Friday 29 April 2022

រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ដែល​ថា សេរីភាព​ពលរដ្ឋ​រង​ការ​គាប​សង្កត់ និង​ជ្រៀតជ្រែក​តាម​ទំនើង​ចិត្ត


2022.04.28 rfa
រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ដែល​ថា សេរីភាព​ពលរដ្ឋ​រង​ការ​គាប​សង្កត់ និង​ជ្រៀតជ្រែក​តាម​ទំនើង​ចិត្ត 

​កម្លាំង​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ចាប់​បង្ខំ​បុគ្គលិក​កម្មករ​ណាហ្គាវើលដ៍​ឱ្យ​ឡើង​ឡាន ដើម្បី​ដឹក​ទៅ​ដាក់​ចោល​នៅ​ជាយ​ក្រុង មិន​​ឱ្យ​តវ៉ា​នៅ​ជិត​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ


ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល បាន​ច្រានចោល​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​រក​ឃើញ​ថា ​សេរីភាព​ពលរដ្ឋ​រង​ការ​គាប​សង្កត់ ​និង​ជ្រៀតជ្រែក​តាម​ទំនើង​ចិត្ត​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល។ មន្ត្រី​សង្គម​ស៊ីវិល ​ចង់​ឃើញ​រដ្ឋាភិបាល ​ប្រើប្រាស់​របាយការណ៍​នេះ ជា​ធាតុ​ចូល​ដើម្បី​ឲ្យ​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ចាត់​ទុក​របាយការណ៍​របស់​ក្រុម​អង្គការ​ស៊ីវិល​ជុំវិញ​ករណី​សេរីភាព​ពលរដ្ឋ​រង​ការ​គាប​សង្កត់ និង​ជ្រៀត​ជ្រែក​តាម​ទំនើង​ចិត្ត ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល គឺជា​របាយការណ៍​មិន​ត្រឹមត្រូវ និង​វាយ​តម្លៃ​ដោយ​គ្មាន​មូលដ្ឋាន។



សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កត្តា អ៊ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ មេសា​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ​បាន​ច្បិច​យក​ចំណុច​សំខាន់​នៃ​បុគ្គល​មួយ​ចំនួន​តូច ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ យក​មក​វាយ​តម្លៃ​ជា​ទូទៅ​ថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ​ផ្នែក​សិទ្ធិ​មនុស្ស និង​ផ្នែក​នយោបាយ​ជា​ដើម។

លោក​ចាត់​ទុក​របាយការណ៍​នេះ ដើម្បី​បំពេញ​បំណង​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ ដោយ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​លំហ​ប្រជាធិបតេយ្យ និង​លំហ​សេរីភាព ដែល​ប្រជាជន​កម្ពុជា ១៦លាន​នាក់ កំពុង​ប្រើប្រាស់​សិទ្ធិ​សេរីភាព ដ៏​ត្រឹមត្រូវ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៖ «នៅ​ពេល​ដែល​បុគ្គល​ទាំង​នោះ ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ​អាជ្ញាធរ​អនុវត្ត​ច្បាប់ គាត់​ថា អា​ហ្នឹង​ឯង ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស អា​ហ្នឹង​ជា​ការ​យល់​ច្រឡំ​ខុស​តែ​ម្ដង ជា​ការ​មួយ​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ។ នៅ​កម្ពុជា​យើង​នេះ ​ទិដ្ឋភាព​ទាំង​អស់​នៅ​ក្នុង​ប្រទេស ​យើង​ឃើញ​ថា ​ប្រជាជន​យើង ​រស់​នៅ​ដោយ​ប្រើប្រាស់​សេរីភាព​គ្រប់​បែប​យ៉ាង​។ សួរ​ថា​ បើ​គាត់​វាយ​តម្លៃ​អ៊ីចឹង? តើ​គាត់​ចង់​ឱ្យ​បុគ្គល​ទាំង​នោះ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​និង​អនាធិបតេយ្យ​ក្នុង​សង្គម ទើប​ថា ជា​ការ​គោរព​សិទ្ធិ​មនុស្ស ឬ​មួយ​ក៏​គាត់​គាំទ្រ​ឱ្យ​បុគ្គល​ទាំង​នោះ ប្រព្រឹត្ត​ល្មើស​ច្បាប់»។

លោក កត្តា អ៊ន បន្ថែម​ថា ទិដ្ឋភាព​ប្រទេស​កម្ពុជា គឺ​ប្រជាជន​កំពុង​រស់នៅ​ដោយ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​ ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ និង​ក្រោម​បន្ទាត់​ច្បាប់។ លោក​ថា ការ​រក​ឃើញ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ មាន​ស្តង់ដារ​ពីរ​វាង​សិទ្ធិមនុស្ស ​និង​ការ​អនុវត្ត​ច្បាប់​ ដោយ​ទាញ​ឱ្យ​សង្គម​កម្ពុជា មាន​ភាព​រញ៉េរញ៉ៃ។

កាល​ពី​ថ្ងៃ​ទី២៧ មេសា ក្រុម​អង្គការ​សង្គម​ស៊ីវិល៣ រួម​មាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) បាន​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ ប្រចាំ​ឆ្នាំ​លើក​ទី៦ ដោយ​រក​ឃើញ​ថា ប្រជា​ពលរដ្ឋ​នៅតែ​មិន​មាន​សេរីភាព ក្នុង​ការ​អនុវត្តន៍​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​អាជ្ញាធរ​បាន​ជ្រៀត​ជ្រែក​តាម​ទំនើង​ចិត្ត​លើ​ការ​ជួប​ប្រជុំ ការ​កើន​ឡើង​នៃ​ការ​រឹតត្បិត ការ​បញ្ចេញ​មតិ​អនឡាញ និង​ក្រុម​គណបក្ស​នយោបាយ​ជំទាស់ ត្រូវ​បាន​កំណត់​មុខ​សញ្ញា​ជា​ដើម។

របាយការណ៍​កម្រាស់ ១៣០ទំព័រ បាន​ចង​ក្រង​លម្អិត​នូវ​របក​គំហើញ​មាន​ភស្តុតាង និង​កំណត់​ហេតុ​ច្បាស់លាស់ ធ្វើ​ឡើង​ចាប់​ពី​ខែ​មករា​ដល់​ខែធ្នូ ឆ្នាំ២០២១ ដោយ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ពី​សេរីភាព​ជា​មូលដ្ឋាន​សំខាន់ៗ​ចំនួន ៣ គឺ​សេរីភាព​ខាង​សមាគម​សេរីភាព​ខាង​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ការ​ជួបជុំ របស់​ពលរដ្ឋ​ទទួលរង​ការ​គាប​សង្កត់ និង​រឹតត្បិត។

របាយការណ៍​បន្ថែម​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ជិត ៣រយ​នាក់ (២៨២) ត្រូវ​បាន​រឹតត្បិត​សេរីភាព​ខាង​សមាគម ក្នុង​ឆ្នាំ​ទី៦ ដែល​បង្ហាញ​ពី​បរិយាកាស​លំបាក ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នេះ។ ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ មាន​មនុស្ស ១០១នាក់ គឺ​ជា​សកម្មជន​នយោបាយ ឬ​អ្នក​នយោបាយ មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

លើស​ពី​នេះ​ទៀត ការ​ជ្រៀតជ្រែក​សេរីភាព​សមាគម​លើ​សកម្មជន​នយោបាយ មាន​ការ​ឃ្លាំមើល​ច្រើន​ហួស​ហេតុ បណ្ដឹង​ផ្លូវ​ច្បាប់ ការ​បំភិត​បំភ័យ និង​ការ​វាយ​ប្រហារ​លើ​រាងកាយ។ បន្ថែម​ពី​នេះ​ អំពើ​ហិង្សា​លើ​រាង​កាយ មាន ៨ករណី ដែល​កើត​ឡើង​ចំពោះ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​ជន​មិន​ស្គាល់​មុខ​វាយ​តាម​ដង​ផ្លូវ ហើយ​ក្នុង​នោះ មាន​មួយ​ករណី ធ្វើ​ឃាត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន ខុន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១។

អ្នក​សម្របសម្រួល​គម្រោង​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហ៊ុន ស៊ាងហាក់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា គោល​បំណង​នៃ​ការ​ចងក្រង​របាយការណ៍​នេះ ពុំ​មែន​រិះគន់​បង្អាប់​រដ្ឋាភិបាល​នោះ​ទេ គឺ​ពួក​លោក​ចង់​ឃើញ​ភាព​ប្រសើរ​ឡើង​ នៃ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​ប្រើ​ពេល ៦ឆ្នាំ ស្វែង​រក​របក​គំហើញ មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាស់លាស់ ​ស្រាវជ្រាវ​ជាមួយ​ពលរដ្ឋ និង​សារ​ព័ត៌មាន​មួយ​ចំនួន ដើម្បី​ចងក្រង​ជា​លាយលក្ខណ៍អក្សរ បង្ហាញ​ពី​ស្ថានភាព​ជាក់​ស្ដែង​ប្រាប់​រដ្ឋាភិបាល​ជ្រាប ដើម្បី​ប្រើប្រាស់​ព័ត៌មាន​ពិតប្រាកដ​មួយ ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការអនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ របស់​ពលរដ្ឋ​ត្រូវ​បាន​កែ​លម្អ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង៖ «អ្វី​ដែល​សំខាន់ គឺ​យើង​ចង់​បង្ហាញ​ថា ការ​ពិត​គឺ​មាន​ដូច្នេះ គឺ​ក្នុង​របាយការណ៍​យើង​មាន​ភស្តុតាង​ច្បាស់​លាស់ មាន​អង្គហេតុ​នៃ​រឿងរ៉ាវ​ពិត​ប្រាកដ ក្នុង​របាយការណ៍​ហ្នឹង​ គឺ​បាន​បង្ហាញ​ជាក់​ច្បាស់។ ទាក់ទង​ថា ទទួល​យក​យ៉ាង​ណា​រឿងរ៉ាវ​កើត​មាន​ពិត​ប្រាកដ យើង​ទទូច​ឱ្យ​រដ្ឋាភិបាល ​ពិចារណា​ឡើង​វិញ ធ្វើការ​ឆ្លើយ​តប ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា របាយការណ៍​នេះ​មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​មាន​វិធីសាស្ត្រ​ប្រមូល​ទិន្នន័យ​ត្រឹមត្រូវ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ជ្រាប នឹង​យក​ទៅ​ប្រើប្រាស់​ឱ្យ​បាន​ទូលំទូលាយ​ ធ្វើ​យ៉ាង​ណា​ ត្រូវ​បើក​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឱ្យ​ប្រសើរ​ឡើង។

របាយការណ៍​សង្កត់​ធ្ងន់​ថា អ្នក​សារ​ព័ត៌មាន​ទទួល​រង​ការ​ជ្រៀត​ជ្រែក​ជា​ញឹក​ញាប់ ​នៅ​ពេល​រាយការណ៍​បញ្ហា​ដែល​ចាត់​ទុក​ថា លក្ខណៈ​រសើប​ពាក្យ​បណ្ដឹង​ប្រឆាំង​ជា​សាធារណៈ ត្រូវ​បាន​ប្រើប្រាស់ ​២៨ ​ករណី​ ដែល​ក្នុង​នោះ​មាន​ពាក្យ​បណ្ដឹង ​ប្រឆាំង​ចូលរួម​ជា​សាធារណៈ​ចំនួន៦ បាន​តម្រង់​មុខ​សញ្ញា​លើ​អ្នក​សារ​ព័ត៌មាន​ចំនួន ៨នាក់។

ទន្ទឹម​នឹង​នេះ ​ហេតុការណ៍​ពាក់ព័ន្ធ​ការ​រឹតត្បិត និង​រំលោភ​បំពាន​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ​ត្រូវ​កត់ត្រា​ក្នុង​រាជ​ធានី​ភ្នំពេញ ​កើត​ចំនួន ១៦៥ករណី ដោយ​គិត​ជា​មធ្យម​ មាន​ចំនួន ១៣,៦ ករណី​ក្នុង​មួយ​ខែ។ ឆ្នាំ​ទី៦ មាន​ការ​រឹតត្បិត ១៤០ករណី លើ​សេរីភាព​បញ្ចេញ​មតិ ​ក្នុង​នោះ ៩៦ករណី ពាក់ព័ន្ធ​ការ​រំលោភ​បំពាន ហើយ​ការ​រឹតត្បិត​នេះ ពាក់ព័ន្ធ​ការ​គំរាម​កំហែង ប្រឆាំង​អ្នក​សារ​ព័ត៌មាន។

របាយការណ៍​បន្ថែម​ថា សេរីភាព​ជា​មូលដ្ឋាន និង​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ គឺ​ជា​គ្រឹះ​នៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ។ សិទ្ធិ​ទាំង​នេះ នឹង​ជួយ​ពង្រឹង​ពង្រីក​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​សកម្មភាព​សង្គម​នានា។

ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​នេះ គឺ​ជា​ការ​ទប់ស្កាត់ និង​រាំង​ខ្ទប់ សកម្មភាព​របស់​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​ជា​សាធារណៈ ហើយ​ដែល​ទង្វើ​នេះ ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​របស់​អង្គការ​សង្គម​ស៊ីវិល ស្រប​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា-ឃុំ​សង្កាត់ នៅ​ដើម​ខែ​មិថុនា និង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ២០២៣ ខាង​មុខ៕

1 comment:

Anonymous said...

When there is peace, there is no freedom.

When there is freedom, there is no peace.

This is Ah Chker Chkuot Hun Sen's standard.