ដោយ ឡេង ម៉ាលី
2022-03-18
ទិដ្ឋភាពសមត្ថកិច្ចប្រើហិង្សាលើកូដករណាហ្គា វើលដ៍ (Naga World) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
កម្លាំងអាជ្ញាធររាប់រយនាក់បន្តប្រើអំពើហិង្សារុញច្រានក្រុមកូដករណាហ្គាវើលដ៍ (NAGAWorld) ដែលភាគច្រើនជាស្ត្រីបោកខ្ទប់នឹងរថយន្ត និងដឹកពួកគាត់ដោយបង្ខំឱ្យទៅធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១៨ មីនា។ ក្រុមកូដករថា ការណ៍ដែលអាជ្ញាធរដឹកទម្លាក់ពួកគាត់នៅកន្លែងទីលានប្រជាធិបតេយ្យបែបនេះ អាជ្ញាធរមានចេតនាបង្វែរសាច់រឿងលាបពណ៌ក្រុមកូដករ និងគេចវេះមិនរកដំណោះស្រាយវិវាទការងារមួយនេះ។
កម្លាំងអាជ្ញាធរចម្រុះរាប់សិបនាក់ ដែលខ្លះស្លៀកពាក់ស៊ីវិលបង្ក្រាបកាន់តែខ្លាំងមកលើក្រុមកូដករដោយប្រើអំពើហិង្សារុញច្រានក្រុមកូដករ ២១១នាក់ បុកនឹងរថយន្ត និងបានដឹកទម្លាក់ក្រុមកូដករនៅកន្លែងទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវដោយបង្ខំឱ្យពួកគាត់ធ្វើកូដកម្មទីនោះនៅថ្ងៃទី១៨ មីនា។
កូដករ និងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ពៅ រស្មី ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរបានសម្រុកមកវាយកញ្ញា និងបានសង្កត់កញ្ញាដោយរុញខ្ទប់នឹងទ្វាររថយន្តស្រែកសម្លុតគំរាមកំហែងកញ្ញានិងកូដករដទៃទៀតឱ្យឡើងរថយន្តទាំងកម្រោល។ កញ្ញាចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះថា កាន់តែអាក្រក់ឃោរឃៅ និងឆ្លុះបញ្ចាំងកាន់តែច្បាស់ថា អាជ្ញាធរប្រឹងប្រែងធ្វើបាបប្រជាជន ដើម្បីឈរកាងអំណាចឱ្យខាងក្រុមហ៊ុន៖ «អាជ្ញាធរសង្កត់ទ្រូងខ្ញុំមួយទំហឹង ហើយជើងខ្ញុំគាបនឹងរថយន្ត។ អាជ្ញាធរបានដាល់ក្បាលពោះខ្ញុំមួយដៃ សង្កត់កខ្ញុំមានស្នាមជាំក្រហមខ្ញុំប្រឹងលើកដៃរបៀបមនុស្សចង់ដាច់ខ្យល់។ រូបភាពទាំងអស់នេះវាអាក្រក់ពេកហើយដឹកពួកខ្ញុំមកទីលានប្រជាធិបតេយ្យចង់ចោទពួកខ្ញុំថាអ្នកធ្វើបាតុកម្មមែន?»។
កញ្ញា ពៅ រស្មី បន្ថែមថាពេលអាជ្ញាធរដឹកក្រុមកូដករទម្លាក់នៅកន្លែងទីលានប្រជាធិបតេយ្យជាកន្លែងធ្វើបាតុកម្មនោះ កូដករទាំងអស់បានធ្វើពហិការទ្រាំនៅក្នុងរថយន្តទាំងកណ្ដាលថ្ងៃមិនបានចេញពីរថយន្តនោះទេ។ កញ្ញាបញ្ជាក់ថា បើក្រុមកូដករចុះធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យ នោះអាជ្ញាធរនិងបន្តចោទប្រកាន់ពួកគាត់ថាជាអ្នកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី១៨ ខែមីនា។
ប៉ុន្តែ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកន្លងទៅថាបើក្រុមកូដករនៅតែបន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅក្បែរអគារក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ អាជ្ញាធរនឹងចាត់វិធានការដោយបញ្ជូនក្រុមកូដករឱ្យធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងក្រុង។
ក្រុមកូដករចាត់ទុកការលើកឡើងនេះថា គ្រាន់ជាលេសនិងអនុវត្តវិធានសុខាភិបាល ដែលមានស្តង់ដារ២ ដើម្បីគាបសង្កត់ធ្វើបាបមិនឱ្យកូដករទាមទារដំណោះស្រាយនៅក្បែរអគារក្រុមហ៊ុនតែប៉ុណ្ណោះ។
ជុំវិញនឹងបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ភាពតានតឹងរវាងអាជ្ញាធរ និងក្រុមកូដករនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ បើទោះបីមានការដោះលែងតំណាងទាំង ១១នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នក្ដី។ លោកបន្តថា មុននឹងអាជ្ញាធរសម្រេចដោះលែងតំណាងសហជីពឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្នុងលិខិតកិច្ចសន្យារបស់តំណាងសហជីពក៍បានបំពេញលក្ខខណ្ឌក្នុងការបន្ទន់ឥរិយាបថច្រើនចំពោះរដ្ឋាភិបាល និងភាគីក្រុមហ៊ុន។
លោក អំ សំអាត បន្តជំរុញឱ្យតុលាការទម្លាក់បទចោទប្រកាន់ទាំងស្រុងទៅលើថ្នាក់ដឹកនាំសហជីពដើម្បីវិលចូលតុចរចាជាមួយភាគីក្រុមហ៊ុនប្រកបតម្លាភាព និងយុត្តិធម៌៖ «ការសរសេរក្នុងលិខិតកិច្ចសន្យាអញ្ចឹងបើយោងតាមផ្លូវច្បាប់ ជាការរឹតត្បិតសិទ្ធរបស់ខ្លួនបើផ្អែកតាមច្បាប់មិនអាចទៅអញ្ចឹងបានទេ។ ប៉ុន្តែអ្វីទាំងអស់ហ្នឹងគឺជា រឿងមួយដែរពួកគាត់ចង់ឱ្យមានការចរចាមួយដោយសុចរិតភាព តម្លាភាព និងយុត្តិធម៌»។
កូដករ ២១១នាក់ ដែលអាជ្ញាធរដឹកទម្លាក់នៅកន្លែងទីលានប្រជាធិបតេយ្យគិតត្រឹមល្ងាចម៉ោង៦ ថ្ងៃទី១៨ មីនាមិនទាន់ត្រូវបានអាជ្ញាធរដោះលែងឱ្យពួកគាត់បានត្រឡប់ទៅផ្ទះនៅឡើយទេ។ ទោះជារងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ក្ដី ក្រុមកូដករប្រកាន់ជំហរថាពួកគាត់នឹងចេញធ្វើកូដកម្មដោយសន្តិវិធីបន្តទៀត ដើម្បីទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើតំណាងរបស់ពួកគាត់ ដើម្បីចូលតុចរចាជាមួយភាគីក្រុមហ៊ុនដោយស្មើភាពគ្នា៕
No comments:
Post a Comment