ដោយ ម៉ៅ សុធានី
2022-03-16
(រូបឯកសារ) អ្នកទោសនៅខេត្តត្បូងឃ្មុំ (អាវខៀវ) នាំគ្នាអង្គុយស្ដាប់មន្ត្រីផ្សព្វផ្សាយអំពីការបន្ធូរបន្ថយ និងលើកលែងទោស កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកក្រសួងយុត្តិធម៌
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ពន្ធនាគារជាង ៣ម៉ឺននាក់ ក្នុងនោះជាង ៥០% ពាក់ព័ន្ធនឹងគ្រឿងញៀន។
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើឡើងក្នុងជំនួបជាមួយ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៥ ខែមីនា។លោក ស ខេង ក៏បានទទួលស្គាល់ ពីបញ្ហាចង្អៀនណែនក្នុងពន្ធនាគារ ហើយថា ក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីដោះស្រាយ និងកំពុងពិចារណា ដោះលែងអ្នកឃុំខ្លួនស្រាលៗ មួយចំនួន ដោយរង់ចាំនីតិវិធីរបស់តុលាការ។
ក្នុងជំនួបនេះដែរ លោក សខេង ឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោកថា លោកក៏បានលើកឡើងពីបញ្ហាជនភៀសខ្លួន ដោយបញ្ជាក់ថា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន លើជនភៀសខ្លួន ម៉ុងតាញ៉ា ដែលបានឆ្លងដែនចូលមកកម្ពុជា និងកំពុងស្វះស្វែងរកប្រទេសទី៣ សម្រាប់ពួកគេទៅរស់នៅ។ លោក បន្តថា កម្ពុជាក៏បានសហការជាមួយអង្គការ យូអិន អេច្ចស៊ីអរ (UNHCR) ដើម្បីសម្រួលការងារដល់ជនភៀសខ្លួនណា ដែលចង់វិលត្រឡប់ទៅភូមិកំណើតវិញ៕
1 comment:
Poisoning Khmer people's mind is one of Yuon's long plans.
Post a Comment