Thursday, 17 March 2022

ក្រសួងមហាផ្ទៃ​ថា អ្នក​ជាប់​ឃុំ​ជាង ៣ម៉ឺន​នាក់ ក្នុង​នោះ​ជាង ៥០% ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន


ដោយ ម៉ៅ សុធានី
2022-03-16
ក្រសួងមហាផ្ទៃ​ថា អ្នក​ជាប់​ឃុំ​ជាង ៣ម៉ឺន​នាក់ ក្នុង​នោះ​ជាង ៥០% ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន 

(រូបឯកសារ) អ្នក​ទោស​នៅ​ខេត្ត​ត្បូង​ឃ្មុំ (អាវខៀវ) នាំ​គ្នា​អង្គុយ​ស្ដាប់​មន្ត្រីផ្សព្វផ្សាយ​អំពី​ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស កាល​ពី​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកក្រសួងយុត្តិធម៌

 

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មាន​អ្នក​ជាប់​ពន្ធនាគារ​ជាង ៣ម៉ឺន​នាក់ ក្នុង​នោះ​ជាង ៥០% ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

ការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) តាម​ប្រព័ន្ធ​វីដេអូ កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា។លោក ស ខេង ក៏​បាន​ទទួល​ស្គាល់ ពី​បញ្ហា​ចង្អៀន​ណែន​ក្នុង​ពន្ធនាគារ ហើយ​ថា ក្រសួង​មហាផ្ទៃ កំពុង​យក​ចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ដើម្បី​ដោះ​ស្រាយ និង​កំពុង​ពិចារណា ដោះ​លែង​អ្នក​ឃុំ​ខ្លួន​ស្រាលៗ មួយ​ចំនួន ដោយ​រង់ចាំ​នីតិវិធី​របស់​តុលាការ។

ក្នុង​ជំនួប​នេះ​ដែរ លោក ស​ខេង ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ជន​ភៀស​ខ្លួន ដោយ​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន កម្ពុជា​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន នូវ​កាតព្វកិច្ច​របស់​ខ្លួន លើ​ជន​ភៀស​ខ្លួន ម៉ុងតាញ៉ា ដែលបានឆ្លងដែនចូលមកកម្ពុជា និង​កំពុង​ស្វះស្វែង​រក​ប្រទេស​ទី៣ សម្រាប់​ពួក​គេ​ទៅ​រស់​នៅ។ លោក បន្តថា កម្ពុជា​ក៏​បាន​សហការ​ជាមួយ​អង្គការ យូអិន អេច្ចស៊ីអរ (UNHCR) ដើម្បី​សម្រួល​ការងារ​ដល់​ជន​ភៀស​ខ្លួន​ណា ដែល​ចង់​វិល​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ៕

1 comment:

Anonymous said...

Poisoning Khmer people's mind is one of Yuon's long plans.