ដោយ មួង ណារ៉េត
2022-03-14
(ស្តាំ) ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ និងម្តាយ គឺអ្នកស្រី ព្រុំ ចាន់ថា ក្រោយពីចូលស្តាប់សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ក្រុមគ្រួសារ និងមន្រ្តីសិទ្ធិមនុស្សចាត់ទុកសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញដែលសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ទុកជាបានការដដែលនោះ ថាជារឿងអយុត្តិធម៌។ ពួកគេបន្តទាមទារដល់អាជ្ញាធរទម្លាក់ចោលបទចោទប្រកាន់លើក្មេងប្រុសរូបនេះវិញ ព្រោះរូបគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ ហើយម្យ៉ាងទៀតគេជាអនីតិជនដែលមានជំងឺសតិស្មារតីអូទីស៊ឹម (Autism)។
ក្រុមគ្រួសារ និងមន្រ្តីសិទ្ធិមនុស្ស ខកចិត្តជាខ្លាំងចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលពួកគេចាត់ទុកថា ជារឿងមិនត្រឹមត្រូវ និងមិនឯករាជ្យដោយសាររឿងនយោបាយ។
ម្តាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីថា សាលាឧទ្ធរណ៍ភ្នំពេញសម្រេចសេចក្ដីដោយអយុត្តិធម៌ និងស្ថិតក្រោមសម្ពាធនយោបាយ ដែលជារឿងមិនអាចទទួលយកបានឡើយ។ លោកស្រីនៅតែអះអាងថា កូនប្រុសលោកស្រីមិនមានកំហុសដូចការចោទប្រកាន់នោះទេ។
ទោះយ៉ាងនេះក្តី ប្រពន្ធសមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំរូបនេះ ឱ្យដឹងថា លោកស្រីនឹងពិភាក្សាជាមួយមេធាវីការពារក្តី ដើម្បីប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត ខណៈបច្ចុប្បន្នកូនប្រុសលោកស្រីតែងតែរំលឹករឿងរ៉ាវនៅក្នុងពន្ធនាគារដែលគួរឱ្យឈឺចាប់បំផុត៖ «ធម្មតាតុលាការការពារប្រជាពលរដ្ឋ ធ្វើមិចឯករាជ្យនិងយុត្តិធម៌ ប៉ុន្តែគាត់ចាប់កូនខ្ញុំដាក់ពន្ធនាគារដោយអត់កំហុសហើយ ដល់ប្តឹងទៅឧទ្ធរណ៍ឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ គាត់អត់ទៀត គាត់គិតមិចបានជាធ្វើទង្វើបែបនេះដាក់ពលរដ្ឋស្លូតត្រង់ដែលពុំមានកំហុសសោះ គ្រាន់តែក្មេងម្នាក់មានជំងឺប្រចាំកាយ»។
លោកស្រី ព្រុំ ចាន់ថា បញ្ចេញប្រតិកម្មបែបនេះ ក្រោយពេលសាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកានៅព្រឹកថ្ងៃទី១៤ ខែមីនា ដោយសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ។ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសអនីតិជនរូបនេះដាក់ពន្ធនាគារចំនួន ៨ខែពីបទ «បទញុះញង់ និងបទប្រមាថមន្ត្រីរាជការសាធារណៈ» ពាក់ព័ន្ធនឹងការបង្ហោះសារតាមបណ្តាញសង្គម។ ប៉ុន្តែតុលាការជាន់ទាបមួយនេះបានសម្រេចឃុំខ្លួនក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ រយៈពេល ៤ខែកន្លះ ដោយទោសនៅសល់ត្រូវព្យួរ។
ថ្វីដ្បិតតែត្រូវបានដោះលែងក្តី តុលាការក្រុងភ្នំពេញ បានដាក់ក្មេងប្រុសរូបនេះឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេល២ឆ្នាំ ដោយតម្រូវឱ្យបង្ហាញខ្លួននៅចំពោះមុខតុលាការ គ្រប់ពេលដែលត្រូវបានកោះហៅ ឬជូនដំណឹងទៅតុលាការ និងត្រូវសុំការអនុញ្ញាត ប្រសិនបើផ្លាស់ប្ដូរអាស័យដ្ឋាន និងចង់ចាកចេញពីប្រទេស ព្រមទាំងដាក់លក្ខខណ្ឌមួយចំនួនទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសាលាឧទ្ធរណ៍ភ្នំពេញលោក យូ ប៊ុនឡេង ដើម្បីសាកសួរបន្ថែមអំពីការសម្រេចរបស់សាលាឧទ្ធរណ៍ក្នុងសំណុំ រឿងនេះបានទេ នៅថ្ងៃទី១៤ ខែមីនា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា សង្កេតឃើញថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បានទទួលរងការចាប់ខ្លួន និងផ្តន្ទាទោសដោយអយុត្តិធម៌តាំងពីដំបូង ដោយសារនេះរឿងនយោបាយ។ មន្រ្តីសង្គមស៊ីវិលរូបនេះបារម្ភថា ការសម្រេចមិនទម្លាក់ចោលការចោទប្រកាន់ និងមិនផ្តល់សេរីភាពពេញលេញនឹងធ្វើឱ្យប៉ះពាល់កិត្តិយស និងអនាគតក្មេងប្រុសរូបនេះ ហើយទន្ទឹមនឹងនេះតុលាការរងការរិះគន់បន្ថែមទៀតពីសហគមន៍ជាតិនិងអន្តរជាតិបន្តទៀតអំពីភាពមិនឯករាជ្យរបស់ខ្លួន៖ «ពិតជាមានការសោកស្តាយចំពោះការសម្រេចតម្តល់សាលក្រមរបស់សាលាដំបូងចំពោះករណី កាក់ សុវណ្ណច្ឆ័យ ពីព្រោះរឿងនេះយើងយល់ថា ជាការចាប់ខ្លួន ការចោទប្រកាន់ ដោយអយុត្តិធម៌តាំងពីដើមទីមក។ ករណីនេះ កាក់ សុវណ្ណច្ឆ័យ ក្មេងម្នាក់គ្រាន់តែជាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ បច្ចុប្បន្នមានអាយុ ១៧ ឆ្នាំ គឺជាកូនរបស់សកម្មជនបក្សប្រឆាំង លោក កាក់ កុម្ភារ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ក្រោមបទចោទ «រួមគំនិតក្បត់» និងបទ «ញុះញង់» ខណៈអ្នកស្រី ព្រំ ចាន់ថា ដែលជាម្ដាយ តែងតែសកម្មក្នុងការចេញតវ៉ាដោយអហិង្សា ដើម្បីទាមទារឱ្យដោះលែងប្ដី និងសកម្មជនគណបក្សសង្គ្រោះជាតិដទៃទៀតដែលកំពុងជាប់ឃុំ។ ក្មេងប្រុសរូបនេះ ក៏តែងតែចេញតវ៉ាជាមួយម្តាយដែរ ហើយបានធ្វើឲ្យគាត់ទទួលរងគ្រោះផ្ទួនៗ។
កាលពីដើមខែតុលា ឆ្នាំ២០២០ អាជ្ញាធររដ្ឋាភិបាល ធ្លាប់បានចាប់ឃុំខ្លួន និងប្រើហិង្សាសួរចម្លើយ អស់រយៈពេល៤៨ម៉ោងដោយសារគាត់ចូលទៅប្រមូលទង់គណបក្សសង្គ្រោះជាតិនៅឯទីស្នាក់ការកណ្ដាលគណបក្សនេះ។ បន្ទាប់មកនៅខែមេសា ឆ្នាំ២០២១ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូតាមវាយគាត់ដោយដុំឥដ្ឋបណ្តាលឲ្យរបួសក្បាលធ្ងន់ធ្ងរ។ សមត្ថកិច្ចនៅមិនទាន់ចាប់បានជនដៃដល់ណាម្នាក់យកមកផ្ដន្ទាទោសតាមច្បាប់ឡើយ។
ក្រុមអង្គការជាតិ និងអន្តរជាតិ ចាត់ទុកករណីទាំងនេះ គឺជាការគំរាមកំហែង ការយាយី និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោយបាយលើគ្រួសាររបស់សកម្មជនបក្សប្រឆាំង។ ក្រុមអង្គការជាតិ និងអន្តរជាតិ ទាមទារឲ្យតុលាការនិងរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការយាយីជាបន្ទាន់ និងទម្លាក់ចោលការចោទប្រកាន់លើសកម្មជននយោបាយ សមាជិកគ្រួសារ ព្រមទាំងអ្នករិះគន់ឲ្យមានសេរីភាពឡើងវិញ ព្រោះអ្នកទាំងនោះ ពុំបានប្រព្រឹត្តខុសច្បាប់ឡើយ៕
No comments:
Post a Comment