Monday, 11 April 2022

គណបក្ស​ភ្លើង​ទៀន​ និង​​គ្រួសារ​ជន​រង​គ្រោះ​​ទាមទារ​​អាជ្ញាធរ​​ស៊ើប​អង្កេត​ដោយ​​ឯករាជ្យ​​ពាក់ព័ន្ធ​ការ​​ស្លាប់​​លោក ជឿន សារឹម


ដោយ មួង ណារ៉េត
2022-04-10
គណបក្ស​ភ្លើង​ទៀន​ និង​​គ្រួសារ​ជន​រង​គ្រោះ​​ទាមទារ​​អាជ្ញាធរ​​ស៊ើប​អង្កេត​ដោយ​​ឯករាជ្យ​​ពាក់ព័ន្ធ​ការ​​ស្លាប់​​លោក ជឿន សារឹម 

លោក ជឿន សារឹម អនុ​ប្រធាន​ប្រតិ​បត្តិ​គណបក្ស​​ភ្លើង​ទៀន​នៅ​ខណ្ឌច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ដែល​អាជ្ញាធរ​​អះអាង​​ថា បាន​​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ពីថ្ងៃ​ទី៩ ខែមេសា នៅ​ម្តុំ​ស្ពាន​ស្លាគូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។
រូប៖ ហ្វេសប៊ុក Saroem Chourn

 

គណបក្ស​ភ្លើង​ទៀន និង​​គ្រួសារ​ជន​រង​គ្រោះ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ជុំវិញ​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​សកម្ម​ជន​​គណ​បក្សនេះ គឺ​លោក ជឿន សារឹម កាល​ពី​ថ្ងៃ​ទី​៩ ខែមេសា។ ការ​​អំពាវ​នាវ​នេះ គឺដោយ​សារ​​តែ​រូប​លោក​​ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ និង​អាជ្ញាធរ​តាម​ឃ្លាំ​មើលសកម្មភាព​​នយោ​បាយ​​ជា​បន្ត​បន្ទាប់។

គណបក្ស​ភ្លើង​ទៀន និង​សាច់​ញាតិ មាន​​មន្ទិល​សង្ស័យ​ចំពោះ​ការ​ស្លាប់​របស់លោក ជឿន សារឹម អនុ​ប្រធាន​ប្រតិ​បត្តិ​គណបក្ស​​ភ្លើង​ទៀន​នៅ​ខណ្ឌច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ដែល​អាជ្ញាធរ​​អះអាង​​ថា បាន​​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ពីថ្ងៃ​ទី៩ ខែមេសា នៅ​ម្តុំ​ស្ពាន​ស្លាគូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បន្ទាប់​ពី​លោក​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​វិញ។ ពួកគេ​សង្ស័យ​ថា ករណី​នេះទំនង​ជាប់​ពាក់​ព័ន្ធ​រឿង​នយោបាយ ព្រោះ​លោក ជឿន សារឹម ធ្លាប់ ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញា​ធរ និង​រង​ការ​លប​វាយ​ប្រហារ​នឹងដំបង​ពី​ជន​មិន​ស្គាល់​មុខ​ដោយ​សារ​សកម្ម​ភាព​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និងបន្ត​គាំទ្រ​គណបក្ស​ភ្លើង​ទៀន។


ប្រធាន​គណបក្ស​ភ្លើង​ទៀនលោក ទាវ វណ្ណុល ឱ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់​ព័ន្ធ​មិន​ទាន់​បញ្ជាក់​មូល​ហេតុ​ជុំវិញ​ការ​ស្លាប់​របស់​លោក ជឿន សារឹម នៅ​ឡើយ​ទេ។ លោក​ថា​ គណបក្ស​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះការ​​បាត់បង់សកម្មជន​ដែល​បាន​បំពេញ​ការ​ងារ​នៅ​ថ្នាក់​មូល​ដ្ឋាន​ដ៏​ឆ្នើម ដោយ​មិន​ខ្លាច​ការគំរាម​កំហែង​ពី​អាជ្ញាធរ ដើម្បី​ការ​ពារ​យុត្តិ​ធម៌ និង​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​សង្គម។ លោក​ទាម​ទារ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និងឥត​លម្អៀង​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​ការ​ចោទ​ប្រកាន់​នានា​លើ​អាជ្ញាធរ និង​ដើម្បីធានា​ថា ការ​​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ខាង​មុខ គ្មាន​ការ​គំរាមកំហែង​ផ្នែក​នយោ​បាយ៖ «អំពាវ​នាវ​ឱ្យ​ក្រសួង​មាន​សមត្ថ​កិច្ច ជា​ពិសេស​ប៉ូលិស​ចរាចរណ៍ដែល​នៅ​កន្លែង​កើត​ហេតុ សូម​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ឱ្យតម្លា​ភាព កុំ​ឱ្យ​មាន​ពាក្យ​ចោទ​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង»។

ចំណែក​ប្អូន​ស្រី​លោក ជឿន សារឹម វិញ លោក​ស្រី​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេលនេះ គ្រួសារ​លោក​ស្រី​មិន​ទាន់​អស់​ចិត្ត​នៅ​ឡើយ​ទេ ព្រោះ​អាជ្ញាធរ​​ប្រាប់​​ត្រឹម​​ថា បង​របស់​​លោ​កស្រី​​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​មិន​​បាន​​ប្រាប់​ព័ត៌​មាន​​លម្អិត​ទៀត​នោះ​ទេ។ លោក​ស្រី​បញ្ជាក់​ថា គ្រួសារ​បាន​ត្រឹម​ទៅ​យក​សព​មកធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី​តែ​ប៉ុណ្ណោះ។ លោក​ស្រី​រៀបរាប់​ថា សព លោក ជឿន សារឹម មាន​ស្នាម​ជាំ បែក​មុខ ជា​ពិសេស​ផុង​លលាក៍​ក្បាល។ ទោះយ៉ាងណា​លោក​ស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត តើ​ករណី​នេះ​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​មូល​ហេតុ​អ្វី​​ឱ្យ​​ពិត​ប្រាកដ ឬ​ក៏​ជាប់​ទាក់​ទង​នឹង​រឿងនយោ​បាយ​របស់​គាត់​កន្លង​ទៅ៖ «ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​ថា​គាត់​ស្លាប់​ដោយ​សារ​អី បញ្ហា​ខ្លួន​គាត់​ផ្ទាល់​ឬបញ្ហា​អី ប៉ុន្តែ​ពេល​នេះខ្ញុំ​អត់​ទាន់​មាន​ចិត្ត​អី​ដេញ​ដោល​ទេ ដោយ​គ្រាន់​រួច​រាល់​កិច្ចគាត់​ហើយ​សិន»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹមខឿន និង​អធិការ​រង​នគរ​បាល​ស្រុក​ត្រាំ​កក់ លោក ចេង ចន្រ្ទា ដើម្បីបក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី១០ ខែមេសា។

លោក ជឿន សារឹម គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិនៅ​សង្កាត់​ច្បារ​អំពៅ២ ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ និង​បច្ចុប្បន្ន​លោក​ជាអនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខណ្ឌ​ច្បារ​អំពៅ និង​ឈរ​ជា​បេក្ខ​ជនលេខ​រៀង​ទី២​នៅ​សង្កាត់​ច្បារ​អំពៅ២ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥​ខាង​មុខនេះ ។  កាល​នៅ​មាន​ជីវិត​លោក​តែង​បញ្ចេញ​មតិ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​អំពើ​អយុត្តិ​ធម៌​សង្គម​នៅ​លើ​បណ្តេញ​សង្គម​ហ្វេស​ប៊ុក​ជា​ហូហែ ជាពិសេស​សកម្ម​ភាព​គាំទ្រ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩ រហូត​ដល់​ត្រូវ​បាន​គេ​គំរាម​កំហែង និង​លប​វាយ​នឹង​ដំបង​បណ្តាល​ឱ្យរបួស​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ​២០២០ ។ ទោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ស្ទើរ​គ្រប់​រូប​ភាពយ៉ាង​ណា​ក្តី ក៏​លោក​នៅ​តែ​បន្ត​សកម្មភាព​នយោ​បាយ​របស់​ខ្លួន​នៅ​ថ្នាក់​មូលដ្ឋាន​ជា​មួយ​គណបក្ស​ភ្លើង​ទៀន និង​បញ្ចេញ​មតិ​ពី​បញ្ហា​នានា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​​​​​​​​ការ​​​ពារ​​​​​​សិទ្ធិ​​​​​មនុស្ស អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា​សកម្មជន​នយោ​បាយ​បក្ស​ប្រឆាំង​តែង​ទទួល​រង​ការធ្វើ​ទុក្ខ​បុក​ម្នេញ​ស្ទើរ​គ្រូប​រូប​ភាព ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​អើពើ​ស៊ើប​អង្កេត​ឱ្យ​បានត្រឹមត្រូវ​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នោះទេ។ លោក​ថា​បញ្ហា​ទាំង​​នេះ​ហើយ​ដែល​នាំ​ឱ្យ​សកម្មជន​ទាំ​ងនោះ​តែង​សង្ស័យ និង​ចោទ​ប្រកាន់​អាជ្ញាធរ។ លោក​សង្កត់​ធ្ងន់​ថា ករណី​លោក ជឿន សារឹម នេះ អាជ្ញាធរ​ត្រូវ​ស្រាវ​ជ្រាវ​ដោយ​ឯករាជ្យ ដើម្បី​ឱ្យ​បក្ស​នយោ​បាយ និង​គ្រួសារ​ជន​រងគ្រោះ​អស់​ចិត្ត និង​បញ្ចៀស​ការ​ចោទ​ប្រកាន់​ថា ជាប់​ពាក់​ព័ន្ធ​រឿង​នយោ​បាយ៖ «ដើម្បី​​កុំ​ឱ្យ​មាន​មន្ទិល​ទាំង​អស់​ហ្នឹង មាន​តែ​សមត្ថកិច្ច​ទេ​ត្រូវ​ធ្វើយ៉ាង​ណា​ខិតខំ​ក្នុង​ការ​ស៊ើប​អង្កេត​ប្រមូល​ព័ត៌​មាន ​ចាប់​ជន​ប្រព្រឹត្ត ជន​ដៃ​ដល់នោះ​មក​ផ្តន្ទា​ទោស​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ អាហ្នឹង​អាច​បាត់​មន្ទិល​​សង្ស័យ​ផង និងអាច​ជួយ​រក​យុត្តិធម៌​ជូន​​រង​​គ្រោះ​ផង បើមិនអ៊ី​ចឹង​​ទេ​ មន្ទិល​សង្ស័យ​និង​ការ​ចោទប្រកាន់​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ ថា​រឿង​ហ្នឹង​ជាប់​ពាក់​ព័ន្ធ​រឿង​នយោបាយ»។

គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា ពិធី​បុណ្យ​សព​របស់​លោក ជឿន សារឹម ប្រព្រឹត្តទៅ​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​តា​ផេម ស្រុក​ត្រាំកក់ ខេត្តតា​កែវ ដោយ​បាន​បូជា​រួច​រាល់​នៅ​ល្ងាច​ថ្ងៃទី១០ ខែមេសា។ ក្រុម​គ្រួសារបញ្ជាក់​ថា​ ក្រោយ​ពេល​រៀប​ចំ​បុណ្យ​សព​រួច ពួក​គាត់​នឹង​សាក​សួរទៅ​អាជ្ញាធរ​ដើម្បី​បក​ស្រាយ​ព័ត៌​មាន​​លម្អិត​នៃ​មរណភាព​​របស់​​លោក ជឿន សារឹម នេះ៕

No comments: