ដោយ ទីន ហ្សាការីយ៉ា
2022-03-07
កម្មករកំពុងដាំកូនកៅស៊ូនៅចម្ការកៅស៊ូក្រុមហ៊ុន ទ្រី ភាព (TRY PHEAP CO., LDT) នៅបឹងទន្លេម្រេច ក្នុងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុកក្រុមហ៊ុន ទ្រី ភាព ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩
ប្រជាសហគមន៍ខេត្តព្រះវិហារអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដកហូតផ្ទៃដីមួយចំនួន ឋិតក្នុងតំបន់ព្រៃសហគមន៍ចំនួន២ មកជាសម្បត្តិរដ្ឋវិញ ដើម្បីទុកព្រៃបន្តិចបន្តួចឱ្យអ្នកភូមិប្រើប្រាស់ និងដាំដើមឈើឡើងវិញ។ ការលើកឡើងនេះ ក្រោយពីព្រៃសហគមន៍ចំនួន២ មានផ្ទៃដីជាង ៣ពាន់ហិកតារ ដែលជនជាតិដើមភាគតិចកួយអាស្រ័យផលបានបាត់បង់ទាំងស្រុង ដោយមិនឃើញមន្ត្រីជំនាញចាប់ខ្លួនជនល្មើសណាម្នាក់ មកផ្ដន្ទាទោសនៅឡើយទេ។
ជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ រស់នៅឃុំរមណីយ ស្រុករវៀង សោកស្តាយ ព្រៃសហគមន៍ចំនួន ២ គឺព្រៃសហគមន៍ បឹងទន្លេម្រេច និងព្រៃសហគមន៍ភ្នំព្រលាន បានរលាយហិនហោចទាំងស្រុង នៅរយៈពេល ជិត ១ឆ្នាំ ចុងក្រោយនេះ បណ្តាលឱ្យប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចរបស់ពលរដ្ឋ និងការប្រែប្រួលអាកាសធាតុ។ អ្នកភូមិ ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាកាត់ឆ្វៀលដីព្រៃសហគមន៍មួយផ្នែក កំណត់ជាតំបន់អភិរក្សឱ្យច្បាស់លាស់ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកភូមិ ដាំដើមឈើឡើងវិញ និងថែរក្សាជាសម្បត្តិជាតិ។
ពលរដ្ឋរស់នៅភូមិស្រែធ្នង់ លោក ស៊ុន ស៊ីន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ មីនាថា ព្រៃសហគមន៍ភ្នំព្រលាន មានផ្ទៃដីជិត ២ពាន់ហិកតារ បានបាត់បង់ទាំងអស់ហើយនៅរយៈពេល ៦ ខែចុងក្រោយនេះ។ លោកថា បច្ចុប្បន្នព្រៃនេះ នៅសល់ដីទំនេរប្រមាណ ៥២ហិកតារ មានព្រៃរបោះតិចតួច ដែលអ្នកភូមិធ្លាប់ស្នើឱ្យអាជ្ញាធរអភិរក្សឱ្យគង់វង្ស ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកឧស និងថ្នាំបុរាណ ពុំទទួលបានលទ្ធផលនោះទេ។ លោកថា អាជ្ញាធរខេត្តព្រះវិហារធ្លាប់សន្យាថា នឹងដោះស្រាយបញ្ហានេះជូនពលរដ្ឋ តែបច្ចុប្បន្ន សូម្បីតែដីព្រៃរបោះជាង ៥០ហិកតារ ក៏រលាយអស់ទាំងស្រុងដែរ។ លោករំឭកថា កាលពីជាង ១០ឆ្នាំមុន ព្រៃសហគមន៍នេះ សំបូរឈើប្រណិតធំៗ និងសត្វព្រៃរស់នៅ បង្កលក្ខណៈងាយស្រួល ឱ្យពលរដ្ឋមានជីវភាពធូរធារ ដោយសារប្រមូលអនុផលព្រៃឈើសំបូរបែប៖ «ជាភស្តុតាងសម្រាប់ពលរដ្ឋគាត់ខំនិយាយប្រជុំបានសម្រេច ជាមួយក្រសួង បាន ៥២ហិកតារ ក្រសួងថា រៀបចំថាឱ្យតើ។ អត់ទុកផងគេកាប់ព្រៃអស់បាត់ ៥២ហិកតារ។ អត់ដឹងដែរ»។
ព្រៃសហគមន៍ភ្នំព្រលាន ឬហៅម្យ៉ាងទៀតថា ព្រៃសហគមន៍តំបន់ការពារធម្មជាតិ ភ្នំព្រលានជាផ្នែកមួយ នៃដែនជម្រកសត្វព្រៃបឹងពែរ មានផ្ទៃដី ១.៨០០ហិកតារ បានចុះបញ្ជីទទួលស្គាល់ដោយ ក្រសួងបរិស្ថាន កាលពីឆ្នាំ២០០៩ ឋិតក្នុងភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង។ អ្នកភូមិថា ពលរដ្ឋចំណូលស្រុក និងពលរដ្ឋមូលដ្ឋានមួយចំនួន បានដណ្ដើមគ្នាទន្ទ្រានយកដីព្រៃ ធ្វើជាកម្មសិទ្ធិអស់ទាំងស្រុង ដោយឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធមួយចំនួន។
សមាជិកសហគមន៍ការពារព្រៃឈើបឹងទន្លេម្រេច លោក ហួត គាណូ ឱ្យដឹងថា បច្ចុប្បន្ន ព្រៃសហគមន៍បឹងទន្លេម្រេច បានរលាយទាំងស្រុង ដោយជំនួសមកវិញនៅដំណាំស្វាយចន្ទី ស្វាយ និងកៅស៊ូ។ លោកថា បឹងទន្លេម្រេច មានផ្ទៃទឹកធំធេង មានព្រៃព័ទ្ធជុំវិញ ក៏ត្រូវក្រុមហ៊ុន ទ្រី ភាព ហ៊ុមព័ទ្ធ គ្រប់គ្រងជាសម្បត្តិបុគ្គលអស់ដែរ។ រីឯដីព្រៃជុំវិញបឹងនៅសល់ជាង ៥០ហិកតារ ដែលអ្នកភូមិធ្លាប់ស្នើសុំអភិរក្ស ក៏ត្រូវគេកាប់បំផ្លាញដែរ។ លោកអំពាវនាវឱ្យអាជ្ញាធរអភិរក្សបឹងនេះ និងទុកព្រៃរេចរឹលនៅជុំវិញបឹង ទំហំជាង ៥០ហិកតារឱ្យគង់វង្ស ដើម្បីឱ្យអ្នកភូមិមានទីកន្លែងរកអនុផលព្រៃឈើ។
លោកបន្ថែមថា បើទោះបីជាព្រៃសហគមន៍រលាយអស់រលីង ក៏មិនឃើញអាជ្ញាធរចាប់ខ្លួនជនល្មើសណាម្នាក់មកផ្ដន្ទាទោសនៅឡើយដែរ។ រីឯពលរដ្ឋជាង ១០នាក់ ដែលលះបង់ការពារសម្បត្តិភោគទ្រព្យជាតិ បែរជាត្រូវប្រឈមការគំរាមកំហែង និងជាប់បណ្ដឹងនៅតុលាការជាច្រើនករណី រហូតមកទល់ពេលនេះ៖ «ទុកព្រៃមាត់បឹងគ្រាន់ឃ្វាលគោក្របី ដល់ឥឡូវអស់ទៅ ចូលមិនបាន។ ព័ទ្ធរបងជិត ហើយកាយប្រឡាយ មិនឱ្យចូលទៅ។ វានៅតាមមាត់ព្រៃ ព្រៃខ្លះៗ ដែររបោះៗ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីប្រធានរដ្ឋបាលក្រុមហ៊ុន ទ្រី ភាព លោក ហេង សារុំ បានទេ នៅថ្ងៃទី៧ មីនា ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ រីឯប្រធានដែនជម្រកសត្វព្រៃបឹងពែរ ទូច សុភី ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
មេឃុំរមណីយ លោក ឃុត រី មានប្រសាសន៍យ៉ាងខ្លីថា ព្រៃសហគមន៍ទាំងពីរនេះ បានបាត់បង់ទាំងស្រុងហើយ ដោយបច្ចុប្បន្ន គ្រប់គ្រងជាសម្បត្តិបុគ្គលពិបាកនឹងដកហូតមកជាសម្បត្តិសហគមន៍វិញណាស់។ លោកបញ្ជាក់ថា ផ្ទៃដីសហគមន៍ស្ទើរតែទាំងស្រុង មានដំណាំស្វាយចន្ទី ស្វាយ ទុរេន និងដំណាំផ្សេងៗ ទៀត គឺគ្មានដីសម្រាប់ដកហូតធ្វើជាសម្បត្តិរបស់សហគមន៍ទៀតទេ៖ «ទប់ស្កាត់លែងបានហើយ សហគមន៍បែកបាក់ការទប់ស្កាត់អត់មានចូលរួមទៀតទេ។ គាត់អ្នកបំផ្លាញខ្លួនឯង»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ គាំទ្រការសំណូមពររបស់ពលរដ្ឋ ព្រោះដីព្រៃសហគមន៍ បើទោះបីរងការកាប់រានក្ដី ក៏នៅតែជាសម្បត្តិសាធារណៈរបស់រដ្ឋដដែល។ លោកថា អាជ្ញាធរមូលដ្ឋានខ្លះ ជាប់ពាក់ព័ន្ធឃុបឃិតគ្នារំលោភយក ដីព្រៃសហគមន៍នេះ អាចនឹងពិបាកនឹងដោះស្រាយបញ្ហានេះ៖ «បើសិនជាព្រៃសហគមន៍ វារលាយហើយ ស្នើសុំដកដីទាំងអស់នោះ ជាសម្បត្តិរដ្ឋវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ កុំឱ្យធ្លាក់ដល់ឈ្មួញ អ្នកមានអំណាច ឬអ្នកមានទ្រព្យធនផ្សេងៗ»។
អ្នកភូមិថា ក្រុមហ៊ុន ទ្រី ភាព ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលផ្ទៃដីជាង ៩ពាន់ហិកតារ កាលពីឆ្នាំ២០១១ ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលជាតំបន់ព្រៃរេចរឹល។ ប៉ុន្តែផ្ទៃដីដែលរដ្ឋាភិបាលផ្តល់ឱ្យក្រុមហ៊ុនវិនិយោគ មិនមែនជាព្រៃរេចរឹលនោះទេ តែជាព្រៃស្រោងសំបូរដោយដើមឈើផលិតជ័រទឹករបស់ពលរដ្ឋ ហើយក្រុមហ៊ុនបានបើកទីតាំងកាប់រំលំឈើធ្វើអាជីវកម្ម និងឈូសឆាយហ៊ុមព័ទ្ធទន្ទ្រានព្រៃខុសច្បាប់ ដើម្បីដាំកៅស៊ូអស់។ លើសពីនេះទៀត ក្រោយពីមានវត្តមានក្រុមហ៊ុន ទ្រី ភាព ព្រៃសហគមន៍ទាំងនេះ បានបាត់បង់ទាំងស្រុង ហើយមន្ត្រីបរិស្ថាន ដែលឈរជើងយាមព្រៃនៅទីនោះ បានទម្លាក់កំហុសបញ្ហានេះ លើពលរដ្ឋខ្លួនទៅវិញ៕
No comments:
Post a Comment