ដោយ មាន ឫទ្ធិ
2022-03-07
លោកស្រី ឃន ខន ដែលគង់អាស្រ័យរក្សាសីលក្នុងព្រៃសហគមន៍ឧត្តមស្រែខ្ពស់ ត្រូវមន្ត្រីយោធាមួយក្រុម ប្រើហិង្សាបណ្តាលឱ្យរងរបួសបាក់ដៃម្ខាង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឲ្យ
ប្រជាសហគមន៍ខេត្តកំពង់ស្ពឺជាច្រើននាក់ លុតជង្គង់ថ្វាយបង្គំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីចម្ងាយដើម្បីអង្វរឱ្យប្រមុខដឹកនាំរដ្ឋរូបនេះ មេត្តារក្សាព្រៃសហគមន៍របស់ពួកគាត់ ឱ្យគង់វង្ស ដើម្បីអភិរក្សព្រៃឈើ សត្វព្រៃ និងជាកន្លែងអ្នករក្សាសីលស្នាក់អាស្រ័យ។ ការលើកឡើងនេះ ក្រោយពីប្រជាសហគមន៍ជិត ១០០នាក់ បានចុះពិនិត្យព្រៃសហគមន៍ឧត្តមស្រែខ្ពស់ កាលពីថ្ងៃទី៥ ខែមីនា តែត្រូវមន្ត្រីយោធាមួយក្រុម ប្រើហិង្សាបណ្តាលឱ្យរងរបួសលើពលរដ្ឋ៤នាក់។
ក្រុមពលរដ្ឋទាំងនោះរស់នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ បានស្រែកទ្រហោយំ កាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ដើម្បីបង្ហាញពីទុក្ខព្រួយរបស់ពួកគាត់ទាក់ទិនករណីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ ដែលកំពុងទទួលរងកាប់បំផ្លាញទ្រង់ទ្រាយធំ ពីសំណាក់មន្ត្រីយោធា "ង-៧០” ក្រោមហេតុផល ផ្តល់ដីសម្បទានសង្គមកិច្ច ប៉ះចំព្រៃស្រោង ដែលពួកគាត់ខំថែទាំជិត ២០ ឆ្នាំមកហើយ។
តំណាងពលរដ្ឋម្នាក់ គឺលោកស្រី ឃន ខន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ០៧ មីនាថា លោកស្រី ត្រូវបានមន្ត្រីយោធាមួយក្រុម ប្រើហិង្សារហូតបាក់ដៃម្ខាង កាលពីថ្ងៃទី០៥ ខែកុម្ភៈ ហើយបច្ចុប្បន្ន លោកស្រី គ្មានលទ្ធភាពព្យាបាលជំងឺនៅមន្ទីរពេទ្យ ក៏បង្ខំចិត្តពឹងគ្រូខ្មែរឱ្យព្យាបាលជំងឺតាមបែបបុរាណ។ លោកស្រីបន្ថែមថា អ្នកភូមិជាច្រើននាក់ មានបំណងចង់ពិភាក្សាជាមួយពួកមន្ត្រីយោធា ដោយសន្តិវិធី ប៉ុន្តែក្រុមទាហានទាំងនោះ បែរជានាំគ្នាប្រើអំពើហិង្សា វាយដំមកលើពលរដ្ឋជាច្រើននាក់ ហើយមកទល់ពេលនេះ មិនទាន់ឃើញសមត្ថកិច្ចចុះស៊ើបអង្កេតករណីអំពើហិង្សានេះទេ។ រីឯ ក្រុមទាហាននៅតែលួចកាប់រានព្រៃសហគមន៍កាន់តែធំឡើង អស់ជាង ៣០ ហិកតារ៖ «កាត់ចោលអនុក្រឹត្យហ្នឹងព្រៃនេះ ពុំមែនព្រៃរេចរឹលទេ ព្រៃស្រោង ព្រៃសត្វគ្រប់ប្រភេទនៅ ពលរដ្ឋរស់នៅហ្នឹងសុខសប្បាយណាស់ ឃ្វាលគោ រកបន្លែលក់ ដល់ពេលអស់ទៅ គ្នាមេម៉ាយ ដូចខ្ញុំមិនដឹងរកស៊ីអី។ សូមជួយពួកខ្ញុំផង អត់មាននរណាដោះស្រាយឱ្យទេ»។
កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅសមាជិកសហគមន៍ ៩០នាក់ បានចុះល្បាតព្រៃសហគមន៍ តែត្រូវក្រុម មន្ត្រីយោធា "ង-៧០" ព្រួតគ្នាប្រើហិង្សា វាយដុំទាត់ធាក់ លើអ្នកភូមិ ៤ នាក់ ក្នុងនោះ មានស្ត្រីម្នាក់ គឺលោកស្រី ឃន ខន ដែលគង់អាស្រ័យរក្សាសីលក្នុងព្រៃ បានរងរបួសបាក់ដៃម្ខាង។
ក្នុងពេលចុះល្បាត តំណាងប្រជាសហគមន៍ម្នាក់ ដែលជាប់បណ្ដឹងនៅតុលាការ គឺលោក សយ សាប បានលុតជង្គង់ថ្វាយបង្គំរូបថតលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើសុំឲ្យលោកចេញបញ្ជាជាបន្ទាន់ លុបចោលគម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍ ២៦២ហិកតារ ឋិតក្នុងព្រៃសហគមន៍ឧត្តមស្រែខ្ពស់។ លោកថា ព្រៃនេះមានធនធានធម្មជាតិសំបូរបែប និងទីស្នាក់អាស្រ័យ របស់សត្វព្រៃជាច្រើនប្រភេទ ហើយក៏ជាកន្លែងគោរពបូជាបែបពុទ្ធសាសនា ដោយមានអាស្រម ព្រះសង្ឃ តាជី និងយាយជីស្នាក់អាស្រ័យ មិនគួរបំផ្លិចបំផ្លាញនោះទេ៖ «សម្តេចជួយផងសម្តេច មានតែសម្តេចទេ ! ប្រជាកសិកររងគ្រោះដោយសារការរំលោភបំពានរបស់អ្នកមានអំណាច»។
ឆ្លើយតបរឿងនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា មន្ត្រីជំនាញពាក់ព័ន្ធ កំពុងចុះដោះស្រាយរឿងនេះ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ ប្រភេទថ្មី អូមីក្រុង ធ្វើឱ្យមន្ត្រីខ្លះឆ្លងជំងឺនេះ បណ្តាលឱ្យកិច្ចការមួយចំនួនត្រូវរាំងស្ទះ។ លោកបញ្ជាក់ថា ការសំណូមពររបស់ពលរដ្ឋ គឺជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាល ហើយប្រមុខរដ្ឋាភិបាលមុននឹងសម្រេចអ្វីមួយតែងគិតគ្រប់ជ្រុងជ្រោយ។ លោក បញ្ជាក់ទៀតថា មន្ត្រីជំនាញបានចុះពិនិត្យទីតាំងដីព្រៃមានជម្លោះនោះហើយពួកគេបញ្ជាក់ថាដីនោះមិនឋិតក្នុងតំបន់ដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់នោះទេ៖ «ជាការសម្រេចរបស់ថ្នាក់ដឹកនាំ ហើយថ្នាក់ដឹកនាំមុននឹងសម្រេច លោកបានគិតសព្វគ្រប់ហើយនៅពេលប្រយោជន៍សាធារណៈបាត់បង់ អាហ្នឹងគេត្រូវឱ្យប្រយោជន៍ឯកជន ហើយឯកជនរបស់រដ្ឋ។ ឯកជនរបស់រដ្ឋ គឺរដ្ឋមានសិទ្ធិទៅឱ្យនរណាម្នាក់»។
កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃសហគមន៍ឧត្ដមស្រែខ្ពស់មានទំហំ ២៦២,២៤ហិកតារ ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកជូនគ្រួសារយោធិន "ង-៧០” កងរថក្រោះ ៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការដោះស្រាយបញ្ចប់រឿងនេះ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលចេញអនុក្រឹត្យផ្តល់ដីសម្បទានសង្គមកិច្ចជូនមន្ត្រីយោធា ធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត។ លោកថា ប្រមុខរដ្ឋាភិបាលគួរតែពិចារណាឡើងវិញរឿងនេះ និងស្វែងរកជម្រើសផ្សេងផ្តល់ដីសម្បទានសង្គមកិច្ចជូនមន្ត្រីយោធាទាំងនេះ ដើម្បីបញ្ចប់ជម្លោះ៖ «រដ្ឋបានដកហូតដីសម្បទានសេដ្ឋកិច្ចច្រើនណាស់ តែមកដល់ពេលនេះ យើងមិនទាន់ដឹងថា តើសម្បទានហ្នឹង រាប់ម៉ឺនរាប់សែនហិកតារ ឱ្យទៅនរណាខ្លះទេ? គួរតែកាត់ចំណែកណាមួយឱ្យទៅកងទ័ពហ្នឹងទៅ»។
កាលពីចុងខែតុលា ឆ្នាំ ២០២១ ពលរដ្ឋជិត ១ពាន់នាក់ (៧០០) បានតវ៉ាមិនពេញចិត្តចំពោះគម្រោងកាត់ឆ្វៀលដីព្រៃសហគមន៍នេះ។ អ្នកភូមិចាត់ទុកគម្រោងឈូសឆាយព្រៃសហគមន៍នេះ ជាការបំផ្លាញព្រៃ សត្វព្រៃ និងកន្លែងគោរពសក្ការៈរបស់អ្នករក្សាសីលជាដើម។
ព្រៃសហគមន៍ឧត្ដមស្រែខ្ពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ជាព្រៃអភិរក្សពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២។
ព្រៃសហគមន៍មួយនេះមានផ្ទៃដីប្រមាណ ២.០០០ហិកតារ ប៉ុន្តែបច្ចុប្បន្នកាន់តែរួមតូចនៅសល់តែ ៨០០ហិកតារប៉ុណ្ណោះ ដោយសារមានការរំលោភបំពានយកជាបន្តបន្ទាប់ពីក្រុមហ៊ុនឯកជន និងឈ្មួញខិលខូចមួយចំនួន។ ព្រៃសហគមន៍នេះ មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និងក្ដាន់ ជាដើម។ សត្វទាំងនេះប្រឈមនឹងការបាត់បង់ទីជម្រក ប្រសិនបើរដ្ឋាភិបាលមិនបញ្ឈប់គម្រោងនេះទេ៕
No comments:
Post a Comment