2022-03-12
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិព្រមានថា បើលោក កឹម សុខា សារភាពទទួលទោសក្នុងសំណុំរឿងក្បត់ជាតិ គឺស្មើនឹងធ្វើអត្តឃាតនយោបាយ។ ការលើកឡើងរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងស្របពេលដែលតុលាការបានសម្រេចអូសបន្លាយ សំណុំរឿង លោក កឹម សុខា សាជាថ្មីទៀត ខណៈការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់។
លោក សម រង្ស៊ី លើកឡើងបែបនេះខណៈតុលាការតែងតែជំរុញទៅលោក កឹម សុខា ឲ្យទទួលកំហុសដើម្បីឲ្យសំណុំរឿងនេះឆាប់ចប់។ ចំណែក លោក កឹម សុខា ក៏បង្ហាញជំហរ ចរចាជាមួយលោក ហ៊ុន សែន រកដំណោះស្រាយនយោបាយ។
លោក សម រង្ស៊ី កាលពីយប់ទី១១ មីនា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី លើកឡើងថា លោក ហ៊ុន សែន កំពុងបង្ខំលោក កឹម សុខា ឲ្យសារភាពទោស រួចទើបលោក ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រឲ្យលើកលែងទោសលោក កឹម សុខា។ ទោះយ៉ាងណាលោកថា ដៃគូនយោនបាយរបស់លោកគឺលោក កឹម សុខា មានភាពក្លាហានមិនធ្វើតាមលោក ហ៊ុន សែន នោះទេ ព្រោះបើលោក កឹម សុខា ជ្រើសរើសយកផ្លូវនេះជាការអត្តឃាតនយោបាយ ហើយមានតែលោក កឹម សុខា ម្នាក់ឯងប៉ុណ្ណោះអាចរួចខ្លួន ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែមិនអាចយកវិញបាននោះទេ៖ «លោក កឹម សុខា គាត់ចេះគិតដែរ គាត់ ថា គាត់សារភាពគាត់រួចខ្លួនតែម្នាក់គាត់ ប៉ុន្តែគណបក្សសង្គ្រោះជាតិ នៅតែជាប់គាំងដដែល បើលោក កឹម សុខាសារភាពបែបហ្នឹងគាត់ដូចជាធ្វើអត្តឃាតនយោបាយ អនាគតជីវិតនយោបាយលោក កឹម សុខា ត្រូវតែចប់ តែលោក កឹម សុខា គាត់ចេះគិតដែរ គាត់សឿង គាត់ថា ឲ្យខ្ញុំទៅសារភាពដែលខ្ញុំមិនបានធ្វើទាល់តែសោះ ចប់ប្រកាន់ខ្ញុំលើគោក ខ្ញុំមិនអាចសារភាពបានទេ »។
នេះច្រកមួយក្នុងចំណោមច្រកចេញចំនួនបីលើករណីលោក កឹម សុខា។ លោក សម រង្ស៊ី យល់ថា លោក ហ៊ុន សែន អាចជ្រើសរើសយកការកាត់ទោសលោក កឹម សុខា ទោះគ្មានភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែដោយសារគ្មានភស្តុតាងបែបនេះទើបរដ្ឋាភិបាលលោក ហ៊ុន សែនពន្យារពេល រាប់ឆ្នាំរកទីបញ្ចប់មិនឃើញ។ លោក សម រង្ស៊ី បន្តទៀតថា ច្រកទី៣ដែលជាច្រកចុងក្រោយគឺរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ដែលជាការផ្តល់សេរីភាពឲ្យលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ លោកលើកឡើងទៀតថា ច្រកនេះល្អសម្រាប់នយោបាយកម្ពុជាហើយក៏បង្កើតទំនាក់ទំនងល្អឡើងវិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រោះរដ្ឋាភិបាលបានចោទប្រកាន់ថា លោក កឹម សុខា បានឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។
លោក សម រង្ស៊ី ក៏ជំរុញទៅលោក ហ៊ុន សែន ឲ្យជ្រើសរើសយកច្រកចុងក្រោយ ដែលស្មើនឹងការធ្វើអំពើល្អចុងក្រោយមុនចុះចេញពីដំណែងដើម្បីទុកកេរដំណែលល្អសម្រាប់កូនចៅរបស់លោក។
ទាក់ទងការលើកឡើងបែបនេះរបស់លោក សម រង្ស៊ី វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយណាមួយពីក្រុមមេធាវីលោក កឹម សុខា បានទេ នៅថ្ងៃទី១២ ខែមីនា។ ទោះយ៉ាងណារាល់ពេលមានការទាមទារឲ្យលោក កឹម សុខា សារភាពទោសពីតំណាងអយ្យការក្រុមមេធាវីលោក កឹម សុខា រួមទាំងលោក កឹម សុខា តែងបដិសេធ។
ក្រុមមេធាវីលោក កឹម សុខា ក៏ធ្លាប់លើកឡើងដែរថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងចោទប្រកាន់លោក កឹម សុខា នោះទេ។
មេធាវីលោក កឹម សុខា អ្នកស្រី ម៉េង សុភារី និយាយថា ការដែលតំណាងអយ្យការព្យាយាមម្ដងហើយម្ដងទៀតឲ្យលោក កឹម សុខា សារភាពទោសនោះជាការរំលោភទៅបទដ្ឋានគតិយុត្តិ រំលោភសិទ្ធិមនុស្ស ច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេនៅថ្ងៃទី១២ ខែមីនា។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ និយាយថា លោក កឹម សុខា សារភាព ឬមិនសារភាពជាសិទ្ធិនិងជារឿងរបស់លោក កឹម សុខា។ លោកបញ្ជាក់ទៀតថា សំណុំរឿងនេះជាការអនុវត្តច្បាប់របស់រដ្ឋាភិបាល និងតុលាការ៖ «បកស្រាយនិងបញ្ចេញទស្សនៈមិនមែនជារឿងជារឿងកាត់ក្ដីវិនិច្ឆ័យថា ខុសឬត្រូវទេប៉ុន្តែរឿងទាំងអស់ហ្នឹង តុលាការ និងរដ្ឋាភិបាលគេមានចំណាត់ការតាមការអនុវត្តច្បាប់គឺជាកិច្ចការជាក់លាក់មួយផ្សេងទៀត»។
រដ្ឋាភិបាលលោកហ៊ុន សែន បានចាប់ខ្លួនលោក កឹម សុខា កាលពីឆ្នាំ២០១៧ ដោយចោទប្រកាន់ថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ក្នុងផែនការបដិវត្តន៍ពណ៌។ ទោះយ៉ាងណាសហរដ្ឋអាមេរិកចាត់ទុកថា ជាការប្រឌិត។ បន្ថែមពីនេះប្រទេសមហាអំណាចមួយនេះតែងបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរដ្ឋាភិបាលលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក ហ៊ុន សែន។
អ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) គឺលោក គឹម សុខ យល់ស្របទៅនឹងទស្សនៈរបស់លោក សម រង្ស៊ី បើលោក កឹម សុខាំសារភាពទោសដើម្បីឆាប់ចប់សំណុំរឿងនេះនោះជីវិតនយោបាយលោក កឹម សុខា ក៏ឆាប់ចប់ទៅតាមគ្នានេះដែរ។ លោក គឹម សុខ សង្កេតឃើញទៀតថា ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើដំណើរដ៏គ្រោះថ្នាក់ក្នុងផែនការនយោបាយផ្ដួលអ្នកប្រជាធិបតេយ្យក្នុងការផ្ទេរអំណាចតវង្សត្រកូល។ លោកបន្តថា ទោះពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន អាចទប់ទល់នឹងការដាក់សម្ពាធពីក្រុមប្រទេសប្រជាធិបតេយ្យក្ដី ប៉ុន្តែសម្ពាធទាំងនេះនឹងបន្តធ្លាក់លើកូនប្រុសរបស់លោកដែលនឹងឡើងកាន់ដំណែងបន្តពីឪពុក៖ «សហគមន៍អន្តរជាតិ មើលឃើញកាន់តែច្បាស់អំពីអ្វីនយោបាយសម្លាប់ប្រជាធិបតេយ្យដើម្បីតែអំណាចក្រុមគ្រួសារហ៊ុនហើយមែនទែនទៅចាំតែចរន្តផ្ទុះចេញទេ លោក ហ៊ុន ម៉ាណែត ពិបាកទប់ខ្លាំងណាស់ ដូច្នេះកម្ដៅខ្លាំងទាំងនេះ នៅចាំតែពេលផ្ទុះទេ ឆាប់ឬយឺត ស្ថិតលើស្មារតីចេះធ្វើកិច្ចការរួមគ្នារបស់សកម្មជន អ្នកនយោបាយ និងប្រជាពលរដ្ឋជារួម»។
នៅរយៈពេលចុងក្រោយនេះ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែខិតជិតមកដល់លោក កឹម សុខា បានប្រកាសត្រៀមខ្លួនចរចាជាមួយលោក ហ៊ុន សែន ដើម្បីបញ្ចប់សំណុំរឿងលោក និងដើម្បីដោះស្រាយបញ្ហាជាតិដែលកំពុងកើតឡើងព្រោះវិបត្តិនយោបាយ។ ទោះយ៉ាងណា រដ្ឋាភិបាល ឬបក្សកាន់អំណាច មិនទាន់ឆ្លើយយល់ព្រមចរចាជាមួយលោក កឹម សុខា នៅឡើយទេ។ តុលាការក្រុងភ្នំពេញ គ្រោងនឹងជំនុំជម្រះក្ដីលោក កឹម សុខា នៅថ្ងៃទី១៦ ខែមីនា ខាងមុខ
No comments:
Post a Comment