Wednesday, 6 April 2022

ជនភៀ​ស​​ខ្លួន​​ខ្មែ​រ​​កម្ពុជា​​ក្រោម​​នៅ​​ថៃ កំពុង​​ជួ​ប​​វិបត្តិ​​សេដ្ឋកិច្ច


ដោយ យន់ សាមៀន
2022-04-05
ជនភៀ​ស​​ខ្លួន​​ខ្មែ​រ​​កម្ពុជា​​ក្រោម​​នៅ​​ថៃ កំពុង​​ជួ​ប​​វិបត្តិ​​សេដ្ឋកិច្ច 

ពលករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃ តម្រង់ជួររង់ចាំការចែកអាហារ​កាល​ពីខែកក្កដា ឆ្នាំ២០២១ ក្នុង​អំឡុង​ពេល​ជំងឺកូវីដ១៩។
រូប៖ ពលករខ្មែរផ្ដល់​ឲ្យ


ជនភៀស​​ខ្លួន​​ខ្មែ​រ​​ក្រោ​ម​​ជាង​​២​រយនាក់​​ នៅប្រទេសថៃ កំពុង​អំពាវនាវ​​រក​ជំ​នួយ​ពី​​សប្បុរសជន​ និង​​អន្តរាគមន៍​ពី​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​​(UNHCR) ដើម្បី​ផ្តល់​សិទ្ធិ​ជ្រក​កោន​ឲ្យ​ពួកគេ ​នៅ​ប្រទេស​​​ទីបី។​ ជនភៀស​ខ្លួន​ខ្មែរ​ក្រោម​ថា ពួកគេ​កំពុង​តែ​ជួប​បញ្ហា​ជីវភាព​កាន់​តែ​ធ្ងន់​ធ្ងរៗ​ទៅ។

ជនភៀស​ខ្លួន​ខ្មែរ​ក្រោម ដែល​រត់​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​តាម​ចាប់​ខ្លួន​​​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ​និង​កម្ពុជា ចំនួន ២៤៥នាក់ កំពុង​ជាប់​ផុង​និង​អស់​សង្ឃឹម​នៅ​ប្រទេសថៃ។ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​​(UNHCR) មិន​ទាន់​អាច​ជួយ​ពួកគេ​ ឲ្យ​ទៅ​ស្វែង​រក​ទីតាំង​មាន​សុវត្ថិភាព​នៅ​ប្រទេស​ទីបីនៅ​ឡើយ ទោះបី​អ្នក​ខ្លះ​បាន​សុំ​សិទ្ធិជ្រកកោន​អស់​រយៈជាង​ ១០​ឆ្នាំ​មក​ហើយក្តី​។​​ បច្ចុប្បន្ន ​ពលរដ្ឋខ្មែរ​ក្រោម ១៦០នាក់ ក្នុង​ចំណោម ២៤៥​នាក់ ត្រូវ​បាន ​​(UNHCR)​ផ្តល់​ឋានៈ​ជាជន​ភៀស​ខ្លួន​ ប៉ុន្តែខ្មែរ​ក្រោម​ខ្លះ​ត្រូវ​គេ​បដិសេធ​សំណើ​ជាជន​ភៀស​ខ្លួន។


ប្រធាន សមាគម​ក្រុម​ជនភៀស​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថៃ លោក ឡឹម សំណាង ដែល​ជា​ជន​ភៀស​ខ្លួន​ម្នាក់​ដែរ ប្រាប់​វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃទី៣ ខែមេសាថា ជនភៀស​ខ្លួន​ខ្មែរ​ក្រោម​កំពុង​ជួប​ការ​លំបាក​គ្រប់​បែបយ៉ាង​ ក្នុង​ការ​រស់​នៅ​ប្រទេសថៃ។ លោកថា ទោះបី​​(UNHCR)​ផ្តល់​ឋានៈ​ជាជន​ភៀស​ខ្លួនដល់​ខ្មែរ​ក្រោម​ខ្លះក៏​ដោយ ប៉ុន្តែ ឋានៈជា​ជន​ភៀស​ខ្លួន មិន​អាច​ឲ្យ​ពួកគេ​ស្វែង​រក​ការ​ងារ​ធ្វើ​​​ដោយ​ស្រប​ច្បាប់បាន​នោះទេ។ ជនភៀស​ខ្លួន​ខ្លះ​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ម្ហូប​អាហារ ​និង​ថវិកា​សម្រាប់​ការ​រស់​នៅ៖ «យើង​ជា​ជន​ភៀស​ខ្លួន។ យើងគ្មាន​សិទ្ធិ​ជា​ការងារ​ពេញ​លេញ​នៅ​ថៃ​ទេ។ ​បើ​យក​ប័ណ្ណ​​(UNHCR) ក៏​គេ​មិន​ឲ្យ​ធ្វើ​ការងារ​ដែរ។ កូវីដ​វា​រាល​ដាល​ចូល​បី​ឆ្នាំ​ហើយ ខ្មែរ​ជួប​បញ្ហា​រក​ចំណូល​និង​ចំណាយ​ប្រចាំថ្ងៃ»។

លោក ឡឹម សំណាង ជាអតីត​ព្រះសង្ឃ​ខ្មែរ​ក្រោម ជា​គ្រូបង្រៀន​អក្ស​រសា​ស្រ្ត​ខ្មែរ​ដល់​កូនៗ​ខ្មែរ​ក្រោម។​ លោក​បាន​រត់​ចេញ​ពី​ស្រុក​កំណើត​ទៅ​រស់​នៅ​កម្ពុជា ដោយ​សារ​​តែ​អាជ្ញាធរ​វៀតណាម បាន​តាម​ចាប់​ខ្លួន កាលពី​ឆ្នាំ២០០៦។ លោក ឡឹម សំណាង កាលពីឆ្នាំ ២០០៧ ក្នុងនាម​ជាព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ បាន​បន្ត​ចូលរួម​ធ្វើបា​តុកម្មប្រឆាំង​វៀតណាម នៅ​មុខ​ស្ថាន​ទូត​វៀតណាម​នៅ​កម្ពុជា​ រឿង​វៀតណាម​ លុប​បំបាត់​កម្មវិ​ធី​ព្រះពុទ្ធសាសនា និង​គាបសង្កត់​សិទ្ធិ​ប្រតិបត្តិ​សាសនា​របស់​ខ្មែរ​ក្រោម​ ប៉ុន្តែ​កា​រតវ៉ា​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម ត្រូវ​បាន​អាជ្ញាធ​រកម្ពុជា​បង្ក្រាប និង​ចាប់ខ្លួន​ព្រះសង្ឃ​ជា​ច្រើន​អង្គទៀត​ផង។ អាជ្ញាធរ​កម្ពុជាក៏​តាម​ចាប់ខ្លួន​លោក ឡឹម សំណាង ទើបលោក​រត់​ទៅ​សុំសិទ្ធិជ្រក​កោន​នៅ​ប្រទេស​ថៃ ហើយ​បាន​សឹក​រហូត​មក​ទល់​សព្វ​ថ្ងៃ។ លោក ឡឹម សំណាងថា ​ក្នុង​រយៈពេ​ល​ជិត​មួយ​ទសវត្ស​មក​នេះ អង្គការ​សហ​ប្រជាជាតិ​​​​​ទទួល​បន្ទុក​ជនភៀសខ្លួន ​​(UNHCR) មិនបាន​ផ្តល់​សិទ្ធិជ្រក​កោន​នៅ​ប្រទេ​ស​ទីបី​ដល់​ជនភៀស​ខ្លូន​ខ្មែរក្រោម​នោះទេ៖ »ខ្ញុំសំណូមពរ​ដល់​អង្គការ​​នានា​និង​ (UNHCR) នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅថៃ​ជា​ដើម និង​ស្ថានទូត​ដទៃ​ដូចជា​ស្ថាន​ទូត​អាមេរិក កាណាដា និង​ហូឡង់​ជាដើម សូម​សំណូមព​រយក​ជនភៀស​ខ្លួន​ចេញ​ផង។ ខ្មែរក្រោម​មិន​ទាន់​មាន​អ្នក​ណាបា​ន​ចេញ​ទេ»។

ខ្មែរក្រោម​ជាច្រើន​នាក់ បានរត់គេចចេញ​ពី​ស្រុក​កំណើត ដោយសារ​តែ​ការធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ អាជ្ញាធរ​វៀតណាម បាន​គាប​សង្កត់​​​សិទ្ធិសាសនា​ សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិជន​ជាតិ​ដើម។ ជនភៀស​​ខ្លួនខ្មែរក្រោមទាំ​ង​នោះ ចង់​មក​រស់​នៅ​កម្ពុជា​ដែរ​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម សហការ​នឹង​អាជ្ញាធរ​ខ្មែរ​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ ទើប​ពួកគេ​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣ នៅ​ប្រទេស​ថៃ។ មកដល់​ប្រទេសថៃ​ ពួកគេ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយ​សារ​តែ​មិន​អាច​ធ្វើការងារ​ស្របច្បាប់ ហើយ​ត្រូវរងការ​កេងកម្លាំង​ពលកម្មពី​សំណាក់​ថៅ​កែ​ថៃ​ទៀត​ផង។​

ស្រដៀង​គ្នា​នឹង​លោក ឡឹម សំណាងដែរ លោក គឹម គីន ជាជន​ភៀសខ្លួន​ខ្មែរ​ក្រោម​ និង​ជា​អតីត​ទាហាន ដែលបាន​សហការ​នឹង​ទាហាន​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​នឹងទាហាន​កុម្មុយនីស្ដ ក្នុងសង្គ្រាមវៀតណាម ក៏កំពុងជួបបញ្ហាជីវភាព​លំបាក​វេទនា​​ និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ដែរ។ លោក គឹម គីន គ្មានការ​ងារ​ធ្វើ​អស់ពេលជា​ង១ឆ្នាំ​មក​ហើយ។ សព្វ​ថ្ងៃ​នេះ​ លោកទទួលបាន​ជំនួយ​បន្តិចបន្តួច​ពី​អង្គការ​(UNHCR) និង​សមាគម​ខ្មែរ​ក្រោម​​​នៅ​ក្រៅ​ប្រទេស​៖ «ជា​​ការ​​ទុក្ខ​​លំបាក​​បំផុត​​វេទនា​​បំផុត​​ ពី​ព្រោះ​​យើង​​ចាស់​​ហើយ​​មិន​​អាច​​ចេញ​​​ទៅ​ពល​កម្ម​ខាង​ក្រៅ​ ពី​ព្រោះ​នៅ​ស្រុក​ថៃ​ដឹង​ស្រាប់​ហើយ​តែ​ចាស់​ហើយ​ធ្វើ​អី​ក៏​អត់​បាន​ដែរ​ម្ល៉េះ​​ហើយ​ការ​រស់​នៅ​ដោយ​ត្បិត​ត្បៀត​ក៏​ប៉ុន្តែ​យើង​ស៊ូទ្រាំ​»។

លោក ​គឹម គីន ​មាន​អាយុ​៧០​ឆ្នាំ​ប្លាយ​ហើយ​។ លោក​បានចាក​ចេញពីស្រុក ​ ​កំណើត ​នៅ​ខេត្ត​ព្រះត្រ​ពាំង​កម្ពុជា​ក្រោម​​ ក្រោយពេលវៀតណាម​ដោះលែងលោក​ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​លោក​ជាប់​ឃុំ​អស់រយៈ​ពេល៨ឆ្នាំ។ លោកត្រូវ​វៀតណាមចាប់​ដាក់គុក​ដោយ​សារ​តែ ​លោកជា​ទាហាន​សហកា​រ​នឹងទាហាន​អាមេរិក វាយទាហាន​កុម្មុនិស្ដវៀតណាត​ខាងជើង ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម ចាប់ពីឆ្នាំ ១៩៧៤ ដល់១៩៧៦។

លោក គឹម គីនថា ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ​​លោក​បាន​រត់​​​ទៅ​ស្នាក់​នៅ​កម្ពុជា​មួយ​រយៈ​ ប៉ុន្តែលោកព្រួយបារម្ភថា​ វៀតណាមបន្តតាម​ចាប់​ខ្លួន​លោកទៀត ទើបលោករត់ទៅថៃ ​​ដាក់ពាក្យ​ស្នើសុំ​ ​(UNHCR) ដើម្បី​ឱ្យ​ជួយ​ការពារ​សុវត្ថិភាព​លោក និងគ្រួសារ។

ជុំវិញ​ការ​ធ្វើ​ទុក្ខ​ខ្មែរ​ក្រោម​នៅ​វៀតណាមនេះ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់វិទ្យុអាស៊ីសេរីថា ករណី​រំលោភ​សិទ្ធិមនុស្ស​លើ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អន្តរាគមន៍​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា ខ្មែរ​ក្រោម គ្រាន់តែមានឈាមជ័រជា​ខ្មែរ ប៉ុន្តែ​ពួកគេ​មាន​សញ្ជាតិ​ផ្សេង​។​​ ផ្ទុយពីការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ រដ្ឋធម្មនុញ្ញចែងថា  ខ្មែររស់នៅទីណា ក៏ជាខ្មែរដែរ។  ពាក់ព័ន្ធនឹងជនភៀសខ្លួនខ្មែរក្រោមវិញ មន្រ្តី​អង្គការ (Human Rights Watch)  ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ប្រទេសមួយចំនួន​មិនសូវចាប់​អារម្មណ៍នឹងជនភៀសខ្លួនខ្មែរក្រោមនោះទេ​។ ទោះបីជា​យ៉ាងក៏មាន​ប្រទេស​តែមួយ​ចំនួន បាន​ពិចារណា​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់ជនភៀ​សខ្លួន​ខ្មែរក្រោម។  ការពន្យារពេល​ផ្តល់​សិទ្ធិជ្រកកោន​នយោបាយ​នេះហើយ បានបណ្តាលឲ្យខ្មែរក្រោមរងការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​មន្ត្រី​ពុករលួយថៃ​ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ពី​សំណាក់​ថៅកែ​ថៃ។ វិទ្យុអាស៊ី​សេរីមិនទាន់អាចសុំការឆ្លើយតបពីសំណាក់មន្រ្តី ​ ​(UNHCR) ពាក់ព័ន្ធ​នឹង​សំណើរ​របស់​ខ្មែរ​ក្រោ​ម​ឲ្យ​ពន្លឿន​ដំណើរ​ការ​បញ្ជូន​ពួកគេ​ឲ្យទៅរស់​នៅ​ប្រទេសទីបី​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃទី៣ ខែមេសា។ បច្ចុប្បន្ន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមានមូលដ្ឋាននៅអាមេរិក ​កំពុងធ្វើការ​តស៊ូ​មតិ​​នឹង(UNHCR) និង​ប្រទេស​មួយ​ចំនួន ​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​ទទួល​យក ជនភៀសខ្លួន​ខ្មែរ​ក្រោម​ទៅ​រស់នៅ​ប្រទេស​ទី​បី៕

1 comment:

Anonymous said...

These Khmers better learn to fight and form a militia instead of wasting time begging. You've been robbed and everything was taken but instead of fighting you end up begging. It time you learn to take back what is yours. This will happen to Khmers in Cambodia too. You will be beggars once everything is taken from you. Your land will be lost. That is why you can choose to fight or flee. The thais are crooks too. Take back everything that was taken from you. Form a group and start in thailand if necessary.