Friday, 4 March 2022

អ្នកវិភាគ​ថា លោក កឹម សុខា មេ​បក្ស​ប្រឆាំង​ បង្ហាញ​ការ​គាំទ្រ​ការ​រៀបចំ​អ្នក​បន្តវេន​របស់​បក្ស​កាន់​អំណាច


ដោយ មាន ឫទ្ធិ
2022-03-03
អ្នកវិភាគ​ថា លោក កឹម សុខា មេ​បក្ស​ប្រឆាំង​ បង្ហាញ​ការ​គាំទ្រ​ការ​រៀបចំ​អ្នក​បន្តវេន​របស់​បក្ស​កាន់​អំណាច 

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
RFA


អ្នកឃ្លាំមើល​នយោបាយ​លើក​ឡើង​ថា ជំហរ​លោក កឹម សុខា គាំទ្រ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ត​វេន​ពី​លោក ហ៊ុន សែន ជា​ការ​បន្ទន់ចិត្ត បក្ស​កាន់​អំណាច​ដើម្បី​ឲ្យ​លោក​អាច​មាន​ឱកាស​ចូលក្នុង​ឆាក​នយោបាយ​ឡើង​វិញ។ ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បញ្ជាក់​ជំហរ​ដដែល​ថា គណបក្ស​នេះ​មិន​ចរចា​ជាមួយ​លោក កឹម សុខា ខណៈ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ជំហរ លោក កឹម សុខា គាំទ្រ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស​កាន់អំណាច ទំនង​ទទួល​បាន​ផល​ចំណេញ ច្រើន​ជាង​ការ​ខាតបង់។



អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា សារ​របស់​លោក កឹម សុខា បែប​នេះ ទំនង​លោក កឹម សុខា ចង់​បង្ហាញ​ទៅ​គណបក្ស​កាន់អំណាច​ឲ្យ​ឃើញ​​ថា លោក​មិនមែន​សត្រូវ​ប្រឈម​របស់​លោក ហ៊ុន សែន ពី​ឪពុក​ទៅ​កូន​នោះ​ទេ។ អ្នកវិភាគ​នយោបាយ​រូប​នេះ​យល់​ថា ទំនង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មិន​ព្រម​ចរចា​ជាមួយ​ដដែល ដរាប​ណា​សហគមន៍​មិន​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន៖ «ខ្ញុំ​គិត​ថា អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​មិន​គាំទ្រ​ទាំងស្រុង​ទៅ​លើ​ជំហរ​លោក កឹម សុខា នៅក្នុង​ការ​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​ដែល តែងតាំង លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅពេល​អនាគត​ទេពី​ព្រោះ​យន្តការ​នេះ​ជា​ការ​ស្នង​ដំណែង​ពី​ឪ​មក​កូន ប៉ុន្តែ លោក កឹម សុខា មិន​ផ្ដល់​តម្លៃ ឬក៏​ចាប់អារម្មណ៍​បញ្ហា​នេះ​ប៉ុន្មាន​ទេ​សំខាន់​គាត់​គិត​ថា ធ្វើ​ម៉េច​ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​នយោបាយ​ជាង»។

ការ​លើកឡើង​របស់​អ្នកវិភាគ​បែបនេះ​ធ្វើ​ឡើង​ក្រោយ ពេល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហាញ​សារ​កម្រ​របស់​ខ្លួន ស្វាគមន៍​ការ​បន្ត​អំណាច​ត្រកូល​លោក ហ៊ុន សែន​។ ទោះ​យ៉ាងណា លោក កឹម សុខា ចង់​ឃើញ​អ្នក​បន្តវេន​បក្ស​កាន់​អំណាច អាច​ជួសជុល​ចំណុច​ខ្វះខាត​របស់​អ្នក​ជំនាន់​ចាស់​ទាំង​បញ្ហា​ជាតិ និង​បញ្ហា​អន្តរជាតិ​។ លោក​ក៏​ប្រកាស​ដែរ​ថា លោក​ត្រៀមខ្លួន​ជាមួយ​បក្ស​កាន់អំណាច​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ការ​ចរចា៖ «ខ្ញុំ​គាំទ្រ​ពី​ការ​គិតគូរ​ពី​អ្នក​បន្តវេន ពីព្រោះ​មនុស្ស​ជៀស​ចាស់​ជៀស​ស្លាប់​មិន​រួច​ទេ ហើយ​មុន​យើង​ស្លាប់​ទៅ​យើង​រៀបចំ​អ្នក​បន្តវេន ប៉ុន្តែ​ការរៀបចំ​អ្នក​បន្តវេន​ឲ្យ​ប្រសើរ​ជាង​នៅ​ពេល​ចំណុច​ខ្វះខាត​ដែល​យើង​ចាស់ៗ​ដឹកនាំ​តើ​មាន​បញ្ហា​អី​ខ្លះ​ត្រូវ​មើល​ចំណុច​អវិជ្ជមាន​យើង​កែ​ដើម្បី​ទុក​ឲ្យ​អ្នក​ក្រោយ​ដឹកនាំ​បន្ត​ទៀត ឲ្យ​បាន​ល្អ​នៅ​ពេល​យើង​ដឹកនាំ​ឲ្យ​មាន​ជម្លោះ​នេះ»។

លោក កឹម សុខា ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃទី២ ខែ​មីនា នៅ​គេហដ្ឋាន​របស់​លោក មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សវនាការ​ដែក​ជំនុំជម្រះ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក​។ លោក កឹម សុខា ក៏​បង្ហាញ​ជំហរ​ចង់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​។ លោក​ថា ប្រសិន​គ្មាន​ដំណោះស្រាយ​នយោបាយ ជា​ការ​បង្ហាញថា រដ្ឋាភិបាល​មាន​ចេតនា​មិន​ឲ្យ​លោក ឬ​គណបក្ស​ដែល​ជា​គូប្រកួត​ជាមួយ​បក្ស​កាន់អំណាច​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ។

ទាក់ទង​ជំហរ លោក កឹម សុខា លើ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស​កាន់​អំណាច​បែប​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច ហើយ​ការ​គាំទ្រ​របស់ កឹម សុខា បែប​នេះ គឺ​គ្រាន់តែ​ជា​ការ​គាំទ្រ​នៃ​មជ្ឈដ្ឋាន​ខាងក្រៅ​។ ចំពោះ​ការ​ចង់​ឃើញ​របស់ លោក កឹម សុខា ឲ្យ​អ្នក​បន្តវេន​បក្ស​កាន់អំណាច កែលំអ កំហុសឆ្គង​របស់​អ្នក​ជំនាន់​មុន លោក សុខ ឥសាន ថា ទោះ​អ្នកណា​ជា​នាយករដ្ឋមន្ត្រី ក៏​គណបក្ស​កាន់អំណាច​នៅតែ​ដឹកនាំ​ប្រទេស​តាម​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដដែល៖ «មជ្ឈដ្ឋាន​ខាងក្រៅ​ជា​ការ​យល់ឃើញ​របស់​មជ្ឈដ្ឋាន​ខាងក្រៅ​ទេ បើសិនណា គាត់​(​លោក កឹម សុខា​) យល់​ថា បេក្ខភាព​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​គឺ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ គឺជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​គាត់​សម្ដែង​ការ​គាំទ្រ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បញ្ជាក់​ជំហរ​ដដែល​ថា គណបក្ស​នេះ​មិន​ចរចា​ជាមួយ​លោក កឹម សុខា ក្នុង​ពេល​នេះ​ទេ ខណៈ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ។

លោក កឹម សុខា បង្ហាញ​ការ​គាំទ្រ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស​កាន់អំណាច​ហាក់​ផ្ទុយ​ពី​ដៃ​គូ​នយោបាយ​របស់​លោក គឺលោក សម រង្ស៊ី ដែល​តែងតែ​រិះគន់​ផែនការ​កាន់​អំណាច​តពូជ​នេះ​។ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន ​មាន​វ័យ​កាន់តែ​ចាស់​ដែល​មិន​អាច​នៅ​កាន់អំណាច​បាន​យូរ​តទៅ​ទៀត ទើប​គាត់​ចង់​ឲ្យ​កូន​ឡើង​មក​កាន់​តំណែង​ជំនួស​គាត់ ដើម្បី​ឲ្យ​កូន​ជួយ​ថែរក្សា​លាភសក្ការៈ​សម្រាប់​ក្រុម​គ្រួសារ និង​ធានា​និទ្ទណ្ឌភាព​ឲ្យ​ខ្លួន​គាត់​ផ្ទាល់។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ជ្រើសតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត កាល​ពី​ថ្ងៃ​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ​២០២១ ក្រោយ​លោក ហ៊ុន សែន ជា​ឪពុក​បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​បេក្ខភាព លោក ហ៊ុន ម៉ាណែត៕

2 comments:

Anonymous said...

Meul Mouk Khmer hero.

Ah Kem Min Sok Heuy Kha is just a sex maniac. His mental health is overwhelming with Kanduoy, no nationalism.

Anonymous said...

Ah Kha,
Keep holding on to the title of President of the CNRP and following Ah Yuon's slave Hun Sen's orders are catastrophic for Cambodia.
Your job is fighting for social justice for Khmer people Ah Meh Choy. If you can think only about Choy Mi Srey Mom, Mi Ra, Mi Rom, etc... you should never have entered into politic Ah Runteas Banh.