Monday, 11 April 2022

ពលរដ្ឋ​ខ្មែរនៅ​អូស្ត្រាលី​ ប្រារព្ធខួ​បនៃ​អំពើ​ឃាតកម្ម​បោក​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី​២៥ឆ្នាំមុន


ដោយ ថា ថៃ
2022-04-10
ពលរដ្ឋ​ខ្មែរនៅ​អូស្ត្រាលី​ ប្រារព្ធខួ​បនៃ​អំពើ​ឃាតកម្ម​បោក​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី​២៥ឆ្នាំមុន 

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន អុចធូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកលើបាតុករគណបក្សប្រឆាំង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
រូប៖ លោក ថាច់ សេដ្ឋា


ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​សកម្មជន​គណបក្សសង្គ្រោះជាតិ​​រស់នៅ​តំបន់​ស្ព្រីងវែល ​(Springvale) ជាយក្រុង​ម៉ែលប៊ន (Melbourne) ​ប្រទេសអូស្ត្រាលី​​នៅ​ថ្ងៃ​ទី​១០​​ ​ខែមេសា ​បាន​ឆ្លៀតពេល​ទំនេរ​ពីការងារ ​ជួបជុំគ្នា​ប្រារព្ធខួប​២៥ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បោកគ្រាប់បែក​លើ​ហ្វូងបាតុករ​អហិង្សា​ នៅ​មុខ​អគារ​រដ្ឋសភា​ចាស់ ​បើទោះបី​ជា​ថ្ងៃខួប​បាន​កន្លងផុត​ជាង​១០​ថ្ងៃហើយ​ក្តី។ ពួកគាត់​អះអាងថា ​ការប្រារព្ធ​ខួបនេះ គឺ​ដើម្បី​បង្ហាញពី​ការ​ចងចាំ ​និង​បន្ត​ទាមទារ​យុត្តិធម៌​ ខណៈ តុលាការ​​ប្រទេស​បារាំង​បាន​​ចេញដីកា​នាំខ្លួន​មេកងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ​ដោយចោទថា ​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​បោកគ្រាប់​បែក​ដៃ​នេះ​។

បើទោះបីជា​ប្រជាពលរដ្ឋខ្មែរ​រស់នៅ​ប្រទេសអូស្ត្រាលី​ មមាញឹក​នឹង​ការងារ​ប្រចាំថ្ងៃ​បែបណាក្តី​ ក៏ពួកគាត់ ​មិនអាច​​បំភ្លេច​ព្រឹត្តិការណ៍​វាយប្រហារ​ដោយគ្រាប់បែកដៃ​ទៅ​លើ​ហ្វូង​បាតុករ​អហិង្សា​ កាល​ពីថ្ងៃទី៣០ ​ខែមីនា​ ឆ្នាំ១៩៩៧ នោះដែរ។ ពួកគាត់ ​បាន​លៃលក​ពេល​វេលា​ជួបជុំគ្នា​ប្រារព្ធខួប​នេះ ​នៅថ្ងៃទី១០ ​ខែមេសា ​នៅ​មជ្ឈមណ្ឌល​មួយ​ស្ថិតនៅ​ក្រុងស្ព្រីងវែល ​រដ្ឋវិចតូរីយ៉ា​ (Victoria)​​​។ ពិធីនេះ​ ដឹកនាំ​រៀបចំ​ដោយ​មន្ត្រី​គណបក្ស សង្គ្រោះជាតិ​ប្រចាំប្រទេស​អូស្ត្រាលី​។​


ពិធី​ចាប់​ផ្តើម​ដោយការ​​ប្រគេន​ចង្ហាន់​ព្រះសង្ស​៤អង្គ​ និង​សូត្រ​ធម៌​បង្សុកូល ​ដើម្បី​​​ឧទ្ទិស​បុណ្យ​កុសល​ដល់​វិញ្ញាណក្ខន្ធ​ក្រុម​បាតុករ​​​ដែល​បាត់បង់​ជីវិតក្នុង​ព្រឹត្តិ​ការ​ណ៍​បោក​គ្រាប់បែកដៃ​នោះ​ និង​អ្នកស្នេហាជាតិ​ដទៃទៀត ​រួមមាន​ លោក បណ្ឌិត កែម ឡី ​លោក ជា វិជ្ជា​ និង​លោក ឈុត វុទ្ធី ​ជាដើម​។ ក្រោយពិធី​បង្សុកូលរួច ​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​ បានឡើង​ថ្លែងសារ​​ទាមទារ​យុត្តិធម៌​ដល់​ជនរង​គ្រោះ។

ប្រធានសាខា​គណបក្ស​សង្រោះជាតិ​នៅ​ប្រទេសអូស្ត្រាលីលោក អ៊ិន ហេមរា ​សោក​ស្តាយ​ដែល​ឧក្រិដ្ឋជន​បោក​គ្រាប់បែកដៃ​បណ្តាលឲ្យ​ជនស្លូតត្រង់​ស្លាប់​បាត់បង់ជីវិត​ ដោយ​គ្រាន់តែ​ចូលរួម​តវ៉ា​ជាមួយ​លោក សម រង្ស៊ី ​ដើម្បី​ទាមទារ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​​នៅគ្រានោះ​។ ទោះជាយ៉ាងណា ​លោក ​បន្តថា ​សំណុំរឿង​ដ៏រសើបនេះ ​ចាប់ផ្តើម​មាន​ពន្លឺ​យុត្តិធម៌វិញ​ហើយ​ដោយ​តុលាការ​ប្រទេសបារាំង​ រកឃើញ ​ថា ​ឧក្រិដ្ឋ​ជន​ពាក់ព័ន្ធ​ក្នុង​អំពើ​បោកគ្រាប់បែនេះ​ គឺជា​ក្រុមមេ​កងអង្គរក្ស​របស់​លោក ហ៊ុន សែន ​និង​កំពុង​ចេញ​ដីកា​ចាប់ខ្លួនពួកគេ។ លោក​យល់ថា ​ព្រឹត្តិការណ៍​បោកគ្រាប់​បែក​ដៃនេះ​ និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ បង្ហូរ​ឈាម​លើ​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ ការកាប់​សម្លាប់​លើ​សកម្មជន​នយោបាយ​ សង្គមស៊ីវិល ​​និង​អ្នកវិភាគ ​ព្រមទាំង​ការធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នានា​ គឺជាផែន​ការ​របស់​លោក ហ៊ុន សែន​ ក្នុងការ​កម្ចាត់​អ្នកប្រជាធិបតេយ្យ ​​ដើម្បី​រក្សាអំណាច​តាម​បែប​ផ្តាច់ការ៖ «ពន្លឺយុត្តិធម៌​គឺយើង​មិនអាច​ទទួល​បាន​នៅស្រុកខ្មែរទេ​ គឺ​យើង​ទទួល​បាន​ពីប្រទេសបារាំង​មកវិញ។ការគប់​គ្រាប់​បែក​ថ្ងៃទី៣០​ ខែមីនា​ឆ្នាំ​១៩៩៧​ មិនមែនជា​ការគប់បែក​តែ​លើ​បាតុករទេ ​គឺជាការ​ប៉ុនប៉ង​បំបាត់​អ្នកនយោបាយ​ប្រឆាំង»។

ជាមួយគ្នានេះ​ ប្រធានគណ​បក្សសង្គ្រោះជាតិ​ក្រៅប្រទេស​​(CNRPO)​ ​លោក ម៉ែន​ វណ្ណា ​លើក​ឡើង​ថា ​ការប្រារព្ធ​ខួប​២៥ឆ្នាំ​នៃព្រឹត្តិការណ៍​បោកគ្រាប់បែក​ដៃនេះ ​គឺដើម្បី រំលឹក​ដឹងគុណ​ចំពោះ​ក្រុមបាតុករ​ដែល​លោកចាត់ទុកថា ​ជាក្រុមវីរជន ​ដែល​បាន​លះបង់​នវសាច់​ស្រស់​ឈាមស្រស់​ក្នុងបុព្វហេតុ​យុត្តិធម៌​សង្គម ​សិទ្ធិសេរីភាព​ លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការគោរព​សិទ្ធិមនុស្ស។ លោកជឿថា​ យុត្តិធម៌ពេលលេញ​នឹងកើតមាន ​ហើយ​អាចបញ្ចប់អំពើនិទណ្ឌភាព ​និង​បញ្ឈប់​អំពើ​កាប់​សម្លាប់​បាន ប្រសិនបើ​ពលរដ្ឋ ​រួម​សាមគ្គីគ្នា​បោះឆ្នោត​ផ្លាស់ប្តូរ​មេដឹកនាំសព្វថ្ងៃ​ចេញ៖ «ថ្នាក់ដឹកនាំ​សព្វថ្ងៃនេះ ​គឺគ្មាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ ទាល់តែ​សោះ។ តែដោយសារ​អំពើ​ឃោឃៅ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​ គឺមាន​អន្តរជាតិ​ដែល​គេស្រលាញ់​លទ្ធិប្រជាធិបតេយ្យហើយ​ជាពិសេស​មាន​ជនជាតិ​របស់គេ​រស់នៅ​ប្រទេសបារាំង​ហ្នឹង ​ដូចលោក​ប្រធានស្តីទី​សម រង្ស៊ី ​នេះ ​ដូច្នេះ​ប្រទេសគេ​ជឿនលឿនផង​ គេ​ត្រូវតែ​រកយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​របស់​គេ»។

ប្រជាពលរដ្ឋ​ដែល​ចូលរួម​ប្រារព្ធខួបនេះ​ បង្ហាញការ​ឈឺចាប់​ដែលឃើញជនស្លូតត្រង់ ត្រូវបាន​សម្លាប់​ដោយ​គ្មាន​យុត្តិធម៌​ និង​បាន​ហៅ​លោក ហ៊ុន សែន ​ថា ​ជាមេដឹកនាំ​ផ្តាច់ការ។

ព្រឹត្តិការណ៍​គប់គ្រាប់បែក​លើហ្វូងបាតុករកាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះ បាន​បាន​បណ្តាល​ឱ្យ​មនុស្សស្លាប់យ៉ាងហោចណាស់ ១៦នាក់​ និង​​ប្រមាណ​ ១៥០​នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល ក្នុងនោះ​ក៏រួមមាន កុមារ និង​ជនជាតិ​អាមេរិកាំង​ម្នាក់​ផង។

តុលាការ​បារាំង ​បាន​ចេញដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​អតីតមេកងអង្គរក្ស លោក ហ៊ុន សែន និង​បច្ចុប្បន្នជារដ្ឋលេខាធិការ​ក្រសួងការពារជាតិ គឺលោកហ៊ុយ ពិសិដ្ឋ និង​មេកងអង្គរក្សបច្ចុប្បន្ន គឺលោក ហ៊ីង ប៊ុនហៀង ក្រោម​បទចោទ «ប៉ុនប៉ង​សម្លាប់មនុស្ស» ដោយ​សារ​តែ​តួនាទី​របស់​ពួកលោកនៅពីក្រោយ​​ផែនការ និង​ការរៀបចំ​អំពើវាយប្រហារ​ដោយ​គ្រាប់​បែក​នោះ។ តុលាការ​បារាំងក៏​បញ្ជាក់​ដែរ​ថា ខ្លួន​បាន​ចេញ​ដីកា​កោះហៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមក​ឆ្លើយបំភ្លឺ​ជុំវិញ​តួនាទី​របស់លោក​ក្នុងអំពើវាយប្រហារ​ដោយ​គ្រាប់​បែក​នេះ តែ​រដ្ឋាភិបាល​បារាំង​បាន​ជំទាស់​មិន​បញ្ជូនបន្ត​មកឱ្យ​កម្ពុជា ក្រោម​ហេតុផល​ថា​ លោក ហ៊ុន សែន ជា​ថ្នាក់ដឹកនាំ​រដ្ឋមួយ​ដែលមាន «អភ័យ​ឯកសិទ្ធិ»។ ការ​ចេញ​ដីកាដោយ​តុលាការបារាំងនេះ​ ក្រោយពី​មាន​បណ្តឹង​របស់​លោក សម រង្ស៊ី និង​ភរិយា អ្នកស្រី ជូឡុង សូមូរ៉ា ដែលជា​ជនរងគ្រោះ​​នៅ​សំណុំរឿង​គប់គ្រាប់បែក​នេះ​ក្នុង​ពេល​លោកដឹកនាំ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។

ព្រះសង្ឃមួយអង្គ​ដែល​ឈឺឆ្អាល​បញ្ហាសង្គម​ នយោបាយ ​និង​ធនធានធម្មជាតិ​ គឺ​ព្រះ តេជ​ព្រះគុណ​ ស៊ឹម សុវណ្ណឌី ​ដែល​ទើប​ភៀស​ព្រះ​កាយ​មកដល់​ប្រទេស​អូស្ត្រាលី ដើម្បី​គេច​ពីតាម​ចាប់​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​នោះ​ មានថេរដីកា​ក្នុងពិធី​ថា​ លោក ហ៊ុន សែន ​និង​មេកងអង្គរក្ស​របស់​លោក​ គឺជា​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ក្នុង​អំពើ​បោកគ្រាប់​បែកដៃ​លើ​ហ្វូងបាតុក​ ដូច្នេះ​ពួកគាត់ ​មិនអាច​គេចផុត​ពីសំណាច​ច្បាប់​ឡើយ៖ «យើង​ទាំងអស់​គ្នា​ចង់រស់​នៅ​សុខក្សេមក្សាន្ត​ទាំងអស់គ្នា​ ហេតុអ្វី​បាន​ជា​យកគ្រាប់បែក​សម្លាប់​ប្រជាជន​ខ្លួនឯង​ជាខ្មែរ។សំណួរ ៖​ ឥឡូវនេះ​ មាន​រយៈពេល​ជិត៣០​ឆ្នាំហើយ ​មិនទាន់​ឃើញ​មាន​យុត្តិធម៌ទេ ​តើ​តាម​ច្បាប់​កម្មផល ​ក្នុង​ព្រះពុទ្ធសាសនា​បែបណាដែរ ​ព្រះអង្គ? ចម្លើយ៖ ​កម្ម​អកុសល​របស់​មនុស្ស​ដែល​ធ្វើ​​ គឺ​ត្រូវតែ​មានមុន​និង​ក្រោយ។​ប៉ុន្តែឥឡូវនេះ ​តាម​អាត្មាស្តាប់​ទៅឃើញថា​ តុលាការ ប្រទេសបារាំង ​បានកាត់ក្តី​មនុស្សពីរ​នាក់​ហើយ​គឺលោក​ ហ៊ីង ប៊ុនហៀង​ និង​លោក ហ៊ុយ ពិសិដ្ឋ»។

ទាក់ទងករណីនេះ ​វិទ្យុអាស៊ីសេរី​មិនអាច​សុំការ​ឆ្លើយតប​ពី​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ​បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល នៅថ្ងៃទី១០ ខែមេសា។ ប៉ុន្តែ​កន្លង​មក​ លោក ​ថ្លែង​ថា ​សំណុំរឿង​នេះ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។ លោកជំរុញ​ឲ្យ​គណបក្សប្រឆាំង ​និង​គ្រួសារ​ជនរងគ្រោះ​ស្វែងរក​ភស្តុតាង​ដោយ​ខ្លួនឯង​ បើចង់​បាន​យុត្តិធម៌។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ​​ ថែមទាំង​ចោទថា​ ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ ​គឺជា​ការ​​កេង​ចំណេញ​នយោបាយ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំង ​និង​គ្រួសារជន​រងគ្រោះ ​ចាត់ទុកសម្តី​របស់​លោក ផៃ ស៊ីផាន ​បែបនេះថា​ គ្មានការ​ទទួលខុសត្រូវ​ និងជាការ​ប្រមាថ​ដល់​វិញ្ញាណក្ខន្ធជនរងគ្រោះ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ​បណ្ឌិត សេង សារី ​សង្កេតឃើញថា ​ពលរដ្ឋ​នៅក្រៅ ប្រទេស​នៅតែ​រួបរួមគ្នា​ដើម្បី​ជួយ​ជ្រោមជ្រែង​អ្នកប្រជាធិបតេយ្យ​ដែល​កំពុងតែ​តស៊ូ ​ទាមទារ​យុត្តិធម៌​និង​លិទ្ធិប្រជាធិបតេយ្យ។ លោក​ ជំរុញឲ្យពលរដ្ឋ​ រក្សាក្តីសង្ឃឹម​ និង​ចូលរួម​ផ្លាស់ប្តូរ​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​កុំឲ្យ​មាន​ឈាមខ្មែរ​បន្តហូរតទៅទៀត៖ «ការស្វែង​រកយុត្តិធម៌​ និង​ការ​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិប​តេយ្យពេញលេញ​ ពិតជា​ត្រូវការ​ពេលវេលា។ ប្រទេស​នីមួយៗ​ត្រូវការ ពេល​វេលា​ផ្សេងៗគ្នា។​កម្ពុជា​ ក៏មិន​ដូ​ចប្រទេសដទៃ​ដែរ​ តែ​ក៏មិនទាន់​ហួស​ពេលដែរ​។ទិដ្ឋភាពថ្ងៃនេះ ​គាត់​មកជួបជុំគ្នា ​វាជាការ​បង្ហាញ​ក្តី​សង្ឃឹមដែរ​ថា ​ផ្លូវ​ដែល​យើង​កំពុង​ តែ​ដើរ​ដើម្បី​បាន​យុត្តិធម៌​ និង​ប្រជាធិប​តេយ្យពេញលេញនេះ​គឺ​អត់ទាន់​បាត់បង់​ទៅ​ណាទេ។ពួកគាត់​នៅមាន​ភាពរឹងមាំ ​និង​សាមគ្គីគ្នា​ល្អ»។

កាលពីពេលថ្មីៗនេះ ​លោក សម រង្ស៊ី ដែលជា​ជនរងគ្រោះមួយរូប ​ពន្យល់​ប្រាប់ វិទ្យុ​អាស៊ី​សេរី ថា តុលាការ​បារាំង​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​នេះ ដោយ​ផ្អែក​តាម​ភស្តុតាង និង​សាក្សីជាច្រើន។ លោក​អះអាង​ថា ក្រៅពី​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ អ្នកដែលនៅពី​ក្រោយ​បញ្ជា​ឱ្យ​ជនដៃដល់​បោកគ្រាប់​បែក​ គឺលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការលើកឡើងរបស់លោក សម រង្ស៊ីនេះ ​គឺស៊ីសង្វាក់​គ្នា​នឹង​របាយ​ការណ៍​ស៊ើបអង្កេត​របស់​អង្គការអន្តរជាតិ​នានា។

ទំនងជា​ដោយសារតែ​សំណុំរឿងនេះ ​ជាប់ពាក់ព័ន្ធនឹង​ក្រុមលោក ហ៊ុន សែន បែបនេះ ហើយ ទើប​២៥​ឆ្នាំ​ក្រោយ​អំពើវាយ​ប្រហារ​ដោយ​គ្រាប់បែកនេះ គ្មានឡើយ​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ​នៅកម្ពុជា។ ក៏ប៉ុន្តែ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​មេកងអង្គរក្ស​លោក ហ៊ុន សែន ចេញ​ដោយ​តុលាការ​បារាំង​នា​ពេល​នេះ គឺ​ជាចំណុច​របត់​ថ្មីមួយ ដែលថា​ពន្លឺនៃ​យុត្តិធម៌​អាច​នឹងមាន​នៅ​ពេលណា​មួយ​ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អស់​អំណាច៕

No comments: