Khmer Circle:
Of course, supporting the UN decision to condemn Russia’s invasion of Ukraine is the right thing to do if only because the people of that country deserve better than to be ruled over via a proxy regime installed by Moscow as is the case in neighbouring Belarus or, yes, in a little-known country called Cambodia under a puppet of Hanoi like Hun Sen...
🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2022-03-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក ហ៊ុន សែន
អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា កម្ពុជាចូលរួមបោះឆ្នោតថ្កោលទោសលើប្រទេសរុស្ស៊ី (Russia) ដែលឈ្លានពានប្រទេសអ៊ុយក្រែន (Ukraine)នោះ គឺជារឿងត្រឹមត្រូវ។ការលើកឡើងនេះ គឺបន្ទាប់ពីប្រទេសចំនួន១៤១ ក្នុងនោះរួមមានកម្ពុជាផង កាលពីថ្ងៃទី២ ខែមីនា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (UN )ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងទាមទារឱ្យដកកងទ័ពចេញជាបន្ទាន់ និងទាំងស្រុង។
អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិលភ្ញាក់ផ្អើល និងគាំទ្ររដ្ឋាភិបាលកម្ពុជា ដែលចូលរួមគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោសចំពោះទង្វើឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ទោះបីជានៅតាមវេទិកាសាធារណៈទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ហាក់មិនបានបង្ហាញជំហរច្បាស់លាស់ក្តី។
សហស្ថាបនិកនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បណ្ឌិត រ៉ូ វណ្ណៈ ថ្លែងថា ការណ៍ដែលកម្ពុជា បោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ថ្កោលទោសរុស្ស៊ី និងទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់នេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយអាចទទួលបានការសាទរពីប្រទេសមួយចំនួន។ លោកយល់ថា ប្រសិនបើកម្ពុជា គាំទ្រទង្វើឈ្លានពានរុស្ស៊ីវិញនោះ នឹងទទួលរងការរិះគន់និងសម្ពាធនានាពីសហគមន៍អន្តរជាតិ៖ «ខ្ញុំយល់ឃើញថា ជាការសម្រេចចិត្តមួយដែលត្រឹមត្រូវនិងឆ្លាតវៃនៅក្នុងការគាំទ្រនៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដើម្បីឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនដែលជាសង្គ្រាមឈ្លានពានលើរដ្ឋអធិបតេយ្យមួយ។ កម្ពុជាបានបង្ហាញពីឆន្ទះនៅក្នុងការដែលហៅថា ការពារច្បាប់អន្តរជាតិ ការពារអធិបតេយ្យ មិនឲ្យប្រទេសធំទៅឈ្លានពានប្រទេសតូច ដែលរំលោភលើច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។
កាលពីថ្ងៃទី២ ខែមីនា មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចមួយថ្កោលទោសការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនហើយទាមទារឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារ និងដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ សេចក្តីសម្រេចថ្កោលទោសនេះ មានការគាំទ្រពីរដ្ឋជាសមាជិកចំនួន១៤១ប្រទេស រួមទាំងកម្ពុជាផងក្នុងចំណោមសមាជិកទាំងអស់១៩៣ប្រទេស។ ដោយឡែក ប្រទេសចំនួន៥ បានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះ គឺប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានបេឡារុស(Belarus) ស៊ីរី (Syria)កូរ៉េខាងជើង (North Korea) និងអេរីត្រៀ (Eritrea)។ ទន្ទឹមគ្នានេះ ប្រទេសចំនួន៣៥ទៀត បានបោះឆ្នោតអនុប្បវាទ រួមមាន ចិន(China )ឥណ្ឌា (india) វៀតណាម (Vietnam) និងឡាវ (Lao) ជាដើម។
ទាក់ទងបញ្ហានេះ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា ចូលរួមជាសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅអ៊ុយក្រែននេះ ព្រោះកម្ពុជា ព្រួយបារម្ភចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអរិភាពយោធានៅអ៊ុយក្រែន។ ក្រសួងការបរទេសកម្ពុជា លើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ មីនាថា កម្ពុជា មានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ លើសពីនេះ ក្រសួងការបរទេសបន្តថា កម្ពុជា រក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានេះ ហាក់ដូចជាមានការប្រុងប្រយ័ត្នដោយមិនហ៊ានប្រើពាក្យថា «រុស្ស៊ីឈ្លានពានអ៊ុយក្រែន» នោះទេ ខណៈនៅមុនមហាសន្និបាតនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំការយោគយល់ពីប្រទេសរុស្ស៊ីទៀតផង។
ទោះជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ការសម្រេចចិត្តរបស់កម្ពុជានៅពេលនេះ គឺជារឿងត្រឹមត្រូវ និងគួរតែទទួលបានការស្វាគមន៍ ព្រោះប្រទេសភាគច្រើនលើពិភពលោក សុទ្ធតែមានជំហរប្រឆាំងអំពើឈ្លានពានរបស់រុស្ស៊ី៖ «ការប្រកាន់ជំហរមួយដែលចង់បានសុខសន្តិភាពគ្រប់បណ្តាប្រទេសនៅក្នុងពិភពលោក គឺជារឿងត្រឹមត្រូវមួយហើយបើយើងងាកមកវិញយើងឃើញហើយសូម្បីតែប្រទេសស្វីស ប្រទេសហូឡង់ ដែលប្រកាន់គោល ជំហរគោលនយោបាយអព្យាក្រឹត្យ ក៏ងាកទៅគាំទ្រអ៊ុយក្រែន ដើម្បីសុំឲ្យរុស្ស៊ីដកទ័ពចេញផងដែរ។ ប្រទេសមួយចំនួនទៀតដែលបានប្រកាន់ជំហរអព្យាក្រឹត្យ ក៏បានផ្តល់សព្វាវុធនិងសម្ភារៈដល់អ៊ុយក្រែនក្នុងការតទល់ជាមួយរុស្ស៊ី ទទៀត ដូច្នេះខ្ញុំគិតថា គោលនយោបាយកម្ពុជានៅពេលនេះ ត្រូវឈរលើជំហរមួយចង់បានសុខសន្តិភាពទាំងអស់»។
ជុំវិញរឿងនេះ សហរដ្ឋអាមេរិក ក៏បានបង្ហាញការរីករាយដោយឃើញប្រទេសកម្ពុជានិងសិង្ហបុរី ចូលរួមជាមួយប្រទេសដទៃទៀតក្នុងការធ្វើជាសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តប្រឆាំងនឹងភាពគឃ្លើនរបស់រុស្ស៊ី និងទាមទារឱ្យបញ្ឈប់នូវសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ ស្ថានទូតសហរដ្ឋអាមេរិក បង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook)ផ្លូវការថា សេចក្តីសម្រេចចិត្តនេះត្រូវបានគាំទ្រដោយប្រទេសនៅអាស៊ានភាគច្រើន ខណៈដែលពិភពលោកកំពុងចាត់វិធានការឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ នៅមុនការបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនេះមួយថ្ងៃ ឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានស្នើដល់កម្ពុជាឲ្យចូលរួមក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន និងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី។
កងទ័ពរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនពេញទំហឹង ចាប់តាំងពីថ្ងៃទី ២៤កុម្ភៈ ឆ្នាំ២០២២ ។ការឈ្លានពានរបស់រុស្ស៊ីរយៈពេលជាងមួយសប្ដាហ៍មកនេះ បានបណ្ដាលឱ្យពលរដ្ឋអ៊ុយក្រែនរាប់រយនាក់បាត់បង់ជីវិត ក្នុងនោះក៏រួមទាំងកុមារផងដែរ។ ប្រទេសជាច្រើនបាននាំគ្នាថ្កោលទោសទង្វើឈ្លានពានរបស់រុស្ស៊ី និងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះជាបន្តបន្ទាប់ និងទទូចឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមនេះជាបន្ទាន់៕
1 comment:
Asean was formed to stop Vietnam. Asean is to Vietnam as Nato is to Russia. They are both form to stop them. Every Asean voted to condemn Russia except Vietnam. Asean should team up and attack Vietnam. Otherwise they are useless.
Post a Comment