Khmer Circle:
"Strongman" always acting strong when no one opposes him. But, as soon as he is opposed by a stronger opponent, a U-turn is never far away.
🔼🔼🔼
ដោយ មាន ឫទ្ធិ
2022-02-07
លោក ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញចេតនាហាក់ចង់ដោះដៃចេញពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាហើយ ក្រោយពេលលោករងការរិះគន់ធ្ងន់ៗ និងបានបរាជ័យក្នុងបេសកកម្មជ្រោមជ្រែងរបបសឹក។ ក្រុមអ្នកឃ្លាំមើលយល់ថា ជារឿងល្អ ដែលលោក ហ៊ុន សែន ព្រមដកខ្លួនចេញ ព្រោះការផ្សងព្រេងលេងល្បែងនយោបាយអន្តរជាតិមួយនេះ អាចនាំគ្រោះថ្នាក់ដល់កម្ពុជា។
លោក ហ៊ុន សែន ហាក់បាក់អំនួតខុសពីពេលមុន និងហាក់ទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួនក្នុងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ទើបលោកប្រកាសលែងចង់ខ្វាយខ្វល់ពីវិបត្តិនៅប្រទេសមួយនេះទៀតហើយ។ ម្យ៉ាងវិញទៀត ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើន បានសម្រុកជេរប្រមាថលោកតាមបណ្ដាញសង្គម(facebook)។
ថ្លែងពីខេត្តក្រចេះ ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៧ ខែកុម្ភៈ លោក ហ៊ុន សែន លើកឡើងថា លោកនៅអាណ្ណត្តិជាប្រធានអាស៊ានមិនដល់១១ខែទៀតទេ ហើយក្រោយរយៈពេលនោះ លោកនឹងរង់ចាំមើលប្រធានអាស៊ានប្ដូរវេនបន្ត នឹងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដោយរបៀបណា។ ប៉ុន្តែលោក ហ៊ុន សែន នៅរក្សាជំហរចង់ឲ្យសហគមន៍អន្តរជាតិទទួលស្គាល់មេដឹកនាំរបបសឹកដដែល ដោយលោកអះអាងថា មានតែវិធីចរចាជាមួយរបបសឹកតែមួយគត់ ទើបអាចដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបាន។ មេដឹកនាំកម្ពុជា ដែលស្និទ្ធនឹងរបបសឹករូបនេះ ក៏មានជំនឿថា ក្រុមប្រឆាំងនៅភូមា នឹងមិនមានលទ្ធភាពផ្ដួលរំលំរបបយោធានៅទីក្រុងណៃពិដោរនោះទេ៖ «អ៊ីចឹង!បើអ្នកឯងទាត់ចោលពួកយោធា អ្នកឯងធ្វើសង្គ្រាម៥០ឆ្នាំថែមទៀត សូមអញ្ជើញចុះ។ ខ្ញុំរកសន្តិភាព និងការពារសន្តិភាពសម្រាប់ប្រទេសខ្ញុំ វាគ្រប់គ្រាន់ វាពិបាកពេកណាស់ទៅហើយ។ បើអ្នកចង់វាយគ្នា សូមអញ្ជើញវាយទៅចុះ។ វិធីសាស្ត្ររបស់ខ្ញុំ គឺពន្លត់ភ្លើងសង្គ្រាមសិន បានអាដំណើរការប្រជាធិបតេយ្យស្អីៗវាទៅតាមក្រោយ»។
ជំហររបស់លោក ហ៊ុន សែន ពេលនេះ គឺផ្ទុយពីអ្វីដែលលោក ធ្លាប់ផ្គើនធ្វើដំណើរទៅជួបមេដឹកនាំរបបសឹកភូមាជាឯកតោភាគី កាលពីដើមខែមករាកន្លងទៅ។ ការជំហរនេះ ត្រូវបានអ្នកឃ្លាំមើល យល់ថាដោយសារ លោក ហ៊ុន សែន បរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យសមាជិកអាស៊ានផ្សេងទៀត ព្រមទទួលយកមេដឹកនាំរបបសឹក ចូលរួមក្នុងកិច្ចប្រជុំរបស់អាស៊ាន នៅឆ្នាំ២០២២ និងដោយសារតែរបបសឹកភូមាបំបាក់មុខលោក ហ៊ុន សែន ដោយមិនបានអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា។ ជាមួយគ្នា រដ្ឋាភិបាលក្រុងភ្នំពេញ ក៏បានផ្លាស់ប្ដូរជំហរដែរ ដោយឈប់អញ្ជើញមេដឹកនាំ ឬតំណាងរបបសឹកភូមា មកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខនេះ។
ក្រុមអ្នកឃ្លាំមើលជឿថា លោក ហ៊ុន សែន កំពុងបង្ខំចិត្តងាកចេញពីរបបសឹក បែរមកយកចិត្តអាស៊ាន និងសហគមន៍អន្តរជាតិវិញ ព្រោះលោកបានរងភាពអាម៉ាស់ និងការបរាជ័យធ្ងន់ធ្ងរ នៅក្រោយដំណើរទស្សនៈកិច្ចផ្លូវការទៅជួបមេដឹកនាំរបបសឹក កាលពីដើមខែមករា។
អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ កញ្ញា សេង ធារី សង្កេតឃើញថា លោក ហ៊ុន សែន ទាល់ច្រក ទើបលោកបង្ខំចិត្តងាកមករកអាស៊ានវិញ ខណៈចិនមានបំណងឲ្យ លោក ហ៊ុន សែន ងាកមកចាប់អារម្មណ៍បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងវិញ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយអន្តរជាតិរូបនេះ ជឿថា លោក ហ៊ុន សែន នៅតែមានមហិច្ឆិតា ចង់ចងក្រងជាមួយរបបសឹកនៅភូមា និងតាមបណ្ដាប្រទេសតូចៗដែលកាន់លទ្ធិផ្ដាច់ការដទៃទៀត ព្រោះថា មហាអំណាចចិន និងរុស្ស៊ី កំពុងចាប់ដៃគ្នាពង្រឹងលទ្ធិកុំម្មុយនីស្តនៅទូទាំងពិភពលោកឡើងវិញ៖ «អំណាចផ្ដាច់ការធំជាងគេបង្គស់ ជាចិន និងរុស្ស៊ី ហើយឥឡូវគេចងក្រងគ្នាហើយ។ ចិនជាកម្លាំងមហាសាហាវមួយសម្រាប់ពិភពលោក ហើយក្រោមហ្នឹង ក៏គេចងក្រងអំណាចផ្ដាច់ការកំប៉ិចកំប៉ុក ដូចជា ហ៊ុន សែន អ្វីហ្នឹងក៏គេចងក្រងជួយគ្នាទៅវិញទៅមក ក្រោមមហាអំណាចចិន និងរុស្ស៊ី»។
ជាមួយគ្នានេះ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាមេដឹកនាំសហជីព លោក រ៉ុង ឈុន យល់ថា លោក ហ៊ុន សែន កំពុងរកវិធីដកជំហានចេញពីភូមាបន្តិចម្ដងសិន ព្រោះការដកខ្លួនចេញទាំងស្រុង ជាការបង្កើតភាពអាម៉ាស់ធ្ងន់ធ្ងរសម្រាប់មេដឹកនាំកម្ពុជា។ សម្រាប់ លោក រ៉ុង ឈុន ការដកខ្លួនពីវិបត្តិនៅភូមាជារឿងល្អ។ លោក បន្តថា ក្នុងករណីមេដឹកនាំរដ្ឋាភិបាលនៅតែបន្តលេងល្បែងជ្រោមជ្រែងរបបសឹកទៀត នោះផលអវិជ្ជមាន នឹងធ្លាក់មកលើកម្ពុជា ហើយរដ្ឋាភិបាលក៏នឹងអាចបរាជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានដែរ៖ «ហើយបើសិនជាគាត់ព្យាយាមនៅតែឱបក្រសោបរបបយោធាភូមា វាជារឿងអវិជ្ជមានសម្រាប់សង្គមកម្ពុជា ហើយក៏វាបង្កផលអាក្រក់សម្រាប់សហគមន៍ប្រជាជាតិអាស៊ានផងដែរ»។
រដ្ឋាភិបាល ធ្លាប់ខកខានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានម្ដងរួចមកហើយ ដោយសារតែថ្នាក់ដឹកនាំអាស៊ានមួយចំនួនមិនពេញចិត្ត ចំពោះដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់លោក ហ៊ុន សែន ទៅមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេស និងមេដឹកនាំសមាជិកអាស៊ាន ដូចជា សឹង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពិន បានលើកឡើងតាមសារព័ត៌មាន និងបញ្ជាក់ប្រាប់លោក ហ៊ុន សែន តាមកិច្ចប្រជុំទ្វេរភាគីថា ក្នុងករណីរបបសឹក មិនព្រមអនុវត្តលក្ខខណ្ឌទាំង៥ចំណុចរបស់អាស៊ាន នោះពួកគាត់មិនចង់ឃើញមេដឹកនាំ ឬតំណាងណាម្នាក់របស់របបសឹក នៅក្នុងកិច្ចប្រជុំរបស់អាស៊ាននោះទេ៕
1 comment:
Ah devil Hun Sen Euy, when will you go to hell?
Which evil keeps you alive ? The evil Yuon, or Chen, or both?
Post a Comment