Thursday, 10 March 2022

សាច់ញាតិ​​ជន​រង​គ្រោះ​ដែល​​ជនជាតិ​ចិន​វាយ​នៅ​ក្រុង​ប៉ោយប៉ែត​ រិះគន់​អាជ្ញាធរ ​ថា​មិន​អើពើ​​ចាប់​ជនល្មើសមក​​ផ្ដន្ទាទោស


ដោយ មួង ណារ៉េត
2022-03-09
RFA



សាច់ញាតិ​ជនរង​គ្រោះ​ដែល​ត្រូវ​បាន​ក្រុម​ជនជាតិចិន​វាយ​ធ្វើ​បាប​នៅ​ក្រុងប៉ោយប៉ែត​ រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ថា​ យឺតយ៉ាវ​ក្នុង​ការ​តាម​ចាប់​ក្រុម​ជនល្មើស​ប្រដាប់​​អាវុធ​មក​ផ្ដន្ទាទោស​តាមច្បាប់​។ សង្គម​ស៊ីវិល​យល់​ថា​ អាជ្ញាធរ​គួរតែ​សហការ​គ្នា​ជា​មួយសមត្ថកិច្ច​ជំនាញ​ស៊ើបអង្កេត​ចាប់​ក្រុមជន​ដៃដល់​ទាំង​នោះ​ឱ្យ​បាន​​ឆាប់​ដើម្បី​ស្វែង​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ​។

ក្រុម​គ្រួសារ​ជនរង​គ្រោះ​ដែល​ត្រូវ​បាន​ជនជាតិ​ចិន​ប្រដាប់​អារុធ​មួយ​ក្រុម​ព្រួត​គ្នា​វាយ​ធ្វើ​បាប​នៅ​ក្រុងប៉ោយប៉ែត​កន្លង​ទៅ​ថ្មីៗនេះ​ ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​​ការ​ស៊ើបអង្កេត​តាម​ចាប់​ជន​ដៃ​ដល់​មក​​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​។

ម្ដាយ​របស់​ស្រី្ត​ជនរង​គ្រោះ ​គឺ​លោកស្រី​ រ៉ានី​ ប្រាប់​វិទ្យុ​អាសេរី​នៅ​ថ្ងៃ​ទី៨ ខែ​មីនា​ថា​ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ល្មើស​បាន​ម្នាក់​នៅ​ឡើយ​ បន្ទាប់​ពី​លោកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ស្ទើរ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ក្រុងប៉ោយប៉ែត​កាល​ពីថ្ងៃទី២ ខែ​មីនា​ ក្រោយ​ពី​ជនជាតិចិន​មួយ​ក្រុម​ព្រួតវាយ​កូន​ស្រី​និង​កូន​ប្រសារ​លោកស្រី​ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា​កាល​ពីថ្ងៃ​ទី២ ខែ​មីនា​កន្លង​ទៅ​។



លោកស្រី​រៀបរាប់​ថា​ ដើមហេតុកើត​រឿង​នេះ​ គឺ​មាន​ជនជាតិថៃ២​នាក់​ចូល​ហាងកាត់​សក់​កូន​លោក​ស្រី​កាល​ពី​ថ្ងៃទី២ ខែ​មីនា​ បន្ទាប់​មក​មាន​ជនជាតិចិន​មួយ​ក្រុម​មាន​គ្នា​ជាង១០នាក់​ចេញ​ពី​រថយន្ត៣គ្រឿង ​អមដោយ​ស្ត្រីខ្មែរ​ម្នាក់​ជា​អ្នក​បកប្រែ​ និង​ក្រុម​សន្តិសុខជាង២០នាក់​ក្នុង​បំណង​វាយ​ជនជាតិថៃ​ទាំង២នាក់​នោះ​។​ ពេល​នោះ​កូនស្រី​លោកស្រី​បាន​ប្រាប់​ក្រុមជនល្មើស​ទាំង​នោះ​ថា ​មិន​បាន​ស្គាល់​ជនជាតិ​ថៃ​ទាំង​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​មិន​ស្ដាប់​ក៍​ព្រួត​គ្នា​វាយ​កូនលោកស្រី​ឱ្យ​របួស​ធ្ងន់​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត​៖ «ពេល​ខ្ញុំ​ទៅ​ទាន់​ ចិន​វា​អូស​កូនស្រី​ខ្ញុំ​ញាត់​ចូលឡាន​ មាន​កាំភ្លើង២ដើម​ ញញួរ​ ដែកឆក់​ មាន​ស្រីខ្មែរ​បកប្រែ​ឱ្យ​ចិន​បកប្រែ​មិន​ដឹង​រឿង​វាយ​យកៗ​។ ខ្ញុំ​សួរ​កូន​ខ្ញុំ​ថា ​ស្គាល់​គ្នា​ទេ​ ថា​អត់​ដែល​ស្គាល់​សោះ​។ កូនស្រី​ខ្ញុំ​ត្រូវ​គេ​វាយ​គ្រប់​កន្លែង​ទាំង​អស់​ហ្នឹង​»។

លោកស្រី រ៉ានី​ បន្ត​ថា​ ក្រុមជនល្មើស​ទាំង​នោះ​មាន​កាំភ្លើង​ខ្លី​ ដំបងឆក់​ ញញួរ​ និង​បំពងដែក​បានព្រួតគ្នា​វាយ​ធ្វើ​បាប​កូន​ស្រី​របស់លោកស្រី ឈ្មោះ​ ធីតា​ ទាំង​កម្រោល ​​និង​កូន​ប្រសារ​លោកស្រី​ឈ្មោះ ហ្វាំង ស៊ីន​ ​(Fang Zhine)​ បណ្តាល​ឱ្យ​បាក់​ថ្គាម​របួស​ក្បាល​ធ្ងន់​៖ «កូន​ប្រសារ​ធ្ងន់​ជាង​គេ​ វា​ត្រូវ​ក្បាល​ចង់​ផុស​លលាដ៍​ហើយ​ព្រោះ​ត្រូវ​នឹង​ញញួរ​។ ចៅ​ខ្ញុំ​ពេល​ទៅ​ជួយ​អោបកូនស្រី​ខ្ញុំ​ចុងក្រោយ​ហ្នឹង​ អា​ចិន​ក្បាល​ត្រងោល​វា​ឆក់​»។

ទាក់ទង​នឹង​បញ្ហា​នេះ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន្ត​លោក អេង លីហួ​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជនល្មើស​ម្នាក់​ឡើយ​។ លោក​អះអាង​ថា​ អាជ្ញាធរ​បាន​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ជំនាញ​ក្នុង​មូលដ្ឋាន​បន្តការ​ស្រាវជ្រាវ​ជនល្មើស​ទាំងនោះ​ជា​បន្ត​បន្ទាប់​ និង​មាន​ការ​ស្នើ​ឱ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​​ថ្នាក់​ជាតិ​បន្ថែម​ទៀត​៖ «សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​មាន​តម្រុយ​មួយ​ចំនួន​ហើយ​។ ការ​​កាន់​អាវុធ​ទៅ​រំខាន​ការ​ធ្វើអាជីវកម្ម​អ្នកដដៃ​យើង​ត្រូវ​តែ​បង្ក្រាប​ មិន​ថា​តែ​ចិន​ ឬ​ខ្មែរ​ទេ​ឱ្យ​តែ​មាន​អំពើ​ខុសច្បាប់​យើង​ត្រូវ​តែ​បង្រ្កាប​»។

ជុំវិញរឿងនេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​​(Adhoc) ​ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា​ ជំរុញ​ឱ្យ​អាជ្ញាធរ​និង​ក្រសួងជំនាញ​ស៊ើប​អង្កេត​ស្វែង​រក​ក្រុមឧក្រិដ្ឋជន​ទាំងអស់​ឱ្យ​ខាន​តែ​បាន​និង​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់​។ លោក​មើល​ឃើញ​ថា​ ករណី​ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​បែបនេះ​បាន​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​ ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង​ ទើប​ធ្វើ​ឱ្យ​ក្រុមឧក្រិដ្ឋ​មិន​ខ្លាច​សំណាញ់​ច្បាប់​ ហើយ​បន្ត​ប្រព្រឹត្តបទល្មើស​បង្ក​អសន្តិសុខ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​រស់​នៅ​ទាំង​ភាព​ភ័យខ្លាច​៖ «ជនជាតិ​ចិន​កន្លង​មក​មាន​កាប់​គ្នា​ បាញ់​គ្នា​ វាយ​គ្នា​ វា​អត់​ថ្មី​សោះ​សម្រាប់​ក្រុង​ប៉ោយប៉ែត​។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​ទាក់ទង​ការ​រឹតបន្តឹង​ការ​ការពារ​ដល់​ប្រជាពលរដ្ឋ​ហាក់​ដូចជា​តួនាទី​របស់​អាជ្ញាធរ​ធូរលុង​នៅឡើយ​។ ត្រូវ​ពិនិត្យ​ថា​ជនជាតិចិន​ទាំងអស់​ហ្នឹង​មាន​កាំភ្លើង​កាំបិត​ការ​ប្រព្រឹត្ត​របស់​វា​យ៉ាង​ម៉េច​?​»។

មន្ត្រី​សង្គមស៊ីវិល​រូប​នេះ​ ស្នើ​ដល់​អាជ្ញាធរ​បើកការ​ស៊ើបអង្កេត​ឱ្យ​មាន​ប្រសិទ្ធភាព​អ្នក​ដែល​បាន​លក់អាវុធ​ឱ្យ​ជនជាតិចិន​កន្លង​មក​ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​រឹតបន្តឹង​ច្បាប់​លើ​ជនជាតិចិន​ណា​ដែល​មាន​ចរិត​កោងកាច​បង្កហានិភ័យ​ដល់​ប្រទេសកម្ពុជា​។

បច្ចុប្បន្ន​ជនរង​គ្រោះ​មិនទាន់​ធូរស្រាល​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​មាន​ដុំឈាម​កក​ក្នុង​ខួរក្បាល​។ លោកស្រី ស្រី រ៉ានី​ សង្ឃឹម​ថា​អាជ្ញាធរ​នឹង​អនុវត្តច្បាប់​ប្រកប​ដោយ​តម្លាភាព​ ស្មោះត្រង់​ យុត្តិធម៌​ នឹង​តាម​ចាប់​ក្រុមឧក្រិដ្ឋជន​ទាំងអស់​នោះ​ដែល​ធ្វើ​សកម្មភាព​ព្រៃផ្សៃ​លើ​គ្រួសារ​លោកស្រី​៕

No comments: