Wednesday, 6 April 2022

ក្រុម​យុវជន​ខកចិត្ត​ចំពោះ​មន្រ្តីស្ថានទូត​រុស្ស៊ី​មិន​ទទួល​ញ្ញត្តិ​ស្នើ​ឱ្យ​លោក ពូទីន បញ្ឈប់​ការ​​ឈ្លាន​ពាន​​លើ​​អ៊ុយក្រែន


ដោយ សុជីវី
2022-04-05
ក្រុម​យុវជន​ខកចិត្ត​ចំពោះ​មន្រ្តីស្ថានទូត​រុស្ស៊ី​មិន​ទទួល​ញ្ញត្តិ​ស្នើ​ឱ្យ​លោក ពូទីន បញ្ឈប់​ការ​​ឈ្លាន​ពាន​​លើ​​អ៊ុយក្រែន 

ក្រុម​​​យុវជន​ខ្មែរថាវរៈ យុវជនបរិស្ថាន និង​​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្តខ្មែរផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​នៅមុខ​ស្ថាន​ទូត​រុស្ស៊ីប្រចាំនៅ​ភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ​ដើម្បីស្នើសុំឱ្យ​ប្រធានាធិបតីរស្ស៊ីលោក វ្ល៉ាឌឺមៀ ពូទីន​ (Vladimir Putin) ​បញ្ឈប់​​ការ​​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន និង​ស្តារ​សន្តិភាព​ឡើង​វិញ។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

 

ក្រុម​​យុវជន​​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​មន្រ្តី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​ ដែល​បដិសេធ​ទទួល​ញត្តិ​ដោយ​គ្មាន​មូលហេតុ​ទាក់ទង​សំណើ​ឱ្យ​ប្រធានាធិបតីរស្ស៊ីលោក វ្ល៉ាឌឺមៀ ពូទីន​ (Vladimir Putin) ​បញ្ឈប់​​ការ​​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន និង​ស្តារ​សន្តិភាព​ឡើង​វិញ​ រួមទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជនស៊ីវិល​ដែល​រង​គ្រោះ។ ប៉ុន្តែ​មន្រ្តីរដ្ឋាភិបាល​ថា សកម្មភាព​ទាំង​នោះ​ មិន​តំណាង​រដ្ឋាភិបាល​និង​ពលរដ្ឋខ្មែរ​ទាំង​មូល​នោះ​ទេ។

ស្ថានទូត​រុស្ស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​នៅថ្ងៃទី៥ ខែមេសា បដិសេធ​​ទទួល​ញត្តិរបស់​​ក្រុម​​អង្គការ​​សង្គមស៊ីវិល​ រួមមាន​​សមាគម​​សម្ព័ន្ធនិស្សិត​​បញ្ញវន្តខ្មែរ​ (KSILA)​​សហភាព​​សហជីព​​កម្ពុជា ​(CCU) ​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​​ឯករាជ្យ (CITA) និង​​យុវជន​​ខ្មែរ​ថាវៈ (KT) ដែល​​ទាមទារ​​ឱ្យ​​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌឺមៀ ពូទីន ​(Vladimir Putin)​ បញ្ឈប់​​ការ​​ឈ្លានពាន​​លើ​​ប្រទេស​​អ៊ុយក្រែន។ ក្រុម​​យុវជន​​ខក​ចិត្ត​​យ៉ាង​​ខ្លាំង​​នឹង​​ការ​​ដែល​​ស្ថានទូត​​ប្រទេស​មួយ​​នេះ​​មិន​ទទួល​​ញត្តិ​​របស់​​ពួកគេ​ ដើម្បី​​ផ្ញើសារ​​ទៅ​​លោក ពូទីន ឱ្យ​​បញ្ឈប់​​សង្គ្រាម​ឈ្លាន​​ពាន​​ប្រទេស​​ជិត​​ខាង​ខ្លួន។


ខ្លឹមសារ​ញត្តិលើកឡើងថា ពួកគេ​ក្នុង​នាម​ពលរដ្ឋ​ដែល​បាន​ឆ្លង​កាត់​សង្គ្រោម​ជិត​ពីរ​ទសវត្ស​កន្លង​មក​នេះ បាន​ស្គាល់​ច្បាស់​អំពី​ទុក្ខលំបាក​នេះ ដោយ​ពួកគេ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សង្គ្រោម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ដែល​បាន​អូសបន្លាយ​រយៈពេល​ជាង​មួយ​ខែមក​នេះ ​​​ ដែលបណ្តាល​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ការ​ភ័យ​ខ្លាច វិបត្តិ​មនុស្ស​ធម៌ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ជាពិសេស​ប្រទេ​សក្រីក្រ​ដូចជា​កម្ពុជា​ជាដើម។

ប្រធាន​សមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និង​ជា​អតីត​អ្នកទោស​មនសិការលោក កើត សារ៉ាយ ​​​​​ប្រាប់​​​​​វិទ្យុ​​​​​អាស៊ី​​​សេរី​ថា សកម្មភាព​របស់​យុវជន និង​សង្គម​ស៊ីវិល​ពេល​នេះ​ចង់​បង្ហាញថា ពលរដ្ឋខ្មែរ​មិន​ត្រូវ​ការ​សង្គ្រោះ​ដែល​នាំឱ្យ​ប្រទេស​ណា​មួយ​រង​គ្រោះ​ដល់​ជន​ស៊ីវិល​ស្លូតត្រង់​នោះ​ទេ។ លោក​បញ្ជាក់​ថា ទោះមន្រ្តី​ស្ថានទូត​រុស្ស៊ី​បដិសេធ​ទទួល​ញត្តិដោយ​មិន​បញ្ជាក់​មូលហេតុ​យ៉ាង​ណា​ក្តី ក៏​ក្រុម​យុវជន​នៅ​តែ​រក្សា​គោលជំហរ​ទទូច​ដល់​មេដឹកនាំ​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​ ដើម្បី​ស្តារ​សន្តិភាព​សកល​ឡើង​វិញ​ដដែល៖ «វា​ជា​រឿង​ឈឺ​ចាប់​សម្រាប់​ប្រជា​ជាតិ​កម្ពុជា​​ ព្រោះ​កម្ពុជា​ឆ្អែតឆ្អន់​ជា​មួយ​សង្គ្រោម ដោយ​មិន​ចង់​ឃើញ​ប្រទេស​​ណា​មួយ​ក្នុង​សកល​លោក​ស្ថិតក្នុង​ភ្នក់ភ្លើង​នៃ​សង្គ្រោម​នោះ​ទេ ដឹង​ហើយ​ថា​លទ្ធ​ផល​ចុង​ក្រោយ​នៃ​សង្គ្រោមគ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ឱ្យ​ប្រជា​ពលដ្ឋ​ស្លូត​ត្រង់​លំបាក ស្រ្តី​មេ​ម៉ាយ ក្មេង​កំព្រា​គ្រប់បែប​យ៉ាង ជា​សោក​នាកម្ម​សម្រាប់​មនុស្ស​ជាតិ​ក្នុង​នាម​​មនុស្ស​ដូចគ្នា យើង​ចង់ឃើញ​ប្រទេស​រុស្ស៊ី​បញ្ឈប់​ការ​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយ​ក្រែន ហើយ​ស្តារ​ឡើងវិញ​នូវ​ស្ថិរ​ភាព​នយោ​បាយ​និង​សន្តិភាព​សកល»។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​ស្រឡាញ់​បរិស្ថាន និង​ជា​អតីត​អ្នកទោស​មនសិការ​លោក ថុន រដ្ឋា ថ្លែងថា ពលរដ្ឋខ្មែរ​ខ្វល់ខ្វាយ​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ ហើយ​ញត្តិនេះ​បង្ហាញ​ពី​សាមគ្គី​របស់​យុវជន​ខ្មែរ​ជា​មួ​យប្រជាជន​អ៊ុយក្រែន​ និង​ប្រជាជន​នៅ​លើ​ពិភព​លោក​ដែល​មិន​ត្រូវ​ការ​សង្គ្រោម។ លោក​សង្ឃឹមថា មេដឹកនាំ​រុស្ស៊ី​នឹង​ជ្រើសរើស​ការ​ចរចា​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន​ដើម្បី​បញ្ឈប់​សង្គ្រោម​ឈ្លាន​ពាន​ឱ្យ​បាន​ឆាប់៖ «ខ្ញុំយល់​ថា​ចង់​មិន​ចង់​ជា​មនុស្ស​ជាតិ​ដូច​គ្នា ចឹង​ទោះ​បី​ស្លាប់ប្រជា​ជន​អ៊ុយ​ក្រែន ឬ​ស្លាប់​ប្រជាជន​រុស្ស៊ី​ក៏​ជា​មនុស្ស​ដូច​គ្នា​ដែរ ចឹង​យើង​អត់​ចង់ឃើញ​សោក​នាកម្ម​ទាំង​អស់​នោះ​ទេ ហើយ​យើង​សង្ឃឹម​ថា​អ្វី​ដែល​យើង​ធ្វើ​នៅ​ថ្ងៃនេះ​នឹង​ឮ​ទៅ​ដល់​លោក​ពូទីន ដោយ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ឈ្លាន​ពាន​អ៊ុយ​ក្រែន»។

ក្រៅពី​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដាក់​ញត្តិ ចំណែក​ពលរដ្ឋ​ខ្មែរ​​នៅរស់នៅ​​ក្រៅ​ប្រទេសវិញ ពួកគេ​ក៏​បាន​បន្ត​ចូលរួម​សកម្មភាព​តវ៉ា​ឱ្យ​រុស្ស៊ី​ដកទ័ព​​ចេញ​ពី​អ៊ុយក្រែន និង​រៃអង្គៀសថវិកាតាមលទ្ធ​ភាពដើម្បី​ជួយដល់​ពលរដ្ឋ​អ៊ុយក្រែនដែរ។

ជុំវិញរឿងនេះ ​​អ្នក​​នាំ​ពាក្យ​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់រដ្ឋា​​ភិបាលលោក កត្តា អ៊ន លើក​ឡើង​​ថា​ ញត្តិ​ដែល​ក្រុម​យុវជនយក​ដាក់​នៅ​ស្ថាន​ទូត​រស្ស៊ី​នោះ មិន​តំណាង​ឱ្យ​រដ្ឋាភិបាល​ ឬ​តំណាង​ពលរដ្ឋ​ខ្មែរ​ទាំងមូល​នោះ​ទេ។ លោកបញ្ជាក់ថា បញ្ហា​រវាង​រស្ស៊ី​និង​អ៊ុយក្រែន​នេះ រដ្ឋាភិបាល​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​នៅក្នុង​មហាសន្និបាត​រស់​អង្គការ​សហប្រជាជាតិ​រួច​ហើយ​ទាក់ទង​នឹង​សេចក្តី​សម្រេច​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​ចំពោះការ​ប្រើប្រាស់​កម្លាំង​ប្រឆាំងនឹ​ង​អ៊ុយក្រែន​ និង​ដក​កង​កម្លាំង​យោធា​វិញ៖ «រដ្ឋា​ភិបាល​គឺ​តំណាង​អំណាច​គ្រប់​គ្រង​ប្រទេស​មួយ ដូច្នេះ​រដ្ឋាភិបាល​បាន​សម្តែង​រួច​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​មហសន្និត​អង្គការ​សហ​ប្រជាជាតិ​ទាក់​ទង​ទៅ​នឹង​បញ្ហា​អ៊ុយ​ក្រែន រុស្ស៊ី​នេះ ហើយ​បុគ្គល​មូយ​ចំនួន​ដើរ​ដាក់ញត្តិ​នេះ​ញត្តិ​នោះ គឺ​ជា​ករណី​ផ្ទាល់​ខ្លួ​ន ដូច្នេះ​វា​មិន​អាច​ភ្ជាប់​ទៅ​នឹង​រដ្ឋា​ភិបាល ឬភ្ជាប់​ទៅ​នឹង​ករណី​ផ្សេងៗ​ទៀត​ទេ»។

កាលពី​ដើមខែមីនា រដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ​សេចក្តី​សម្រេច​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែលទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ជា​បន្ទាន់​ចំពោះការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​នឹង​អ៊ុយក្រែន និង​ដក​កងកម្លាំង​យោធា​វិញ បន្ទាប់មក​រដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​​រួម​ជា​មួយ​រដ្ឋាភិបាល​ជប៉ុន​កាល​ពី​ចុង​ខែមីនា ដោយថា ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រ​ទេ​អ៊ុយ​ក្រែន​ ​គឺ​ការ​រំលោភបំពាន​លើ​រដ្ឋ​អធិបតេយ្យ​ ​និង​បូរណភាពទឹកដី​ទៅលើ​ប្រទេស​នោះ​ ​ដែល​ជា​ការរំលោភ​ធ្ងន់ធ្ងរ​ទៅលើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

អ្នក​នាំ​ពាក្យ​​​​​សមាគម​​​​​ការ​​ពារ​​​សិទ្ធិ​​​មនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សកម្មភាព​ដាក់​ញត្តិ​របស់​ក្រុម​យុវជន​ដែល​ឈឺ​ឆ្អាល​ និង​យក​ចិត្តទុក​ដាក់​ពី​ទុក្ខលំបាក​របស់​ជនជាតិ​អ៊ុយក្រែន​ដែល​កំពុង​រងគ្រោះ​ពី​សង្គ្រោម​ឈ្លានពាន​ពី​សំណាក់​មេដឹកនាំ​រស្ស៊ី។ លោកយល់ថា សកម្មភាព​នោះ ស្របតាម​ឆន្ទៈរបស់​ពលរដ្ឋ​ដែល​ស្អប់​ខ្ពើម​មេដឹកនាំ​បង្ក​សង្គ្រោម និង​ស្រប​តាម​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ដែរ។ ទោះយ៉ាងណា លោក​ចង់​ឃើញ​រដ្ឋាភិបាល​មាន​ឆន្ទៈដោះស្រាយ​វិបត្តិ​នយោបាយ គោរព​គោរព​សិទ្ធិមនុស្ស​ និង​ស្តារ​លទ្ធប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ដែរ ដើម្បី​ជៀស​វាង​បញ្ហា​សង្គ្រោម​ដូច​អតីត​កាល៖ «យើង​ឃើញ​ថា​ពលរដ្ឋ​ច្រើន​ណាស់​គេ​ស្អប់​នូវ​សង្គ្រោម និងស្អប់​នូវ​ទង្វើ​របស់​លោក​ វ្ល៉ាឌឺមៀ ពូទីន ដែល​ជា​មេដឹក​នាំ​​បង្ក​សង្គ្រោម​ទៅ​លើ​អ៊ុយ​ក្រែនឈ្លាន​ពាន​ប្រទេស​ជិត​ខាង សុទ្ធ​តែ​ជា​អំពើ​មិន​ល្អ​សម្រាប់​មនុស្ស​ជាតិ​ទេ ហើយជា​អំពើ​ដែល​ពលរដ្ឋ​ស្អប់​ខ្ពើម​អំពើ​អាក្រក់​នេះ»។

ប្រទេស​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ និង​​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន កាល​ពីថ្ងៃទី២៤ ​ខែ​កុម្ភៈ ដែល​នាំ​ឱ្យ​ជនស៊ីវិល​រាប់ពាន់​នាក់​បាន​ស្លាប់ និង​រាប់​លាននាក់​បាន​ភៀស​ខ្លួន។ យោង​តាម​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ២៩ ខែមីនា ពលរដ្ឋ​អ៊ុយក្រែន​ប្រមាណ​៤​លាន​នាក់ (៤.០០០.០០០) ហើយ បានភៀស​ខ្លួន​ទៅកាន់​ប្រទេស​ជិតខាង​មួយ​ចំនួន​ដូចជា​ប៉ូឡូញ រ៉ូម៉ានី ហុងគ្រី ស្លូវ៉ាគីជាដើម។​

អង្គការ​សហប្រជាជាតិ​ និង​មេដឹកនាំ​នៃ​ប្រទេស​លោកខាងលិច​បាន​ហៅការឈ្លានពាននេះ​ថា ​ជា​អំពើ «​ឃោរឃៅ» និង​បានសម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​​ និង​បាន​ជួយ​​​ផ្ដល់​អាវុធ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ ហើយមាន​ពលរដ្ឋ​ចម្រុះ​ជាតិសាសន៍​នៅ​ទូទាំង​ពិភពលោក​ ​ជាង​រាប់​ម៉ឺន​នាក់​ហើយ​ ​ដែល​បាន​ស្ម័គ្រចិត្ត​កាន់​អាវុធ​ជួយ​ច្បាំង​បណ្តេញ​ទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែន​៕

No comments: