 February 2022

អ្នកវិភាគ​៖ តុលាការ​បារាំង​កាត់​ទោស​ក្រុម​មេកង​អង្គរក្ស​ ជា​ការ​លាត​ត្រដាង​ថា លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​មាន​បាត​ដៃ​ប្រឡាក់​ឈាម


ដោយ ឡេង ម៉ាលី
2022-02-11
អ្នកវិភាគ​៖ តុលាការ​បារាំង​កាត់​ទោស​ក្រុម​មេកង​អង្គរក្ស​ ជា​ការ​លាត​ត្រដាង​ថា លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​មាន​បាត​ដៃ​ប្រឡាក់​ឈាម 

លោក ហ៊ីង ប៊ុនហៀង ជា​មេបញ្ជាការ​កង​អង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ ០៣-២០-២១


ក្រុម​អ្នក​វិភាគ​លើកឡើង​ថា សំណុំរឿង​គប់​គ្រាប់​បែក​កាលពី​ឆ្នាំ១៩៩៧ ដែល​តុលាការ​បារាំង សម្រេច​ចោទ​ប្រកាន់​ក្រុម​មេកង​អង្គរក្ស​លោក ហ៊ុន សែន​ពី​បទ "សមគំនិត ប៉ុនប៉ង​សម្លាប់​មនុស្ស "ក្នុង​ករណី​បោក​គ្រាប់​បែក​កាល​ពី​ឆ្នាំ១៩៩៧ ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាម៉ាស់​មុខ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។ ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច នៅ​តែ​អះអាង​ថា លោក សម រង្ស៊ី កំពុង​ប្រឌិត​រឿង។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា សេចក្ដី​សម្រេច​របស់​តុលាការ​បារាំង​មាន​ឥទ្ធិពល​អាច​បក​ស្បែក​មុខ​លោក ហ៊ុន សែន ឲ្យ​សហគមន៍​អន្តរជាតិ​ដឹង​ថា លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​មាន​បាត​ដៃ​ប្រឡាក់​ឈាម។ លោក​យល់​ថា សំណុំរឿង​នេះ អាច​នឹង​ត្រូវ​តុលាការ​អន្តរជាតិ​ផ្សេងៗ ទៀត ចាត់ការ​បន្ត ដើម្បី​ផ្ដល់​យុត្តិធម៌​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ករណី​គប់​គ្រាប់​បែក​សម្លាប់​បាតុករ​កាល​ពី​ឆ្នាំ១៩៩៧៖ «បាន​ន័យ​ថា បង្កើត​នូវ​សក្ដានុពល​កាន់​តែ​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ពី​របៀប​ដឹកនាំ​បែប​ភេរវកម្ម​រដ្ឋ​របស់​លោក ហ៊ុន សែន ប្រើ​កណ្ដាប់​ដៃ​ធ្ងន់​បង្ហូរ​ឈាម​ប្រជាពលរដ្ឋ បង្ហូរ​ទឹក​ភ្នែក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។



ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី យល់​ថា ទោះ​តុលាការ​បារាំង​ កាត់​ទោស​លើ​ឲ្យ​ក្រុម​មេកង​អង្គរក្ស​លោក ហ៊ុន សែន ក្ដី ប៉ុន្តែ ករណី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល។ លោក​យល់​ថា បុគ្គល​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​បារាំង គួរ​ហ៊ាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ ឬ​ហ៊ាន​តតាំង​ក្ដី​តាម​នីតិវិធី​តាម​ផ្លូវ​តុលាការ​បារាំង៖ «បើ​យើង​មើល​ក្នុង​កម្រិត​ជាតិ​យើង​មាន​អារម្មណ៍​ថា ប៉ះពាល់​កិត្តិយស​ជាតិ ប៉ុន្តែ​សម្រាប់​បុគ្គល អ្នក​ណា​ប្រព្រឹត្តិ​ខុស​អី ទទួល​ខុស​ហ្នឹង​ទៅ ហើយ​កំហុស ដែល​ទទួល​ហ្នឹង​គឺ​យើង​តវ៉ា​តាម​ប្រព័ន្ធ​តុលាការ ព្រោះ​ខ្ញុំ​គិត​ថា តុលាការ​នៅ​ប្រទេស​ណា​ដូច​​គ្នា​ទេ ត្រូវ​មាន​ច្រក​ក្នុង​តវ៉ា​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង»។

ការ​លើកឡើង​របស់​ក្រុម​អ្នកវិភាគ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​លោក​កាល​ពី​ថ្មីៗ នេះ (ថ្ងៃ​ទី៧ កុម្ភៈ) ថា "តុលាការ​បារាំង កំពុង​តែ​ឈាន​ទៅ​ចាប់​ខ្លួន នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន។ លោក​ឲ្យ​ដឹង​ទៀត​ថា មេធាវី​ការពារ​ក្ដី​របស់​លោក​អះអាង​ថា បើ​លោក​ ហ៊ុន សែន មិន​មាន​អភ័យ​ឯកសិទ្ធិ​ការទូត​ទេ គាត់​នឹង​ចូល​ក្រចក​សេះ ជំនួស​លើ​មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង និង​អតីត​មេបញ្ជាការ​រង​កង​អង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និង​សព្វ​ថ្ងៃ​ជា រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ដែល​ត្រូវ​តុលាការ​បារាំង​ចោទ​ប្រកាន់​ពី​បទ "សមគំនិត ប៉ុនប៉ង​សម្លាប់​មនុស្ស"។

កាល​ពី​ជាង ២០ឆ្នាំ​មុន លោក សម រង្ស៊ី និង​ភរិយា​បាន​ដាក់​បណ្ដឹង​មួយ នៅ​តុលាការ​ប្រទេស​បារាំង​ក្នុង​ក្រុង​ប៉ារីស ដោយសារ​តែ​អ្នក​ទាំង​ពីរ​មាន​សញ្ជាតិ​បារាំង។ លោក​ថា​បណ្ដឹង​នោះ គឺ​ស្នើសុំ​វែក​មុខ​ឧក្រិដ្ឋជន ដែល​គប់​គ្រាប់បែក​ចូល​ហ្វូង​មនុស្ស​កំពុង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី កាល​ពី​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ១៩៩៧ នៅ​ក្រុង​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៦នាក់ និង​អ្នក​របួស​ធ្ងន់​ជាង ១០០នាក់ ក្នុង​នោះ​រួមមាន​ទាំង​រូប​លោក និង​ភរិយា ព្រម​ទាំង​លោក ជា វិជ្ជា អ​តីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ។

លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០២១ តុលាការ​ទីក្រុង​ប៉ារីស បាន​សម្រេច​ចោទ​ប្រកាន់​លើ​មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​អតីត​មេបញ្ជាការ​រង​កង​អង្គរក្ស លោក ហ៊ុយ ពិសិដ្ឋ និង​សព្វ​ថ្ងៃ​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ទទួល​បន្ទុក​ប្រចាំការ​អចិន្ត្រៃយ៍​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ពី​បទ "សមគំនិត ប៉ុនប៉ង​សម្លាប់​មនុស្ស" ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ ធំ​ជាង​គេ ក្នុង​អង្គភាព​អង្គរក្ស លោក ហ៊ុន សែន។ តុលាការ ក៏​បាន​សម្រេច​យក​បុគ្គល​ពីរ​នាក់​នេះ ទៅ​កាត់​ទោស នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ ដែល​ផ្ដន្ទាទោស​ឧក្រិដ្ឋជន (Cour d'Assises)។

ជុំវិញ​ការ​លើកឡើង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ប្រតិកម្ម​តប​ពី អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​ថ្ងៃ​ទី១១ កុម្ភៈ។

ចំណែក​អ្នក​នាំ​ពាក្យ​កងទ័ព​ជើងគោក លោក ម៉ៅ ផល្លា ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​ការ​សម្រេច​របស់​តុលាការ​បារាំង​លើ​ក្រុម​មេទ័ព​កម្ពុជា​នេះ​នៅ​ឡើយ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ដែរ​ថា លោក​មិន​បាន​ដឹង​ពី​សេចក្ដី​សម្រេច​តុលាការ​បារាំង​ទេ ប៉ុន្តែ លោក​ថ្លែង​ការពារ​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ​ថា មិន​ជាប់​ពាក់ព័ន្ធ​ករណី​គប់​គ្រាប់​បែក​កាលពីឆ្នាំ១៩៩៧នោះទេ៖ «ទណ្ឌិត​មាន​កុំព្យូទ័រ​នៅ​បន្ទប់​សរសេរ​បាន​ទេ​តើ ធ្វើ​បាន​ទេ​តើ យល់​ទេ? ជំហរ​របស់​ខ្ញុំ គឺ​ច្បាស់​អ៊ីចឹង គ្មាន​ជឿ​ទណ្ឌិត​និយាយ​តែពីសតែពាស​ទេ ខ្ញុំ​អត់​ដឹង​ទេ មិន​គេ (តុលាការ​បារាំង) ផ្ញើ​ទៅ​ណា អ៊ីចឹង​ទេ ខ្ញុំ​និយាយ​តាម​ខ្ញុំ​ដឹង»។

ពាក់ព័ន្ធ​នឹង​ករណី​បោក​គ្រាប់បែក​នេះ​ដែរ មេធាវី​ការពារ​ក្ដី​លោក សម រង្ស៊ី នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០០៥ ក៏​បាន​ប្ដឹង​ករណី​នៅ​តុលាការ​ទីក្រុង (New York)ដែរ។ កាលនោះ លោក ហ៊ុន សែន ដែល​មាន​វត្តមាន​នៅ​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នោះ​ទេ ទើប​តុលាការ​បាន​ចេញ​ដីកា​សម្រេច​យោង​ទៅ​តាម​បណ្ដឹង​របស់ លោក សម រង្ស៊ី៕

4 comments:

Anonymous said...

This animal probably has slept with countless of khmer virgins over the years and has stolen millions of US dollars from corruption to fund his 4-star life style.

Anonymous said...

This fat pig looks very evil and stupid.

Anonymous said...

How many innocent khmers has he killed or imprisoned? If GOD exists, why did HE allow such an evil person to live a joyous life while so many kind heart khmers live in misery everyday?

Anonymous said...

He looks exactly like HING.