2022.04.28 rfa
កម្លាំងអាជ្ញាធររាជធានីភ្នំពេញចាប់បង្ខំបុគ្គលិកកម្មករណាហ្គាវើលដ៍ឱ្យឡើងឡាន ដើម្បីដឹកទៅដាក់ចោលនៅជាយក្រុង មិនឱ្យតវ៉ានៅជិតក្រុមហ៊ុន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ
ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានច្រានចោលរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលរកឃើញថា សេរីភាពពលរដ្ឋរងការគាបសង្កត់ និងជ្រៀតជ្រែកតាមទំនើងចិត្តពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាល ប្រើប្រាស់របាយការណ៍នេះ ជាធាតុចូលដើម្បីឲ្យលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋមានភាពប្រសើរឡើង។
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលចាត់ទុករបាយការណ៍របស់ក្រុមអង្គការស៊ីវិលជុំវិញករណីសេរីភាពពលរដ្ឋរងការគាបសង្កត់ និងជ្រៀតជ្រែកតាមទំនើងចិត្ត ពីសំណាក់អាជ្ញាធររដ្ឋាភិបាល គឺជារបាយការណ៍មិនត្រឹមត្រូវ និងវាយតម្លៃដោយគ្មានមូលដ្ឋាន។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ មេសាថា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានច្បិចយកចំណុចសំខាន់នៃបុគ្គលមួយចំនួនតូច ដែលប្រព្រឹត្តអំពើល្មើសច្បាប់ យកមកវាយតម្លៃជាទូទៅថា កម្ពុជាអនុវត្តមិនត្រឹមត្រូវផ្នែកសិទ្ធិមនុស្ស និងផ្នែកនយោបាយជាដើម។
លោកចាត់ទុករបាយការណ៍នេះ ដើម្បីបំពេញបំណងម្ចាស់ជំនួយប៉ុណ្ណោះ ដោយពុំបានឆ្លុះបញ្ចាំងពីទិដ្ឋភាពលំហប្រជាធិបតេយ្យ និងលំហសេរីភាព ដែលប្រជាជនកម្ពុជា ១៦លាននាក់ កំពុងប្រើប្រាស់សិទ្ធិសេរីភាព ដ៏ត្រឹមត្រូវក្នុងសង្គមប្រជាធិបតេយ្យ មានសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ៖ «នៅពេលដែលបុគ្គលទាំងនោះ ប្រព្រឹត្តអំពើល្មើសច្បាប់ អាជ្ញាធរអនុវត្តច្បាប់ គាត់ថា អាហ្នឹងឯង ជាការរំលោភសិទ្ធិមនុស្ស អាហ្នឹងជាការយល់ច្រឡំខុសតែម្ដង ជាការមួយមិនត្រឹមត្រូវទាល់តែសោះ។ នៅកម្ពុជាយើងនេះ ទិដ្ឋភាពទាំងអស់នៅក្នុងប្រទេស យើងឃើញថា ប្រជាជនយើង រស់នៅដោយប្រើប្រាស់សេរីភាពគ្រប់បែបយ៉ាង។ សួរថា បើគាត់វាយតម្លៃអ៊ីចឹង? តើគាត់ចង់ឱ្យបុគ្គលទាំងនោះប្រព្រឹត្តល្មើសច្បាប់ និងអនាធិបតេយ្យក្នុងសង្គម ទើបថា ជាការគោរពសិទ្ធិមនុស្ស ឬមួយក៏គាត់គាំទ្រឱ្យបុគ្គលទាំងនោះ ប្រព្រឹត្តល្មើសច្បាប់»។
លោក កត្តា អ៊ន បន្ថែមថា ទិដ្ឋភាពប្រទេសកម្ពុជា គឺប្រជាជនកំពុងរស់នៅដោយប្រើប្រាស់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ស្របតាមលទ្ធិប្រជាធិបតេយ្យ និងក្រោមបន្ទាត់ច្បាប់។ លោកថា ការរកឃើញរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ មានស្តង់ដារពីរវាងសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ដោយទាញឱ្យសង្គមកម្ពុជា មានភាពរញ៉េរញ៉ៃ។
កាលពីថ្ងៃទី២៧ មេសា ក្រុមអង្គការសង្គមស៊ីវិល៣ រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមសិទ្ធិមនុស្សអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) បានផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ ប្រចាំឆ្នាំលើកទី៦ ដោយរកឃើញថា ប្រជាពលរដ្ឋនៅតែមិនមានសេរីភាព ក្នុងការអនុវត្តន៍សេរីភាពជាមូលដ្ឋានរបស់ខ្លួនអាជ្ញាធរបានជ្រៀតជ្រែកតាមទំនើងចិត្តលើការជួបប្រជុំ ការកើនឡើងនៃការរឹតត្បិត ការបញ្ចេញមតិអនឡាញ និងក្រុមគណបក្សនយោបាយជំទាស់ ត្រូវបានកំណត់មុខសញ្ញាជាដើម។
របាយការណ៍កម្រាស់ ១៣០ទំព័រ បានចងក្រងលម្អិតនូវរបកគំហើញមានភស្តុតាង និងកំណត់ហេតុច្បាស់លាស់ ធ្វើឡើងចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២១ ដោយពិនិត្យយ៉ាងល្អិតល្អន់ ពីសេរីភាពជាមូលដ្ឋានសំខាន់ៗចំនួន ៣ គឺសេរីភាពខាងសមាគមសេរីភាពខាងបញ្ចេញមតិ និងសេរីភាពខាងការជួបជុំ របស់ពលរដ្ឋទទួលរងការគាបសង្កត់ និងរឹតត្បិត។
របាយការណ៍បន្ថែមថា មនុស្សយ៉ាងហោចណាស់ ជិត ៣រយនាក់ (២៨២) ត្រូវបានរឹតត្បិតសេរីភាពខាងសមាគម ក្នុងឆ្នាំទី៦ ដែលបង្ហាញពីបរិយាកាសលំបាក ក្នុងការអនុវត្តសិទ្ធិសេរីភាពនេះ។ ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្ស ១០១នាក់ គឺជាសកម្មជននយោបាយ ឬអ្នកនយោបាយ មានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ។
លើសពីនេះទៀត ការជ្រៀតជ្រែកសេរីភាពសមាគមលើសកម្មជននយោបាយ មានការឃ្លាំមើលច្រើនហួសហេតុ បណ្ដឹងផ្លូវច្បាប់ ការបំភិតបំភ័យ និងការវាយប្រហារលើរាងកាយ។ បន្ថែមពីនេះ អំពើហិង្សាលើរាងកាយ មាន ៨ករណី ដែលកើតឡើងចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដោយជនមិនស្គាល់មុខវាយតាមដងផ្លូវ ហើយក្នុងនោះ មានមួយករណី ធ្វើឃាតសកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ ប្រាប់វិទ្យុអាស៊ីសេរីថា គោលបំណងនៃការចងក្រងរបាយការណ៍នេះ ពុំមែនរិះគន់បង្អាប់រដ្ឋាភិបាលនោះទេ គឺពួកលោកចង់ឃើញភាពប្រសើរឡើង នៃការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
លោកថា ក្រុមអង្គការសង្គមស៊ីវិល បានប្រើពេល ៦ឆ្នាំ ស្វែងរករបកគំហើញ មានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ ស្រាវជ្រាវជាមួយពលរដ្ឋ និងសារព័ត៌មានមួយចំនួន ដើម្បីចងក្រងជាលាយលក្ខណ៍អក្សរ បង្ហាញពីស្ថានភាពជាក់ស្ដែងប្រាប់រដ្ឋាភិបាលជ្រាប ដើម្បីប្រើប្រាស់ព័ត៌មានពិតប្រាកដមួយ ធ្វើយ៉ាងណាឱ្យមានការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ពលរដ្ឋត្រូវបានកែលម្អឱ្យមានភាពប្រសើរឡើង៖ «អ្វីដែលសំខាន់ គឺយើងចង់បង្ហាញថា ការពិតគឺមានដូច្នេះ គឺក្នុងរបាយការណ៍យើងមានភស្តុតាងច្បាស់លាស់ មានអង្គហេតុនៃរឿងរ៉ាវពិតប្រាកដ ក្នុងរបាយការណ៍ហ្នឹង គឺបានបង្ហាញជាក់ច្បាស់។ ទាក់ទងថា ទទួលយកយ៉ាងណារឿងរ៉ាវកើតមានពិតប្រាកដ យើងទទូចឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញ ធ្វើការឆ្លើយតប ធ្វើយ៉ាងណាឱ្យប្រសើរឡើងនូវសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា របាយការណ៍នេះមានព័ត៌មានគ្រប់គ្រាន់ និងមានវិធីសាស្ត្រប្រមូលទិន្នន័យត្រឹមត្រូវ ដើម្បីដាក់ជូនរដ្ឋាភិបាលជ្រាប នឹងយកទៅប្រើប្រាស់ឱ្យបានទូលំទូលាយ ធ្វើយ៉ាងណា ត្រូវបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋឱ្យប្រសើរឡើង។
របាយការណ៍សង្កត់ធ្ងន់ថា អ្នកសារព័ត៌មានទទួលរងការជ្រៀតជ្រែកជាញឹកញាប់ នៅពេលរាយការណ៍បញ្ហាដែលចាត់ទុកថា លក្ខណៈរសើបពាក្យបណ្ដឹងប្រឆាំងជាសាធារណៈ ត្រូវបានប្រើប្រាស់ ២៨ ករណី ដែលក្នុងនោះមានពាក្យបណ្ដឹង ប្រឆាំងចូលរួមជាសាធារណៈចំនួន៦ បានតម្រង់មុខសញ្ញាលើអ្នកសារព័ត៌មានចំនួន ៨នាក់។
ទន្ទឹមនឹងនេះ ហេតុការណ៍ពាក់ព័ន្ធការរឹតត្បិត និងរំលោភបំពានលើសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ត្រូវកត់ត្រាក្នុងរាជធានីភ្នំពេញ កើតចំនួន ១៦៥ករណី ដោយគិតជាមធ្យម មានចំនួន ១៣,៦ ករណីក្នុងមួយខែ។ ឆ្នាំទី៦ មានការរឹតត្បិត ១៤០ករណី លើសេរីភាពបញ្ចេញមតិ ក្នុងនោះ ៩៦ករណី ពាក់ព័ន្ធការរំលោភបំពាន ហើយការរឹតត្បិតនេះ ពាក់ព័ន្ធការគំរាមកំហែង ប្រឆាំងអ្នកសារព័ត៌មាន។
របាយការណ៍បន្ថែមថា សេរីភាពជាមូលដ្ឋាន និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ គឺជាគ្រឹះនៃការអនុវត្តសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ សិទ្ធិទាំងនេះ នឹងជួយពង្រឹងពង្រីកការចូលរួមរបស់ពលរដ្ឋក្នុងសកម្មភាពសង្គមនានា។
ការបង្ក្រាបរបស់អាជ្ញាធរទៅលើសេរីភាពជាមូលដ្ឋាននេះ គឺជាការទប់ស្កាត់ និងរាំងខ្ទប់ សកម្មភាពរបស់ពលរដ្ឋមិនឲ្យចូលរួមជាសាធារណៈ ហើយដែលទង្វើនេះ ជាការព្រួយបារម្ភយ៉ាងខ្លាំងរបស់អង្គការសង្គមស៊ីវិល ស្របពេលដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំសង្កាត់ នៅដើមខែមិថុនា និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ ខាងមុខ៕
1 comment:
When there is peace, there is no freedom.
When there is freedom, there is no peace.
This is Ah Chker Chkuot Hun Sen's standard.
Post a Comment