ដោយ ទីន ហ្សាការីយ៉ា
2022-03-19
មេដឹកនាំរបបសឹកភូមាលោក ម៊ីន អ៊ុងឡាំង (Min Aunglaing) (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo Courtesy
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងអះអាងថា កម្ពុជានិងរបបសឹកភូមា (Myanmar) សហការបណ្ដុះបណ្ដាលកងកម្លាំងពិសេសទៅវិញទៅមក គឺដើម្បីពង្រឹងអំណាចផ្ដាច់ការនៅក្នុងតំបន់។
ការលើកឡើងនេះធ្វើឡើង នៅក្រោយពីមេដឹកនាំជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយស្នើឲ្យកម្ពុជាបញ្ជូនកងកម្លាំងយោធាទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ថែមទៀតនៅពេលខាងមុខ។
អ្នកវិភាគនិងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង អះអាងថា កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានផង បានបង្ហាញជំហរកាន់តែច្បាស់ ក្នុងការគាំទ្ររបបយោធាមីយ៉ាន់ម៉ាខុសច្បាប់ ដើម្បីពង្រឹងអំណាចផ្ដាច់ការនៅអាស៊ាន។
អតីតតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានហៅ ការព្រមព្រៀង រវាងមន្ត្រីជាន់ខ្ពស់យោធា ភូមា និងកម្ពុជានេះថា ជាការពង្រឹងអំណាចផ្ដាច់ការ និងការពារគ្នា រវាងប្រទេសទាំងពីរ។ លោក អ៊ុំ សំអាន អះអាងថា ការព្រមព្រៀងគ្នានេះ គឺបង្ហាញថា របបផ្ដាច់ការកំពុងតែជួយគ្នាទៅវិញទៅមក៖ «ជួយគ្នាទៅវិញទៅមក ឯងជួយអញ ឯងជួយឯង ក្នុងពេលពិភពលោកកំពុងតែដាក់សម្ពាធលើភូមា មានតែលោក ហ៊ុន សែន ទេ ដែលជួយភូមា ដោយសារតែការដឹកនាំតាមលំនាំផ្ដាច់ការដូចគ្នា»។
ការលើកឡើងនេះ ធ្វើឡើងនៅស្របពេល មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា បានមកធ្វើទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាកាលពីថ្ងៃទី១៥ មីនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ទោ មួន សាម៉េត និងជាអគ្គមេបញ្ជាការរងនៃកងកម្លាំងពិសេសកម្ពុជា បានព្រមព្រៀងសហការជាមួយ អគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ាលោក មោង អេ (Maung Aye) ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងពិសេសទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងកម្លាំងរវាងប្រទេសទាំងពីរ។
ក្រៅពី កម្ពុជា និងភូមា ព្រមព្រៀងសហការបណ្ដុះបណ្ដាលកងកម្លាំងយោធាពិសេសនេះ កូនប្រុសរបស់លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានិត ជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំចារកម្មយោធាអាស៊ាន (AMIM-19) លើកទី១៩ដែរ កាលពីថ្ងៃទី១៥ មីនា។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ ការវិវត្តនៃសភាពការណ៍ថ្មី បញ្ហាប្រកួតប្រជែងផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃ ជាពិសេសបញ្ហាភេរវកម្ម និងបញ្ហាជំងឺកូវីដ១៩ជាដើម។
ប្រទេសលោក សេរី និងប្រទេសនៅក្នុងតំបន់អាស៊ានផង មិនទទួលស្គាល់របបសឹកភូមា ដែលដឹកនាំដោយលោក ម៊ីន អ៊ុងឡាំង (Min Aunglaing) នោះឡើយ។ មកទល់ពេលនេះ របបសឹកបានសម្លាប់ពលរដ្ឋរបស់ខ្លួនជិត២ពាន់នាក់ និងចាប់អ្នកប្រឆាំងខ្លួនជាង១ម៉ឺននាក់ផ្សេងទៀត ដាក់ពន្ធនាគារ។
សមាជិកសភាអាស៊ាន លោក ឆាល សានទីយ៉ាហ្គោ ( Charles Santiago) និងជាសមាជិកសភាម៉ាឡេស៊ី កាលពីថ្ងៃទី១៦ មីនា បានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានប្ដូរវេនអាស៊ាននោះថា បានព្យាយាមចូលរួមជាមួយមេដឹកនាំឧក្រិដ្ឋ លោក ម៊ីន អ៊ុងឡាំង ជាឯកតោភាគី ។ លោកបញ្ជាក់ថា សកម្មភាពរបស់លោក ហ៊ុន សែន នេះ ធ្វើឲ្យរាំងស្ទះ និងពន្យារពេលជំហានដ៏មានអត្ថន័យរបស់សហគមន៍អាស៊ាន ក្នុងការងារសង្គ្រោះជីវិតពលរដ្ឋភូមា។ លោកអះអាងថា អាស៊ានមានការទទួលខុសត្រូវផ្នែកនយោបាយ សីលធម៌ក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបង្កឡើងដោយផ្ទាល់ពីក្រុមមេដឹកនាំរបបសឹកខុសច្បាប់។
លោកបន្ថែមថា របបសឹកនៅតែបន្តប្រើអំពើហិង្សា ជាទ្រង់ទ្រាយធំ រួមទាំង ការឃុំខ្លួនដោយបំពាន មិនចាំបាច់ និងការប្រើប្រាស់កងកម្លាំងមិនសមហេតុផលប្រឆាំងក្រុមបាតុករដោយសន្តិវិធី ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងការធ្វើទារុណកម្មមនុស្សនៅក្នុងមន្ទីរឃុំឃាំងជាដើម។
អ្នកវិភាគនយោបាយ លោក បណ្ឌិត សូ ណារ៉ូ មានប្រសាសន៍ថា ស្របពេលអន្តរជាតិកំពុងថ្កោលទោស និងមិនទទួលស្គាល់របបសឹកនេះ កម្ពុជាមិនត្រូវសហការណាមួយជាមួយរបបខុសច្បាប់នេះទេ។ លោកបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានផង កំពុងតែធ្វើឲ្យអាស៊ានអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ៖ «ភូមាដែលប្រឹងប្រែងធ្វើនេះមិនខុសពីរុស្សីទេ។ ឥឡូវនេះកម្ពុជាធ្វើតាមកន្លងហ្នឹងដែរ ធ្វើឲ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិ ក្នុងនាមជាប្រធានអាស៊ានផង ដែលធ្វើឲ្យអាស៊ានសម្រេចព្រមគ្នាជាឯកច្ឆន្ទនោះទេ»។
រីឯអ្នកវិភាគនយោបាយនិរទេសខ្លួន នៅក្រៅប្រទេសវិញ លោក គឹម សុខ បញ្ជាក់ថា កម្ពុជាបានសហការយោធា ជាមួយរបបសឹកខុសច្បាប់នេះ តាំងពីលោកទៅជួបមេដឹកនាំយោធា ម៊ីន អ៊ុងឡាំង តាំងពីដើមខែមករាឆ្នាំ២០២២មកម្ល៉េះ។ លោកបញ្ជាក់ថា ការសហការគ្នាផ្នែកយោធារវាងប្រទេសទាំងពីរនេះ គឺជាការពង្រឹងអំណាចរបបខុសច្បាប់ភូមា និងពង្រឹងអំណាចផ្ដាច់ការត្រកូលហ៊ុន៖ «ទោះបីជាសមាជិកនានាមិនទទួលស្គាល់ ម៊ីនអ៊ុងឡាំងក៏ដោយ ក៏លោក ហ៊ុន សែន មិនដែល បង្ហាញជំហរថា ក្រុមម៊ីន អ៊ុងឡាំងនោះជារដ្ឋាភិបាលខុសច្បាប់ម្ដងណាទេ រហូតដល់ពេលនេះ រហូតទៅដល់ក្រុមលោក ហ៊ុន សែន ចុះកិច្ចព្រមព្រៀងពិសេស ហ៊ុន សែន ម៊ីន អ៊ុងឡាំងទៅទៀត»។
មេដឹកនាំយោធាកម្ពុជា សហការបណ្ដុះបណ្ដាលកងកម្លាំងពិសេសជាមួយភូមានេះ នៅស្របពេលការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (OHCHR) បានដាក់របាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៥មីនា បានរកឃើញថា ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្លាប់ និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ហើយកំពុងតែរីករាលដាលឥតឈប់ឈរ។ សកម្មភាពទាំងនោះមួយចំនួន ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងធ្វើឲ្យសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានបែកបាក់គ្នាកាន់តែខ្លាំង ដោយសារតែការសហការយោធាជាមួយមីយ៉ាន់ម៉ា នេះ។ ពួកគេលើកឡើងថា រដ្ឋាភិបាលកម្ពុជាធ្វើដូច្នេះ ដើម្បីបំពេញបំណងចិន ពីព្រោះថា ចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់៕
2 comments:
Khmers need to rise up and remove Hun Sen before it is too late. Khmers have no one to blame but themselves if Cambodia dies. Fight now to save Cambodia or flee like the Ukrainians when it is to late.
Did Ah Lngit Lngoung Hun Sen go to school to learn strategic combats ? Too many stars on his shoulder, make him look stupid.
Post a Comment