Monday, 11 April 2022

ក្រុម​កូដករ​​ណាហ្គាវើលដ៍​​សម្រេច​​ផ្អាក​​ធ្វើ​​កូដកម្ម​​មុន​​ពិធី​​ចូល​ឆ្នាំខ្មែរ​​ដើម្បី​​សន្សំ​ប្រាក់​ទៅ​​លេង​ស្រុក​កំណើត


ដោយ មាន ឫទ្ធិ
2022-04-10
ក្រុម​កូដករ​​ណាហ្គាវើលដ៍​​សម្រេច​​ផ្អាក​​ធ្វើ​​កូដកម្ម​​មុន​​ពិធី​​ចូល​ឆ្នាំខ្មែរ​​ដើម្បី​​សន្សំ​ប្រាក់​ទៅ​​លេង​ស្រុក​កំណើត 

បុគ្គលិក​ណាហ្គាវើលដ៍ (NagaWorld) ពេលធ្វើកូដកម្ម​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូហ្គាវើលដ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


ក្រុម​កូដករ​ណាហ្គាវើលដ៍​ (Naga World) សម្រេច​ផ្អាក​ធ្វើកូដកម្ម​មួយរយៈ​ពេលខ្លី ដើម្បី​សន្សំប្រាក់​បន្តិចបន្តួច​ជួបជុំ​សាច់ញាតិ​ក្នុង​ពិធី​បុណ្យចូល​ឆ្នាំខ្មែរ​ខាងមុខ។ ក្រុមកូដករ​ ខនចិត្ត​ចំពោះ​អាជ្ញាធរ​ និង​ភាគីក្រុមហ៊ុន​ដែល​អូសបន្លាយ​ពេល​មិន​ព្រមទទួល​កម្មករ​ឱ្យ​ចូលធ្វើ​ការងារ​វិញ​ បណ្ដាល​ឱ្យ​កូដករ​រាប់រយ​នាក់បាត់បង់​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ក្រុមកូដករ​ណាហ្គាវើលដ៍​ (Naga World)​ លើកឡើង​ថា ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខ​ ពួកគាត់​មិនមាន​សម្ភារៈ​ប្រើប្រាស់​ និង​ប្រាក់កាក់​សម្រាប់​យក​ជូន​​អ្នកមាន​គុណ​ពួកគាត់​ឡើយ​ ក្រៅពី​មានស្លាកស្នាម​ជាំលើ​ដងខ្លួន​ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ។ កូដករ​ថា​ ពួកគាត់​មួយចំនួន​ទៀត​ ក៏​មិនហ៊ាន​ទៅលេង​ស្រុក​កំណើត​ដែរ ដោយសារ​តែគ្មាន​សោហ៊ុយ​គ្រប់គ្រាន់​ធ្វើដំណើរ​ទៅ​មក។


កូដករម្នាក់​ និង​ជាបុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ លោកស្រី​ ចាន់ ស្រីម៉ុម​ ប្រាប់វិទ្យុ​អាស៊ីសេរី​នៅថ្ងៃ​ទី១០ ខែ​មេសា​ថា គ្រួសារ​លោកស្រី​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ជួបជុំ​ឪពុក​ម្ដាយ​ សាច់ញាតិ​បងប្អូន​ដូចគេ​គ្រប់គ្នា​ឡើយ។ លោកស្រី​បន្ត​ថា​ ក្រោយពី​វិវាទការងារ​នេះអូសបន្លាយ​ពេល​ជាង​មួយ​ឆ្នាំ លោកស្រី​ត្រូវ​ចាយវាយ​ត្បិតត្បៀត​លើ​ការចំណាយ​ ម្សៅ​ទឹកដោះគោ​កូន​ និង​ម្ហូបអាហារ​ប្រចាំថ្ងៃ​ស្ទើ​តែ​មិន​គ្រប់៖ «ពិបាកណាស់​! ធម្មតា​យើង​អត់លុយ​អត់​បាន​ជួបជុំ​គ្រួសារ​ ហើយ​អាជ្ញាធរ​ក៏​អត់​ឱ្យ​យើង​ឈរ​ទាមទារ​សិទ្ធិ​ការងារ។ ពិបាកខ្លាំង​ណាស់​អាជ្ញាធរ​ចាប់​យើង​ដាក់​ចូល​ឡាន​រហូត គ្រាន់តែ​យើងចង់​មាន​សហជីព​នៅ​កន្លែង​ធ្វើការ ហើយ​ធ្វើការ​នៅ​កន្លែង​ដដែល។ រាល់ថ្ងៃ​នេះ ចំពោះ​ម្ហូបអាហារ បងថ្លៃ​គាត់​ឱ្យ​មួយមុខ​តិចៗ​ហូប​សិនទៅ។ ប៉ុន្តែ​ បើអាហារ​ដែល​ត្រូវ​ទិញ​​ខ្លួនឯង​ អត់​សូវហ៊ានទិញ​ទេ​ ដោយសារ​តែ​អត់​សូវ​មាន​លុយ។ ពេលខ្លះ​ទៀត ម៉ាក់ក្មេក​ក៏​ជួយ​ចំណាយ​ផង​ដែរ»។

ស្រដៀងគ្នានេះ​ កូដករម្នាក់​ទៀត​លោកស្រី​ អាទីន​ សោកស្ដាយ​ដែល​ចូលឆ្នាំខ្មែរ​ឆ្នាំនេះ​លោកស្រី​គ្មាន​លទ្ធភាព​ទិញសម្ភារៈ​ប្រើប្រាស់​ និង​គ្មានលុយកាក់​ជូន​អ្នក​មាន​​គុណ។ លោកស្រី​ ខកចិត្ត​ចំពោះអាជ្ញាធរ​ដែល​បង្ក្រាប​ឥតឈប់​លើកូដករ​ដែល​ប្រើសិទ្ធិ​ស្របច្បាប់​ទាមទារ​ដំណោះស្រាយ​ពី​ថៅកែ​ ដែល​បាន​បញ្ឈប់បុគ្គលិក​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ការងារ៖ «រក​តែ​បាយ​ហូប​គ្មានផង អ្នក​ផ្ទះ​ក៏​គាត់​ដឹង​ដែរ។ តែ​អារម្មណ៍​យើង​ធ្លាប់​តែ​ទិញសម្ភារៈ​ជូនម្ដាយឪពុក​រាល់ឆ្នាំ តែ​ឆ្នាំនេះ​អត់​លទ្ធភាព​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​ដែរ។ ខ្ញុំ​ក៏​បាន​ប្រាប់​ម្ដាយ​ឪពុក​ដែរ ថា​ខ្ញុំ​អត់​មាន​លទ្ធភាព​ទិញ​អី​ជូន​ទេ​កុំ​ប្រកាន់»។​

រីឯ​ កូដករ​ម្នាក់ទៀត​ដែល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ជាង១០ឆ្នាំ កញ្ញា​ សួន ជីវ៉ា​ បញ្ជាក់​ថា​ កូដករ​ទាំងអស់​រង​សម្ពាធ​ទាំងផ្លូវ​កាយ​និង​ផ្លូវចិត្ត។ កញ្ញា​បន្ត​ កូដករ​ខ្លះ​ទៀត​បាន​ធ្លាក់ឈឺ​ដោយសារ​រងការ​បង្ក្រាប​ពី​ក្រុម​អាជ្ញាធរ​ ហើយ​ពួកគាត់​ក៏​គ្មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ថែទាំសុខភាព​ឡើយ​។ កញ្ញា​ថា​ គ្រួសារ​កញ្ញា​ប្រឈម​បញ្ហា​ជីវភាព​ និង​ត្រូវ​ការ​បន្ថយរាល់ការ​ចំណាយ​លើ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ៖ «ពិបាក​ខ្លាំង​មែនទែន​ ព្រោះធ្លាប់​តែ​មាន​ប្រាក់ខែ ទិញអី​ជូន​អ្នកផ្ទះ​ពិសា។ ប៉ុន្តែ​ ឥឡូវ​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ។ ដោយសារ​ខ្ញុំ​អត់មាន​ចំណូល​ជិតមួយ​ឆ្នាំ​មកហើយ។ ពួកយើង​ កូដករ​គ្មាន​ថវិកា អ្នកខ្លះ​ក៏​អត់​ហ៊ាន​ទៅ​ស្រុក​ដែរ​ព្រោះ​អត់​មាន​លុយ។ កូដករ​ខ្លះ​ទៅ​ស្រុក​ តែទៅ​យក​សម្ភារៈ​ប្រើប្រាស់​មក ព្រោះ​តែ​ពិបាក​ខ្លាំង​មែនទែន​ ហើយ​ពួកយើង​ក៏​បាន​រាយអង្គាស​ឱ្យ​កូដករ​ដែរ​គ្មាន​លទ្ធភាព»។

ការត្អូញត្អែរ​របស់​ក្រុម​កូដករណាហ្គាវើលដ៍​នេះ គឺ​ដោយសារ​តែ​ពួកគាត់​បាត់បង់​ការងារ​ជាច្រើនខែ​មកហើយ ​ដែលធ្វើ​ឱ្យ​ពួកគាត់​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ប្រារព្ធពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅឆ្នាំ​នេះ។

ជាងនេះទៅទៀត​ ក្នុងរយៈ​ពេលចុងក្រោយ​នេះ​ អាជ្ញាធរក្រុងភ្នំពេញបាន​ប្រើអំពើហិង្សា​ពួកគាត់​ដែលភាគីច្រើន​ជាស្រ្តី​ដោយ​អូសសែងរុញច្រាន​ឱ្យ​ឡើង​រថយន្ត​ រួចដឹក​ទម្លាក់​នៅតំបន់​ជាយក្រុង​ភ្នំពេញ​ក្នុង​ខណ្ឌព្រែកព្នៅ​។ កូដករ​ថា​ ពេលត្រឡប់​មកវិញ​ពួកគាត់​ត្រូវ​រាយអង្គាស​ក្នុងម្នាក់​ពី១ពាន់​ ទៅ៣ពាន់រៀល​ ដើម្បី​ជិះម៉ូតូ​កង់បី​ទៅដល់​កន្លែង​ផ្ញើ​ម៉ូតូ​វិញ​។

ទាក់ទងបញ្ហានេះ​ អ្នកនាំពាក្យគណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ លោក​ កត្ដា អ៊ន​ ក៏​សោកស្ដាយ​ចំពោះ​ក្រុមកូដករ​ដែល​បាត់បង់​ប្រាក់​ចំណូល​ ដោយសារ​តែ​វិវាទ​ការងារ​ត្រូវ​បានអូសបន្លាយ​ពេល​ដែរ។ ប៉ុន្តែ​លោក​ថា​ មូលហេតុ​ដែល​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​នេះ​នៅតែ​គ្មាន​ច្រកចេញ​ ព្រោះ​តែភាគី​ទាំងសងខាង​មិនព្រម​បន្ទន់​ឥរិយាបថ​ក្នុងការ​ចរចា៖ «បើ​គ្មាន​ការងារ​ធ្វើ​បាន​ចំណូល​មក​ពីណា? ដើម្បី​បន្ត​ឱ្យ​ជីវភាព​យើង​ទៅ​មុខ​ទៀត​បាន​យើង​ត្រូវ​តែ​មាន​ចំណូល។ បើ​ភាគី​ទាំងអស់​នៅ​តែរ៉ឹង​ នៅ​តែ​មានះ នៅ​តែ​ចង់​បង្ក​បញ្ហា​ដំណោះ​ស្រាយ​មិន​មាន​ទេ។ ត្រូវតែ​មាន​ការ​ចរចា​ថា​ តើ​មាន​ប៉ុន្មាន​ចំណុច? អញ្ចឹង​ត្រូវ​ពិភាក្សាគ្នា​ដោះស្រាយ​មួយ​ចំណុច​ម្ដងៗ​ ដោយមាន​ការ​ធ្វើការ​សម្បទាន​ទៅវិញ​ទៅមក»។

ផ្ទុយពីការ​អះអាងរបស់​មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាលរូប​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា ក្រុមសហជីព​បានបន្ទន់​ឥរិយាបថ​យ៉ាងច្រើន​ក្នុង​ជំនួប​ចរចា​ជាមួយភាគី​ក្រុមហ៊ុន។ អ្នកស្រី មើលឃើញ​ថា​ អាជ្ញាធរ​មិនបាន​ស្វះស្វែង​រក​ដំណោះស្រាយ​ពិតប្រាកដ​ដើម្បី​ឱ្យ​កូដករ​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ​ដែល​ធ្វើឱ្យ​កម្មករ​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​កាន់​តែ​ខ្លាំង៖ «ក្រុមកូដករ​ទាំងអស់​ គ្រាន់តែ​ប្រើប្រាស់​សិទ្ធ​ក្នុងការ​តស៊ូមតិ​ ទាមទារ​សហជីព​ដែល​ពួកគាត់​ស្រឡាញ់​ពេញចិត្ត​ គាំទ្រ​ជួយ​ពួកគាត់។ បន្ទាប់មក​ទៀត​កូដករ​ក៏​ចង់​បាន​ថ្នាក់ដឹកនាំ​ល្អ​ និង​ការពារ​ក្នុង​សហគ្រាស»។

ក្រុមកូដករ​ឱ្យ​ដឹង​ថា​ ពួកគាត់​នឹងមិន​បោះបង់​ការ​ទាមទារសិទ្ធិ​សេរីភាព​ក្នុង​កន្លែង​ការងារ​នេះ​ឡើយ​ ដរាបណា​ថៅកែ​នៅតែ​មាន​ចេតនា​រំលាយសំឡេង​សហជីព​ក្នុង​កន្លែង​ការងារ។ ពួកគាត់​ថា នឹង​ជួបជុំ​ប្រមូល​ផ្តុំគ្នា​តវ៉ា​ដោយ​សន្តិវិធី​នៅថ្ងៃ១៧មេសា​ ឡើងវិញ​ក្រោយ​ពី​ចប់​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

ក្រុមកូដករ​រំពឹង​ថា​ ក្នុងឱកាស​ឆ្នាំចាស់​ផ្លាស់ចូល​ឆ្នាំថ្មី​ខាងមុខ​នេះ​ អាជ្ញាធរ​នឹង​ផ្លាស់ប្តូរ​ឥរិយាបថ​ ដោយឈរ​លើ​ភាព​អព្យាក្រឹត្យ​ឡើងវិញ​ ព្រមទាំង​បញ្ឈប់​ប្រើអំពើហិង្សា​លើកូដករ​ដែល​ចេញទាមទារ​ដំណោះស្រាយ។ ពួកគាត់​ ក៏​សង្ឃឹម​ថា​ ក្រសួង​ការងារ​នឹង​ជួយ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​វិវាទ​ឱ្យ​បាន​ឆាប់​ស្របតាម​ច្បាប់​ពី​ការងារ​ដែរ​៕

No comments: