Sunday, 20 March 2022

"កម្ពុជា និង​ភូមា​សហការ​គ្នា​បណ្ដុះបណ្ដាល​កងកម្លាំង​យោធា​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​ក្នុង​តំបន់"


ដោយ ទីន ហ្សាការីយ៉ា
2022-03-19
"កម្ពុជា និង​ភូមា​សហការ​គ្នា​បណ្ដុះបណ្ដាល​កងកម្លាំង​យោធា​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​ក្នុង​តំបន់" 

មេដឹកនាំ​​របប​សឹក​ភូមាលោក ម៊ីន អ៊ុងឡាំង (Min Aunglaing) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
Photo Courtesy


អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា កម្ពុជា​និង​របប​សឹក​ភូមា (Myanmar) សហការ​បណ្ដុះបណ្ដាល​កង​កម្លាំង​ពិសេស​ទៅវិញ​ទៅ​មក គឺ​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​នៅ​ក្នុង​តំបន់។

ការ​លើកឡើង​នេះ​ធ្វើ​ឡើង នៅ​ក្រោយពី​មេដឹកនាំ​ជាន់ខ្ពស់​យោធា​មីយ៉ាន់ម៉ា បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ស្នើ​ឲ្យ​កម្ពុជា​បញ្ជូន​កង​កម្លាំង​យោធា​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ថែមទៀត​នៅ​ពេល​ខាង​មុខ។

អ្នកវិភាគ​និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង អះអាង​ថា កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ផង បាន​បង្ហាញ​ជំហរ​កាន់តែ​ច្បាស់ ក្នុង​ការ​គាំទ្រ​របប​យោធា​មីយ៉ាន់ម៉ា​ខុសច្បាប់ ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ​នៅ​អាស៊ាន។


អតីត​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ហៅ ការព្រមព្រៀង រវាង​មន្ត្រីជាន់ខ្ពស់​យោធា ភូមា និង​កម្ពុជា​នេះ​ថា ជា​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ និង​ការពារ​គ្នា រវាង​ប្រទេស​ទាំងពីរ​។ លោក អ៊ុំ សំអាន អះអាង​ថា ការ​ព្រមព្រៀង​គ្នា​នេះ គឺ​បង្ហាញថា របប​ផ្ដាច់ការ​កំពុងតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក៖ «ជួយ​គ្នា​ទៅវិញទៅមក ឯង​ជួយ​អញ ឯង​ជួយ​ឯង ក្នុង​ពេល​ពិភពលោក​កំពុងតែ​ដាក់​សម្ពាធ​លើ​ភូមា មានតែ​លោក ហ៊ុន សែន ទេ ដែល​ជួយ​ភូមា ដោយសារ​តែ​ការ​ដឹកនាំ​តាម​លំនាំ​ផ្ដាច់ការ​ដូចគ្នា»។

ការ​លើកឡើង​នេះ ធ្វើឡើង​នៅ​ស្រប​ពេល មន្ត្រី​យោធា​ជាន់ខ្ពស់​មីយ៉ាន់ម៉ា បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​ការ​អញ្ជើញ​របស់​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា​កាលពី​ថ្ងៃទី​១៥ មីនា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧត្តមសេនីយ៍​ទោ មួន សាម៉េត និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងកម្លាំង​ពិសេស​កម្ពុជា បាន​ព្រមព្រៀង​សហការ​ជាមួយ អគ្គសេនាធិការ​កងទ័ព​មីយ៉ាន់ម៉ា​លោក មោង អេ (Maung Aye) ក្នុង​ការ​បណ្ដុះបណ្ដាល​កង​កម្លាំ​ង​ពិសេស​ទៅវិញទៅមក ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កង​កម្លាំង​រវាង​ប្រទេស​ទាំងពីរ។

ក្រៅពី កម្ពុជា និង​ភូមា ព្រមព្រៀង​សហការ​បណ្ដុះបណ្ដាល​កង​កម្លាំងយោធា​ពិសេស​នេះ កូនប្រុស​របស់​លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានិត ជា​អគ្គនាយក អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ចារកម្ម​យោធា​អាស៊ាន (AMIM-19) លើក​ទី​១៩​ដែរ កាលពី​ថ្ងៃទី​១៥ មីនា​។ កិច្ចប្រជុំ​នេះ ផ្ដោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ការ​វិវត្ត​នៃ​សភាពការណ៍​ថ្មី បញ្ហា​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បែប​ប្រពៃណី និង​មិនមែន​ប្រពៃ ជាពិសេស​បញ្ហា​ភេរវកម្ម និង​បញ្ហា​ជំងឺ​កូវីដ​១៩​ជាដើម។

ប្រទេស​លោក សេរី និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផង មិន​ទទួល​ស្គាល់​របប​សឹក​ភូមា ដែល​ដឹកនាំ​ដោយ​លោក ម៊ីន អ៊ុងឡាំង (Min Aunglaing) នោះ​ឡើយ។ មក​ទល់​ពេល​នេះ របប​សឹក​បាន​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន​ជិត​២​ពាន់​នាក់ និង​ចាប់​អ្នកប្រឆាំង​ខ្លួន​ជាង​១​ម៉ឺន​នាក់​ផ្សេងទៀត ដាក់​ពន្ធនាគារ។

សមាជិកសភា​អាស៊ាន លោក ឆាល សានទីយ៉ាហ្គោ ( Charles Santiago) និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៦ មីនា បាន​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​ប្ដូរវេន​អាស៊ាន​នោះ​ថា បាន​ព្យាយាម​ចូលរួម​ជាមួយ​មេដឹកនាំ​ឧក្រិដ្ឋ លោក ម៊ីន អ៊ុងឡាំង ជា​ឯកតោភាគី ។ លោក​បញ្ជាក់​ថា សកម្មភាព​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឲ្យ​រាំងស្ទះ និង​ពន្យារ​ពេល​ជំហាន​ដ៏​មាន​អត្ថន័យ​របស់​សហគមន៍​អាស៊ាន ក្នុង​ការងារ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ភូមា​។ លោក​អះអាង​ថា អាស៊ាន​មានការ​ទទួលខុសត្រូវ​ផ្នែក​នយោបាយ សីលធម៌​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ដែល​បង្កឡើង​ដោយ​ផ្ទាល់​ពី​ក្រុម​មេដឹកនាំ​របប​សឹក​ខុស​ច្បាប់។

លោក​បន្ថែម​ថា របប​សឹក​នៅតែ​បន្ត​ប្រើ​អំពើ​ហិង្សា ជា​ទ្រង់ទ្រាយ​ធំ រួម​ទាំង ការ​ឃុំ​ខ្លួន​ដោយ​បំពាន មិន​ចាំបាច់ និង​ការប្រើប្រាស់​កងកម្លាំង​មិន​សម​ហេតុផល​ប្រឆាំង​ក្រុម​បាតុករ​ដោយ​សន្តិវិធី ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​នៅក្នុង​មន្ទីរឃុំឃាំង​ជាដើម។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សូ ណារ៉ូ មាន​ប្រសាសន៍​ថា ស្របពេល​អន្តរជាតិ​កំពុង​ថ្កោលទោស និង​មិន​ទទួលស្គាល់​របប​សឹក​នេះ កម្ពុជា​មិន​ត្រូវ​សហការ​ណាមួយ​ជាមួយ​របប​ខុសច្បាប់​នេះ​ទេ។ លោក​បញ្ជាក់​ថា កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ផង កំពុងតែ​ធ្វើ​ឲ្យ​អាស៊ាន​អាប់ឱន​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ​៖ «ភូមា​ដែល​ប្រឹងប្រែង​ធ្វើ​នេះ​មិន​ខុសពី​រុស្សី​ទេ​។ ឥឡូវ​នេះ​កម្ពុជា​ធ្វើតាម​កន្លង​ហ្នឹង​ដែរ ធ្វើ​ឲ្យ​កម្ពុជា​បាក់មុខ​លើ​ឆាក​អន្តរជាតិ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ផង ដែល​ធ្វើ​ឲ្យ​អាស៊ាន​សម្រេច​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​នោះ​ទេ»។

រីឯ​អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស​វិញ លោក គឹម សុខ បញ្ជាក់​ថា កម្ពុជា​បាន​សហការ​យោធា ជាមួយ​របប​សឹក​ខុសច្បាប់​នេះ តាំងពី​លោក​ទៅ​ជួប​មេដឹកនាំ​យោធា ម៊ីន អ៊ុងឡាំង តាំង​ពី​ដើម​ខែមករា​ឆ្នាំ​២០២២​មក​ម្ល៉េះ​។ លោក​បញ្ជាក់​ថា ការ​សហការ​គ្នា​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​នេះ គឺជា​ការ​ពង្រឹង​អំណាច​របប​ខុសច្បាប់​ភូមា និង​ពង្រឹង​អំណាច​ផ្ដាច់ការ​ត្រកូល​ហ៊ុន​៖ «ទោះបីជា​សមាជិក​នានា​មិន​ទទួលស្គាល់ ម៊ីនអ៊ុងឡាំង​ក៏ដោយ ក៏​លោក ហ៊ុន សែន មិនដែល បង្ហាញ​ជំហរ​ថា ក្រុម​ម៊ីន អ៊ុងឡាំង​នោះ​ជា​រដ្ឋាភិបាល​ខុសច្បាប់​ម្ដងណា​ទេ រហូត​ដល់​ពេល​នេះ រហូត​ទៅ​ដល់​ក្រុម​លោក ហ៊ុន សែន ចុះ​កិច្ចព្រមព្រៀង​ពិសេស ហ៊ុន សែន ម៊ីន អ៊ុងឡាំង​ទៅ​ទៀត»។

មេដឹកនាំ​យោធា​កម្ពុជា សហការ​បណ្ដុះបណ្ដាល​កង​កម្លាំង​ពិសេស​ជាមួយ​ភូមា​នេះ នៅ​ស្រប​ពេល​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស (OHCHR) បាន​ដាក់​របាយការណ៍​ជូន​ក្រុមប្រឹក្សាសន្តិសុខ​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​១៥​មីនា បាន​រក​ឃើញ​ថា ក្រុម​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បាន​សម្លាប់ និង​រំលោភសិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ហើយ​កំពុងតែ​រីក​រាលដាល​ឥត​ឈប់ឈរ។ សកម្មភាព​ទាំងនោះ​មួយចំនួន ស្មើនឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ធ្វើ​ឲ្យ​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​បែកបាក់​គ្នា​កាន់តែ​ខ្លាំង ដោយសារតែ​ការ​សហការ​យោធា​ជាមួយ​មីយ៉ាន់ម៉ា នេះ​។ ពួកគេ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដូច្នេះ ដើម្បី​បំពេញ​បំណង​ចិន ពី​ព្រោះ​ថា ចិន​កំពុងតែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕

2 comments:

Anonymous said...

Khmers need to rise up and remove Hun Sen before it is too late. Khmers have no one to blame but themselves if Cambodia dies. Fight now to save Cambodia or flee like the Ukrainians when it is to late.

Anonymous said...

Did Ah Lngit Lngoung Hun Sen go to school to learn strategic combats ? Too many stars on his shoulder, make him look stupid.