Friday, 18 March 2022

អាជ្ញាធរ​​សម្រេច​​ដោះលែង​​កូដករណាហ្គាវើលដ៍​៣​នាក់​​ឱ្យ​​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះអាសន្ន​


ដោយ មាន ឫទ្ធិ
2022-03-17

អាជ្ញាធរ​​សម្រេច​​ដោះលែង​​កូដករណាហ្គាវើលដ៍​៣​នាក់​​ឱ្យ​​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះអាសន្ន​

កូដករណាហ្គាវើលដ៍ (Naga World) ៣នាក់ចុងក្រោយ (បុរសពីរនាក់នៅខាងក្រោយ និងស្ត្រីអាវសឈរខាងមុខ) ត្រូវ​បាន​អាជ្ញាធរដោះលែង នៅល្ងាច​​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

អាជ្ញាធរពន្ធនាគារ​រាជធានី​ភ្នំពេញ​បាន​សម្រេចដោះលែង​កូដករណាហ្គាវើលដ៍ ៣នាក់​ឱ្យ​នៅ​ក្រៅឃុំបណ្ដោះអាសន្ន​នៅល្ងាច​ថ្ងៃទី១៧ ខែមីនា បន្ទាប់​ពី​ពួកគាត់​បាន​ដាក់លិខិត​ស្នើ​សុំ​អន្តរាគមន៍​ទៅ​កាន់​ក្រសួងពាក់ព័ន្ធ​។ ក្រុមកូដករ​ និង​ប្រធានសហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បញ្ជាក់​ជំហរ​ថា​ នឹង​នៅ​តែបន្តទាមទារ​រកដំណោះស្រាយ​ និង​គ្មាន​ការ​ចូល​រួមចរចា​ដរាបណា​មិន​មាន​ការ​ទម្លាក់ចោល​បទ​ចោទ​ពី​តុលាការ​។

កូដករទាំង៣នាក់​ ដែល​ត្រូវ​បានដោះលែង​ឱ្យ​ក្រៅឃុំ​បណ្ដោះអាសន្ន​នៅល្ងាច​ថ្ងៃទី១៧ ខែមីនា​ ឱ្យ​វិទ្យុអាស៊ីសេរី​ដឹង​ថា ​ពួកគាត់​រំភើប​ចិត្ត​ដែល​បាន​ជួបជុំ​ប្រពន្ធ​កូន​របស់​ពួកគេ​វិញ​។


កូដករម្នាក់​លោក សេង សុវណ្ណារឹទ្ធ​ ប្រាប់​វិទ្យុអាស៊ីសេរី​ភ្លាមៗ​ក្រោយ​ពី​មាន​ការដោះលែង​ថា​ លោក​មាន​សេចក្ដី​ឈឺចាប់​នៅ​ពេល​អាជ្ញាធរ​ចាប់​ឃុំលោក​ទាំង​អយុត្តិធម៌​​កន្លង​មក​នេះ​។ លោកបន្ត​ថា​ ក្រោយ​ដោះលែង​ អាជ្ញាធរ​បាន​ឱ្យ​ពួក​លោក​បំពេញ​លិខិតកិច្ច​សន្យា​បញ្ឃប់​ការ​ជួបជុំ​ប្រមូល​ផ្តុំ​តទៅទៀត​។ លោកបន្ត​ថា​ ក្នុង​លិខិត​នោះក៍​បាន​បញ្ជាក់​ឱ្យកូដករ​យល់ព្រម​ទទួល​យកប្រាក់​បំណាច់​ឆ្នាំ​របស់​ក្រុមហ៊ុន​ប៉ុន្តែ​លោកថា ទុក​ឱ្យ​តំណាង​ចរចា​ជា​អ្នក​សម្រេច​ត្រង់​ចំណុច​នេះ​៖ «ចំពោះ​​កូន​ប្រពន្ធខ្ញុំ​លាក់​ប្រាប់​ថា ​ខ្ញុំ​ទៅធ្វើ​ការ​នៅ​ខេត្ត​មិន​អាចទាក់ទង​បាន​។ កូន​គាត់​មាន​ការ​ឆ្ងល់​នៅពេល​កូន​យំ​ប្រពន្ធ​ព្យាយាម​ថា ​នៅ​ខេត្ត​។ ពេលគេ​ដោះ​លែង​ឱ្យ​នៅក្រៅឃុំ​ គេឱ្យ​ធ្វើកិច្ច​សន្យា​ឈប់​ប្រមូល​ផ្ដុំ​ធ្វើ​កូដកម្ម​»។

ទោះបី​ជាមាន​ការដោះលែង​ក្រុមកូដករទាំង៣នាក់​ក្ដី​ កម្លាំង​អាជ្ញាធរ​រាប់រយនាក់​ និង​ក្រុមស្លៀកពាក់ស៊ីវិល​នៅតែបន្ត​ប្រើអំពើហិង្សារុញ​ច្រានក្រុម​កូដករ​ជិត​២០​នាក់​​ដឹក​​ទម្លាក់​ក្នុង​មណ្ឌលចត្តាឡីស័ក​ក្នុង​ខណ្ឌព្រែកព្នៅ​ ដើម្បី​បង្ខាំង​ក្រុមកូដករ​កុំឱ្យ​ចេញទាមទារ​ស្រែកតវ៉ា​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​នៅថ្ងៃទី១៧ ខែ​មីនា​។

កូដករ​ និងជាបុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍​លោកស្រី សុខា ​ឱ្យ​វិទ្យុអាស៊ីសេរី​ដឹង​ថា​ កម្លាំង​អាជ្ញាធរ​ដែល​បាន​ព្យាយាម​មក​បង្រ្កាប​កូដករ​ដែល​គ្រាន់​តែទាមទារ​ឆ្នាំង​បាយ​​កន្លង​​មក​នេះ​​ហាក់​​អនុវត្តតួនាទីផ្ទុយ​ពី​ច្បាប់​​និង​​គ្មាន​វិជ្ជាជីវៈ​ជា​មន្ត្រី​ក្នុង​ក្របខណ្ឌរដ្ឋ​ឡើយ​។ លោកស្រី​ រិះគន់​និង​ចាត់ទុក​ការង្ក្រាប​ទាំង​ប្រើហិង្សា​របស់​អាជ្ញាធរ​មក​លើកូដករ​ដែល​ភាគជា​ស្រី្ត​នោះថា ​ជា​ទង្វើ​អមនុស្សធម៌​ និង​ជា​អ្នក​ដើរតួនាទី​កាង​អំណាច​ឱ្យ​ក្រុមហ៊ុន​ធ្វើ​បាបពលរដ្ឋ​ស្លូតត្រង់​៖ «ខ្មាសគេ​ណាស់​សូម្បី​តែ​សំលៀកបំពាក់​ក៍​ប្រជាជន​កាត់​ពន្ធ​ឱ្យ​ដែរ​។ ស៊ី​ប្រាក់ខែ​រាស្ដ្រ​បម្រើ​បរទេស​។ ស្អែក​ស្លៀក​សារ៉ុង​ទៅ​មិន​បាច់​ស្លៀក​ខោទេ​។ ខ្មាស​ប្រជាជន​អ៊ុយក្រែន​ផង​គេ​ជួយ​ប្រជាជន​ មិនមែន​ដូចពួក​លោកឯង​ស៊ីប្រាក់​ខែ​រាស្ត្រ​បម្រើ​បរទេស​ទេ​»។

វិទ្យុអាស៊ីសេរី​មិន​អាចទាក់ទង​ អ្នកនាំពាក្យ​ក្រសួងការងារលោក ហេង សួរ​ អភិបាលក្រុង​ភ្នំពេញលោក ឃួង ស្រេង​ និង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​លោក សាន សុខសីហា​ ដើម្បី​បំភ្លឺបញ្ហានេះ​បាន​ទេនៅ​ថ្ងៃទី១៧ ខែមីនា​។

កាលពីថ្ងៃទី១៦ ខែមីនា កម្លាំងអាជ្ញាធរ​ និង​ក្រុម​ជនស្លៀកពាក់ស៊ីវិល​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​បាន​ស្រែកសម្លុត​ឆក់ទូរស័ព្ទ​ និង​ប្រើ​អំពើហិង្សា​រុញច្រាន​កូដករ ២​រយ​នាក់ ​(២០០)​ ដែល​ភាគជា​ស្រី្ត​បោកខ្ទប់​នឹង​រថយន្ត​និងដឹកទម្លាក់​នៅ​មណ្ឌលចត្តាឡីស័ក​ក្នុង​ខណ្ឌព្រែកព្នៅ​និង​បង្ខាំងខ្លួនពួកគាត់​ឱ្យ​សម្រាក​ទីនោះ​ពេញ​មួយយប់​។

ទាក់ទង​នឹង​វិវាទការងារ​នេះ​ ប្រធាន និងសមាជិកសហជីពណាហ្គាវើលដ៍​ បាន​ធ្វើ​សន្និសីទសារព័ត៌មាន​នៅថ្ងៃទី១៧ ខែ​មីនា​ ដើម្បី​បញ្ជាក់​ពីគោលជំហរ​ និង​ឆន្ទៈ​របស់សហជីព​ក្នុង​ការស្វែងរក​ដំណោះស្រាយ​។

ប្រធានសហជីព​កាស៊ីណូ​ណាហ្គាវើលដ៍​ដែលទើប​ចេញ​ពី​ពន្ធនាគារកញ្ញា ឈឹម ស៊ីថរ ​ប្រកាស​ជំហរជាថ្មីទៀត​ថា​ នឹង​គ្មានការ​ចូលតុចរចាឡើយ ​ប្រសិន​បើ​គ្មាន​ការទម្លាក់ចោល​នូវ​បទចោទ​ប្រកាន់​ទាំង​ស្រុង​ពី​ស្ថាប័ន​តុលាការ​។

ជុំវិញ​នឹង​បញ្ហានេះ នាយកទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​​(LICADO)​​ លោក អំ សំអាត ​មានប្រសាសន៍ថា ​​​ប្រសិន​បើ​គ្មានការ​ទម្លាក់​បទ​ចោទ​​លើ​តំណាង​សហជីព​​ពី​​ស្ថាប័ន​តុលាការ​ទេ​ វិវាទ​ការងារ​នេះអាច​នៅ​បន្ត​ភាពតានតឹង​បន្ថែម​ទៀត​។ លោកបន្ត​ថា​ បើ​តំណាងសហជីព​វិលចូលតុចរចា​ជាមួយភាគី​​ក្រុមហ៊ុនទាំង​ស្ថិត​នៅ​ក្រោមការ​ចោទ​ប្រកាន់​បែប​នេះ ពួកគេ​នឹង​ទទួល​រង​សម្ពាធ​ហើយ​ការ​ចរចា​នោះ​មិន​មានតម្លាភាព​និងយុត្តិធម៌​ឡើយ​៖ «តំណាង​សហជីព​​ដែល​​ត្រូវ​ចរចាហ្នឹង​ ទើប​តែដោះលែង​ឱ្យនៅក្រៅ​ឃុំបណ្ដោះ​អាសន្ន​ទេ​។ អញ្ចឹង​ពួកគាត់​ស្ថិត​ក្រោម​នីតិវិធី​របស់​តុលាការ​ ពួកគាត់​នឹង​អាច​រងសម្ពាធ​តាម​ផ្លូវ​ច្បាប់​។ យើងមើល​ឃើញថា​ ពួកគាត់​មិនទាន់​មាន​សេរីភាព​ពេញលេញ​ ប្រសិនបើ​ទម្លាក់បទ​ចោទ​មាន​ការ​ចរចា​ដោយ​មាន​សេរីភាព​ពេញលេញ​»។

កូដករជាង២រយនាក់​ (២១៩)​ ដែល​អាជ្ញាធរ​ដឹក​យក​ទៅ​មណ្ឌលចត្តាឡីស័ក​ក្នុង​ខណ្ឌព្រែកព្នៅ​នោះ​ មក​ដល់ល្ងាចថ្ងៃទី១៧ ខែមីនា​នេះ ​អាជ្ញាធរ​​ដោះលែង​ពួកគាត់​ឱ្យ​ត្រឡប់ទៅ​ផ្ទះវិញ​អស់ហើយ៕

No comments: