Monday, 11 April 2022

អ្នក​ជាប់​ឃុំ​នយោបាយ​ថា ពួកគេ​រង​គ្រោះ​យ៉ាង​អយុត្តិធម៌​ក្រោម​ពាក្យ​សន្តិភាព​របស់​លោក ហ៊ុន សែន


ដោយ យន់ សាមៀន
2022-04-10
អ្នក​ជាប់​ឃុំ​នយោបាយ​ថា ពួកគេ​រង​គ្រោះ​យ៉ាង​អយុត្តិធម៌​ក្រោម​ពាក្យ​សន្តិភាព​របស់​លោក ហ៊ុន សែន 

សកម្មជន​គ​ណបក្សសង្គ្រោះជាតិ​ចំនួន​​១៤​នាក់ ពេល​សមត្ថកិច្ចដឹកតាមរថយន្ត​មកចូលរួម​សវនាការ​នៅសាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


សកម្ម​ជន​នយោ​បាយ​ដែល​កំពុង​ជាប់​ពន្ធនា​គារ​ថ្លែង​ថា ​ពួក​គេ​រង​គ្រោះ​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ រំលោភ​បំពាន​សិទ្ធិ និង​ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ក្រោមស្លាក​សន្តិភាព​របស់​លោក ហ៊ុន សែន។ ប្រតិកម្ម​នេះ កើត​មាន​ក្រោយ​ពេល​លោកនា​យក​រដ្ឋ​មន្រ្តី ហ៊ុន សែន អះអាង​ថា ​ប្រទេស​ដែល​គ្មាន​សន្តិភាព កុំ​និយាយ​រឿងរំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ។ មន្រ្តី​សង្គម​ស៊ីវិល​ថា បើ​ប្រទេស​មួយមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ  មាន​ន័យ​ថា ប្រទេស​នោះគ្មាន​សន្តិ​ភាព​ឡើយ។

សកម្ម​ជន​នយោ​បាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ចាត់​ទុក​សារ​របស់​លោក ហ៊ុន សែន ​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ ជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា និង​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ធ្ងន់​ធ្ងរ។ ពួកគេថា កម្ពុជា​គឺ​ជា​រដ្ឋ​ភាគី​ដែលទទួល​យក​ការ​គោ​រព​សិទ្ធិ​មនុស្សដែល​មាន​​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ដូច្នេះ​ការ​អះអាង​​របស់លោក ហ៊ុន សែន ​ថាកម្ពុជា​មាន​សន្តិភាព ដោយគ្មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​គ្រឹះ​នោះ គឹ​មិនអាច​ទទួល​យក​បាន​ទេ។


សកម្មជន​នយោ​បាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​បានចេញ​សេចក្តី​ថ្លែងការណ៍​ពីមន្ទីរ​ឃុំឃាំង​ព្រៃស​កាល​ពី​ថ្ងៃ​ទី៤ ខែមេសាថា ពួក​គេ​រង​គ្រោះ​ដោយ​ការ​គំរាមកំហែង  ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់សេរី​ភាព​បញ្ចេញ​មតិ​ក្នុង​បុព្វហេតុ​ការ​ងារ​សង្គមនិង​នយោ​បាយ។ ពួកគេ​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ដាក់ពន្ធនាគារ​ព្រៃស អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ដោយ​សារ​តែ​រដ្ឋា​ភិបាល​យក​លេសការ​ពារ​សន្តិភាព។

ប្រតិកម្ម​របស់​កម្ម​ជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​នេះ  កើត​មាន​ក្រោយពេល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣១ ខែមីនា លើក​ឡើង​ថា មាន​តែ​សន្តិភាព​ទេ ដែល​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ជៀស​ផុត​ពី​សង្គ្រោម និង​ប្រទេស មាន​ការ​អភិវឌ្ឍ​ដល់​សព្វ​ថ្ងៃ​នេះ។ លោក​អះ​អាង​ថា បើ​គ្មាន​សន្តិភាព​ទេ ​កុំ​និយាយពី​រឿង​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ។ លោក​​បញ្ជាក់​ថា​ ទោះ​ក្នុង​តម្លៃណា​ក៏​ដោយ ​រដ្ឋា​ភិបាល​របស់​លោក​ត្រូវ​តែ​ការ​ពារ​តម្លៃ​សន្តិភាព​ជា​ដាច់​ខាត៖ «បាន​ជា​កត្តា​សន្តិភាព​នេះ​បាន​មើល​ឱ្យ​ឃើញ​ ចាប់​ផ្តើម​ពីចំណុច​សន្តិភាព​ហ្នឹង​ហើយ​ដែល​យើង​មាន​លទ្ធភាព​ដើម្បី​នឹង​អភិវឌ្ឍន៍ បើ​គ្មានសន្តិភាព​កុំ​និយាយ​ដល់​ការ​អភិវឌ្ឍ ហើយ​កុំ​និយាយ​ពី​លទ្ធិ​ប្រជាធិប​តេយ្យ និងសិទ្ធ​មនុស្ស»។

កន្លង​មក​​​លោក ហ៊ុន សែន ក៏​​ធ្លាប់​​ព្រមាន​​នឹង​​​ចាត់​​វិធាន​​ការ​​កម្ទេច​​ក្រុម​​មនុស្ស​​​​ទាំង​​ឡាយ​​ណា​​ដែល​​ប្រឆាំង​​នឹង​​ការ​​ដឹក​នាំ​​របស់​​លោក​ដែរ​ ដោយ​​​លោក​​ចាត់​​ទុក​ថា​​ ជា​​ក្រុម​​​ឧទ្ទាម​​ក្រៅ​​ច្បាប់​ និង​​ជា​​ក្រុម​​អ្នក​​​បំផ្លាញ​​សន្តិភាព។

ផ្ទុយ​ពី​ការលើក​ឡើង​របស់​លោក ហ៊ុន សែននេះ  មន្រ្តី​សង្គម​ស៊ីវិល​បញ្ជាក់​ថា មានតែ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​ទេ ​ទើប​នាំ​មក​នូវ​សន្តិភាព​ពិត​ប្រាកដ។

ប្រធាន​សមាគម​​​​​​​ការ​​ពារ​​​​​សិទ្ធិ​​​​មនុស្ស អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​​ថា ការ​អះអាង​រឿង​មាន​សន្តិភាព​របស់​រដ្ឋាភិបាល មិន​ឆ្លុះ​បញ្ចាំ​ស្ថានភាព​ពិត​ប្រាកដ​នោះ​ទេ ពី​ព្រោះ​សន្តិ​ភាព​បច្ចុប្បន្ន​នេះ​មាន​សម្រាប់​តែ​ក្រុម​ម្ខាង រីឯ​ក្រុម​ម្ខាង​ទៀត​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​តែង​តែ​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​ដើម។

លោក​ថា ​បើ​រដ្ឋា​ភិបាល​នៅ​តែ​យក​បញ្ហាសន្តិភាព​ធ្វើ​ជា​លេស​រំលោភ​សិទ្ធិ​មនុស្ស​នោះ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀងសន្តិ​ភាព​ទីក្រុង​ប៉ារីស ដែល​នាំ​មក​នូវ​ការ​ផ្សះ​ផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ៖ «យើង​និយាយ​សន្តិភាព​នៅ​ក្នុង​ករណី​ដែល​រដ្ឋា​ភិបាល​ត្រូវ​តែគោរព​និង​ទទួល​ស្គាល់​ធ្វើ​មិច​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​សេរី​ភាព​ឱ្យ​បាន​ពេញលេញ ហ្នឹង​បាន​គេ​ហៅ​ថា​មាន​សន្តិភាព មិន​មែន​មាន​ន័យ​ថា​យើង​រំលោភ​សិទ្ធិមនុស្ស​ហើយ យើង​មក​និយាយ​សន្តិភាព​ខ្ញុំ​គិត​ថា​គ្មាន​ទេ គ្មាន​ទេ​សន្តិភាព​ក្នុងការ​រំលោភ​សិទ្ធិ​មនុស្ស»។

សង្គម​​ស៊ីវិល​​​យល់​​ថា ដើម្បី​​​ឲ្យ​ប្រទេស​​មាន​​សន្តិភាព​​ពិត​​ប្រាកដ​​លុះ​ត្រា​​តែ​​​រដ្ឋាភិបាល​ ​​​បើក​​ទូលាយ​​ឱ្យ​​ប្រជាពលរដ្ឋ​​​មាន​​សិទ្ធិ​​សេរី​ភាព​​​សម្ដែង​​មតិ ​បើក​​ឱ្យ​​មាន​​ការ​ប្រកួត​ប្រជែង​​ការ​​បោះ​​ឆ្នោត​​ដោយ​​ស្មើ​ភាព​​គ្នា​​គ្រប់​​គណបក្ស​​នយោ​បាយ​ ​ប្រកប​ដោយ​​​ភាព​​សុក្រឹត ​និង​​យុត្តិធម៌​​តាម​​គោលការណ៍​​លទ្ធិ​ប្រជា​ធិបតេយ្យ​​សេរី​។

សកម្ម​ជន​នយោ​បាយ​ដែល​កំពុង​ជាប់​ពន្ធនា​គារ ក៏​អំពាវ​នាវ​ដល់​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប ព្រម​ទាំង​ប្រទេស​ហត្ថ​លេខី ទាំ​ងអស់​ចាត់​វិធានការណ៍​លើ​រដ្ឋា​ភិបាល​លោក ហ៊ុន សែន ដើម្បី​ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​ស្តារ​លទ្ធិប្រជា​ធិបតេយ្យ​ឡើង​វិញ​ដែរ៕

No comments: