Thursday, 10 March 2022

តុលាការ​ បន្ត​សវនាការ​​លើ​​សំណុំ​រឿង​​កញ្ញា សេង ធារី​ និង​​សកម្មជន​បក្សប្រឆាំង​


ដោយ ទីន ហ្សាការីយ៉ា
2022-03-10
តុលាការ​ បន្ត​សវនាការ​​លើ​​សំណុំ​រឿង​​កញ្ញា សេង ធារី​ និង​​សកម្មជន​បក្សប្រឆាំង​​ 

(រូបទីពីររាប់ពីឆ្វេង) កញ្ញា សេង ធារី អ្នកជំនាញ​ច្បាប់ និង​នយោបាយ​អន្តរជាតិស្លៀកពាក់ស លាបមុខពណ៌ខ្មៅចូលរួមសវនាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

 

តុលាការ​ក្រុង​ភ្នំពេញ​​នៅថ្ងៃទី១០ ​ខែមីនា ​បន្ត​សវនាការ​លើកទី​១២ ​​លើ​សំណុំ​រឿង​របស់​​អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី​ និង​​សកម្មជន​បក្សប្រឆាំង​៣នាក់​​ ពាក់ព័ន្ធនឹង​​ការចោទប្រកាន់​ពី​បទ​ញុះញង់​ និង​រួម​គំនិត​ក្បត់។ ជនជាប់ចោទ​នៅ​តែ​យល់ថា ​​សវនាការ​លើ​សំណុំរឿង​នេះ ​​មាន​​ចរិត​​នយោបាយ ​ដូច្នេះ​គ្មាន​​សង្ឃឹម​ក្នុងការ​ទទួល​បាន​យុត្តិធម៌​នោះទេ។​

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរ​ជាតិកញ្ញា សេង ធារី ​បាន​តុបតែង​ខ្លួន​ខុសប្លែក​ពី​លើក​មុនៗ​ទៀត ក្នុងពេលចូលសវនាការ។ ​កញ្ញា​ សេង ធារី ​រួមជាមួយ​សកម្មជន​សង្គម​និង​ជា​អតីត​អ្នកទោស​មនសិការ​លោកស្រី ​សាត ផា ​បាន​ស្លៀក​​សំលៀក​បំពាក់​​​ឈុត​បុរាណ​ពណ៌​សចងក្បិន​ដែល​តំណាង​ឲ្យ​យុត្តិធម៌​ ឬ​ភាពល្អ​បរិសុទ្ធ​ដែល​ពលរដ្ឋ​ចង់​បាន។ ក្រៅពីនេះ​ពួកគាត់ ​​លាបមុខ​និង​សក់​ពណ៌ខ្មៅ​ ដូច​បាល់ ​ហើយ​​ពាក់​វ៉ែនតាខ្មៅ ​ពាក់​ម៉ាស់​ពណ៌ខ្មៅ​ ដែល​តំណាង​ឲ្យ​ភាព​ខ្មៅ​ងងឹត​របស់​ថ្នាក់​ដឹកនាំ​ដែល​បឺត​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ។ នៅលើ​ខ្លួន​ពួកគាត់​ ក៏មាន​ពាក់​លេខ ​២៥២ គឺជា​​​មាត្រា​មួយ​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​ដែល​​ស្នើសុំឲ្យ​តុលាការ​មោឃៈ​ភាព​​ ឬ​បញ្ឈប់​​សវនា​ការ​​ដ៏​ចម្រូង​ចម្រាស់នេះ​​។​


រីឯ​ដៃ​របស់​ពួកគាត់ ​មាន​កាន់ផ្កា​ឈូករ័ត្ន​ ដែល​ជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​ឈ្លានពាន​​ដូចនៅ​ប្រទេស​អ៊ុយ​ក្រែន (Ukraine)។ ពួក​គាត់​ ​នាំគ្នាដើរថ្មើ​ជើង​និង​ស្រែក​រកយុត្តិធម៌​​ចេញ​ពីមុខ​អគារ​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍ ​(Nagaworld)​ នៅ​ម៉ោង​៧ព្រឹក​ ឆ្ពោះ​មក​កាន់​សាលាដំបូង​រាជធានីភ្នំពេញ ​ដើម្បី​​ចូល​រួម​​សវនាការ ​ក្រោម​ការ​ឃ្លាំមើល​ពី​កម្លាំង​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​ជា​ច្រើន​នាក់​​​៖ «សេរីភាព! ដោះលែងកូដករណាហ្គាវើល៍ ដោះលែងអ្នកទោសនយោបាយ ដោះលែងអ្នកទោសមនសិការ។ ដោះលែងៗ»។

នៅពេល​កញ្ញា​ដើរ​ដល់​មុខ​ភូមិគ្រឹះ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្បែរ​វិមាន​ឯក​រាជ្យ​ ត្រូវបាន​ក្រុមសមត្ថកិច្ច ​រារាំង​និង​បង្ខំចិត្ត​ជិះ​ម៉ូតូ​កងបី​ទៅ​​តុលាការ​វិញ។ពេល​ចូល​ក្នុង​បន្ទប់​សវនាការ ចៅក្រម និង​តំណាងអយ្យការ​លោក សេង ហៀង ​បាន​ទាម​ទារ​ឲ្យ​កញ្ញា ​សេង ធារី ​ជូត​មុខ​ឲ្យ​ស្អាត​ ​ដោះវ៉ែនតា ​និង​ដូរម៉ាស់​ពណ៌​ខ្មៅ​ចេញ​​វិញ​ ដោយ​គ្មាន​មូលហេតុ។ ប៉ុន្តែ​កញ្ញា សេង ធារី ​យល់​​ព្រម​ធ្វើតាម​ ដើម្បី​កុំ​ឲ្យ​ពន្យា​រពេល​សវនាការ​។ ​សវនាការនេះ​ ក៏មាន​វត្តមាន​សកម្មជន​បក្ស​ប្រឆាំង​កំពុង​​ជាប់​ឃុំ​៣​នាក់ គឺ​លោក ហេង ច័ន្ទ​សុទ្ធី ​លោក កាក់ កុម្ភារ ​​និង​​លោក ទុំ ប៊ុនថន ​ផងដែរ​។ តុលាការ​បាន​សួរ​បញ្ជាក់​លើ​កញ្ញា សេង ធារី ​ថា​តើជាប់​ពាក់ព័ន្ធ​និងដឹងលឺបែបណាជុំវិញដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី? កញ្ញា សេង ធារី ​ឆ្លើយថា ​កញ្ញា គាំទ្រ​ពេញទំហឹង​នូវ​​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ​ដោយ​សន្តិវិធី ​​ប៉ុន្តែកញ្ញាមិន​បាន​ដឹង​ និង​មិន​បាន​គាំទ្រ​រឿង​ផ្តួល​រំលំ​រដ្ឋាភិបាលនោះទេ។ បន្ទាប់មក ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ចៅក្រមលោក រស់​ ពិសិដ្ឋ ​បាន​ផ្តល់​​ឱកាស​​ឲ្យ​នគរ​បាល​យុត្តិ​ធម៌​​ជិត​១០​នាក់​ដែល​ជា​អ្នក​ក​សាង​សំណុំរឿង​ ដើម្បី​ឆ្លើយ​បំភ្លឺ​ និង​បង្ហាញ​ភ័ស្តុតាង​។

មន្ត្រី​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​របស់​ក្រសួងមហាផ្ទៃ ​បាន​​អាន​របាយការណ៍​ជា​អក្សរ​​ដែល​បាន​ដកស្រង់​ពី​​​វីដេអូ​ខ្លីប​ចំនួន​៣​របស់​លោក សម រង្ស៊ី ​ពាក់ព័ន្ធនឹង​ការ​អំពាវនាវ​តាមហ្វេសប៊ុក (Facebook) ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ប្រជា​ពលរដ្ឋ​ រួមគ្នា​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ស្រុកខ្មែរ។ មន្ត្រីនគរបាល​យុត្តិធម៌អះអាងថា​ សារ​របស់​លោក សម រង្ស៊ី នេះ ​ខុសច្បាប់​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់។ ទោះជាយ៉ាង​ណា ​មេធាវី​ពីររូប​ដែល​ការពារក្តី​ឲ្យ​ជនជាប់ចោទ​​ គឺ​លោក ​សំ សុខគង់ ​និង​លោក ជូង ជូងី ​បាន​ចោទ​សួរ​​ទៅវិញថា ​ ប្រសិនបើ​លោក សម រង្ស៊ី ​ខុសច្បាប់​ ហេតុអ្វី​មិនឲ្យ​លោក​ចូលស្រុក​ដើម្បី​ចាប់ខ្លួន។ មន្ត្រីទាំងនោះ ​ឆ្លើយថា ​អាជ្ញាធរ ​រារាំង​មិន​ឲ្យ​លោក ​សម រង្ស៊ី ​ចូលស្រុក ​ព្រោះ​ខ្លាច​មាន​ពលរដ្ឋ ​និង​កងទ័ព​ចូលរួម​ជាមួយ​មេបក្សប្រឆាំង​រូបនេះ​ផ្តួល​រំលំ​រដ្ឋាភិបាល។ ​សំណួរ​មួយចំនួន​របស់​មេធាវីការពារ​ក្តី​ ​គឺ​ក្រុម​​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងនោះ ​ហាក់​ឆ្លើយ​​រដាក់រដុប​និង​មិនសូវ​ចំ​ចំណុច ​​បណ្តាល​ឲ្យ​អ្នក​ចូល​ស្តាប់​អស់​សំណើច​ផងដែរ។​​​​

មេធាវី​ការពារក្តី​ឲ្យ​កញ្ញា សេង ធារី ​គឺ​លោក ជូង ជូងី ​ថ្លែងថា ទោះបីជាពេញចិត្ត ឬមិនពេញចិត្តចំពោះសវនាការនេះក្តី ក៏លោកកំពុង​ខិតខំ​តតាំងគ្រប់​នីតិវិធី​របស់​តុលាការ  ​ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​កូនក្តី៖ «សម្រាប់​កូនក្តីខ្ញុំ​ គឺ​គាត់​អត់​សប្បាយ​ចិត្តទេ។ កញ្ញា ​សេង​ ធារី ​អះអាងថា ​ជា​សវនាការ​ឆាកល្ខោន ​ជាតុលាការ​ធ្វើតាម​បញ្ជា​របស់​អ្នក​មាន​អំណាច។ ប៉ុន្តែ​យើង​ជាមេធាវី ​គឺ​យើង​អត់មាន​ជម្រើសទេ ​យើង​ត្រូវតែ​ចូលរួម​ដើម្បី​ការពារ​សិទ្ធិកូន​ក្តី​របស់យើង​ទៅតាម​នីតិវិធី​របស់យើង​ តែប៉ុណ្ណឹង​ឯង»។

ជាមួយគ្នានេះ ​ក្រោយ​ចប់​សវនាការ​​កញ្ញា សេង ធារី ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​តុលាការ​ថា ​ភ័ស្តុតាង​មួយចំនួន​នៅក្នុង​របាយការណ៍​របស់​នគរបាល​យុតិ្តធម៌ ​គឺ​មិន​ស្របគ្នា​ជាមួយ​នឹង​វីដេអូ​ជាក់ស្តែង​របស់​លោក សម រង្ស៊ី ​នោះទេ។ ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិរូបនេះ ​នៅតែ​អះអាងថា ​ការគាំទ្រ​ផែនការ​វិល​ចូលស្រុក​របស់​លោក សម រង្ស៊ី ​គឺជា​សិទ្ធិស្របច្បាប់ ​ដូច្នេះ​តុលាការ​ ត្រូវតែ​បញ្ចប់​សវនាការ​បែប​ឆាកល្ខោន​នេះ៖ «គាត់ ​សួរ​ថា​ តើខ្ញុំបាន​បំផុស​ ឬដឹងលឺ​ថា ​លោក សម រង្ស៊ី បាន​បំផុស​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​នេះទេ? ខ្ញុំថា ​អត់ទេ ​ព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​ទៅ​ចូលរួម គឺខ្ញុំ​បាន​ចូលរួម​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ ស្វាគមន៍​លោក សម រង្ស៊ី ​ហើយ​មិនមែនជា​រដ្ឋាភិបាល​ គឺជា​របបផ្តាច់ការ»។

សវនាការនេះ ​មាន​ការ​ចូល​រួម​ឃ្លាំមើល​ពី​តំណាង​ស្ថានទូត​លោក​សេរី​មួយ​ចំនួន អង្គការ​សង្គម​ស៊ីវិល អ្នក​សារ​ព័ត៌មាន​ និង​សាច់​ញាតិ​របស់​ជន​ជាប់​ឃុំ។ តុលាការ ​នឹង​​បន្តសវនាការ​លើ​សំណុំរឿង​ដដែលនេះ​នៅថ្ងៃទី១៥ ​ខែមីនា​ ខាងមុខ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ស៊ឹង សែនករុណា​ សង្កេត​ឃើញ​ថា ​ការចោទប្រកាន់​ និង​ការកាត់ទោស​លើ​សកម្មជន​នយោបាយ ​និង​កញ្ញា សេង ធារី នេះ ​ភ័ស្តុតាង​ដាក់​បន្ទុក​​ភាគច្រើន ​គឺខាង​នគរបាល​យុត្តិធម៌​ និង​តុលាការ ​ផ្តោត​លើ​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​ (Facebook)។ លោកយល់ថា ក្តីក្តាំ​ដែល​សាធារណជន​ ចាត់ទុក​ថា ​កើត​ចេញ​ពីវិវាទ​នយោ​បាយ ​និង​កាត់ក្តី​ដោយ​តុលាការ​លម្អៀង​បែបនេះ ​ពុំអាច​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​សកម្មជន​នយោបាយ ​និង​សកម្មជន​សិទ្ធិមនុស្ស​បាន​ឡើយ៖ «ពាក់ព័ន្ធ​នឹង​វិវាទ​នយោបាយ​ យើង​កត់សម្គាល់ថា ​ការ​ដោះស្រាយ​តាម​ផ្លូវតុលាការ​ វា​មិនមែន​ជាជម្រើស​មួយ​បញ្ចប់​សំណុំរឿង​ទៅ​បានទេ ហើយ​ក៏មិនអាច​ផ្តល់​​លទ្ធផល​ទទួលបាន​យុត្តិធម៌​ទៅដល់​ភាគីដែរ ​ជាពិសេស​ភាគី ជា​សកម្មជន​អតីតបក្សជំទាស់ហ្នឹងឯង ​អាច​នឹងរងភាព​អយុត្តិធម៌​នៅពេល​ដែល​សម្រេចសេចក្តី។ ដូច្នេះ​ការបញ្ចប់វិវាទ​នយោបាយនេះ​បានទៅ​ល្អ​ប្រសើរ ​គឺមាន​តែ​ដំណោះ ស្រាយ​រវាង​អ្នកនយោបាយ​ និង​អ្នកនយោបាយ»។

តុលាការក្រុងភ្នំពេញ ​បាន​ចោទ​កញ្ញា សេង ធារី ​រួមជា​មួយ​ថ្នាក់ដឹកនាំ​និង​សកម្មជន​បក្សប្រឆាំង​ជាង​១រយនាក់ ​ពី​បទ​រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម ​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​គាំទ្រ​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០១៩។​ ក្នុងសំណុំរឿងនេះ ​មាន​សកម្មជន​មួយ​ចំនួន​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ជិត​២​ឆ្នាំ​ហើយ​ ប៉ុន្តែ​តុលាការ​មិនទាន់​ចេញ​សាលក្រម​ផ្តន្ទាទោស​នៅ​ឡើយ។​

អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​ រួមទាំង​ស្ថានទូត​ប្រទេស​ប្រជាធិ​ប​តេយ្យ​ធំៗ ​បាន​ចាត់ទុក​រឿង​ក្ដី​ក្ដាំ​នេះ​ថា ជា​​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់ចោលការ​ចោទ​ប្រកាន់ ​​​និង​ដោះលែង​​ជន​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​​មាន​សេរី​ភាព​វិញ​​ដោយ​គ្មាន​លក្ខខណ្ឌ៕

No comments: