ដោយ មាន ឫទ្ធិ
2022.04.24
កូដករណាហ្គាវើលដ៍ (Naga World) បន្តធ្វើកូដកម្ម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រុមកូដករនៅក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៏ (Naga World) ដែលចេញតវ៉ាកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសាម្សិលម៉ិញ នៅតែប្រកាន់ជំហរមិនផ្លាស់ប្ដូរឡើយ គឺទាមទារឱ្យភាគីក្រុមហ៊ុន ទទួលយកបុគ្គលិក រួមទាំងក្រុមមេដឹកនាំសហជីពដែលត្រូវបញ្ឈប់ពីការងារឱ្យចូលធ្វើការវិញ បញ្ឈប់ការរើសអើងសហជីព និងស្នើសុំទម្លាក់រាល់បទចោទប្រកាន់ទាំងស្រុងទៅលើតំណាងសហជីព។ ពួកគេបញ្ជក់ជំហរបែបនេះស្របពេលដែលការចចារជាថ្មីគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែឧសភាខាងមុខ។
កូដករម្នាក់កញ្ញា វ៉ាន់ រីណា ប្រាប់វិទ្យុអាស៊ីសេរីថា មកដល់ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមកូដករនៅតែស្វិតស្វាញក្នុងការតវ៉ា បើទោះបីត្រូវអាជ្ញាធរបង្ក្រាបដោយហិង្សា ជារៀងរាល់ថ្ងៃក៏ដោយ។ កញ្ញាបន្តថា កម្លាំងសមត្ថកិច្ច ក្រុមសន្តិសុខ និងក្រុមបុរសស្លៀកពាក់ស៊ីវិល នៅតែរារាំងកូដករមិនឱ្យធ្វើកូដកម្មនៅក្បែរអាគារក្រុមហ៊ុន និងបង្ខំកូដករឱ្យចូលឡាន ដោយការរុញច្រានវាយទាត់ធាក់ ដឹកចេញទៅក្រៅក្រុង និងចុងក្រោយដាក់ចោលនៅទីលានប្រជាធិបតេយ្យ។ កញ្ញាថាបើទោះជាលំបាកយ៉ាងណាក៏កូដករមិនបោះបង់ការទាមទារ ដែលធ្លាប់លើកឡើងឡើយ៖ «ទាមទារឱ្យទទួលចូលធ្វើការវិញចំពោះបុគ្គលិកមានឈ្មោះកាត់ទាំងអស់នៅសល់ជាង២០០នាក់ហ្នឹង។ ទី២ទាមទារសុំឱ្យទម្លាក់ចោលបទចោទចំពៅះតំណាងកម្មករ ឱ្យពួកគាត់មានសិទ្ធិសេរីភាពឡើងវិញ អត់មែនរបៀបថា ឱ្យគាត់ចេញមកចរចា តែបទចោទនៅតែមានជាប់នឹងខ្លួនពួកគាត់នីឡើយ។ អាជ្ញាធរ និងក្រុមស្លៀកស៊ីវិលមួយចំនួនបានប្រើអំពើហិង្សទៅលើបុគ្គលិកជាស្រ្តី គឺ គាត់ទាត់តែម្តង កឺទាត់ទៅលើកេរភេទស្រ្តីពីខាងក្រោយ។ ខាងអាជ្ញាធរអត់មានសម្របសម្រួល ផ្ដល់ដំណោះស្រាយទេ ជំរុញទៅក្រុមហ៊ុនឱ្យផ្ដល់ដំណោះស្រាយអីទេ គឺជំហររបស់គាត់គឺតឹងតែងតែតែម្ដង ធ្វើយ៉ាងណារារាងមិនឱ្យបុគ្គលិកទៅធ្វើកូដកម្មនៅក្បែរក្រុមហ៊ុន»។
ក្រុមកូដករ និងសហជីព រិះគន់ថា ក្រសួងការងារអសមត្ថភាព និងព្យាយាមអូសបន្លាយដោះស្រាយវិវាទការងារដ៏រ៉ាំរ៉ៃនេះ ដែលធ្វើឱ្យកូដករជាច្រើននាក់មានបញ្ហាសេដ្ឋកិច្ចគ្រួសារ និងប្រឈមបញ្ហាសុខភាព។ លើសបីនេះពួកគេថាថ្នាក់ដឹកនាំក្រសួងការងារមិនមានឆន្ទៈពិតប្រាកដជំរុញឱ្យភាគីក្រុមហ៊ុនទទួលយកសមាជិកសហជីពជាង២០០នាក់ឱ្យចូលធ្វើការងារវិញនោះទេដែលជាហេតុធ្វើឱ្យភាគីក្រុមហ៊ុននៅតែបន្តបដិសេធមិនព្រមទទួលសហជីព និងកម្មករឱ្យចូលបម្រើការងារវិញ ក្នុងជំនួបចរចានៅថ្ងៃទី២២ ខែមេសា។
ក្រុមសហជីពឱ្យដឹងថាភាគីទាំងសងខាងនឹងជួបជជែករកដំណោះស្រាយជាថ្មីទៀតនៅក្រសួងការងារនៅថ្ងៃទី៤ ខែឧសភា ខាងមុខ៕
No comments:
Post a Comment